រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ថា លោក Putin និង​លោក Xi នឹង​ពិភាក្សា​គ្នា​អំពី​«ភាពគឃ្លើន» របស់​សហរដ្ឋ​អាមេរិក និង​អង្គការ​អូតង់

  • ​Reuters

រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ចាប់រលាក់ដៃ​ជាមួយនឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping ក្នុង​អំឡុងពេល​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល BRICS នៅ​ទីក្រុង​ប្រាស៊ីលីយ៉ា ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ថា ប្រធានាធិតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​ចិន​លោក Xi Jinping នឹង​ពិភាក្សា​អំពី​ភាពតានតឹងនៅ​ក្នុង​តំបន់​អឺរ៉ុប ​និង​វោហាសាស្ត្រ​ដ៏«គឃ្លើន» របស់​សហរដ្ឋ​អាមេរិក​និង​អង្គការ​អូតង់​ក្នុង​អំឡុង​ពេល​នៃ​ជំនួប​តាម​វីដេអូ​នៅ​ថ្ងៃ​ពុធ​នេះ។ នេះ​ បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការសន្ទនា​នោះ នឹង​ធ្វើ​ឡើង​នៅពេល​ដែល​មានភាពតានតឹង​ខ្លាំង​នៅ​ក្នុង​ទំនាក់ទំនង​របស់​ប្រទេស​ទាំង២​ជាមួយ​ប្រទេស​លោក​ខាង​លិច ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ស្ថិត​នៅ​ក្រោម​សម្ពាធ​អំពី​សិទ្ធិ​មនុស្ស​ ហើយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ស្ថិត​នៅ​ក្រោម​សម្ពាធ​អំពី​ការស្ថាបនា​កងទ័ព​របស់​ខ្លួន​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយក្រែន។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov បាន​និយាយ​ដោយ​សំដៅ​ដល់​រដ្ឋាភិបាល​ក្រុង​មូស្គូ ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា «ស្ថានភាព​ក្នុង​កិច្ចការ​អន្តរជាតិ ជា​ពិសេស​ នៅ​ទ្វីប​អឺរ៉ុប មាន​ការតានតឹង​ខ្លាំង​បំផុត​នៅពេល​ឥឡូវ​នេះ ​ហើយ​តម្រូវ​ឲ្យ​មាន​ការពិភាក្សា​រវាង​សម្ព័ន្ធមិត្ត»។

លោកបាន​និយាយ​ថា «យើង ឃើញ​វោហាសាស្ត្រ​ដ៏​គឃ្លើន​បំផុត​ខាង​ភាគី​អង្គការ​អូតង់​ និង​សហរដ្ឋ​អាមេរិក ហើយ​ការណ៍​នេះ​ តម្រូវ​ឲ្យ​មាន​ការពិភាក្សា​រវាង​យើង​និង​ចិន»។ រុស្ស៊ី​មាន​ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធជាមួយ​ចិន​នៅពេល​ដែល​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​លោក​ខាង​លិច​កាន់តែ​អាក្រក់​ឡើង ហើយ​លោក Putin បាន​ប្រើ​ភាព​ជា​ដៃគូ​ជា​វិធី​មួយ​នៃ​ការធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក ខណៈ​ដែល​ធ្វើ​កិច្ចព្រមព្រៀង​ផ្តល់​ផល​ចំណេញ​ដ៏​ច្រើន​បំផុត ជា​ពិសេស​លើ​វិស័យ​ថាមពល​ជាមួយ​ចិន។ លោក Putin និង​លោក Xi នៅ​ឆ្នាំ​នេះ បាន​ព្រមព្រៀង​គ្នា​បន្ត​សន្ធិសញ្ញា​មិត្តភាព ​និង​កិច្ចសហប្រតិបត្តិការ​រយៈពេល​២០​ឆ្នាំ​បន្ថែម​ទៀត។

លោក Peskov បាន​បញ្ជាក់​ទៀត​ថា មេដឹកនាំ​ទាំង២ នឹង​ធ្វើ​ការសន្ទនា​រយៈពេល​យូរ​ដោយ​មាន​របៀបវារៈ​ធំ​ទូលំទូលាយ​ដែល​រួម​មាន​ថាមពល ពាណិជ្ជកម្ម ​និង​ការវិនិយោគទុន។

ការពិភាក្សា​របស់​មេដឹកនាំ​ទាំង២ នឹង​ធ្វើឡើង​ចំនួន៨ថ្ងៃ​ បន្ទាប់ពី​ជំនួប​តាម​វីដេអូ​រវាង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​ដែល​ក្នុង​នោះ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ព្រមាន​លោក Putin ចំពោះ​ការឈ្លានពាន​ប្រទេស​អ៊ុយក្រែន ​ហើយ​លោក Putin បាន​ប្រាប់​លោក Biden ថា រុស្ស៊ី​ ត្រូវការ​ការធានា​ខាង​សន្តិសុខ​ផ្លូវ​ច្បាប់​ពី​ប្រទេស​លោក​ខាង​លិច៕