ជន​រងគ្រោះ​ចង់​ឱ្យ​កាត់​ក្តី​សំណុំរឿង​០០២​វគ្គ​២​ឱ្យ​បាន​ឆាប់

ខៀវ សំផង និង នួន ជា នៅ​ក្នុង​សវនាការ​សាលាក្តី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៣១ តុលា ២០១៣។

សហ​ព្រះរាជ​អាជ្ញា​នៃ​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នៅ​តែ​បន្ត​ទទូច​ឲ្យ​អង្គជំនុំ​ជម្រះ​សាលា​ដំបូងចាប់​ផ្តើម​ការ​កាត់​ទោស​សំណុំ​រឿង​០០២​វគ្គ​ទី​២​ឲ្យ​បាន​ឆាប់​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​ដោយ​ព្រួយ​បារម្ភ​អំពី​ការ​ពន្យា​ពេល​វេលា​កាត់​ទោសកាន់​តែ​យូរ​បន្ថែម​ទៀតនៅ​ពេល​ដែល​ជន​ជាប់​ចោទ​កាន់​តែ​ចាស់​ជរា។

ការ​ទាមទារ​នេះ​ធ្វើ​ឡើង​បួន​ថ្ងៃ​ប៉ុណ្ណោះក្រោយ​ពី​អង្គ​ជំនុំ​ជម្រះសាលា​ដំបូង​បាន​សម្រេច​ថា​ នឹង​មិន​បង្កើត​អង្គ​ជំនុំ​ជម្រះ​ថ្មី​សម្រាប់​ការ​កាត់​ក្តី​វគ្គ​ទី​២​នៃ​សំណុំរឿង​០០២​ទេ​មូល​ហេតុ​ដោយ​សារ​តែ​សាលា​ដំបូង​យល់​ថា​ការ​កាត់​ក្តី​ដោយ​ក្រុម​ចៅ​ក្រម​ថ្មី​មួយ​ក្រុម​ទៀត​នោះ​នឹង​មិន​ចំណេញ​ពេល​នោះ​ទេ​ហើយ​សាលា​ដំបូង​អះអាង​ថា​ ខ្លួន​មិន​អាច​ធ្វើ​ការ​កាត់​សេចក្តី​វគ្គ​ថ្មី​បាន​ទេ​នៅ​ពេល​ដែល​ខ្លួន​កំពុងសរសេរ​សាលក្រម​នោះ។

លោក​សហ​ព្រះ​រាជអាជ្ញា​អន្តរជាតិ​នីកូឡាស ​គុមជាន (Nicolas Koumjian) ​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​លើ​ក​ទី​៨​ជា​មួយ​ដើម​បណ្តឹង​រដ្ឋប្បវេណីក្នុង​ទី​ក្រុង​ភ្នំពេញថា​តាម​បទ​ពិសោធន៍​របស់​លោក​ជាង​៤០​ឆ្នាំ​ក្នុង​វិស័យ​តុលាការ​ ​ពុំ​មាន​ហេតុ​ផល​ផ្លូវ​ច្បាប់​ណាមួយ​ដែល​ថា​លុះ​ណា​តែ​មាន​សាល​ក្រម​សិន​ទើប​អាច​ដំណើរ​ការ​កាត់​ក្តី​បន្ត​ទៀតបាន​នោះ។

«មុន​នឹង​ការកាត់ទោសវគ្គទី​២​ចាប់​ផ្តើម ​យើង​មិន​ចង់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែលរហូត​ដល់​ខែ​សីហា ឬ​ខែ​កញ្ញា ​ដែល​នៅ​ពេល​នោះ​យើង​ឃើញ​ចៅ​ក្រមចាប់​ផ្តើម​ចាក​ចេញ​ហើយ​យើង​ចាប់​ផ្តើម​រក​ចៅ​ក្រម​ថ្មី។​យើង​មិន​ត្រូវ​ចាប់​ផ្តើមកាត់​ក្តី​នៅ​ឆ្នាំ​២០១៥​នោះ​ទេ»។

មាន​ប្រជាពលរដ្ឋ​អ្នករងគ្រោះ​ដោយ​របបខ្មែរក្រហម​ដែល​មាន​វ័យ​ចាស់ៗដែល​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ចំនួន​២០០​នាក់បាន​ជួប​ជុំ​គ្នា​ក្នុងកិច្ច​ប្រជុំ​ថ្នាក់​តំបន់​នេះ។​ពួកគាត់​មកពី​រាជធានី​និង​ខេត្ត​ចំនួន​ប្រាំបី​គឺ​ខេត្ត​កំពង់​ចាម ​កំពង់​ឆ្នាំង ​កំពង់​ធំ ក្រចេះ​ ពោធិ៍សាត់ ​បាត់​ដំបង​ ប៉ៃលិន​ និង​រាជធានី​ភ្នំពេញ។

លោក​សហ​ព្រះរាជ​អាជ្ញា​អាមេរិកាំង​ដដែល​បញ្ជាក់​ថា​ការ​កាត់​ទោស​វគ្គ​បន្ត​នឹង​ត្រូវ​ផ្តោត​លើឧក្រិដ្ឋកម្ម​នៃ​មន្ទីរ​សន្តិសុខ​នានា​ដែល​មាន​ចំនួន​ជិត​២០០​នៅ​ក្នុង​របប​ខ្មែរក្រហម​រាប់​បញ្ចូល​ទាំង​ឧក្រិដ្ឋ​កម្ម​ក្នុង​គុក​ទួល​ស្លែង​ផងដែរ។ ការ​កាត់​ទោស​លើ​ឧក្រិដ្ឋកម្ម​នៅ​តាម​សហករណ៍ ​លើ​ការ​រៀបការ​ដោយ​បង្ខំ ​រួម​ទាំងត្រូវ​កាត់ទោស​លើ​ការប៉ុន​ប៉ង​សម្លាប់​ផ្តាច់​ពូជ​ខ្មែរអ៊ីស្លាម​និង​ជនជាតិ​វៀតណាម​ទាក់ទង​នឹង​បទ​ប្រល័យ​ពូជ​សាសន៍។ ​

កាលពី​ខែ​វិច្ឆិកា​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​បង្គាប់ឲ្យ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​ចាប់​ផ្តើម​ដំណើរ​ការកាត់​ទោស​សំណុំ​រឿង​០០២​វគ្គទី​២​ជា​បន្ទាន់​ដោយ​គ្មាន​បង្អង់​ ដោយ​សំអាង​លើ​ផល​ប្រយោជន៍​«ចាំបាច់​សម្រាប់​យុត្តិធម៌»។

នៅ​ក្នុង​សេចក្តី​សម្រេច​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រអង្គជំនុំ​ជម្រះ​ជាន់​ទាប​នេះបាន​បញ្ជាក់​ថា​ខ្លួន​នឹង​ចេញ​ផែនការ​ការងារ​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ។

អង្គជំនុំ​ជម្រះ​សាលា​ដំបូង​គ្រោង​នឹង​ចេញសាលក្រម​លើ​ការ​កាត់ក្តី​សំណុំរឿង​០០២វគ្គទី​១​នៅពាក់​កណ្តាល​ឆ្នាំ​២០១៤ក្រោយ​ពីបាន​បញ្ចប់​ការ​កាត់ក្តី​កាល​ពី​ខែ​តុលា។​

កញ្ញា​សុង ឆវ័ន្ត ​ជំនួយ​ការ​ជាន់​ខ្ពស់​របស់​សហព្រះ​រាជអាជ្ញាមាន​ប្រសាសន៍​ថា​ការិយាល័យ​សហ​ព្រះ​រាជ​អាជ្ញាបាន​ស្នើ​ដល់​សាលា​ដំបូង​ឲ្យ​ចាប់​ផ្តើម​ដំណើរ​ការ​កាត់​ក្តី​ក្នុង​អំឡុង​ខែ​កុម្ភៈ​ឬ​ខែ​មិនា​ឆ្នាំ​២០១៤។​

«ពេល​វេលា​ដែល​រង់​ចាំ​ក្នុង​អំឡុង​ពេល​ប្រកាស​សាល​ក្រមទំរាំ​នឹង​ប្រកាស​សាលក្រម​ទៀតវាហាក់​ដូច​ជា​យឺត​ពេល​បន្តិច។​ដូច្នេះ​វេលាគួរ​តែ​ចាប់​ផ្តើម​ជំនុំ​ជម្រះ​ក្នុង​ពេល​ជាមួយ​គ្នា​នៃ​ពេល​សរសេរ​សាលក្រម​ហេតុ​ដូច្នេះ​ហើយ​ទើប​យើង​ខ្ញុំបាន​ស្នើ​សុំ​ឲ្យ​មាន​ការរៀប​ចំ​សវនាការ​នៅ​ក្នុង​អំឡុង​ពេល​ខែ​កុម្ភៈ​ឬ​ខែ​មិនា»។​

ទោះ​ជាបែប​នេះ​ក្តីកញ្ញា​តំណាង​សហ​ព្រះ​រាជអាជ្ញា​បញ្ជាក់​ថា​ការិយាល័យ​សហព្រះ​រាជ​អាជ្ញា​នឹង​គោរព​តាម​ការសម្រេចរបស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នេះ។

សំណុំ​រឿង​០០២នៅសល់​ជនជាប់​ចោទ​ចំនួន​ពីរនាក់​គឺ​នួន ​ជា​ អតីត​ប្រធាន​សភា​ខ្មែរក្រហម​ ដែល​គេស្គាល់​ថា​ជា​មេមនោគមវិជ្ជា​នៃ​របប​នោះ​និង​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ។

ជនជាប់​ចោទ​ទាំង​នេះ​ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិនិង​បទ​ប្រល័យ​ពូជសាសន៍។​ បទ​ចោទ​ទាក់ទង​នឹង​ការស្លាប់​និង​ការ​សម្លាប់​ប្រជាពល​រដ្ឋ​កម្ពុជា​ជិត​២លាន​នាក់។

នួន ​ជា​ នៅ​ពេល​នេះ​មាន​អាយុ​៨៧ឆ្នាំ ​រីឯ​ខៀវ ​សំផន ​មាន​អាយុ​៨២​ឆ្នាំ។

ប្រជា​ពលរដ្ឋ​ដែល​ជាដើម​បណ្តឹង​រដ្ឋវប្បវេណី​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​នេះ​បាន​ទះដៃគាំទ្រ​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​កាត់​ទោស​ឲ្យ​បាន​ឆាប់។

ក្រុម​សហព្រះរាជ​អាជ្ញា​អះអាង​ថា​ខ្លួន​មិន​រំពឹង​ថា​ភាព​ចាស់ជរា​របស់​ជនជាប់​ចោទ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​កាត់ក្តី​សំណុំរឿង​០០២​វគ្គទី​២​បាន​លឿន​នោះទេ៕