ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត​ស្វាយរៀង​សម្លាប់​មនុស្ស​១៩​នាក់


ម៉ម សាវ៉េន អាយុ៣២ឆ្នាំ រងរបួស​ធ្ងន់​ ហើយ​កំពុង​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ប៉ុន្តែ ជា​អកុសល​ ម៉ម សាវន ដែល​ត្រូវ​ជាប្អូនស្រី​របស់​គាត់​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​​។

គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​បាន​ឆក់​យក​ជីវិត​របស់​កម្មករ​រោងចក្រ​សម្លៀក​បំពាក់​ចំនួន​១៩​រូប ​ដែល​ជន​រង​គ្រោះ​ទី​១៩​បាន​ស្លាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។​

មនុស្ស​ចំនួន​ម្ភៃ​នាក់​បាន​រង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​នេះ​ បន្ទាប់ពី​អ្នក​បើកបរ​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន ​15 SH​ បាន​ព្យាយាម​វ៉ា​រថយន្ត​មួយ​ផ្សេង​ទៀត​ ហើយ​បាន​បុក​បញ្ច្រាស់ទិសគ្នាជាមួយ​នឹង​រថយន្ត​ដឹក​កម្មករ​ចំនួន​៣៨​នាក់។​

នេះ​ជា​ឧទាហរណ៍នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវ​ថ្នល់​ក្នុង​ប្រទេស​កម្ពុជា​ដែលកើន​ឡើង​មិន​ឈប់ឈរ​ដោយសារ​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍។​

កម្មករទាំង​នោះ ​ដែល​ភាគច្រើន​ជា​ស្ត្រី​ ​បាន​ប្រជ្រៀត​គ្នាជិះ​រថយន្ត​នេះ​ដែល​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​ទៅ​កាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ក្នុង​ខេត្ត​នេះ ​ដែល​ជា​កន្លែង​ដែល​ពួកគេ​ធ្វើការ​ ហើយ​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​រោងចក្រ​ផលិត​សម្លៀក​បំពាក់។​ មនុស្ស​មួយ​ចំនួន​ក្នុង​ចំណោម​អ្នក​ទាំង​នេះ​ត្រូវ​ជា​សាច់​ញ្ញាតិ​នឹង​គ្នា។​

មន្ត្រី​តុលាការ​រ​ខេត្ត​ស្វាយរៀង​គឺ​លោក​ព្រះរាជ​អាជ្ញា ​ហ៊ីង​ ប៊ុនជា​ ​បាន​និយាយ​ថា​ លោក​ឈ្មោះ​ឡេ​ វ៉ាងទុង​ អាយុ​៤៣ ​អ្នក​បើក​បរ​រថយន្ត​ក្រុង​ឲ្យ​ក្រុមហ៊ុន​រថយន្ត​ក្រុង​ ត្រូវ​បាន​តុលាការ​រ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​គ្មាន​អាជ្ញាបណ្ណ​ និង​បើកបរ​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់។​ តុលាការ​ក៏​បាន​ចោទ​ប្រកាន់​បុរស​ពីរ​នាក់​ទៀត​ដែល​ព្យាយាម​ហែក​ស្លាកសញ្ញា​ក្រុមហ៊ុន​ចេញ​ពី​ឡានក្រុង​នោះ ​ពី​បទ​បំផ្លាញ​វត្ថុ​តាង។ ​អ្នក​ទាំង​បី​រូប​នេះ​ត្រូវ​បាន​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្ត។​ អ្នក​បើក​បរ​ឡាន​ក្រុង​នេះ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​រហូត​ទៅ​ដល់​ប្រាំ​ឆ្នាំ​ និង​ការ​ផាកពិន័យ​ជាប្រាក់​ពី​១០​ទៅ​២៥​លាន​រៀល។​

VOA បានព្យាយាម​ទាក់​ទង​ដើម្បី​សុំ​ការ​ឆ្លើយតប​ពី​ក្រុមហ៊ុន​ដឹក​ជញ្ជូន ​15 SH ​ដែល​រក​ស៊ី​ផ្តល់​សេវារថយន្ត​ក្រុង​នេះ ​តែ​មិន​អាច​ទាក់​ទង​បាន​ទេ។​

កម្មករ​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះបាន​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ស្វាយ​រៀង ​និង​មន្ទីរពេទ្យ​កាល់ម៉ែត​ក្នុង​រាជធានី​ភ្នំពេញ។​

អ្នកស្រី​ យិន ​សុខា ​អាយុ​៣២​ឆ្នាំ​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យកាល់ម៉ែត​ បានប្រាប់​វីអូអេ​ខ្មែរ​ថា ​គាត់​មិន​បាន​ដឹង​ថា​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​ទេ​ នៅ​ពេល​គាត់ជិះ​រថយន្ត​ដឹក​កម្មករ​នោះ។ ​នៅ​ពេល​គាត់​ដឹងខ្លួន​ គាត់​នៅ​ក្នុង​មន្ទីរពេទ្យ​រួច​ទៅ​ហើយ។ ​ដៃ​ស្តាំ​របស់​គាត់ត្រូវ​បាន​បាក់​នៅ​ក្នុង​គ្រោះ​ថ្នាក់​នេះ។​ ប្អូន​ស្រី​របស់​គាត់​ឈ្មោះ ​យិន ​សុម៉ាលី​ ​អាយុ​២៤​ឆ្នាំ ​ដែល​ធ្វើ​ការ​នៅ​ក្នុង​រោចក្រ​ Elite​ ផលិត​សម្លៀក​បំពាក់​ម៉ាក ​Adidas​ ជាមួយ​គាត់​នោះ​ក៏រង​របួស​ខ្លាំង​ដែរ។​ គាត់​រង​របួស​ត្រង់​ដើម​ទ្រូង​ស្មា ​និង​ក្បាល។​

អ្នកស្រី​ យិន ​សុខា​ និយាយ​ថា ​ចៅហ្វាយ​របស់​គាត់​ដែល​ជាម្ចាស់រោង​ចក្រ​ផលិត​សម្លៀក​បំពាក់​ម៉ាក​ Adidas ​បាន​មក​មើល​គាត់។​

បង​ស្រី​បាន​និយាយ​ថា៖​ «ពួក​គេ​បាន​ប្រាប់​ខ្ញុំ​ថា ​នៅ​ពេល​ខ្ញុំ​ជា ​ខ្ញុំ​អាច​ត្រឡប់​ទៅ​ធ្វើ​ការ។​ ពួក​គេ​បាន​ប្រាប់​ខ្ញុំ​កុំ​ឲ្យបារម្ភ»។

អ្នកស្រី ​ម៉ន​ សាវ៉េន ​ក៏រង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរ​នេះ​ដែរ​ តែគាត់​មានគ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ជាង​អ្នកស្រីយិន ​សុខាទេ។ ​ប្អូនស្រី​របស់​គាត់​ឈ្មោះ​ ម៉ន​ សាវ៉ុន​ ដែល​ធ្វើការ​ក្នុង​រោងចក្រ​ Kingmaker ​ជា​មួយ​កាត់​ ត្រូវ​រង​របួស​រហូត​សម្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នេះ។​ ​អ្នកស្រី ​ម៉ន​ សាវ៉េន ​បាន​និ​យាយ​ថា៖ ​«ខ្ញុំ​បាន​ទទួល​ទូរសព្ទ​កាល​ពី​ម្សិល​មិញ​ពី​ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ​ប្អូន​ស្រី​របស់​ខ្ញុំ​ស្លាប់​ហើយ។ ​ ​ប្អូន​ខ្ញុំ​ស្លាប់​ភ្លាម​នៅ​កន្លែង​កើត​ហេតុ»។​

ឃុត​ សំអេង ​អាយុ​៤៣​ឆ្នាំ ​ត្រូវ​មក​មើល​ថែ​កូន​ប្រុស ​និង​ក្មួយ​ប្រុស​របស់​គាត់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។ ​គាត់​បាន​និយាយ​ថា​ ក្មួយ​ស្រី​របស់​គាត់​ពីរ​នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរ​នេះ។​ គាត់​បាន​និយាយ​ថា​ គាត់​មិន​ច្បាស់​ទេ​ថា ​តើ​គ្រួសារ​របស់​គាត់​បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​ក្នុង​តុលាការ​ខេត្ត​ហើយ​ឬ​យ៉ាង​ណា​ទេ។​

លោក ​ជៀង អំ​ អភិបាល​ខេត្ត​ស្វាយរៀង ​បាន​មាន​ប្រសាសន៍​ថា៖ ​ក្រុម​គ្រួសារ​ជនរង​គ្រោះ​ទាំង​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ ក្នុង​នោះ​រួម​មាន​ក្រសួង​ការងារ។​ គាត់​បាន​និយាយ​ថា ​អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​ដាក់​មនុស្ស​លើស​ចំណុះ​នៅ​ក្នុង​ឡាននោះ។ ​ទោះ​បី​ជា​យ៉ាងណាក្តី​ លោក​បាន​ទទួល​ស្គាល់​ថា ​ការ​ដឹក​មនុស្ស​លើស​ចំណុះនេះ​គឺ​ជា​រឿង​ធម្មតា។​

«ដូច្នេះ​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​មិន​ទាន់​បាន​ចូល​មក​ដើម្បី​និយាយ​ជាមួយយើង​ទេ»។

លោក ​ប៉ាវ​ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ ​បាន​និយាយ​ថា ​កម្មករ​ជា​ច្រើនធ្វើ​ដំណើរ​ទៅ​ធ្វើការដោយ​ជិះ​រថយន្ត​ដែល​ដឹក​មនុស្សលើស​ចំណុះ​ ហើយ​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​គ្រប់​ពេល​វេលា​ ហើយ​ដែល​សោហ៊ុយ​ធ្វើ​ដំណើរ​ថោក។​ សមាជិកពីរ​នាក់​របស់សហជីពលោក​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​កាល​ពី​ថ្ងៃ​អង្គារ។​

លោក​បាន​និយាយ​ថា៖​ «យើង​នឹង​ជួយ​ក្រុម​គ្រួសារ​នេះ​ផ្នែក​ផ្លូវ​ច្បាប់​ដោយ​ការ​ផ្តល់​មេធាវី​ឲ្យគាត់»។​

លោក​ មឿន ​តុលា​ ប្រធាន​កម្មវិធី​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ​បាន​ជំរុញ​ឱ្យ​មន្ទីរពេទ្យ​យក​ចិត្ត​ទុក​ដាក់​យ៉ាងដិត​ដល់​ចំពោះ​អ្នក​រង​របួស។​ លោកបារម្ភថា ក្រុម​គ្រួសារ​របស់​អ្នក​ស្លាប់​មិន​អាច​ទទួល​សំណង​ពី​ក្រសួង​ការងារ​ទេ​ ដោយ​សារ​តែ​អ្នក​ខ្លះ​មិន​មាន​ឯកសារ​ត្រឹមត្រូវ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​សំណង​ទេ។

គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​គ្រាន់​តែ​ជា​គ្រោះ​ថ្នាក់​មួយ​ក្នុង​ចំណោម​គ្រោះថ្នាក់​ដទៃៗទៀត​នៅ​តាម​ផ្លូវ​ថ្នល់​ក្នុងប្រទេស​កម្ពុជា។​ មនុស្ស​ប្រហែល​៣០​នាក់​បាន​ស្លាប់​នៅ​ក្នុង​កំឡុង​ពេលបី​ថ្ងៃ​មុន​ នេះ​បើ​យោង​តាម​គេហ​ទំព័រ​ប៉ូលិស​ជាតិ។​ នៅ​ឆ្នាំ​២០១៤ ​មនុស្ស​ចំនួន​២១៤៨​នាក់​បាន​ស្លាប់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​គឺ​លើស​ឆ្នាំ​ទៅ​ដែល​មាន​ចំនួន​១៩០១​នាក់។​

អ៊ា ​ចរិយា​ អ្នក​ពិគ្រោះ​យោបល់​ស្តី​ពី​សុវត្ថិភាពចរាចរ​ និង​សុវត្ថិភាព​ផ្លូវ​ថ្នល់​និយាយ​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​នាំ​ឲ្យមាន​ការ​ខាត​បង់ប្រាក់​ជាង​៣៣៧​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៣។ ​ការ​ខូចខាត​នេះ​ រួមមាន​ការ​ខូចខាត​ដោយ​ការ​ចំណាយ​លើ​ការ​ព្យាបាល​ ការ​បាត់​បង់​ផលិតភាពពលកម្ម និង​ការ​ចំណាយ​លើ​កិច្ចការ​ប៉ូលិស៕​

XS
SM
MD
LG