​ការស្ទង់មតិ៖ វីរុស​កូរ៉ូណា​ធ្វើ​ឲ្យ​អាស៊ាន​ឯកភាព​គ្នា​ប្រឆាំង​នឹង​ការជួញ​ដូរ​សត្វព្រៃ

រូបឯកសារ៖ ស្ត្រី​ម្នាក់​ដឹក​ឆ្កែ​​នៅ​លើ​កង់ នៅ​ឯ​ផ្សារមួយ​ដើម្បី​លក់ ក្នុង​ព្រឹត្តិការណ៍​តាំង​លក់​សត្វ​ឆ្កែ​ នៅ​ទីក្រុង Yulin ក្នុង​តំបន់​ស្វយ័ត Guangxi Zhuang។

បណ្តា​ប្រទេស​ជាច្រើន​បាន​បង្ក្រាប​លើ​ការជួញដូរ​សាច់​សត្វ ​បន្ទាប់​ពី​មាន​ការផ្ទុះ​ឡើង​នូវ​វីរុស​កូវីដ​១៩ ដែល​វីរុស​នេះ​មាន​ការពាក់​ព័ន្ធ​ទៅ​នឹង​សត្វ។

ការស្ទង់​មតិ​ថ្មី​មួយ​ដែល​ធ្វើឡើង​ដោយ​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោកWWF បាន​រក​ឃើញ​នូវ​អ្វី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ គឺ​ពលរដ្ឋ​នៅក្នុង​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ជាង​៩០​ភាគរយ ដែល​ត្រូវ​បាន​ស្ទង់មតិ បាន​មូលមតិ​គ្នា ចង់​ឲ្យ​រដ្ឋ​ដាក់​បម្រាម​បញ្ឈប់​ការជួញដូរ​សត្វព្រៃ ក្រោយពី​មាន​ការផ្ទុះ​ឡើង​នូវ​វីរុស​កូវីដ​១៩ ដែល​បាន​ឆ្លង​រាលដាល​ពី​សត្វ​ទៅ​មនុស្ស។

អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​ WWF បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​៩៣ ភាគរយ​ដែល​ត្រូវ​បាន​ស្ទង់មតិ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ចង់​ឲ្យ​រដ្ឋាភិបាល​របស់​ពួកគេ​ចាត់វិធានការ ដើម្បី​លុបបំបាត់​ទីផ្សារ​សត្វព្រៃ​ខុសច្បាប់ និង​ដែល​គ្មាន​ការត្រួត​ពិនិត្យ។ អង្គការ​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ការជួញដូរ​សត្វព្រៃ​នេះ គឺ​ជា​ការគម្រាម​កំហែង​ធំ​បំផុត​ទី២ ចំពោះ​ជីវៈចម្រុះ​ពិភពលោក បន្ទាប់ពី​ការបំផ្លាញ​ជម្រក​សត្វព្រៃ។

បើទោះបីជា​វីរុស​កូវីដ​១៩ ត្រូវបាន​គេ​ជឿ​ថា បាន​ផ្ទុះ​ឡើង​ចេញ​ពី​ផ្សារ​លក់​សាច់​សត្វ​មួយ​កន្លែង​ក្នុង​ប្រទេស​ចិន​ក៏ដោយ ក៏​បណ្តាប្រទេស​នានា​នៅ​អាស៊ី​អាគ្នេយ៍​ជាច្រើន​បាន​ធ្វើ​ជា​មណ្ឌល​ឆ្លងកាត់​ការជួញ​ដូរ​សត្វព្រៃ​ចូល​ប្រទេស​ចិន។

លោក Marco Lambertini ដែល​ជា​អគ្គនាយក​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​អន្តរជាតិ បាន​ថ្លែង​កាលពី​ដើម​ខែមេសា​ក្នុង​សម្តី​ដើម​ថា៖ «ប្រជាពលរដ្ឋ​មាន​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង ហើយនឹង​គាំទ្រ​រដ្ឋាភិបាល​របស់​ពួកគេ​ឲ្យ​ចាត់វិធានការ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​វិបត្តិ​សុខភាព​សកល​ដែល​អាច​កើត​មាន​នា​ពេល​អនាគត ដែល​បង្ក​ឡើង​ដោយ​ទីផ្សារ​សត្វព្រៃ​នេះ។ វា​ដល់​ពេល​ដែល​យើង​គ្រប់គ្នា​គួរតែ​យល់​ច្បាស់​ហើយ អំពី​ការពាក់ព័ន្ធ​គ្នា​រវាង​ពាណិជ្ជកម្ម​សត្វព្រៃ ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន និង​ហានិភ័យ​ដល់​សុខភាព​មនុស្ស។ ការចាត់​វិធានការ​ក្នុង​ពេល​ឥឡូវនេះ គឺ​សំខាន់​ខ្លាំងណាស់ សម្រាប់​ការរស់រាន​មាន​ជីវិត​របស់​យើង​ទាំងអស់​គ្នា»។

វីរុស​កូវីដ១៩ ត្រូវបាន​គេជឿ​ថា ចាប់ផ្តើម​រាលដាល​ពីសត្វ​ទៅ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន នៅក្នុង​ខែធ្នូ​ឆ្នាំ​មុន ហើយ​រឿង​នេះ​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​មជ្ឈដ្ឋាន​នានា រួមមាន​អ្នក​ជំនាញការ​បរទេស ដែល​រិះគន់​ជនជាតិ​ចិន​ដែល​បរិភោគ​សាច់​សត្វប្រចៀវ ឬ សត្វពស់ ហើយ​ចំណែកឯ​រដ្ឋាភិបាល​ចិន​ខ្លួន​ឯង​ផ្ទាល់ បាន​ចាត់វិធាន​ការហាមឃាត់​ការបរិភោគ​សាច់​សត្វព្រៃ។

ប្រទេស​ជិតខាង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ឥឡូវ​នេះ កំពុង​ចាប់ផ្តើម​ចាត់​វិធានការ​ដូច​ការចង់​បាន​របស់​ពលរដ្ឋ​ដែល​ត្រូវបាន​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​អន្តរជាតិ​បាន​ធ្វើការ​ស្ទង់មតិ​។

អ្នកស្រី Theresa Tenazas ដែល​ជា​មេធាវី​មួយ​រូប​នៃ​ការិយាល័យ​គ្រប់គ្រង​ជីវៈចម្រុះ​របស់​រដ្ឋនៅ​ប្រទេស​ហ្វីលីពីន បាន​ថ្លែង​ថា ជា​ឧទាហរណ៍​នៅហ្វីលីពីន រដ្ឋាភិបាល​កំពុង​ធ្វើការ​លើ​សេចក្តី​ព្រាង​ច្បាប់​មួយ ដែល​រួមបញ្ចូល​ទាំងការ​ដាក់​ពន្ធនាគារ​រយៈពេល ២០ ឆ្នាំ​ចំពោះ​ជន​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា មាន​ទោស​ពី​ការជួញដូរ​សត្វព្រៃ។

អ្នកស្រី​បាន​ថ្លែង​បន្ថែម​ថា អាជ្ញាធរ​ត្រូវតែ​គ្រប់គ្រង​ឲ្យ​បាន​ដិតដល់​ជាង​មុន ក្នុង​រឿង​ដែល​ទាក់ទង​រវាង​មនុស្ស និង​សត្វ ជាពិសេស​នៅ​ផ្សារ​ត្រី។

អ្នកស្រី Theresa Tenazas បាន​សរសេរ​នៅក្នុង​បទវិភាគ​មួយ​សម្រាប់​ការិយាល័យ​របស់​អ្នកស្រី​ថា «ស្ថានភាព​ទីផ្សារ​ទាំងនេះ គឺ​ងាយ​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​ថ្មី និង​បង្កើន​ការ​ចម្លង​គ្នា។ ទីផ្សារ​ទាំងនោះ ប្រៀប​បាន​ទៅ​នឹង​ស្ពាន​ចម្លង​មេរោគ​ដ៏​គ្រោះថ្នាក់​បំផុត​មួយ ដែល​បាន​បង្កើត​ឡើង​ដោយ​មនុស្ស ហើយ​វា​មាន​ឥទ្ធិពល​លើស​ពី​រនាំង​ការពារ​ធម្មជាតិ ដែល​កាលពី​មុន​បាន​ខ័ណ្ឌចែក​រវាង​មនុស្ស និង​សត្វព្រៃ»។

រីឯ​ប្រទេស​វៀតណាម​វិញ បាន​ចាត់វិធាន​ការស្រដៀង​គ្នា​នេះ ដើម្បី​បង្ក្រាប​ការធ្វើ​ពាណិជ្ជកម្ម​ផលិតផល​សត្វព្រៃ ហើយ​ក៏​មាន​ការដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​ថៃ កម្ពុជា និង​មីយ៉ាន់ម៉ា​ផងដែរ ឲ្យ​រឹតបន្តឹង​បន្ថែម​ទៀតដែរ។

តំបន់​អាស៊ី​អាគ្នេយ៍ ងាយ​ប្រឈមនឹង​ការឆ្លង​រាលដាល​ដោយ​វីរុស​ឆ្លង ដោយសារ​តែ​មាន​ទីតាំង​នៅ​ជិត​នឹង​ប្រទេស​ចិន។ ក្រៅពី​ប្រទេស​ចិន ហ្វីលីពីន គឺ​ជា​ប្រទេស​ទី១ ដែល​រាយការណ៍​ពី​ការស្លាប់​ដែល​ទាក់ទងនឹង​វីរុស​កូវីដ​១៩ ខណៈ​ដែល​ប្រទេស​ថៃ គឺ​ជា​ប្រទេស​ទី១ ដែល​រាយការណ៍​ពី​ការឆ្លង​វីរុស​កូវីដ១៩ នេះ។

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បាន​ថ្លែង​ក្នុង​សម្តី​ដើម​កាលពី​ថ្ងៃច័ន្ទ​ទី ១៣ ខែមេសា​កន្លង​ទៅ​នេះ​ថា៖

«ការផ្សារ​ភ្ជាប់​ជា​សកល​របស់​យើង​មាន​ន័យ​ថា ហានិភ័យ​នៃការ​ឆ្លង​វីរុស និង​ការ​កើត​ជំងឺ​ឡើង​វិញ នឹង​មាន​ជា​បន្ត»។

អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា ជំងឺ​កូវីដ​១៩ គឺ​ជាជំងឺ​ដែល​ឆ្លង​ពី​សត្វ​ទៅ​ មនុស្ស​ ដែល​ទំនងជា​ពី​សត្វប្រចៀវ។ គ្រា​ដែល​ការ​បរិភោគ​សាច់​សត្វប្រចៀវ​ជា​អំពើ​ស្របច្បាប់ មុនពេល​ការបង្ក្រាប​របស់​ប្រទេស​ចិន នោះ ផ្នែក​នៃ​សត្វ​ផ្សេងៗ​ទៀត​ដែល​ត្រូវបាន​គេ​ជួញដូរ​ទៅ​ប្រទេស​ចិន​តាមរយៈ​តំបន់​អាស៊ី​អាគ្នេយ៍ មាន​ដូចជា​ពី​សត្វពង្រូល សត្វរមាស និង​សត្វ​ដំរី ជាដើម។

អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក បាន​ឲ្យ​ដឹង​ទៀត​ថា វីរុស​ផ្សេង​ទៀត ដែល​បាន​ឆ្លង​រាលដាល​ពី​សត្វ​ទៅ​មនុស្ស ហើយ​បង្ក​ទៅ​ជា​ជំងឺ​មាន​ដូចជា ជំងឺ SARS MERS និង Ebola៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់