ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេធាវី​នួន ជា​បដិសេធ​ការ​ចោទ​ប្រកាន់​កូនក្តី​របស់​លោក

  • គង់ សុឋានរិទ្ធ

ជំហរ​នេះ​ធ្វើឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​សហ​ព្រះរាជ​អាជ្ញា​ទាមទារ​ឲ្យ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​​ផ្តន្ទា​ទោស​នួន ជា ​​និង​​លោក ខៀវ​ សំផន​។
សហ​មេធាវី​ការពារក្តី​របស់អតីត​បងធំទី​២​ នួន ជា​ បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ជា​ច្រើនរបស់​សហ​ព្រះរាជអាជ្ញា​មក​លើ​កូន​ក្តី​របស់​ខ្លួន។

ជំហរ​នេះ​ធ្វើឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​សហ​ព្រះរាជ​អាជ្ញា​ទាមទារ​ឲ្យ​អង្គជំនុំ​ជម្រះ​សាលា​ដំបូងផ្តន្ទា​ទោស​នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​និង​ខៀវ​ សំផន​ អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម​ឲ្យជាប់​គុក​អស់​មួយ​ជីវិត​ពី​បទ​ជាប់​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ក្រោម​ការ​ដឹកនាំ​របស់​ពួក​គេ​ដែល​បណ្តាល​ឲ្យ​ប្រជា​ជន​កម្ពុជា​យ៉ាងតិច​១,៧​លាន​នាក់​ស្លាប់​បាត់បង់​ជីវិត។

លោក​មេធាវី​វិចទ័រ ​កូប៉េ​ (Victor Koppe) ​បាន​លើក​ឡើង​នៅ​ក្នុង​ការ​សន្និដ្ឋាន​បញ្ចប់​ការ​កាត់ក្តី​សំណុំ​រឿង​០០២​វគ្គទី​១​នៅថ្ងៃ​អង្គារ​នេះ​ថា​ការ​ស៊ើប​អង្កេត​លើ​កូនក្តី​របស់​ខ្លួន​មាន​ភាព​លម្អៀង​ហើយ​លោក​បាន​ឆ្លើយ​តប​មួយ​ចំណុច​ម្តងៗ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​សហ​ព្រះ​រាជ​អាជ្ញា។

«សហ​ព្រះ​រាជ​អាជ្ញា​បាន​ចោទ​ប្រកាន់​គណបក្ស​កុម្មុយនិស្ត​កម្ពុជាក្នុងអំឡុង​បីថ្ងៃ​ចុង​ក្រោយ​នេះ​ថា​ការបង្កើត​សហករណ៍​គឺជា​អំពើ​ល្មើស​ច្បាប់​ដូច្នេះ​ការ​ប្រមូល​ប្រជា​ជន​ដាក់​ក្នុង​សហករណ៍​គឺ​ជា​នយោបាយ​ឧក្រិដ្ឋកម្ម​យ៉ាង​ងងឹត​ងងុល។ ​ប្រសិន​បើ​អង្គ​ជំនុំ​ជម្រះ​គ្រាន់​តែ​សម្លឹង​មើល​បរិបទ​ទូលាយ​ជាង​នេះ​អំពី​ការ​សម្រេច​ចិត្ត​របស់​កូនក្តី​របស់​យើង ​និង​នយោបាយ​ដែល​គណបក្ស​កុម្មុយនិស្ត​អនុម័ត​នោះ អង្គ​ជំនុំ​ជម្រះ​មិន​អាច​យល់​បាន​ទេថា​នួន​ ជា ​មិន​មាន​ចេតនា​ណាមួយ​បង្កើត​រដ្ឋ​ទាសករ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិប​តេយ្យ​នោះ​ទេ»។

សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​លោក ​វីលាម ​ស្ម៊ីត (William Smith) ​បាន​ចោទ​ប្រកាន់​ធ្ងន់ៗ​លើ​ជន​ជាប់​ចោទ​នួន​ ជា​ និង​ខៀវ ​សំផន​ ថា ​ពួក​គេ​កាប់​សម្លាប់​ប្រជាជន​កម្ពុជា​ដើម្បី​អំណាច។

ស្រប​ពេល​ដែល​សហ​ព្រះ​រាជ​អាជ្ញា​កម្ពុជា​លោក​ស្រី​ជា ​លាង ​បាន​ចោទ​ប្រកាន់​អតីត​មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ទាំង​ពីរ​នាក់​ថា​ជា​មេស្ថាបនិក​របប​ទាសករ​និងជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។​ ដោយឡែក​នៅ​ថ្ងៃ​នេះ​លោក​វិចទ័រ​ កូប៉េ​ បាន​ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ដោយ​លើកឡើង​ថា​ការចោទ​ប្រកាន់​ផ្តោត​សំខាន់​លើ​អ្នក​និពន្ធ​និង​អ្នក​ជំនាញ​ដែល​លោក​បង្ហាញថា​អ្នក​ជំនាញ​ទាំង​នោះ​ខ្វះ​ភាព​ជឿ​ជាក់​ពិត​ប្រាកដ។

លោក​អះអាង​ថា​៖ «​ព្រះរាជ​អាជ្ញា​ចង់​លាប​ពណ៌​ដល់​របប​ខ្មែរក្រហម»។

លោក​វិចទ័រ​ កូប៉េ​ បាន​លើក​ពី​សារៈ​សំខាន់​នៃ​ការ​ចូលរួម​ផ្តល់​សក្ខី​កម្ម​របស់​មេដឹកនាំ​សំខាន់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​ជា​លោក​ជា ​ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​និង​ជា​ប្រធាន​ព្រឹទ្ធសភា ​លោក​ហេង ​សំរិន​ ប្រធាន​រដ្ឋសភា ​លោក​អ៊ុក​ ប៊ុនឈឿន ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា​ជា​ដើម។ ប៉ុន្តែ​តុលាការ​មិន​សម្រេច​តាម​ការ​ស្នើ​សុំ​នោះ​ទេ។

សហ​មេធាវី​សញ្ជាតិ​ហូឡង់​បាន​សង្កត់​ធ្ងន់​ថា​លោក​ហេង ​សំរិន​ គឺ​ជា​សក្សី​ដែល​បាន​ដឹងពី​ការ​ជម្លៀស​ប្រជាជន​កម្ពុជា​ពី​ទីក្រុង​ភ្នំពេញ​និង​ន​យោបាយ​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​អំពី​ការ​សម្លាប់មនុស្ស​នៅ​ទួល​ពោធិ៍ជ្រៃ​ខេត្ត​ពោធិ៍សាត់។

ដោយឡែក​លោក​សុន ​អារុណ​ សហ​មេធាវី​កម្ពុជា​របស់​ជន​ជាប់​ចោទ​នួន ​ជា ​ជួយ​បន្ថែមថា​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ទៀត​របស់​សហ​ព្រះរាជ​អាជ្ញា​លើ​កូន​ក្តី​របស់​ខ្លួន​មិន​ត្រឹម​ត្រូវ​នោះ​ទេ។

«ការ​ចោទ​ប្រកាន់​ខ្លះ​ទៀត​អំពី​តួនាទី​របស់​លោក​នួន ​ជា ​មិន​ត្រឹម​ត្រូវ​ទេ។​ សហ​ព្រះរាជ​អាជ្ញា​សង្ឃឹម​ថា​គាត់​អាច​បញ្ចុះ​បញ្ចូល​ឲ្យ​លោក​ លោក​ស្រី​ចៅក្រម ​ជឿ​លើ​ការ​ចោទ​ប្រកាន់​នោះ»។

លោក​សុន​ អារុណ​ ក៏បាន​បដិសេធ​ផង​ដែរ​ថា​នួន ជា ​គ្មាន​តួ​នាទី​ដឹក​នាំ​ផ្នែក​យោធា​និង​សន្តិសុខ​នោះ​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG