ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប៉ូលិស​ដាក់​កាមេរ៉ា​សុវត្ថិភាព​២០០គ្រឿង​នៅ​តាម​ផ្លូវ

  • ហ៊ាន សុជាតា

ទិដ្ឋភាព​នៃ​ការបំពាក់​កាមេរ៉ា​សុវត្ថិភាពនាភ្លើងស្តុបពេទ្យចិន​ក្នុងរាជធានីភ្នំពេញ។

ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ជា​កាមេរ៉ា​សុវត្ថិភាព​ចំនួន​២០០​គ្រឿងដើម្បី​ដាក់​នៅ​តាម​ភ្លើង​ស្តុប​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ។ មន្ត្រី​នគរ​បាល​បាន​ឲ្យ​ដឹង​ថា កាមេរ៉ា​សុវត្ថិភាព​នេះ​នឹង​អាច​ជួយ​សមត្ថកិច្ច​ក្នុង​ការ​ឃ្លាំ​មើល​បទ​ល្មើស ​និង​ការ​គោរព​ច្បាប់​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​

ក្នុង​សប្តាហ៍​នេះ អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជាបាន​ចាប់​ផ្តើម​ដាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ភ្លើង​ស្តុប​នៃ​មហា​វិថី​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ។​ ​មន្ត្រី​ជំនាញ​អះអាង​ថា​ ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នេះ​នឹង​ក្លាយ​ជា​ឧបករណ៍​ និង​ភស្តុតាងសំខាន់​ក្នុង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យកាន់​តែ​មាន​ប្រសិទ្ធ​ភាព ​ព្រម​ទាំងជួយ​សម្រួល​ដល់​សមត្ថ​កិច្ច​ក្នុង​ការ​រក្សាសណ្តាប់​ធ្នាប់​ ​និង​បង្រ្កាប​បទ​ល្មើស​ក្នុង​ទីក្រុង​ភ្នំពេញ។​

ក្នុង​គេហ​ទំព័រ​របស់​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​ ​លោក​សោម ធារិទ្ធ ​នាយក​ការិយាល័យ​ទូរស័ព្ទ​នៃ​នាយក​ដ្ឋាន​វិទ្យុ​ទាក់ទង​ ក្រសួង​មហា​ផ្ទៃ ​ដែល​ដឹកនាំ​ការ​បំពាក់​កាមេរ៉ា​សុវត្ថិ​ភាពនេះ បាន​ឲ្យ​ដឹង​ថា៖ «ការ​បំពាក់​កាមេរ៉ា​នេះ​មាន​សារៈ​សំខាន់ក្នុង​ការ​ទប់​ស្កាត់បទ​ល្មើស​លួច ​ឆក់​ ប្លន់​ ក៏​ដូចជា​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​និង​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​ពី​អ្នក​ដំណើរ​ទូទៅ​ដែល​បំពាន​ស្លាក​សញ្ញា​ ភ្លើង​ស្តុប​ ហើយ​សមត្ថ​កិច្ច​នឹង​ធ្វើការ​ផាក​ពិន័យ​ទៅ​តាម​ភស្តុតាង​ជាក់​ស្តែង​ ​ដែល​មាន​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព»។​

ទិដ្ឋភាព​នៃ​ការបំពាក់​កាមេរ៉ា​សុវត្ថិភាពនាភ្លើងស្តុបពេទ្យចិន​ក្នុងរាជធានីភ្នំពេញ។
ទិដ្ឋភាព​នៃ​ការបំពាក់​កាមេរ៉ា​សុវត្ថិភាពនាភ្លើងស្តុបពេទ្យចិន​ក្នុងរាជធានីភ្នំពេញ។

ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នេះ​គឺ​ជា​ជំនួយ​ពី​ប្រទេស​ប្រទេស​ចិន​ដែល​បានផ្តល់កាមេរ៉ា​សុវត្ថិភាពចំនួន​២០០​គ្រឿង​ដើម្បី​ដាក់​នៅ​តាម​ភ្លើង​ស្តុប​គោល​ដៅ​ចំនួន​២០ក្នុង​រាជធានី​ភ្នំពេញ។​ គោល​ដៅ​បំពាក់កាមេរ៉ា​សុវត្ថិ​ភាព​ទាំង​២០​នោះ​គឺស្តុ​ប​ច្រមុះ​ជ្រូក​ក្បាល​ថ្នល់​ ស្តុ​ប​ក្រសួង​មហា​ផ្ទៃ ​ស្តុ​ប​ចំការ​មន ស្តុប​បូកគោ ​ស្តុប​ពេទ្យចិន ​ស្តុប​ទូត​អាលឺ្លម៉ង់ ​ស្តុប​ផ្សារ​អូរឫស្សី ​ស្តុប​ផ្សារ​ថ្មី ​ស្តុប​សួន​កាណា​ឌីយ៉ា ​ស្តុប​សណ្ឋាគារ​ណានជីង ​ស្តុប​ដេអិន ​ស្តុប​វិទ្យាល័យ​សន្ធរម៉ុក​ ស្តុប​ទេពផន ​ស្តុប​ម៉ុងឌីយ៉ាល់ ​ស្តុប​ផ្សារ​ដើម​គរ ​ស្តុប​អាងទឹក​អូរឡាំពិក​ ស្តុប​នាង​គង្ហីង ស្តុប​ផ្សារ​ដេប៉ូ ​ស្តុប​អូឡាំពិច ​និង​ស្តុប​ច្បារ​អំពៅ។​

លោក​គៀត​ ច័ន្ទថារិទ្ធ ​អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិឲ្យដឹង​ថា​ គោល​ដៅ​ចំនួន​២០​នេះ​ជា​ដំណាក់​កាល​ដំបូង ​ហើយ​រដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា ​នឹង​អាច​ពង្រីក​គោល​ដៅ​បាន​ពាសពេញ​ទីក្រុង​ភ្នំពេញ។​

ទិដ្ឋភាព​នៃ​ការបំពាក់​កាមេរ៉ា​សុវត្ថិភាពនាភ្លើងស្តុបពេទ្យចិន​ក្នុងរាជធានីភ្នំពេញ។
ទិដ្ឋភាព​នៃ​ការបំពាក់​កាមេរ៉ា​សុវត្ថិភាពនាភ្លើងស្តុបពេទ្យចិន​ក្នុងរាជធានីភ្នំពេញ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​លើកឡើង​បន្ត​ទៀត​ថា ​ទិន្នន័យ​ដែល​ទទួល​បាន​ពី​កាមេរ៉ា​នេះ​នឹង​រួម​ចំណែក​ក្នុង​ការ​បង្កើត​វិធាន​ការណ៍​ថ្មី​ក្នុង​ការ​ រក្សា​សណ្តាប់​ធ្នាប់​សន្តិសុខ ព្រមទាំង​លើក​កម្ពស់​ឲ្យប្រជា​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍។​

លោក​គៀត ច័ន្ទថារិទ្ធថ្លែងថា៖​

«កាមេរ៉ា​នេះ​ជា​វិធាន​ការណ៍​មួយ​ដើម្បី​ឲ្យនគរបាល​អាច​ដឹង​ថា​ កន្លែង​ណា​កក​ស្ទះ ឬ​ក៏​ពេល​គ្រោះ​ថ្នាក់​ទៅ​ យើង​អាច​បង្ហាញ​បាន​ថា​ គ្រោះ​ថ្នាក់​ហ្នឹង​កើត​ឡើង​ដោយសារ​មូលហេតុ​អី?​ អញ្ចឹង នៅពេល​ដែល​ទី​បញ្ជាការ​បាន​ឃើញ​ហេតុ​ការណ៍ ​ឬ​បញ្ហា​ផ្សេងៗ​ដែល​នគរបាល​ត្រូវ​រៀប​ចំ​ ត្រូវ​ដោះស្រាយ​ គឺ​យើង​នឹង​បញ្ជូន​ក្រុម​ការងារ​ទៅ»។​

កម្ពុជា​ទើប​តែ​ប្រកាស​ឲ្យប្រើ​ប្រាស់​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ដែល​មាន​១២​ជំពូក ​និង​៩២មាត្រានៅ​ដើម​ឆ្នាំ​២០១៥​នេះ។ ​ច្បាប់​ថ្មី​នេះ​បន្ថែម​ទម្ងន់​ទោស​ និង​បង្កើន​ការ​ផាក​ពិន័យ​ដល់​អ្នក​ដែល​ប្រព្រឹត្ត​ខុសច្បាប់ ​ក៏​ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​នៅតែ​មានឧបសគ្គ ​និង​ចំណុច​ខ្វះ​ខាត​នៅឡើយ។

គេហ​ទំព័រ​របស់អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិបាន​ឲ្យដឹង​ថា​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ ​ក្នុង​ឆ្នាំ​២០១៤​ ​មាន​ជន​រង​គ្រោះ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​សរុប​ប្រហែល​១​ម៉ឺន​៥ពាន់នាក់​ ដែល​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ជាង២ពាន់នាក់​ និង​របួស​ធ្ងន់​ជាង​៦​ពាន់​នាក់។ កត្តា​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ការ​បើក​បរ​ហួស​ល្បឿន​កំណត់​ ការ​បើក​បរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍។​

អ្នក​ធ្វើ​ដំណើរមួយ​ចំនួន​ធំ​ ដែល​ VOA​ សំឡេង​សហ​រដ្ឋ​អាមេរិក​បាន​ជួប​សម្ភាសន៍​ ​បានបង្ហាញ​ការ​គាំទ្រ​ និង​ការ​ត្រេក​អរចំពោះ​ការ​បំពាក់​កាមេរ៉ា​នេះ​ ខណៈ​ដែល​ប៉ូលិស​ចរាចរណ៍​នៅ​តាម​គោល​ដៅ​បដិសេធ​ការ​សម្ភាស។​ ​ប្រជា​ពលរដ្ឋ​ ដែល​ប្រើ​ប្រាស់​ផ្លូវ​សាធារណៈ​នាទី​ក្រុង​ភ្នំពេញ​ យល់​ថា​ វា​នឹង​ជួយ​ដល់ការ​អនុវត្ត​ច្បាប់​ចរាចណ៍​ និង​អាច​កាត់​បន្ថយគ្រោះ​ថ្នាក់​ផង​ដែរ។​

នាង​សុខ លីន​ វ័យ​២៥​ឆ្នាំ​ ​បុគ្គលិក​លក់​គ្រឿង​អគ្គិសនី​នៅ​ទីក្រុង​ភ្នំពេញ។ ​ សុខ លីន​គាំទ្រការ​បំពាក់​កាមេរ៉ា​នេះ​ ដែល​នឹង​អាច​ជួយ​ ជំរុញ​នូវ​ការ​អនុវត្តច្បាប់​ចរចរណ៍​បាន​មួយ​កម្រិត។

«បើ​សិន​ជា​យើង​ដាក់​កាមេរ៉ា​ទៅ​ បើ​មាន​រឿង​អី​ យើង​អាច​ដឹង។​ ប្រហែល​ជា​អាច​កាត់​បន្ថយ​រឿង​ចោរ​ឆក់​អី​ច្រើន។​ ដូច​នៅ​ស្រុក​គេ​អញ្ចឹងពេល​មាន​កាមេរ៉ា គេ​អត់សូវ​ហ៊ាន​ទេ។ ​សូម្បី​តែ​ជិះ​ខុស​ច្បាប់​ចរាចរណ៍​ក៏​អត់​សូវ​ហ៊ាន​ដែរ»។​

លោកណារិទ្ធ​ជា​បុគ្គលិក​អង្គការ​ក្នុង​ស្រុក​មួយ។​ បុរស​វ័យ​៣០​ឆ្នាំនេះ​បាន​ប្រាប់ ​VOA ​ខេមរ​ភាសា​ថា​ ​កាមេរ៉ា​នេះ​មាន​អត្ថ​ប្រយោជន៍​ ជា​ពិសេស​នៅពេល​យប់​ ដែល​ជាពេល​អត្រា​គ្រោះ​ថា្នក់​ចរចារណ៍​កើន​ឡើង​នោះ។​

«ជួយ​ការពារ​ប្រជា​ពលរដ្ឋ​ ជាពិសេស​នៅពេល​យប់។ ​អញ្ចឹង​ វា​អាច​មាន​ករណី​ច្រើន​កើត​ឡើង​ ដូច​ជា​ពេល​ខ្លះ​បើក​បរ​ហួសល្បឿន​កំណត់។​ យប់​ឡើង​ស្រវឹង​អាច​បង្ក​គ្រោះ​ថ្នាក់។ ​អញ្ចឹង យើង​មិន​ដឹង​អ្នក​ណា​ខុស​ អ្នក​ណា​ត្រូវ​ ដែល​អាច​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សង្គម»។​

ដោយ​ឡែក​នាងផឹង ផាវីន​ ជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ គិត​ថា​ ការដាក់​កាមេរ៉ាសុវត្ថិភាព​តាម​ដង​ផ្លូវតែ​មួយ​មុខ​វា​មិន​ទាន់​គ្រប់គ្រាន់​ឡើយ។​ តែ​វា​ទាម​ទារ​ឲ្យ​មាន​ការផាក​ពិន័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ផង​ដែរ។​

នាង​ផាវីន ​ដែលមាន​វ័យ២៣​ឆ្នាំ​ ​បាន​ថ្លែង​ថា៖​

«សំខាន់​ ខ្ញុំ​គិត​ថា ​ដាក់​កាមេរ៉ាហើយ​ យើង​ត្រូវ​ធ្វើ​អី​ទៀត?​ បើគ្រាន់​តែ​ដាក់​កាំមេរ៉ា​មើល​ទេ​ វា​អត់​ទាន់​ចប់​ទេ។​ ដូច​នៅ​ស្រុក​គេ​អញ្ចឹង​ គេ​ដាក់​កាមេរ៉ាហើយ​ ​យើង​មាន​ចេញ​ Ticket ​[លិខិត​ផាក​ពិន័យ​]​ឲ្យគេ​ បើអ្នក​ហ្នឹង​បំពាន​លើ​ច្បាប់។​ តែ​វា​ក៏​ល្អ​ដែរ​ នៅ​ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​អី ​យើង​អាច​មើល​វីដេអូ​ក្នុង​កាមេរ៉ា​ យើង​អាច​ដឹង​ថា ​អ្នកណា​ខុស​ អ្នក​ណា​ត្រូវ»។​

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា​ ការ​ដំឡើងកាមេរ៉ា​សុវត្ថិភាព​នេះ​ ជា​ចំណុច​វិជ្ជមាន​ចំពោះ​កម្ពុជា​ ដោយ​ហេតុ​ថា​ ការ​បំពាក់​កាមេរ៉ា​បែប​នេះ​ក៏​មាន​ធ្វើ​ដូច​គ្នា​ដែរ​នៅ​ក្នុង​ប្រទេស​រីក​ចម្រើន។​ តែ​អ្វី ដែល​គួរ​ឲ្យ​បារម្ភ​នោះ​គឺ​តម្លាភាព​និង​ព្រំដែន​នៃ​ការ​ប្រើប្រាស់​ទិន្នន័យ​ដែល​ទទួល​បាន​ពី​កាមេរ៉ា​សុវត្ថិភាព​ និង​ការ​ចូល​រួមរបស់​ប៉ូលិស​ចរាចរណ៍​ក្នុងការអនុវត្តច្បាប់​នោះ។​

អ្នក​ស្រី​ចក់ សុភាព​ជា​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។​

«ខ្ញុំ​ចង់​ឃើញ​ថា​ នីតិ​វិធី​នៃ​ការ​ដំឡើង ឬ​ក៏​ការ​ប្រើប្រាស់​ព័ត៌មាន​ដែល​បាន ​Store​(រក្សា)​ទុក ​វា​មាន​តម្លាភាព​ និង​ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យមាន​ការ​រំលោភ​សិទ្ធិ​បុគ្គល។ ​បើ​សិន​ជា​គាត់​ប្រើ​ប្រាស់​ក្នុង​បំណង​ដើម្បី​គ្រប់​គ្រង​ឧក្រិដ្ឋ​កម្ម​ និង​សម្រួល​ចរាចរណ៍​ វា​មិន​បញ្ហា​ទេ។ ​តែ​យើង​ប្រាកដ​ទេ​ថា​ កាមេរ៉ា​ហ្នឹងប្រើប្រាស់​ក្នុង​គោល​បំណង​ហ្នឹង?​ តើ​នឹង​អាច​មាន​ការ​ប្រើប្រាស់​ផ្ទុយ​ពី​នេះ​ដែរ​ឬ​អត់?»​

ទាក់​ទង​ទៅ​នឹង​ការ​កាត់​បន្ថយ​បទល្មើស​ចរាចរណ៍​ អ្នក​ស្រី​ចក់ សុភាព​ អះ​អាង​ថា​ ប្រសិទ្ធ​ភាព​នៃ​កាមេរ៉ា វា​ផ្សារ​ភ្ជាប់​នឹង​ការ​អនុវត្ត​ច្បាប់​តឹង​រ៉ឹង​ជាក់​ស្តែង​ដោយ​មន្ត្រី​ប៉ូលិស​ចរាចរណ៍។​

លោកអ៊ូ វីរៈ ​ប្រធាន​អង្គការ​វិភាគ​ និង​ស្រាវ​ជ្រាវ​គោល​នយោបាយ​Future Forum​ (វេទិកា​អនាគត) ​ហាក់​ដូច​ជា​មាន​គោល​ជំហរ​វិជ្ជមាន​ចំពោះ​ការ​ដំឡើង​កាមេរ៉ា​សុវត្ថិភាព​នេះ​ ហើយលោក​យល់​ថា​ ការ​ដំឡើង​កាមេរ៉ា​នៅ​កន្លែង​សាធារណៈ​នេះ​ពុំ​មាន​ការ​ប៉ះ​ពាល់​ដល់​ឯកជន​ភាព​របស់​បុគ្គល​ណា​មួយ​ឡើយ។​ ចំពោះលោក​អ៊ូ វីរៈ ការ​ដំឡើង​នេះ​នឹង​អាច​ជួយ​ផ្លាស់​ប្តូរ​ឥរិយាបទ​ក្នុង​ការ​ធ្វើ​ដំណើរ​ ព្រម​ទាំងជួយ​ជំរុញឲ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជា​គោរព​ច្បាប់​ចរាចរណ៍​ច្រើន​ជាង​មុន៕​

XS
SM
MD
LG