ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មេដឹកនាំ​សហជីព​ឯករាជ្យ​រង​បណ្តឹង​ទារ​ប្រាក់​សំណង​១លាន​ដុល្លារ​ ​ក្រោយ​បញ្ចេញ​មតិ​ក្នុង​សារ​ព័ត៌មាន


រូបឯកសារ៖ លោក ជា មុនី ចូលរួំកម្មវិធី​វិទ្យុ​«វេទិកា​អាស៊ាន‍» (Hello VOA) ក្នុង​​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ព្រហ្បតិ៍​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក ជា មុនី ចូលរួំកម្មវិធី​វិទ្យុ​«វេទិកា​អាស៊ាន‍» (Hello VOA) ក្នុង​​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ព្រហ្បតិ៍​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

មេធាវីពីរ​រូប​តំណាង​ឲ្យ​ប្រធាន​សហជីព​កម្មករ​ដែល​គេ​ដឹង​ថា​ ស្និទ្ធ​នឹង​រដ្ឋាភិបាលរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​ស្នើ​ឲ្យ​ព្រះ​រាជ​អាជ្ញា​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​លោក​ ជា មុន្នី អតីត​ប្រធាន​សហជីព​សេរីកម្មករ​ ព្រោះ​លោកទាម​ទារ​ឲ្យ​សហគមន៍​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ធ្ងន់ៗ​លើរដ្ឋាភិបាល​ស្របច្បាប់។​ ​នេះ​បើ​យោង​តាម​បណ្តឹង​របស់​ក្រុម​មេធាវី​ដែល​បាន​ចេញផ្សាយតាម​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក។

ការ​ស្នើ​របស់​ក្រុម​មេធាវី​កើត​មាន​ឡើង​ ក្រោយ​ការ​អធិប្បាយ​របស់​លោក​ ជា មុន្នី ​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លំាមើល​កម្ពុជា​ ​ក្នុង​កម្មវិធី​មួយ​របស់​វិទ្យុអាស៊ី​សេរី​កាលពី​ពាក់កណ្តាល​ខែ​ធ្នូ​ ឆ្នាំ​២០១៧។​ នៅ​ក្នុង​ការ​អធិប្បាយ​នោះ​ លោក​ ជា មុន្នី ​ត្រូវ​បាន​ក្រុម​មេធាវី​អះអាង​ថា​ លោក​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​លើ​កម្ពុជា​ឲ្យ​បាន​ឆាប់ៗ។​

ក្នុង​ពាក្យ​បណ្តឹង​ប្រឆំាង​លោក​ ជា មុនី្ន​ ​ចុះ​ហត្ថលេខា​ដោយ​មេធាវី​ពីរ​រូប​គឺ​លោក ​ដារ៉ា​ សុបញ្ញា​ និង​លោក​ កេតុ​ សុវណ្ណឌី​ នៅថ្ងៃ​១៨​ ខែ​ធ្នូ​ បាន​លើក​ឡើង​ថា​ កាលពី​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ លោក ​ជា មុន្នី​ សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុវិស័យ​នៅ​កម្ពុជា​ និង​ជា​អតីត​ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ​បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​ មាន​ខ្លឹម​សារ​អំពាវនាវ​ឲ្យ​សហគមន៍​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​ស្របច្បាប់​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ឲ្យ​បាន​កាន់​តែ​លឿន​កាន់​តែ​ល្អ។

ពាក្យ​បណ្តឹង​នោះ​បាន​ដកស្រង់​សម្តី​របស់​លោក ​ជា មុន្នី​ ​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុអាស៊ី​សេរី​ តាម​ន័យ​ដើម​ថា៖

«ការ​ដែល​យើង​ឲ្យ​គាត់​ទទួល​ខុស​ត្រូវ​ហ្នឹង​ ដោយ​សារ​តែ​គាត់ជា​អ្នក​ដើម​ហេតុ​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ ធ្វើ​ឲ្យ​សហគមន៍​អឺរ៉ុប​ហ្នឹង​មើល​ឃើញ​ថា​ គាត់​កំពុងតែ​ឆ្ពោះ​ទៅរក​ប្រទេស​ឯកា។ ​តែ​ប្រទេស​ឯកា​ហើយ​ អត់​មាន​ញាតិ។ ​ញាតិ​គេអត់​អី​ឲ្យ​ញ៉ាំ​ទៀត​ទេ។​ គេលែង​ឲ្យ​ញ៉ាំ​ហើយ​ណា...។​ ត្រង់​ហ្នឹង​ក៏ចង់​បញ្ជាក់​ដែរ​ថា​ មិនមែន​តែ​កម្ពុជា​ទេ​ សូម្បី​តែ​ប្រទេស​ចិន​ហ្នឹង​ក៏​ប៉ះពាល់​ធំ​ណាស់​ដែរ»។​

ក្រុម​មេធាវី​បាន​ពន្យល់​ថា​ ​ពាក្យ​សម្តី​របស់​លោក ​ជា មុន្នី​ នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ហានិភ័យ​ធំៗ​ចំនួន​ពីរ​គឺ​១​ សហគមន៍​អឺរ៉ុប​ក៏ដូច​ជា​អ្នក​បញ្ជា​ទិញ​នឹង​ឈប់​ធ្វើការ​បញ្ជា​ទិញ​ និង​ទី​២ ​គឺ​ជា​ការ​ញុះញង់​ឲ្យ​កម្មករ​ទាំង​អស់​មាន​ការ​ថ្នាំងថ្នាក់​ ឬ​ស្អប់​ខ្ពើម​រាជ​រដ្ឋាភិបាល​ ហើយ​ងើប​ឡើង​ប្រឆាំង។​

ក្នុង​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ​ ក្រុម​មេធាវី​បានស្នើឲ្យ​ព្រះ​រាជ​អាជ្ញា​នៃ​សាលា​ដំបូង​រាជធានី​ «ចោទ​ប្រកាន់​ឈ្មោះ​ ជា មុន្នី​ សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ និង​ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​បក្ខ​ពួក​ ដើម្បី​បញ្ជូន​ទៅ​តុលាការ​ ផ្តន្ទាទោស​តាម​ច្បាប់។​ ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ដល់​កម្មករ​និយោជិត​ចំនួន​១​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក»។

VOA ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ជា មុន្នី​ បាន​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ ​ចំណែក​លោក ជួន មុំថុល​ ប្រធាន​សហភាព​សហ​ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​ ដែល​ប្តឹង​លោក​ ជា មុន្នី​ បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ ​ដោយ​បារម្ភខ្លាច​ ​VOA​ ​កាត់​ត​សំឡេង​របស់​លោក។

មុន​បិទ​ទូរសព្ទ​ ​លោក​ ជួន មុំថុល​ ​ថ្លែង​ថា៖​

«ខ្លាច​តែ​យក​ផ្សាយ​ ហើយ​យក​ទៅកាត់​ទៅ។​ អា​និយាយអីចេះ​ទៅ​ កាត់​ទៅអីចុះ។​ អត់​ហ៊ាន​និយាយ​ខ្លាច»។

លោក​ព្រះ​រាជ​អាជ្ញារង ​លី​ សុផាណា​ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ក៏​បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ដែរ។

«សុំៗ​ បង​ជួយ​តេឡេហ្វូន​ [telephone]​ ទៅ​ខាង​លេខាធិការដ្ឋាន​ ព្រោះអី​ដោយសារ​ខ្ញុំ​ជាប់​បេសក​កម្ម​នៅ​ខាងក្រៅ​បង​ បាទៗ»។

យ៉ាង​ណា​ក៏​ដោយ​ លោក​ ដារ៉ា សុបញ្ញា​ ​មេធាវី​តំណាង​ឲ្យ​លោក​ ជួន មុំថុល​ បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា​ ​ពាក្យ​បណ្តឹង​របស់​លោក​បាន​ទៅដល់​ដៃ​លោក​ព្រះ​រាជ​អាជ្ញារង​ ​សៀង សុខ​ហើយ។​ ​លោក​មិន​ទាន់​បញ្ជាក់​បាន​ ​ថាតើ​បណ្តឹង​របស់​លោក​មាន​ទម្ងន់​ដែល​អាច​បើក​ផ្លូវ​ឲ្យ​តុលាការ​ចោទ​ប្រកាន់​លោក​ ជា មុន្នី​ បាន​ ឬ​យ៉ាងណា​នោះ​ឡើយ។​

«អា​ហ្នឹង​ចំណាត់​ការ​របស់​តុលាការ។​ អាហ្នឹង​ខ្ញុំ​អត់​អាច​ដឹង​មុន​ថា គាត់​នឹង​បន្ត​នីតិវិធី​ទៅទៀត​ ឬ​មួយ​ក៏​គាត់​លើក​ពាក្យ​បណ្តឹង​ខ្ញុំ​ចោល​ទេ»។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​ព្រះ​រាជអាជ្ញា​រង ​សៀង សុខ​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ការ​ផ្តល់​បទ​សម្ភាសន៍​របស់​លោក ​ជា មុន្នី​ ជាមួយ​វិទ្យុ​អាស៊ីសេរី​ពាក់​ព័ន្ធ​នឹង​វិធាន​ការ​របស់​សហគមន៍​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​បាន​កើត​ឡើង​ នៅ​ក្រោយ​ពេល​ដែល​សហគមន៍​ធំៗ​ទាំង​ពីរ​នេះ​បាន​ចាត់​វិធាន​ការ​របស់​ខ្លួន​ជាបន្តបន្ទាប់​ ប្រឆាំង​នឹង​ការ​រំលាយ​ចោល​គណបក្សសង្គ្រោះ​ជាតិ​ និង​ការ​បង្រ្កាប​ផ្សេងៗ​ទៀត​មក​លើក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សារ​ព័ត៌មាន​ឯករាជ្យ​ក្នុង​ប្រទេស។​

កាលពី​ពេល​ថ្មីៗ​នេះ​ ​សភា​សហភាព​អឺរ៉ុប​បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​សម្រេច​ព្យួរ​កម្មវិធី​អនុគ្រោះ​ពាណិជ្ជ​កម្ម​ ដែល​គេស្គាល់​ថា​ «អនុគ្រោះពន្ធ​លើ​អ្វីៗ​ទាំង​អស់​ លើក​លែង​តែ​អាវុធ»។​ ចំណាត់ការពី​ស្ថាបន​នីតិបញ្ញត្តិ​របស់​សហភាព​អឺរ៉ុប​ធ្វើឡើង​ បន្ទាប់​ពីក្រុម​សមាជិក​សភា​អាមេរិក​បាន​ជួប​ប្រជុំ​គ្នា​រក​វិធាន​ការ​ថ្មីៗ​ទៀត​ ​ដើម្បី​គាប​សង្កត់​ឲ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន បក​ក្រោយ​ និង​ធ្វើ​ឲ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។ រដ្ឋាភិបាល​អាមេរិក​ក៏បាន​ប្រកាស​បិទ​ទិដ្ឋាការ​លើ​មន្ត្រី​របស់​លោក​ ហ៊ុន សែន ​ណា​ ដែល​បានធ្វើ​ឲ្យខូច​ដំណើរការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​ ប្រទេស​ប្រជា​ធិបតេយ្យ​ផ្សេង​ទៀត​ក៏​បាន​ប្រកាស​កាត់​ផ្តាច់​ជំនួយ​រវាង​រដ្ឋាភិបាល​ និង​រដ្ឋាភិបាល​ ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​សហ​ប្រតិបត្តិ​ការ​អភវិឌ្ឍន៍​ផ្សេងៗ​ទៀត។​

ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប​ក្នុង​ទឹក​ប្រាក់​៤.៥៥៥​លាន​ដុល្លារ​ ​និង​នាំ​ចូល​ទំនិញ​ពី​សហភាព​អឺរ៉ុប​ក្នុង​ទឹកប្រាក់​៦៤៣​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០១៦។​ ប្រទេស​កម្ពុជា​ក៏​បាន​នាំ​ចេញ​ទំនិញ​ទៅ​សហរដ្ឋ​អាមេរិក​ក្នុង​ទឹក​ប្រាក់​២.៨១៤​លាន​ដុល្លារ​អាមេរិក​ និង​នាំ​ចូល​ទំនិញ​ពី​សហ​រដ្ឋ​អាមេរិក​ក្នុង​ទឹក​ប្រាក់​២៨៥​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៦។​ ​នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​នៃ​សហភាព​អឺរ៉ុប​ និង​ការិយាល័យ​ស្ថិតិ​នៃ​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG