អ្នក​អប់រំ៖ យន្តការ​ល្អ​បំផុតសម្រាប់​ការពារ​អ្នក​កាសែត​គឺ​ការ​គោរព​វិជ្ជាជីវៈ​សារព័ត៌មាន

លោក សោម រតនា នាយក​ស្តីទី​នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ថ្លែង​ក្នុង​កម្មវិធី​ហេឡូវីអូអី​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១០​ខែ​មីនា​ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)

Your browser doesn’t support HTML5

ការ​បណ្តុះបណ្តាល​អ្នក​កាសែត​អាជីព​វ័យក្មេង​នៅ​កម្ពុជា


ភ្នំពេញ៖ ការ​គោរព​វិជ្ជាជីវៈ​សារព័ត៌មាន​និង​ការ​ទទួលខុសត្រូវ​ចំពោះ​ការ​រាយការណ៍​ព័ត៌មាន​គឺ​ជា​មធ្យោបាយ​ល្អ​បំផុត​មួយ​សម្រាប់​អ្នក​កាសែត​ក្នុង​ការ​ការពារ​ខ្លួន​ពី​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើត​ឡើង​ក្នុង​ពេល​បំពេញ​ការងារ​របស់​ខ្លួន។

លោក សោម រតនា​ នាយក​ស្តី​ទី​នាយក​ស្តី​ទី​នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ កាល​ពី​ថ្ងៃ​ច័ន្ទ​យ៉ាង​ដូច្នេះ៖

«វីជ្ជាជីវៈ​ណា​ក៏​មាន​ហានិភ័យ​ដែរ ប៉ុន្តែ ប្រសិន​បើ​អ្នក​កាសែត​បំពេញ​ការងារ​ដោយ​គោរព​តាម​ក្រម​សិលធម៌​និង​វីជ្ជាជីវៈ​ហើយ​ធ្វើ​ការ​ដោយ​មាន​ការ​ទទួលខុសត្រូវ នោះ​ខ្ញុំ​ជឿ​ថា ​ពួកគេ​នឹង​គ្មាន​បញ្ហា​អ្វី​ទេ។»

​តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ក៏​ត្រូវ​រួម​ចំណែក​ក្នុង​ការ​ការពារ​អ្នក​កាសែត​ដែរ​ ដើម្បី​ឲ្យ​ពួក​គេ​អាច​បំពេញ​ការងារ​ស្វែងរក​ការណ៍​ពិត​ជូន​ពលរដ្ឋ​បាន។

«រដ្ឋាភិបាល​គួរ​តែ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យមាន​យន្តការ​មួយ​ការពារ​អ្នក​កាសែត​ដែរ។»

អ្នក​កាសែត​មួយ​ចំនួន​បាន​រង​ការ​គំរាម​និង​រងរបួស​ក្នុង​ពេល​បំពេញ​ការងារ​រាយការណ៍​អំពី​ការ​បង្រ្កាប​របស់​អាជ្ញាធរ​ទៅ​លើ​ក្រុម​អ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​កន្លង​ទៅ​ថ្មីៗ​នេះ។

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ មាន​អ្នក​កាសែត​ខ្មែរ​ជាច្រើន​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​គេ​ជឿ​ថា ដោយសារ​តែ​ការ​ងារ​របស់​ពួកគេ ដែល​ព្យាយាម​លាតត្រដាង​អំពើ​ពុករលួយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ឬ​មាន​ខ្សែ​ស្រឡាយ​ស្និត​នឹង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ជាដើម។

ប៉ុន្តែ​លោក សោម រតនា បាន​ថ្លែង​ថា ពេល​ខ្លះ​អ្នក​កាសែត​មួយ​ចំនួនបាត់​បង់​ជីវិត​ដោយ​សារ​ពួកគេ​ធ្វើ​ហួស​ព្រំដែន​កំណត់​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​អាជីព​ដែល​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌​និង​វិជ្ជាជីវៈ​នោះ។

«ដូច្នេះ​យើង​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​កាសែត​ក្មេងៗ​ជំនាន់​ក្រោយ​ ដើរ​លើ​ផ្លូវ​វីជ្ជាជីវៈ​និង​ក្រម​សីលធម៌ ដើម្បី​ឲ្យ​ពួកគេ​អាច​ការពារ​ខ្លួន​បាន។»

នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​តែ​ងឮ​តៗ​គ្នា​ថា អ្នក​កាសែត​មួយ​ចំនួន​ជាពិសេស​អ្នក​នៅ​ប្រចាំ​ការ​នៅ​តាម​ខេត្តខ្លះ ជា​រឿយៗ បាន​ជំរិត​ទារ​ប្រាក់​ពី​ជន​ល្មើស​ព្រៃឈើ​ឬ​ឧក្រិដ្ឋជន​ផ្សេងៗ​ទៀត ជា​ថ្នូរ​នឹង​ការ​មិន​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សកម្មភាព​បទល្មើស​របស់​ជន​ទាំង​នោះ។

លោក ​សោម រតនា ដែល​បាន​បង្រៀន​និស្សិត​សារព័ត៌មាន​អំពី​ក្រុម​សីលធម៌​និង​វិជ្ជាជីវៈ​នៃ​អាជីព​នេះ​ផង​នោះ មាន​ប្រសាសន៍​ថា លោកសង្ឃឹម​ថា នៅ​ពេល​ដែល​និស្សិត​ទាំង​នេះ​បញ្ចប់​ការ​សិក្សា​និង​ចូល​ប្រឡូក​ក្នុង​អាជីព​ជា​អ្នក​សារព័ត៌​មាន​នេះ ពួកគេ​នឹង​ផ្លាស់ប្តូរ​ទម្លាប់​ចាស់​នៅ​ក្នុង​ស្ថាប័ន​ដែល​មាន​អ្នក​កាសែត​បែប​នេះ។