ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​កាសែត​ជនជាតិ​កាណាដា​ម្នាក់​​បាត់ខ្លួន​នៅ​កម្ពុជា


គេហទំព័រ​របស់​គណៈ​កម្មការ​ដើម្បី​ការពារ​អ្នក​កាសែត ​(CPJ) នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ។
អង្គការ​អ្នក​កាសែត​ធំមួយ​ក្នុង​ប្រទេស​អាមេរិក​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស្វែង​រក​អ្នក​កាសែត​ជនជាតិ​កាណាដា​ម្នាក់​ដែល​បាន​បាត់ខ្លួន​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ​ដេវ វ៉កគ័រ​ (Dave Walker) ​អាយុ​៥៨​ឆ្នាំ​បាន​បាត់ខ្លួន​ពី​ផ្ទះ​សំណាក់​ Green Village Angkor​ ក្នុង​ខេត្ត​សៀមរាប​រយៈ​ពេល​ប្រាំ​ថ្ងៃ​ហើយ ​ដោយ​បន្សល់​ទុក​នូវ​ សម្ភារៈ​ផ្ទាល់​ខ្លួន​របស់​លោក​ដូចជា​ទូរស័ព្ទដៃ​ ម៉ាស៊ីន​កុំព្យូទ័រ​នៅ​ក្នុង​បន្ទប់​ផ្ទះ​ សំណាក់​ដែល​លោក​ស្នាក់​នៅ។​ គេ​មិន​មាន​ព័ត៌មាន​ ឬ​ភស្តុតាង​បញ្ជាក់​ថា​ តើ​ការ​បាត់ខ្លួន​នេះ​បណ្តាល​មកពី​មូល​ហេតុ​អ្វីទេ។ ​លោក​ Walker ​គ្រាន់តែ​បាន​ប្រាប់​អ្នក​សម្អាតបន្ទប់​ឲ្យ​សម្អាតបន្ទប់​របស់​លោក​ ហើយ​បន្ត​ថា​ គាត់​នឹង​មក​វិញ​មួយ​ស្របក់​ក្រោយ។​ តែ​លោក​ត្រូវគេ​អះអាង​ថា ​បាន​បាត់​ខ្លួន​តាំង​ពី​ម៉ោង​២​រសៀល​ថ្ងៃ​សុក្រ​រហូតមក។​

មិត្តភ័ក្រ​របស់​លោក​ Dave Walker ​បាន​បញ្ជាក់​ថា​ ការ​បាត់ខ្លួន​យ៉ាង​ចម្លែក​នេះ​ គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​បារម្ភ​ជាខ្លាំង។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​អ្នក​កាសែត​មួយ​ក្នុង​បូរីញូយ៉ក​គឺគណៈ​កម្មការ​ដើម្បី​ការពារ​អ្នក​កាសែត ​(CPJ) ​លោក​ Shawn Crispin ​អ្នកស្រាវ​ជ្រាវ​ជាន់ខ្ពស់​ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​ថា​ លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ បាត់​ខ្លួន​អ្នក​កាសែត​ជើងចាស់​ Dave Walker​ ហើយ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ ពាក់ព័ន្ធ​ស៊ើប​អង្កេត​រឿង​នេះ​ឲ្យបាន​ដិត​ដល់។​

លោក ​Dave Walker ​ជាស្ថាបនិក​ក្រុមហ៊ុន​ផលិត​ភាព​យន្ត​មួយ​ឈ្មោះ ​Animist​ Farm Films ​ដែល​កំពុង​ផលិត​ខ្សែ​ភាពយន្ត​មួយ​ជា​ភាសា​អង់គ្លេស ​ដែល​មាន​ ចំណង​ជើង​ថា​ «បុរស​ក្រីក្រ​បំផុត» ​ឬ​ «The Poorest ​man »។​ ខ្សែភាព​យន្ត​រយៈ​ ពេល​៨០​នាទី​នេះ​រៀបរាប់​អំពី​អ្នកភូមិ​ម្នាក់​ ដែល​ខ្មែរក្រហម​បាន​តែង​តាំង​ឲ្យ​ ធ្វើ​ជា​ប្រធាន ​ភូមិ​ក្រោយ​ពីបាន​ដឹង​ថា​ គាត់​ជា​អ្នកក្រ​ជាង​គេ​ក្នុង​ភូមិ។​ ហើយ​គាត់​ បាន​សង្គ្រោះ​ជីវិត​មនុស្ស​១០០​នាក់​ក្នុង​សម័យ​នោះ។​

អាជ្ញាធរ​បាន​អះអាង​ថា​ ខ្លួន​កំពុង​ស៊ើប​អង្កេត​អំពី​រឿង​បាត់​ខ្លួន​នេះ​ហើយ៕
XS
SM
MD
LG