ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលាក្តី​ខ្មែរ​ក្រហម​ត្រៀម​បញ្ជី​ឈ្មោះ​សាក្សី​សម្ងាត់​សំណុំ​រឿង​០០២ ​វគ្គ​២

  • សុខ ខេមរា

សហ​ព្រះ​រាជ​អាជ្ញា​នៃ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បាន​រៀបចំ​ផែនការ​ច្បាស់​លាស់​មួយ​ រួមទាំង​រៀបចំ​បញ្ជី​សម្ងាត់​សាក្សី​៩៦​នាក់​ដើម្បី​តទល់​ជាមួយ​នឹង​មេ​ដឹកនាំ​របប​ខ្មែរ​ក្រហម​ជាន់ខ្ពស់​ពីរ​នាក់​ ដែល​ជា​ជនជាប់​ចោទ​ក្នុង​សំណុំ​រឿងនេះ​ គឺ​នួន ​ជា ​និង​ខៀវ សំផន។
វ៉ាស៊ីនតោន៖ សហ​ព្រះរាជ​អាជ្ញា​នៃ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បាន​ត្រៀម​បញ្ជី​ឈ្មោះ សម្ងាត់​នៃ​សាក្សី​ជិត​១០០​នាក់​ដើម្បី​បំភ្លឺ​ក្នុង​ការ​កាត់ទោស​សំណុំ​រឿង​០០២​វគ្គ២​ ទោះជា​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ប្រទាញ​ប្រទង់​គ្នា​រឿង​មិន​ទាន់​មាន​ ការ​កំណត់​ថ្ងៃ​ និង​វិសាលភាព​នៃ​ឧក្រិដ្ឋ​កម្ម​ក្តី។ សហ​ព្រះរាជ​អាជ្ញា​ បានដាក់​គម្រោង​របស់​ខ្លួន​ទៅកាន់​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​ហើយ។

ជា​ផ្នែក​មួយ​ដើម្បី​ពន្លឿន​ការ​កាត់​ទោស​សំណុំ​រឿង​០០២​ វគ្គ២​ ឲ្យបាន​ឆាប់​នោះ​ សហ​ព្រះ​រាជ​អាជ្ញា​នៃ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បាន​រៀបចំ​ផែនការ​ច្បាស់​លាស់​មួយ​ រួមទាំង​រៀបចំ​បញ្ជី​សម្ងាត់​សាក្សី​៩៦​នាក់​ដើម្បី​តទល់​ជាមួយ​នឹង​មេ​ដឹកនាំ​របប​ខ្មែរ​ក្រហម​ជាន់ខ្ពស់​ពីរ​នាក់​ ដែល​ជា​ជនជាប់​ចោទ​ក្នុង​សំណុំ​រឿងនេះ​ គឺ​នួន ​ជា ​និង​ខៀវ សំផន​ ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋ​កម្ម​ផ្សេងៗ​ទៀត។​ នេះ​បើតាម​ឯកសារ​សម្ងាត់​ដែល​វីអូអេ​ផ្នែក​ខេមរ​ភាសា​ទទួល​បាន​ពី​ប្រភព​គួរឲ្យ​ទុក​ចិត្ត​បាន។​

បើ​តាម​ឯកសារ​សម្ងាត់​ជា​ភាសា​អង់គ្លេស​មាន​ដាក់​ឈ្មោះ​សាក្សី​ទាំង​៩៦​នាក់​ដែល​ស្ថិត​នៅ​តាម​ទីតាំង​ឧក្រិដ្ឋ​កម្ម​ជាច្រើន ​ដូចជា​មន្ទីរ​ស២១ ​និង​ជើងឯក​ សហករណ៍​ត្រាំកក់​ ការដ្ឋាន​ទំនប់​១មករា​ ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ​ ខេត្ត​កំពង់​ឆ្នាំង​ មន្ទីរ​សន្តិសុខ​ ស្រុក​តាំកក់​ ក្រាំងតាចាន់​ មន្ទីរ​សន្តិសុខ​អូរ​កន្សែង​ និង​មន្ទីរ​សន្តិសុខ​ភ្នំក្រោល។​ សាក្សី​ទាំងនោះ​គឺមាន​ទាំង​ព្រះសង្ឃ ​ប្រជា​ពលរដ្ឋ​ ធម្មតា ​មន្ត្រី​រាជការ​ មន្ត្រី​យោធា ​អាជ្ញាធរ​មូលដ្ឋាន​ អ្នក​សារ​ព័ត៌មាន​ជាដើម។​

កាំងហ្កេច អ៊ាវ​ ហៅឌុច​ អតីត​ប្រធាន​គុក​ទួល​ស្លែង​ស២១​ ដែល​កំពុង​ជាប់គុក​មួយ​ជីវិត​ពី​បទ​សម្លាប់​មនុស្ស​ជាង​១ម៉ឺន​២ពាន់​នាក់​នោះ​ ក៏មាន​ឈ្មោះ​ក្នុង​បញ្ជី​សាក្សី​ដែរ។ ​ឌុច​ជាមួយ​នឹង​សាក្សី​៤​នាក់​ទៀត​ត្រូវ​រំពឹង​ថា ​នឹង​បំភ្លឺ​អំពី​ឧក្រិដ្ឋ​កម្ម​ក្នុង​មន្ទីរ​ស២១​ ប្រឆាំង​នឹង​ជន​ជាប់ចោទ​ ជា​មេដឹកនាំ​ខ្មែរក្រហម​ទាំងពីរ។​ ដោយ​ឡែក ​សហ​ព្រះរាជ​អាជ្ញា​បាន​បែងបែក​ចែក​សាក្សីតាម​ឈ្មោះ​ ចំនួន​សាក្សី​ ហើយនឹង​ចំនួនថ្ងៃ​ ដែល​ត្រូវ​បំភ្លឺ​ក្នុងពេល​កាត់​ទោស។​

ពេល​វេលា​របស់​សាក្សី​ ដែល​មាន​ចាប់ពី​៤ថ្ងៃ​ ៨ថ្ងៃ ​ទៅ​១៧ថ្ងៃ​ ដែល​ជា​សរុបគឺ​៩៦​ថ្ងៃ ​ឬ​ការ​ប្រើ​ពេល​តែ ជាង​៣ខែតែ​ប៉ុណ្ណោះ​សម្រាប់​ការ​កាត់​ទោស​បញ្ចប់​សំណុំ​រឿង​០០២​វគ្គ២។ សាក្សី​សម្រាប់​ឧក្រិដ្ឋ​កម្ម​លើ​ជនជាតិ​ភាគតិច​វៀតណាម​មាន​២២នាក់​ និង​សាក្សី​សម្រាប់​ជនជាតិ​ភាគតិច​ចាម​មាន​១២​នាក់។ ​ដោយ​ឡែក អ្នក​ជំនាញ​៧​នាក់ ​ភាគ​ច្រើន​ជាជន​បរទេស​ ត្រូវ​បាន​កំណត់​ក្នុង​បញ្ជី​សម្ងាត់​នោះ​ដែរ។​ អ្នក​ជំនាញ​ទាំង​នោះ​គឺ​មាន​ជនជាតិ​អាមេរិក​យ៉ាង​តិច​២​នាក់ ​និង​ជនជាតិ​ជប៉ុន​ម្នាក់។​

សហ​ព្រះរាជ​អាជ្ញា​ទាំង​ពីរ​គឺលោក​ស្រី ​ជា លាង ​និង​លោក​នីកូឡាស់​ កុំជាំង​ (Nicholas Koumjian) ​បានដាក់​បញ្ជី​ឈ្មោះ​សាក្សី​ និង​អ្នក​ជំនាញ​ទាំងនោះ​ជូន​ទៅ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​កាលពី​ថ្ងៃទី​១១​ ខែធ្នូ ​ឆ្នាំ២០១៣​ជាមួយ​និង​សេចក្តី សន្និដ្ឋាន​ ដែល​ដាក់​ជា​សាធារណៈ​ដើម្បី​ឲ្យ​សាលា​ដំបូង​ចាប់ផ្តើម​បើក​សវនាការ​កាត់​ទោស​ ដោយ​គ្មាន​ការ​ពន្យារ​ពេលចំពោះ​សំណុំ​រឿង​០០២​វគ្គ២​ដែល​ជនជាប់​ចោទ​មាន​វ័យ​ចំណាស់​ទៅ​ហើយ​នោះ។​

ក្រុម​អ្នក​តាមដាន​ និង​តំណាង​ជន​រងគ្រោះ​បាន​គាំទ្រ​ដល់​គម្រោង ​និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ពន្លឿន​នីតិវិធី​កាត់ទោស​សំណុំ​រឿង​០០២ ​វគ្គ២ ​របស់​សហ​ព្រះរាជ​អាជ្ញា​ ដែល​ចង់​បាន​ការ​កាត់ទោស​ឲ្យ​បាន​ឆាប់​ ឬធ្វើ​នៅ​ដើម​ឆ្នាំ​២០១៤​ដោយ​យោង​មួយ​ផ្នែក​សំខាន់​គឺ​ទៅ​លើ​សុខភាព​ទ្រុឌទ្រោម​របស់​ជន​ជាប់​ចោទ។​

លោក​សាស្ត្រាចារ្យ​អាមេរិកាំង ​ភីធ័រ ម៉ាខ្វៃអឺ ​(Peter Maguire) ​អ្នក​និពន្ធ​សៀវភៅ​ខ្មែរក្រហម​ ហៅ​ថា​ Facing ​Death​ in Cambodia ​ឬហៅ​ថា​ ការ​ប្រឈម​មុខ​នឹង​សេចក្តី​ស្លាប់​ក្នុង​ប្រទេស​កម្ពុជា ​បាន​អះអាង​ថា​ សាលាក្តី​នេះ​មិន​ត្រូវ​ពន្យារ​ពេលរក​យុត្តិធម៌រហូត​ទាល់តែ​ជនជាប់​ចោទ​ស្លាប់​មុន​ការ​កាត់​ទោស​នោះ​ទេ៖​

«ប្រសិន​បើ​តុលាការ​ខកខាន​ក្នុង​ការ​ផ្តន្ទាទោស​ជនជាប់​ចោទពីរ​នាក់​ក្នុង​អំឡុង ពេល​ដែល​ពួកគេ​នៅរស់​រាន​មាន​ជីវិត​នៅ​ឡើយ​ទេ​ ពេលនោះ​សាលាក្តី​ខ្មែរ ក្រហម​គឺគ្រាន់​តែ​ជា​ cautionary tale ​ប្រផ្នូលអាក្រក់ ហើយ​មិន​ដឹង​អំពី​របៀប​រៀបចំ​តុលាការ​កាត់​ទោស​ឧក្រិដ្ឋកម្ម​អន្តរជាតិ»។​

លោក​បន្ត​ថា ​សាលាក្តី​នេះ​ពិតជា​មាន​បញ្ហា​ផ្នែក​ធនធាន​មែន ដោយសារ​តែ តុលាការ​នេះ​បាន​ប្រើ​ធនធាន​ច្រើន​ហួស​ពេក ​និង​ពន្យារ​ពេលច្រើន​ពេក​ក្នុងការ​កាត់ទោស​សំណុំ​រឿង​០០១ ​ឬ​សំណុំ​រឿងឌុច​ដែល​ត្រូវធ្វើ​តែ​៩០​ថ្ងៃ ​តែពន្យារ​ដល់​៣​ឆ្នាំ​នោះ។​

«ដូច្នេះ​ជំនឿ​ចិត្ត​ដ៏​ល្អ​កំពុង​រលាយ​បាត់បង់​បន្តិច​ម្តងៗ។​ ដូច្នេះ​ពួកគេ​គួរ​ណាស់​តែ​បង្ហាញ​លទ្ធផល​ខ្លះ​ឲ្យ​បាន​ឆាប់​ ប្រសិន​បើ​គេ​រំពឹង​ចង់​បាន​ថវិកាបន្ថែម​ទៀត។ អ.ស.ប.​បាន​ធ្វើ​កិច្ចការ​យ៉ាង​អសមត្ថភាព។​ បុគ្គលិក​សាលាក្តី​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​កិច្ចការ​យ៉ាង​ល្អ​ ដែល​គេ​អាច​ធ្វើ​បាន​ តែ​ដូចជា​ខ្ញុំ​និយាយ​ជា​ច្រើន​ដង​ហើយ​ គឺ​ថា​ បុគ្គលិក​អ.ស.ប.​ក្នុង​តុលាការ​ខ្មែរក្រហម​ក្នុង​ប្រទេស​កម្ពុជា​សមនឹង​ទទួល​បាន​ការ​សរសើរ​ តែ​មន្ត្រី​សំខាន់​របស់​អ.ស.ប.​ខ្លះ​មិន​សម​នឹង​ទទួល​ការ​សរសើរ​នោះ​ទេ»។​

លោក​ឆាំង យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​អះអាង​ថា​ តុលាការ​មិន​ បាន​ប្រុងប្រៀប​រួមគ្នា​ឲ្យ​បាន​ស្រេច​ជាមុន​ថា ​អ្វីជា​ការ​ដែល​ខ្លួន​ត្រូវធ្វើ​ក្នុង​ពេល​ វេលា​ជាក់​លាក់​នោះ។ ​នេះ​ហើយ​ជា​បញ្ហា។

«អញ្ចឹង​ហើយ​ វា​អាច​ថា ​ជា​កំហុស​មួយដែរ​របស់​តុលាការ​ដែល​មិនបាន​រក្សា​ទំនាក់​ទំនង ​និង​ការ​ពន្យល់​ និង​ថែរក្សា​ការ​រំពឹង​ទុក​នោះ​ឲ្យ​វា​មាន​ភាព​សុក្រិត​និង​ ប្រាកដ​ប្រជា។​ អញ្ចឹង​ហើយ​វា​បង្ក​ឲ្យ​មាន​ផលវិបាក​ខ្លះ​ក្នុង​ពេល​បច្ចុប្បន្ន។​ ហើយ​ខ្ញុំ​សង្ឃឹម​ថា ​តុលាការ​ប្រមើល​មើល​អំពី​ភាព​ខ្វះខាត​នេះ​ហើយ ​បំពេញ​ ហើយ​ពង្រឹង​ឡើង​វិញ»។​

លោក​បន្ថែម​ថា​ តុលាការ​ទាមទារ​ឲ្យ​មាន​ការ​ពន្យល់​ម្ចាស់​ជំនួយ​ និង​ជន​រងគ្រោះ​ឲ្យ​យល់​ផង​ដែរ​ដើម្បី​ជៀសវាង​ការ​ធុញ​ទ្រាន់​ក្នុង​ការ​រង់​ចាំ​ឬ​ពន្យារ​ពេល។​ តែ​លោក​ថា​ វាជា​សញ្ញា​វិជ្ជាមាន​ដែរ​ចំពោះ​ការ​ខ្វែង​គំនិត​គ្នា​ដែល​តុលាការ​ចង់ឲ្យ​ដំណើរ​ការ​នេះ​លឿន​ទៅ​មុខ។​

លោក​ស៊ុំ ឫទ្ធី ​ជាជន​រងគ្រោះ​ និង​អ្នក​រួច​ជីវិត​ម្នាក់​ពី​ការ​សម្លាប់​ក្នុង​គុក​ខ្មែរ ក្រហម។ លោកថ្លែង​ទាំង​កំហឹង​ ដោយ​អះអាង​ថា ​សំណុំ​រឿង​០០២​វគ្គ២​មិនគួរពន្យារ​ពេល​ទេ​គឺ​គេ​គួរ​ធ្វើឲ្យ​បាន​ឆាប់​បំផុត។​

«ព្រោះ​ជនជាប់​ចោទ​ហ្នឹង​កាន់តែ​វ័យចាស់​ហើយ ​គឺត្រូវតែ​ដាច់​ខាត​ត្រូវតែ​ធ្វើ​ ពេល​ហ្នឹង ​បន្ត​ពេល​ហ្នឹង​ខែ​១ ​ឆ្នាំ​២០១៤ហ្នឹង។ ​ត្រូវតែ​ចាប់ផ្តើម០០២​វគ្គ​២​ឲ្យ​បាន អត់មាន​ត្រូវ​ពន្យារ​ពេល​ទេ។​ អ្នក​ដែល​ពន្យារ​ពេល​គឺ​ជា​អ្នក​ដែល​ប្រឆាំង​ហ្នឹង​ គឺជា​ដៃ​ជើង​របស់​ខ្មែរ​ក្រហម​តែម្តង»។​

លោក​ស៊ុំ រិទ្ធី​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​០០២​វគ្គ​២​ផង​ដែរ។​ លោក​បាន​អះអាង​ថា​ បើ​តុលាការ​ពន្យារ​ពេល​តទៅ​ទៀត​គឺតុលាការ​នេះ​នៅ​ចាំតែ​ចាយ​ប្រាក់ខែ​ ដែល​ពិបាក​ស្វែង​រក​ម្តងៗ​នោះ។​ លោក​ថ្លែង​ថា ​លោក​រង់ចាំ​ជាង​៣០ឆ្នាំ​ហើយ​ដើម្បី​រក​យុត្តិធម៌ និង​ការណ៍​ពិត។​ លោក​ថា​ តុលាការ​គួរ​ពិចារណា​ការ​ឈឺ​ចាប់​ជន​រងគ្រោះ។​

«សុំឲ្យ​តុលាការ​យល់​ភាព​ទុក្ខ​លំបាក​វេទនា​របស់​ជន​រងគ្រោះ​កន្លង​មក​ ដែល​បាន​ឆ្លង​កាត់​របប​នេះ​ផង​ឲ្យ​គ្នា​ដឹង​ការណ៍​ពិត​ផង​ កុំ​ឲ្យ​គ្នា​ងាប់​មុន​ពេល​ការកាត់​ទោស។ ​មាន​ដើម​បណ្តឹង​ជាច្រើន​នាក់​ហើយ​ដែល​ស្លាប់​មុន​ការ​កាត់ទោស​ ដូចជាមិត្ត​ភ័ក្រ​ខ្ញុំ ​នៅ​ខាង​ខេត្ត​សៀមរាប ​គឺ​ថា ​បាន​ស្លាប់​អស់​ហើយ​ នៅ​តែ​រូប​ខ្ញុំ​តែ​ម្នាក់​ទេ​ មិនអាច​ពន្យារ​ពេលបាន​តទៅ​ទៀត​ទេ។​ បើ​ចង់​រក​យុត្តិធម៌​ឲ្យជន​រងគ្រោះ​គឺត្រូវតែ​ធ្វើ​ឲ្យបាន​ភ្លាម»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ មន្ត្រី​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​និយាយ​ក្នុង​កិច្ច​ប្រជុំ​រៀបចំ​សវនាការ​លើ​សំណុំរឿង​០០២​ វគ្គ២​ និង​ដំណើរការ​តុលាការ​ទៅមុខ​កាលពី​ថ្ងៃ​ទី១១ ​ដល់​ថ្ងៃទី​១២​ថា​ ពួក​គេ​មិនអាច​ធ្វើកិច្ចការ​ពីរ​គឺ​សំណុំ​រឿង​០០២​ វគ្គ​១ ​និង​០០២​វគ្គ​២​ក្នុងពេល​តែមួយ​បាន​ទេ​ ដោយ​យោង​ទៅ​លើ​ធនធាន​មនុស្ស​ ថវិកា និង​ពេលវេលា។​ មន្ត្រីអង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ខ្លះ​លើក​ឡើង​ថា ​សំណុំ​រឿង​០០២​វគ្គ២​គួរត្រូវ​ចាប់​ផ្តើម​ ក្រោយពី​សំណុំ​រឿង​០០២ ​វគ្គទី១ ​បញ្ចប់​នៅពាក់​កណ្តាល​ឆ្នាំ​២០១៤​ខាង​មុខ។​ តែក្រុម​មន្ត្រី​ជំនាញ​ខ្លះ​បាន​អះអាង​ថា​ ថវិកា ធនធាន​មនុស្ស​មិនមែន​ជា​ឧបសគ្គ​ទេ​ តែ​បញ្ហា​តើ​អង្គ​ជំនុំ​ជម្រះ​ចង់​ធ្វើ ​ឬ​មិនចង់?​មួយ​ទៀត ​តើ​ការ​ខ្វះ​គម្រោង​ល្អិតល្អន់​មួយ​ក៏​ជា​បញ្ហា​ដែរ​ ក្រៅពី​ការ​ភ័យ​ខ្លាច​ចំពោះ​ឧបសគ្គ​មួយ​ចំនួន​ទៀត​នោះ។​

ក្រុមអ្នក​សង្កេត​ផ្សេង​ទៀត​បាន​អះអាង​ថា​ ការ​ពន្លឿន​ដំណើរការ​នីតិវិធី​នេះ​ជា​រឿង​ល្អ ​ព្រោះ​ប្រសិន​បើ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ធ្វើបាន​តាម​ការ​ស្នើសុំ​របស់​ សហ​ព្រះរាជ​អាជ្ញា​ដូច​នឹង​ការ​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ដើម្បី​ចាប់ផ្តើម​សវនាការ​កាត់ទោស​សំណុំរឿង​០០២ ​វគ្គ២​បណ្តើរៗ​ ក្នុង​ពេល​ជាមួយ​គ្នា​ដែល​សំណុំ​រឿង​០០២​វគ្គ​ទី១​រង់ចាំ​តែ​សាលក្រម​នេះ​ នឹង​អាច​ចំណេញ​ថវិកា​ ចំណេញ​ពេល ​និង​ធនធាន​ផង​ដែរ៕
XS
SM
MD
LG