ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេធាវី​ការពារ​លោកខៀវ ​សំផន៖​ការចោទ​កូន​ក្តីលោក​ជា​រឿង​ក្រៅ​ប្រធាន​បទ

  • គង់ សុឋានរិទ្ធ

អតីតៈមេដឹកនាំខ្មែរក្រហម ខៀវ សំផន (ខាងឆ្វេង) និង នួន ជា ខាងស្តាំ។
សហមេធាវី​អន្តរជាតិ​របស់​ខៀវ ​សំផនបាន​ហៅ​ការ​ចោទ​ប្រកាន់​របស់​សហ​ព្រះ​រាជ​អាជ្ញា​លើ​កូន​ក្តី​របស់​ខ្លួន​ថា​ ជារឿង​ក្រៅ«ប្រធានបទ»​ដែល​ត្រូវ​កាត់ក្តី​ ដោយ​ព្រមាន​ថា​ ការផ្តន្ទាទោស​លោក​ខៀវ សំផន​បែបណា​នោះ​គឺជា​ការរំលោភ​ច្បាប់។​

លោក​អាទួ វែកេន ​(Arthur Vercken)​ ថ្លែង​ដូច្នេះ​នៅ​ក្នុង​សវនាការ​សន្និដ្ឋាន​បញ្ចប់​ការ​កាត់ទោស​សំណុំ​រឿង​០០២​វគ្គទី​១​នៅ​ថ្ងៃសុក្រ​នេះ​ ដោយ​ថ្លែង​ទៅកាន់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​ចូលរួម​ស្តាប់​សវនាការ។​

«អស់លោក ​លោកស្រី ​សាធារណ​ជន!​ ខ្ញុំចង់​ឱ្យ​អ្នកយល់​ពី​ច្បាប់ទាក់​ទងនឹង​ការ​បញ្ជូន​នៃ​យុត្តា​ធិការ​ព្រហ្មទណ្ឌ​មួយ​នឹង​ធ្វើ​ឱ្យ​80​ភាគរយ​នៃ​អ្វី​ដែល​អ្នកបាន​ឮ​តាម​រយៈ​សហ​ព្រះរាជ​អាជ្ញា​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ មិន​ត្រូវ​នឹង​ប្រធាន​បទ​សម្រាប់​កាត់ទោស​នោះ​ទេ»។​

សហ​ព្រះរាជ​អាជ្ញា​បាន​ចោទ​ប្រកាន់​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហមនិង​នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​ថា ​បាន​សម្លាប់​ប្រជាជន​កម្ពុជា​របស់​ខ្លួន​ដើម្បី​បាន​អំណាច ​ហើយ​ដែល​មនុស្ស​ចន្លោះ​ពី​១,៧​លាន​នាក់​ទៅ​២,២​លាន​នាក់​បាន​ស្លាប់​ក្រោម​ការ គ្រប់គ្រង​អំណាច​របស់​អតីត​មេដឹកនាំ​ទាំងពីរ​នេះ​ ​ចន្លោះពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​

សហ​ព្រះ​រាជអាជ្ញា​បាន​បង្ហាញ​ការ​ចោទ​ប្រកាន់​ទាក់ទង​ទៅ​នឹង​បរិបទ​នៃ​ការ​ជម្លៀស​ប្រជាជន​កម្ពុជា​ចេញពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ នៅ​ឆ្នាំ​១៩៧៥ ​និង​ឆ្នាំ​១៩៧៧​ និង​៧៨​ និង​ការ​សម្លាប់​មនុស្ស​នៅ​ទួល​ពោធិ៍ជ្រៃ​ ខេត្ត​ពោធិសាត់។

លោក​មេធាវី​អាទួ វែកេន​លើក​ឡើង​ថា ​មេ​ធាវី​ការពារក្តី​បាន​រក​ឃើញ​ថា​ ក្នុង​បរិបទនៃ​ការ​កាត់ក្តី​នៅ​វគ្គ​ទី​១​នេះ​មាន​មនុស្ស​ស្លាប់​ត្រឹមតែ​២៥០០​ទៅ​៥០០០​នាក់​តែ​ប៉ុណ្ណោះ​គឺ​ផ្ទុយ​ពី​សេចក្តី​អះអាង​របស់​សហ​ព្រះរាជ​អាជ្ញា។​ម្យ៉ាង​វិញ​ទៀត​ រយៈពេល​ដែល​ទាក់ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ក្នុង​ការ​កាត់ក្តី​នេះ​មិន​មែន​ស្ថិត​ក្នុង​រយៈ​ពេល​ពេញ​៣​ឆ្នាំ​៨​ខែ​ដែល​គ្រប់​គ្រងអំណាច​ដោយ​មេ​ដឹកនាំ​ខ្មែរក្រហម​ទេ។​

លោក​សហ​មេធាវី​អន្តរជាតិ​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ​សហ​ព្រះរាជ​អាជ្ញា​ខកខាន​ក្នុងការ​បង្ហាញ​ភស្តុតាង​ទាក់ទង​ទៅនឹង​សហករណ៍​ មណ្ឌល​កាប់​សម្លាប់ ​គុក ​ឧក្រិដ្ឋកម្ម​លើ​ខ្មែរ​អ៊ីស្លាម ​ពុទ្ធសាសនិក ​និង​ការ​រៀបការ​ដោយ​បង្ខំ។​

លោក​មេធាវី​អន្តរជាតិ​អាទួ វែកេន​បកស្រាយ​ដោយ​ផ្អែក​លើ​ទឡ្ហីករ​ទាំង​នេះ។​

«លោក​ប្រធាន​អង្គ​ជំនុំជម្រះ​គឺ​តាម​រយៈ​សវនាការ​នេះ ​សម្រាប់​យើង​ជា​មេធាវីរបស់​លោក​ខៀវ សំផន​គឺ​ថា​ ឬមួយ​លោក​ប្រធាន​គោរពរ​តាម​គោល​ការណ៍​ច្បាប់ ​ហើយ​ដោះ​លែង​លោកខៀវ សំផន ​ឬ​មួយ​លោក​ផ្តន្ទាទោស​រូប​គាត់។ ​ហើយ​យើង​យល់​ថា ​ការផ្តន្ទា​ទោសរូប​គាត់​គឺ​ជា​ការ​រំលោភ​គោល​ការណ៍​គ្រឹះ​នៃ​ច្បាប់​ព្រហ្មទណ្ឌ»។​

លោក​សហ​មេធាវី​អន្តរជាតិ​ដដែល​អះអាង​ថា​ ស្មាក្តី​ជន​ជាប់ចោទ​មាន​ការ​ព្រួយ​បារម្ភ​ថា ​អង្គ​ជំនុំ​ជម្រះ​នឹង​ទទួល​យក​ហេតុផល​របស់​សហ​ព្រះរាជ​អាជ្ញា​ក្នុង​ពេល​សវនាការ​ប៉ុន្មាន​ថ្ងៃ​មក​នេះ។​

ជា​មួយ​គ្នា​នេះ​ដែរ​ សហ​មេធាវី​អន្តរជាតិម្នាក់​ទៀតរបស់​ជន​ជាប់​ចោទ​ខៀវ​ សំផន​គឺ​លោក​ស្រី​អាន់តា ហ្គីសេ ​(Anta Guissé) ​បាន​បកស្រាយ​ប្រឆាំង​ទៅ​នឹង​សក្ខី​កម្ម​ផ្តល់ដោយ​អ្នក​ជំនាញ​អន្តរ​ជាតិ៕​
XS
SM
MD
LG