ព្រឹទ្ធសភា​«ដែល​ចាំតែ​ប្រថាប់​ត្រា​ភាគ​ច្រើន»​នឹង​គ្រប​ដណ្តប់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត​ខែ​កុម្ភៈ

រូប​ឯកសារ៖ ការបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដោយសមាជិកព្រឹទ្ធសភា នៅក្នុងសម័យប្រជុំលើកទី៧ ដែលក្នុងនោះមាន សម្លេង៤៤នៃសមាជិកព្រឹទ្ធសភាទាំងមូល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (រូបថតផ្តល់ដោយ ៖ ព្រឹទ្ធសភា)

អង្គ​និតិបញ្ញត្តិ​​​​​​«ដែល​កន្លង​មក​​ភាគ​ច្រើន​ចាំតែ​ប្រថាប់​ត្រា»នេះ​នឹង​មាន​អង្គ​បោះឆ្នោត​ជា​មនុស្ស​គណបក្ស​កាន់​អំណាច​និង​អ្នក​យក​អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ។

នៅ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​គណបក្ស​ចំនួន​៤​បាន​ដាក់​ឈ្មោះ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​ រួម​មានគណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និង​គណបក្ស​យុវជន​កម្ពុជា។ ​អវត្តមាន​គណបក្ស​សង្រ្គោះជាតិ​ដែល​ត្រូវ​បាន​រំលាយ ​និង​ការ​បាត់បង់​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាង​៥.០០០​របស់​គណបក្ស​នេះ​នៅ​ទូទាំង​ប្រទេស​នឹង​បើក​ផ្លូវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ច្រើន​លើស​លប់​ក្នុង​ចំណោម​៦២​អាសនៈ​ សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ខាង​មុខ។​

សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នៅ​ឆ្នាំ​ក្រោយ​នេះ ​អាសនៈ​ព្រឹទ្ធសភា​បាន​កើន​ឡើង​ចំនួន​១​គឺ​ពី​៦១​អាសនៈ​នៅអាណត្តិ​មុនមក​៦២​នៅ​ក្នុង​អាណត្តិ​នេះ។ ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ប្រព្រឹត្ត​ទៅរយៈ​ពេល​៦​ឆ្នាំ​ម្តង។ ​កាល​ពី​នីតិកាល​ទី​៣ ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៤៦​អាសនៈ ​និងគណបក្ស​ប្រឆាំង​គឺ​គណបក្ស​ សម រង្ស៊ី ​ដែល​ក្រោយ​មក​ដូរ​ឈ្មោះ​មក​ជា​គណបក្ស​ភ្លើងទៀន​ ទទួល​បាន១១​អាសនៈ។​

បើ​តាម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស ​សមាជិក​ព្រឹទ្ធសភា​ចំនួន២​រូប​ត្រូវ​បាន​ចាត់​តាំងដោយ​ព្រះ​មហាក្សត្រ។ ​ចំណែក​សមាជិក​ព្រឹទ្ធសភា​ចំនួន​២​រូប​ទៀត​ត្រូវ​រដ្ឋសភាជ្រើស​តាំង​តាម​មតិ​ភាគ​ច្រើន។​ ចំណែក​សមាជិក​ព្រឹទ្ធ​សភា​នៅ​សល់​ត្រូវ​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោតអសកល ​ដោយ​មាន​អង្គ​បោះឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ចំនួន​១១.៥៧២​នាក់ ​និង​តំណាងរាស្ត្រ​ទាំង​អស់​ចំនួន​១២៣​រូប។​

លោក ទាវ វណ្ណុល ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ភ្លើង​ទៀន ​ដែល​ជា​សម្ព័ន្ធ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​គណបក្សសង្រ្គោះ​ជាតិមិន​ត្រូវ​បាន​រំលាយ​ ហើយ​មិន​មាន​ការ​បែង​ចែក​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឲ្យ​ទៅ​គណបក្ស​ផ្សេង​ នោះ​គណបក្ស​សង្រ្គោះ​ជាតិ​រំពឹង​ថា​ នឹង​ទទួល​បាន​អាសនៈ​ព្រឹទ្ធ​សភា​ចំនួន២៥។ ​លោក​យល់​ថា ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នា​ពេល​ខាង​មុខ​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ​និង​មិន​គោរព​តាម​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ​នោះ​ទេ។​

លោក ​ទាវ វណ្ណុល ​ក៏​បាន​រិះគន់​ថា ​ព្រឹទ្ធសភា​កម្ពុជា​មិន​មាន​អំណាច​អ្វី​នោះ​ទេ​គឺ​គ្រាន់​តែ​អនុវត្ត​ការងារ​ទៅ​តាម​រដ្ឋសភា​តែ​ប៉ុណ្ណោះ។​

​លោក​មាន​ប្រសាសន៍​ថា៖​

«ព្រឹទ្ធ​សភា​វា​គ្រាន់​តែ​ស្ថាប័ន​មួយ​ប្រថាប់​ត្រា​ឲ្យ​រដ្ឋសភា​តែ​ប៉ុណ្ណឹង​ទេ ​ពី​ព្រោះ​ច្បាប់​ទាំង​ឡាយ​ ដែល​ផ្ញើ​មក​ព្រឹទ្ធ​សភា ​ព្រឹទ្ធសភា​មិន​អាច​នឹង​ទាត់​ចោល​បាន​១០០​ភាគរយ​ទេ ​គឺ​ព្រឹទ្ធ​សភា​អាច​ស្នើ​សុំ​កែ​បាន​ម្តង ​ហើយ​ផ្ញើ​ទៅ​វិញ»។ ​

លោក​យល់​ថា ​គួរ​តែ​មាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ផ្តល់​អំណាច​ដល់​ស្ថាប័ន​ព្រឹទ្ធសភា។​

អ្នក​ធ្វើ​ដំណើរតាម​បណ្តោយ​ផ្លូវ​ព្រះនរោត្តម ជិះកាត់​ស្ថាប័ន​ព្រឹទ្ធសភា ដែល​មាន​ទីតាំង​ជាប់​នឹង​ទីស្នាក់ការកណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខណ្ឌ​ចំការ​មន។ (ស៊ុន ណារិន/VOA)

បើ​តាម​រដ្ឋធម្មនុញ្ញ ​ព្រឹទ្ធ​សភា​មាន​តួនាទី​ក្នុង​ការ​ពិនិត្យ​ និង​ឲ្យ​យោបល់​លើសេចក្ដី​ព្រាងច្បាប់​ ឬ​សេចក្ដី​ស្នើ​ច្បាប់ ​ដែល​រដ្ឋសភា​បាន​អនុម័ត។ ​ប៉ុន្តែ​រដ្ឋ​ធម្មនុញ្ញ​បាន​អនុញ្ញាត​ឲ្យ​រដ្ឋសភា​អាច​យក​ច្បាប់​ណា​មួយ​ ដែល​ព្រឹទ្ធ​សភា​បាន​បដិសេធជា​អសារ​បង់ ​មក​ពិនិត្យ​ ហើយ​អនុម័ត ​រួច​ហើយ​មិន​បាច់​ឆ្លង​កាត់​ស្ថាប័ន​ព្រឹទ្ធសភា​នោះ​ទេ។​

លោក​ យឿង សុធារ៉ា​ មន្ត្រី​ច្បាប់​និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្រ្វែល​ បាន​ប្រាប់​ ​VOA​ ថា ​ព្រឹទ្ធ​សភា​កម្ពុជា​មិន​មាន​អំណាច​ណា​មួយ ​មក​ខ្ទាស់​ច្បាប់​ដែល​សភា​អនុម័ត​មិន​ឲ្យ​ចេញ​នោះ​ទេ។ ​លោក​បញ្ជាក់​ថា ​គួរ​តែ​មាន​កំណែ​ទម្រង់​ណា​មួយ​ដែល​អាច​ឲ្យ​ព្រឹទ្ធ​សភា​មាន​អំណាច​ណា​មួយ ​ពិនិត្យ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​រដ្ឋ​សភា​និង​ព្រឹទ្ធសភា។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖

«ព្រឹទ្ធ​សភា​ចាំបាច់​ត្រូវ​តែ​មាន​អំណាច​ មិន​ថា​ ឲ្យ​មាន​អំណាច​ស្មើ​នឹង​រដ្ឋ​សភា​ទេ ​ប៉ុន្តែ​យ៉ាង​ណាស់​ក៏​មាន​អំណាច ​Check and Balance​ ដែរ​គឺតុល្យភាព​អំណាច​គ្នា​ រវាង​សភា​ជាន់​ទាប ​ហើយ​និង​សភា​ជាន់​ខ្ពស់»។​

លោក ​សុធារ៉ា​ យល់​ថា​ គួរតែ​មាន​យន្ត​ការ​ណា​មួយ ​ដែល​អនុញ្ញាត​ឲ្យ​សមាជិក​រដ្ឋ​សភា ​និង​ព្រឹទ្ធ​សភា​អាច​អង្គុយ​ជជែកគ្នា​លើ​ច្បាប់​ដែល​ស្ថាប័ន​ទាំង​ពីរ​មាន​មតិ​ប្រឆាំង​គ្នា។​ លោក​មាន​ប្រសាសន៍​ថា​ នេះ​ជា​យន្តការ​មួយ​ដែល​ធ្វើ​ឡើង​នៅ​ចក្រ​ភព​អង់គ្លេស។​

បើ​តាម​លោក ​សុធារ៉ា ​ប្រជា​ពលរដ្ឋ​ទូទៅ​មិន​ចាប់​អារម្មណ៍​នឹង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នោះ​ទេ ​ដោយសារ​អង្គ​បោះឆ្នោត​គឺ​ជាសមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ និង​តំណាងរាស្រ្ត​តែ​ប៉ុណ្ណោះ។​

អាសនៈ​ព្រឹទ្ធ​សភា​ត្រូវ​បាន​បែង​ចែក​តាម​ភូមិ​ភាគ​ចំនួន​៨​គឺ​នៅ​រាជធានី​ភ្នំពេញ​ និងតាម​បណ្តា​ខេត្ត​ទាំង​អស់។ ​ក្នុង​នោះ ​រាជធានី​ភ្នំពេញ​មាន​ចំនួន​៦​អាសនៈ​ ខេត្ត​កំពង់ចាម ​ត្បូងឃ្មុំ ​ចំនួន​៨​អាសនៈ ​ខេត្ត​កណ្តាល​៥​អាសនៈ ​ខេត្ត​បាត់ដំបង​ បន្ទាយ​មានជ័យ ​សៀមរាប ​ឧត្តរមានជ័យ ​ប៉ៃលិន ​មាន​ចំនួន​១០​អាសនៈ​ ខេត្ត​តាកែវ​ កំពត ​កែប​មាន​ចំនួន​៧​អាសនៈ ​ខេត្ត​ព្រៃវែង​ និង​ស្វាយរៀង​មាន​ចំនួន​៧​អាសនៈ ​ខេត្ត​កំពង់​ស្ពឺ ​កំពង់​ឆ្នាំង ​ពោធិ៍សាត់ ​កោះកុង ​និង​ព្រះ​សីហនុ​មាន​ចំនួន​៩​អាសនៈ ​ខេត្ត​កំពង់ធំ​ ព្រះ​វិហារ​ ក្រចេះ ​ស្ទឹងត្រែង ​រតនគិរី​ និង​ខេត្ត​មណ្ឌលគិរី ​មាន​ចំនួន​៦​អាសនៈ។​

លោក ​ទាវ វណ្ណុល ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រឆាំង ​មាន​ប្រសាសន៍​ថា ​គណបក្ស​មិន​មាន​អំណាច​អ្វី​ទៅ​តតាំង​ក្នុង​ស្ថាប័ន​ព្រឹទ្ធ​សភា​នោះ​ទេ ​ដោយ​សារ​គណបក្ស​មាន​សមាជិក​ព្រឹទ្ធ​សភា​តែ​១១​រូប​ប៉ុណ្ណោះ។ ​លោក​បន្ត​ថា ​ច្បាប់់​ស្ទើរ​តែ​ទាំង​អស់ ​នៅ​ពេល​រដ្ឋ​សភា​បញ្ជូន​មក​គឺ​ព្រឹទ្ធសភា​ឯកភាព​ទាំង​អស់។​

លោក​មាន​ប្រសាសន៍​ថា៖​

«តាំង​ពី​ខ្ញុំ​ចូល​កាន់​កាប់​តំណែង​ហ្នឹង ​គឺ​ច្បាប់​សឹងតែ​៩៩​ភាគ​រយ​គឺ​អត់​មាន​ដែល​ស្នើ​ប្តូរ​ទេ​ ទោះបី​ជា​ខាង​គណបក្ស​ប្រឆាំង​សុំ​ស្នើ​ឲ្យ​មាន​ការ​កែ​ប្រែ​មួយ​ចំនួន​ ប៉ុន្តែ​ដោយសារ​នៅ​ក្នុង​អាណត្តិ​ទី​បី​នេះ ​គណបក្ស​ភ្លើង​ទៀន​មាន​តែ​១១​រូប​ ដូច្នេះ​យើង​មិន​អាច​ទៅ​ជំទាស់​ទេ»។​

ច្បាប់​ចម្រូងចម្រាស​មួយ​ចំនួន​ដែល​រង​ការ​រិះគន់​ពីសំណាក់​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ​ដូច​ជា​ច្បាប់​ស្តី​ពី​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ​ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០១៥ក៏​ត្រូវ​បាន​ព្រឹទ្ធ​សភា​ប្រថាប់ត្រា​ផង​ដែរ។ ​ចំណែក​ចុង​ក្រោយ​នេះ ​វិសោធន​កម្ម​ច្បាប់​មួយ​ចំនួន​ រួម​មាន​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ច្បាប់​ស្តី​ពីការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​ ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ​និង​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ​ក្រុម​ប្រឹក្សា​ខេត្ត-ក្រុង​ ស្រុក-ខណ្ឌ​ ក៏​ត្រូវ​បាន​ព្រឹទ្ធ​សភា​យល់​ព្រម​ ដោយ​មិន​មាន​ការ​កែ​ប្រែ​អ្វី​នោះ​ដែរ។​ ច្បាប់​ទាំង​នេះ​អនុញ្ញាត​ឲ្យ​មាន​ការ​រំលាយ​គណបក្ស ​និង​បែង​ចែក​អាសនៈ​ទៅ​ឲ្យ​គណបក្ស​ផ្សេង។​

លោក ​ម៉ម ប៊ុននាង​ អ្នកនាំ​ពាក្យ​ព្រឹទ្ធ​សភា ​និង​ជា​សមាជិក​ព្រឹទ្ធ​សភាមួយ​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ថ្លែង​ប្រាប់​ VOA​ ថា ​តួនាទី​របស់​ព្រឹទ្ធ​សភា​គឺ​ពិនិត្យ ​និង​ឲ្យ​យោបល់​លើ​ទម្រង់​ច្បាប់ ​ថា​តើ​ច្បាប់​នោះ​មាន​ធម្មនុញ្ញ​ភាព​ដែរ​ឬ​ទេ ​ស្រប​ទៅ​តាម​បច្ចុប្បន្ន​ភាព​នៃ​ដំណើរការ​នយោបាយ ​ហើយ​បម្រើ​ផល​ប្រយោជន៍​ដល់​សង្គម​ជាតិ​ដែរ​ឬ​ទេ។ ​លោក​បញ្ជាក់​ថា ​ច្បាប់​ដែល​រដ្ឋ​សភា​បញ្ជូន​មក ​មិន​ខុស​ទាំង​ស្រុង​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ច្បាប់​ដែល​គេ​ធ្វើ​មក​ វា​មិនមែន​មាត្រា​ ឬ​ទម្រង់ ​ឬ​គតិ​ច្បាប់​ហ្នឹង ​សុទ្ធតែ​ខុស​ទាំង​ស្រុង​ទេ។​ វា​ខុស​នៅ​លើ​ប្រការ​ណាមួយ ​ឬ​ទៅ​លើ​ទម្រង់​ណា​មួយ​ ឬ​មាត្រា​ណាមួយ។​ វា​មិន​មែន​មក ​ច្បាប់​មក​ខុស​ទាំង​អស់​តែ​ហ្មង​ ហើយ​ឲ្យ​កែ​ ឬ​មិន​អនុម័ត​ហ្មង ​គឺ​អត់​មាន​ទេ»។​

លោក​បន្ត​ថា ​ព្រឹទ្ធសភា​បាន​អនុវត្ត​ការងារ​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ ​និង​លក្ខន្តិកៈ ​និង​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​ព្រឹទ្ធសភា។​

លោក​បាន​បញ្ជាក់ថា៖​

«សូម​ឲ្យ​ទាញអារម្មណ៍​អូន​ ឲ្យ​មក​យល់​វិញ​ថា ​ព្រឹទ្ធ​សភា​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​មិន​មែន​ឲ្យ​ទៅ​ស្តង់ដារ​ព្រឹទ្ធ​សភា​នៃ​ប្រទេស​ណា​នោះ​ទេ។​ ប្រទេស​កម្ពុជា​ វា​មាន​ព្រឹទ្ធ​សភា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​អំណាច​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​ ជា​ច្បាប់​កំពូល​របស់​ជាតិ»។​

លោក​ក៏​បាន​រិះគន់​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រឆាំង​ថា​ តែង​តែ​រិះគន់​រហូត ​និង​មិន​ចូល​ពិភាក្សា​លើ​ច្បាប់​ដែល​រដ្ឋសភា​បាន​បញ្ជូន​មក​នោះ​ទេ។​ លោក​បញ្ជាក់​ថា៖​

«ប្រជា​ធិបតេយ្យ​គឺ​ប្រជា​ធិបតេយ្យ​នៅក្នុង​សភា ​មិន​មែន​ប្រជា​ធិបតេយ្យ​ក្រៅ​សភា ​ហៅ​ថា ​ប្រជាធិបតេយ្យ​ហ្នឹង​ទេ»។​

បើ​តាម​លោក ​ម៉ម ប៊ុននាង ​សមាជិក​ព្រឹទ្ធ​សភា ​ក៏​មាន​តួនាទី​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ទៅ​កាន់​ប្រជា​ពលរដ្ឋ ​និង​សិក្សាបញ្ហា​នានា​ដែល​ប្រជា​ពលរដ្ឋ​ជួប​ប្រទះ​ ហើយ​យក​មក​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ផង​ដែរ។​

ស្ថាប័ន​ព្រឹទ្ធសភា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុងឆ្នាំ​១៩៩៩ ​តាម​រយៈ​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ។​

លោក​ Sebastian Strangio​ អ្នក​វិភាគ​នយោបាយ​កម្ពុជា​ ​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ ​«ប្រទេស​កម្ពុជា​របស់​លោក​ ​ហ៊ុន សែន»​ ​(Hun Sen's Cambodia)​ ​ប្រាប់​ ​VOA​ ​ថា​ ការ​បង្កើត​ព្រឹទ្ធសភា​គឺ​ដើម្បី​ផ្តល់​អំណាច​ដល់​លោក ​ជា ស៊ីម​ អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​បាន​ទទួល​មរណភាព។ ​លោក​បាន​រំឭក​ថា ​កាល​នោះ ​លោក​ ជា ស៊ីម​ ត្រូវ​បាន​ស្នើ​ឲ្យ​បោះ​បង់​អំណាច​ជា​ប្រធាន​នៃ​រដ្ឋ​សភា ​ហើយ​ប្រគល់​ទៅ​ឲ្យ​សម្តេច​ក្រុមព្រះ នរោត្តម ​រណឫទ្ធិ ​ក្រោយ​មាន​ការ​បង្កើត​សម័្ពន្ធភាព​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ។​

លោក​ ​Sebastian​ យល់​ថា ​ព្រឹទ្ធ​សភា​បច្ចុប្បន្ន​មិន​មាន​តួនាទី​សំខាន់​អ្វី​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ឥឡូវ​នេះ ​ព្រឹទ្ធ​សភា​មិន​បាន​ដើរ​តួនាទី​សំខាន់​អ្វី​នោះ​ទេ ​ក្នុង​ការ​បង្កើត​ច្បាប់»។​

​លោក សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាមាន​ប្រសាសន៍​ថា​ សមាជិក​សភា ​និង​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ការ​ឯកភាព​គ្នា​លើ​ច្បាប់​ដែល​សភា​បាន​អនុម័ត។​

លោក​បញ្ជាក់​ថា៖​

«អីចឹង​ទេ​ បាន​ជា​រាល់​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត​ហើយ​ យើង​ព្រឹទ្ធសភា​ហ្នឹង ក៏​អនុម័ត​ដូច​តែ​គ្នា។​ ​យើង​មិន​មាន​បក្ស​ប្រឆាំង​បក្ស​នៅ​ក្នុង​បក្ស​តែ​មួយ​ទេ។​ អាហ្នឹង​អត់​មាន​ទេ»។​

លោក ​សុខ ឥសាន ​មាន​ប្រសាសន៍​ថា ​ការ​បង្កើត​ស្ថាប័ន​ព្រឹទ្ធសភា​គឺ​ជា​តម្រូវការ​ចាំបាច់​មួយ​សម្រាប់​ប្រទេស។​

ខណៈ​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​រំលាយ ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់របស់​គណបក្ស​នេះជាង​៨០០​នាក់​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្រោយ​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។​ ពួក​គេ​នឹង​ក្លាយ​ជា​អង្គ​បោះឆ្នោត​ព្រឹទ្ធ​សភា​ខាង​មុខ​នេះ​ដែរ។

លោក ​សុខ ឥសាន ​យល់​ថា ​អ្នក​ចុះ​ចូល​ទាំង​នោះ​នឹង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយសារ​ពួកគេ​បាន​ចុះ​ចូល​ដោយ​ស្មោះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«និយាយ​រួម​ទៅ​ យើង​មាន​សុទិដ្ឋិនិយម​ច្រើន​ នៅ​ក្នុង​ការ​ទទួល​លទ្ធផល​ច្រើន។​ មិន​ពិបាក​អី​ទេ។ ​ខ្ញុំ​ក៏​មិន​យល់​ថា ​បង​ប្អូន​មក​ហើយ​ទៅ​លាក់​គំនួច​ផ្សេងៗ»៕