ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រះរាជអាជ្ញា​សុំ​ឱ្យ​ដាក់​ទោស​នួន ជា​និង​ខៀវ សំផន​មួយ​ជីវិត

  • គង់ សុឋានរិទ្ធ

សំណើ​សុំ​ដាក់​ទោស​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​សហ​ព្រះរាជ​អាជ្ញា​ជាតិ​និង​អន្តរ​ជាតិ​បាន​បញ្ចប់​សេចក្តី​សន្និដ្ឋាន​រយៈ​ពេល​បី​ថ្ងៃ​របស់​ខ្លួន​​ក្នុង​ការកាត់​ទោស​សំណុំរឿង​០០២​វគ្គទី១។
រាជធានី​ភ្នំពេញ៖ សហ​ព្រះ​រាជ​អាជ្ញា​ជាតិ​បាន​ស្នើ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ផ្តន្ទាទោស​ជន​ជាប់​ចោទ​នួន ​ជា​និង​ខៀវ ​សំផន​អស់​មួយ​ជីវិត​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​បន្ទាប់​ពី​បាន​រក​ឃើញ​ថា​អតីត​មេដឹក​នាំ​កំពូល​នៃ​របប​កម្ពុជា​ប្រជាធិប​តេយ្យ​ទាំង​ពីរ​នាក់​រួម​ចំណែក​ក្នុង​ការ​កាប់​សម្លាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​អស់​ជិត​ពីរ​លាន​នាក់។

សំណើ​សុំ​ដាក់​ទោស​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​សហ​ព្រះរាជ​អាជ្ញា​ជាតិ​និង​អន្តរ​ជាតិ​បាន​បញ្ចប់​សេចក្តី​សន្និដ្ឋាន​រយៈ​ពេល​បី​ថ្ងៃ​របស់​ខ្លួនក្នុង​ការកាត់​ទោស​សំណុំរឿង​០០២​វគ្គទី១។

លោក​ស្រីជា​ លាង​ សហព្រះរាជ​អាជ្ញា​ជាតិ​បាន​ថ្លែង​នៅ​ចំពោះ​មុខ​ជន​ជាប់​ចោទ​ទាំង​ពីរ​រូប​ដោយ​បង្ហាញ​ថា​នួន​ ជា​ និង​ខៀវ សំផន ​ជា​អ្នក​ដាក់​ផែនការ​និង​គោល​នយោបាយ​ឲ្យ​មាន​ការ​ជម្លៀស​ប្រជា​ជនចេញ​ពី​ទី​ក្រុង​ភ្នំពេញ​និង​ចេញពី​ទី​ក្រុង​នានា​និង​ការ​ជម្លៀស​ពី​ប្រជាជន​ពីតំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត​ រួម​ទាំង​ផែន​ការ​នៃ​ការ​សម្លាប់​មនុស្ស​នៅ​ទួល​ពោធិ៍​ជ្រៃ​ ខេត្ត​ពោធិ៍សាត់​ជា​ដើម។ សាក្សី​អះអាង​ថា​ជន​រង​គ្រោះ​ជិត​មួយ​ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់​ចោល​នៅទី​នោះ។

លោក​ស្រី​ថ្លែង​ថា៖ «មាន​ភស្តុតា​គ្រប់​គ្រាន់​នៅ​ចំពោះ​មុខ​លោក​ លោក​ស្រី​ចៅ​ក្រម ​សហ​ព្រះ​រាជអាជ្ញា​ស្នើ​សុំ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​សម្រេច​ផ្តន្ទាទោស​ជន​ជាប់​ចោទ​នួន ជា​និង​ខៀវ​ សំផន​ ដោយ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដែល​ជា​ទោស​តែ​មួយ​គត់​សម​ស្រប​តាម​ច្បាប់​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​និង​បទដ្ឋាន​អន្តរ​ជាតិ»។

លោកស្រី​សហ​ព្រះរាជ​អាជ្ញា​បាន​អះអាង​ថា​នួន ជា ​និង​ខៀវ ​សំផន​ បាន​បង្កើត​គោល​នយោបាយ​ចំនួន​ប្រាំ​រួម​គ្នា​ដូចជា​គោល​ជម្លៀស​ប្រជាជន​ចំនួន​ពីរ​លើក ​គោល​នយោបាយ​បង្កើត​និង​ទាញ​យក​ផល​ប្រយោជន៍​ពី​សហករណ៍ ​គោល​នយោ​បាយ​អប់រំ​និង​កម្ចេច​ខ្មាំង ​គោល​នយោបាយ​លើ​ការ​ចាត់​វិធានការ​លើ​ជនជាតិ​នានា​ អតីត​រដ្ឋការ​ និង​អតីត​យោធា​សម័យ​លន់ ​ណុល​ និង​សមា​ជិក​គ្រួសារ​របស់​ពួក​គេ​និង​គោល​នយោបាយ​ទី​ប្រាំ​គឺ​កា​របង្ខំ​ឲ្យ​រៀបការ។

លោក​វីលាម​ ស្ម៊ីត​ (William Smith) ​សហ​ព្រះ​រាជអាជ្ញា​អន្តរ​ជាតិ​បញ្ជាក់​ថា​មាន​ភស្តុតាង​ថា ​នួន ​ជា​ទទួល​ខុស​ត្រូវ​ចំពោះ​មន្ទីរស ​២១​ ឬ​គុក​ទួល​ស្លែង​ដែល​នៅ​ទីនោះ​អ្នក​ទោស​ជាង​១២.០០០​នាក់​ត្រូវ​បាន​សម្លាប់​ចោល​ហើយ​នួន ជា ​ធ្លាប់​មាន​តួនាទី​ជា​ជា​នាយករដ្ឋមន្ត្រីពី​ខែ​កញ្ញា​ឆ្នាំ​១៩៧៦ ​ដល់​ឆ្នាំ​១៩៧៧​ ស្ទើរ​ពេញ​មួយឆ្នាំ។

លោកវីលាម​ ស្ម៊ីត​ បញ្ជាក់​បន្ថែម​ថា ​នួន ​ជា ​និង​ខៀវ ​សំផន​ បាន​ឯកភាព​គ្នា​ក្នុង​ការ​កម្ចេច​ខ្មាំង។​ខ្មាំង​របស់​ពួក​ខ្មែរក្រហម​គឺ​គ្មាន​អ្នក​ណា​ក្រៅពី​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​នោះ​ទេ។

លោក​ស្រីជា​ លាង​ ទទូច​ដល់ចៅ​ក្រម​នៃអង្គ​ជំនុំ​ជម្រះ​ឲ្យ​ដាក់​ឲ្យ​ជន​ជាប់​ចោទ​ទទួល​ខុស​ត្រូវ​ចំពោះ​បទ​ឧក្រិដ្ឋ​ដែល​បាន​កើត​ឡើង។

«យើង​ខ្ញុំ​ចង់​ឃើញ​ការផ្តល់​ជូន​យុត្តិធម៌​ពី​លោក ​លោក​ស្រី​ចៅក្រម​ដល់​ជន​រង​គ្រោះ​ទាំង​អស់​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​និង​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត​ដល់​សព្វ​ថ្ងៃ​ដែល​បាន​ឆ្លង​កាត់​របប​ដឹកនាំ​ដ៏​សែន​ឃោរ​ឃៅ​ក្រោម​ការ​ដឹកនាំ​របស់​ជនជាប់​ចោទ​ទាំង​ពីរ​នាក់​នេះ។​ជន​ជាប់​ចោទ​នួន ​ជា ​និង​ខៀវ​ សំផន​ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋ​កម្ម​ទាំង​នេះ»។

អ្នក​ស្រី​ជិន​ ម៉េត​ អតីត​យុទ្ធនារី​តស៊ូ​ខ្មែរ​ក្រហម​និង​ជា​អតីត​អ្នក​ទោស​គុក​ទួល​ស្លែង​រយៈ​ពេល​ខ្លី។

អ្នក​ស្រី​ស្វាគមន៍​ការទាមទារ​របស់​សហ​ព្រះ​រាជ​អាជ្ញា​ថា៖ «មីង​មាន​អារម្មណ៍​សប្បាយ​មែន​ទែន​ដោយ​រង់​ចាំ​យូរ​ហើយ​ណា។ មីង​ចាប់​អារម្មណ៍​ចំណុច​មួយ​ដែល​ព្រះ​រាជ​អាជ្ញា​គាត់​លើក​ដែល​តា​នួន​ ជា ​តាខៀវ​ សំផន ​គាត់​បញ្ជា​ឲ្យ​យើង​ធ្វើ​ស្រែ​មួយ​ហិកតា​ឲ្យ​បាន​បីតោន។​ប​ន្ទាប់​មក​នៅ​ឃ្លាំង​គីឡូ​លេខ​៦​មីង​លី​ស្រូវ​ដាក់​រាល់ឆ្នាំ ​នៅ​ឆ្នាំ​១៩៧៦-៧៧»។

រីឯ​ជនរងគ្រោះ​ម្នាក់​ទៀត​ក៏​បាន​បន្ទរ​ថា៖​ «សម្រាប់​ខ្ញុំ​ នង​ ច័ន្ទ​ផល​ ដែល​ជា​ក្មេង​សល់​ពី​ទួល​ស្លែង​ ខ្ញុំ​មាន​សេចក្តី​រំភើប​យ៉ាង​ខ្លាំង​ដោយ​ព្រះរាជ​អាជ្ញា​រក​កំហុស​ឃើញ​មាន​ភស្តុតាង​ជាច្រើន​ដែល​នួន ​ជា​ តា​ខៀវ ​សំផន ​បាន​ធ្វើ​ទុក្ខ​ទារុណកម្ម​លើ​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ដូចជា​គ្រួសារខ្ញុំ​ផ្ទាល់។​ ខ្ញុំ​សប្បាយ​រីករាយ​មែន​ទែន​ដោយ​សហ​ព្រះរាជ​អាជ្ញា​ស្នើ​សុំ​ដល់​ចៅក្រម​ដាក់ទោស​លោក​ទាំង​ពីរ​នាក់​ជា​ជន​ឧក្រិដ្ឋ​ឲ្យ​ជាប់​ទោស​អស់​មួយ​ជីវិត»។

លោក​នង ​ច័ន្ទផល​ គឺ​ជា​កុមារ​ដែល​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​ចាប់​យក​ទៅ​ដាក់​គុក​ទួល​ស្លែង​ជា​មួយ​ឪពុក​ម្តាយ​របស់​លោក។ ឪពុក​ម្តាយ​របស់​លោក​ត្រូវ​ពួក​ខ្មែរក្រហម​សម្លាប់​ចោល​គ្មាន​សល់។​លោក​នៅ​រស់រាន​មាន​ជីវិត​នៅ​ពេល​ដែល​រូបលោកបាននាំ​ប្អូនៗ​របស់​លោក​ពួន​សម្ងំ​មួយ​រយៈ​មុន​នឹង​ត្រូវ​កង​ទ័ព​រំដោះ​សម្រុក​ចូល​គុក​ទួលស្លែង​ឬ​មន្ទីរ​ស ​២១​នេះ៕
XS
SM
MD
LG