ក្រុង​ព្យុងយ៉ាង​ទាមទារ​​ឲ្យ​ស.រ.អា.​សុំទោស​ចំពោះ​ការ​ចោទ​ប្រកាន់

ទាហាន​កូរ៉េខាងត្បូង​ឈរ​មើល​ព័ត៌មាន​តាម​កម្មវិធី​ទូរទស្សន៍​ដែល​បង្ហាញ​មេ​ដឹកនាំ​កូរ៉េ​ខាងជើង​ Kim Jong Un នៅ​ឯ​ស្ថានីយ៍​រថភ្លើង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​ចន្ទ​ ទី២២​ ខែធ្នូ​ ឆ្នាំ​២០១៤។​ កូរ៉េ​ខាងជើង​មិន​ពេញ​ចិត្ត​ជាមួយ​ភាពយន្ត​របស់​ហូលីវូដ​ដែល​បាន​បង្ហាញ​ពី​ការ​ធ្វើ​ឃាត​លើ​មេ​ដឹកនាំ​របស់​ខ្លួន។

ប្រទេស​កូរ៉េ​ខាងជើងបាន​ទាមទារ​ឲ្យ​ស.រ.អា.​សុំ​អភ័យទោសចំពោះ​ការ​និយាយបញ្ឆិត​បញ្ឆៀងថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ (Pyongyang) មាន​ទាក់ទិន​ក្នុង​ការ​លបលួច​ចូល​ទៅ​ក្នុង​បណ្តាញ​កុំព្យូទ័រ​របស់​ក្រុម​ហ៊ុន​ផលិត​កុន​ Sony Pictures ហើយ​បាន​គំរាមថា​ នឹង​វាយ​ប្រហារ​តបតតាម​វិធី​នានា​ដោយ​មាន​រួម​បញ្ចូល​ទាំង​សង្គ្រាម​តាម​អ៊ិនធឺណិត​ផង​ដែរ។​

គណៈកម្មការការពារ​ជាតិ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ បាន​និយាយ​នៅ​ក្នុង​បណ្តាញ​ផ្សាយ​ព័ត៌មានរដ្ឋ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ថា​ រដ្ឋាភិបាល​ស.រ.អា.​ខុស​ហើយ​ក្នុង​ការបន្ទោស​កូរ៉េខាង​ជើង​អំពី​ការ​លប​លួច​ចូល​ទៅ​ក្នុង​បណ្តាញ​កុំព្យូទ័រ​របស់​ក្រុម​ហ៊ុន​ Sony Pictures។​ គណៈកម្មការ​នេះក៏​បាន​និយាយ​ដែរ​ថា ​ការ​អះអាង​ទាំង​នេះ​ធ្វើ​ឡើង​ដោយ​គ្មាន​មូល​ដ្ឋាន​ទេ។​

នៅ​ពេល​ជាមួយ​គ្នា​នេះ​ ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ថា ​ខ្លួន​គ្មាន​ព័ត៌មាន​គ្រប់គ្រាន់ដើម្បី​កំណត់​ថា​តើ​របាយការណ៍​ដែល​ថា​កូរ៉េខាងជើង​បាន​ប្រើប្រាស់​កន្លែង​ក្នុង​ប្រទេស​ចិន​ដើម្បី​បើក​ការ​វាយ​ប្រហារ​តាម​អ៊ិនធឺណិត​លើ​ក្រុម​ហ៊ុន Sony Pictures ជា​ការ​ពិត​ឬ​យ៉ាង​ណា​ទេ។​

អ្នកស្រី​ Hua Chunying​ អ្នក​នាំ​ពាក្យ​នៃក្រសួង​ការបរទេស​ចិន​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទថា​ ប្រទេស​ចិន​ «ជំទាស់​នឹងការ​វាយ​ប្រាហារ​តាម​បណ្តាញ​អ៊ិនធឺណិត​តាម​គ្រប់​រូប​ភាព​ទាំង​អស់” ហើយ​មិន​អាច​ធ្វើ​ការ​សន្មត​ណា​មួយ​ដោយ​គ្មាន​"ការ​ពិត​ជាក់​ស្តែង​គ្រប់គ្រាន់​ទេ​នោះ»។

ទោះជា​យ៉ាងណា​ក៏​ដោយ​ អ្នកស្រី​ Hua បាន​និយាយ​ថា ​ប្រទេស​ចិន​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​លើ​ភាគី​ទី​បី​ «តាម​រយៈ​ការ​ប្រើ​ប្រាស់កន្លែង​នៃ​ប្រទេស​មួយ​ទៀត ហើយ​ថា​ចិន​ប្រុង​ប្រៀប​ខ្លួន​រួច​ហើយ​ដើម្បី​ធ្វើ​ការ​"សន្ទនា​ជាមួយ​ប្រទេស​ឯ​ទៀតៗ»។

ស.រ.អា.​កំពុង​ធ្វើ​ការ​ចរចា​ជាមួយ​ប្រទេស​ចិន​អំពី​លទ្ធភាព​នៃ​ការ​សុំ​ឲ្យ​ចិន​ជួយ​រាំង​ខ្ទប់​ការ​វាយ​ប្រហារ​តាម​អ៊ិនធឺណិត​ពីរដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង៕