ការ​ព្យាករណ៍​អំពី​ខ្លាឃ្មុំ​នៅ​តំបន់ប៉ូល​មាន​ភាព​អាប់អួរ​ខណៈ​ដែល​​ទី​ជម្រក​កំពុង​រលាយ

រូបថតឯកសារ៖ លោក John Whiteman and និង​អ្នកស្រី Merav Ben David ក្រុម​អ្នកស្រាវជ្រាវ​នៅ​​សកលវិទ្យាល័យ ​Wyoming​ កំពុង​ពិនិត្យ​មើល​ប្រដាប់​វាស់សីតុណ្ហភាព​ដែល​បាន​ដាក់​ក្នុង​ខ្លួន​សត្វ​ខ្លាឃ្មុំ នៅឯឆ្នេរ​មួយ​នៅ Alaska កាលពីឆ្នាំ២០០៩។

បន្ទាប់​ពី​បាន​ចំណាយ​ពេល​អស់​ពីរ​រដូវក្តៅ​ដើម្បី​តាម​ដានខ្លាឃ្មុំ​ទឹក​កក​នៅ​តំបន់​អាក់ទិក​ ក្រុម​អ្នក​ស្រាវជ្រាវ​រៀបរាប់​ពី​ការ​រស់រាន​របស់​ខ្លាឃ្មុំទឹកកក​នៅ​ជម្រក​កំពុង​រង​ការ​ប្រែប្រួល​មួយ ​ជាទី​ដែលទឹកកក​សមុទ្រ​កំពុង​រលាយ​ក្នុង​ល្បឿន​មួយ​លឿន​ជាង​អ្វី​ដែល​គេ​បាន​ការ​ព្យាករណ៍​ទុក។​ តាម​សេចក្តី​រាយការណ៍​របស់​ Rosanne Skirable នៃ ​VOA បាន​ឲ្យ​ដឹង​ថា​ ការ​សិក្សា​មួយ​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​ Science​ បង្ហាញ​ពី​អនាគត​ដ៏​អាប់អួរ​មួយ​ចំពោះ​ពូជ​សត្វ​ខ្លាឃ្មុំ​ទឹកកក​នេះ​ ប្រសិន​បើ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​លើ​ពិភពលោក​មិន​ត្រូវ​បាន​កាត់​បន្ថយ។

ខ្លាឃ្មុំ​តំបន់​ប៉ូល​រស់​នៅ​លើ​ទឹក​កក។ ទីនោះ​ ជា​កន្លែង​ដែល​ពួកវា​រក​អាហារ​ បង្ក​កំណើត​ និង​ចិញ្ចឹម​កូន​របស់​ពួកវា។ ប៉ុន្តែ​ នៅ​ស្រប​ពេល​ដែល​ទី​ជម្រក​ចាប់​ផ្តើម​ឡើង​ក្តៅនិង​រួម​តួច​ ខ្លាឃ្មុំ​ទាំងនោះ​មិន​អាច​រក​ចំណី​បាន​សម្រាប់​រយៈពេល​វែង។

អ្នកស្រី​ Merav Ben David ​សហការនី​ដឹកនាំ​ការ​សិក្សា​នោះ ​គឺជា​សមាជិកក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សកលវិទ្យាល័យ ​Wyoming​ ដែល​ការងារ​របស់​ក្រុម​នេះ​នៅ​តំបន់​អាក់ទិក​រវាង​ឆ្នាំ២០០៨​ និង​២០១០​ ជា​មូលដ្ឋាន​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​នេះ។

«ជាមួយ​នឹង​និទាឃ​រដូវ​សម្រាប់​រក​អាហារ​កាន់​តែ​មាន​រយៈ​ពេល​ខើច​ខ្លី​ ហើយ​រដូវក្តៅ​កាន់តែ​វែង ជា​ពេល​ដែល​ពួកខ្លាឃ្មុំ​ទាំងនោះ​ខ្វះ​ចំណី​អាហារ​ និង​នៅ​តែ​ជួប​ប្រទះការ​លំបាក​ក្នុង​ការ​រក​អាហារ​នៅ​រដូវ​រងារ ពួកវា​បាន​រង​សម្ពាធ​លើ​សតិអារម្មណ៍។ ពួកវា​ត្រូវ​ពឹង​លើ​ថាមពល​បម្រុងទុក​ ដែល​ប្រមូលបាន​នៅ​រដូវ​រំហើយ​ ដើម្បី​អាច​រស់រាន​បាន​នៅ​ក្នុង​រយៈពេលស្ទើរ​តែ​ពេញ​មួយ​ឆ្នាំ»។​

នេះ​មាន​ន័យ​ថា​ ប្រសិន​បើ​ពួកវា​មិន​បាន​រក​អាហារ​គ្រប់គ្រាន់​នៅ​រដូវ​រំហើយ​ទេ​នោះ ​ពួកវា​នឹង​មាន​លក្ខណៈ​ទន់ខ្សោយ​នៅពេលរដូវ​រងារ​ចូល​មក​ដល់។

ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​បាន​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ និង​នាវា​បំបែក​ទឹក​កក​ បាន​ចាប់​ខ្លាឃ្មុំ​ចំនួន​ជាង​២០​ក្បាល​ ដើម្បី​យក​សំណាក​ឈាម​សម្រាប់​ធ្វើ​តេស្ត​និង​ដាក់​ឧបករណ៍​សម្រាប់​វាស់​ស្ទង់​តាម​ដាន​សីតុណ្ហភាព​របស់​ពួក​វា។​ បន្ទាប់​មក​ ពួកគេ​បានតាម​ពិនិត្យ​មើល​សកម្មភាព​របស់​ខ្លាឃ្មុំ​ទាំងនោះ​ ទាំង​នៅ​លើ​ទឹកកក​ និង​នៅលើ​ច្រាំង។

ការសិក្សា​ពី​មុនៗ​បាន​ឲ្យ​ដឹង​ថា​ សត្វខ្លាឃ្មុំ​ទាំង​នេះ​ អាច​លៃលក​ថាមពល​ដើម្បី​ទប់ទល់​នឹង​ការខ្វះ​អាហារ​នៅ​រដូវ​ក្តៅ​បាន​ដោយ​ការ​សម្ងំ​ស្ងៀម​នៅ​រដូវ​រងារ​ ​បង្អង់​សកម្មភាព និង​បន្ថយ​កម្រិត​បំលែង​ថាមពល​អាហារ​របស់​ពួកគេឲ្យ​ដូច​អ្វី​ដែល​ខ្លាឃ្មុំ​ទាំងនោះ​ធ្វើ​នៅរដូវរងារ។ ក៏ប៉ុន្តែ​ អ្នកស្រី​ Ben David និយាយថា​ ការសិក្សា​ថ្មី​នេះ​បាន​បង្ហាញភាពផ្ទុយ​ស្រឡះ​ពីការ​រកឃើញ​ពី​ពេល​មុន។

«យើង​បាន​រកឃើញ​ថា​ ខ្លាឃ្មុំ​តំបន់​ប៉ូល​ គឺ​ដូច​ជា​ខ្លាឃ្មុំ​ពណ៌ត្នោត​ដែល​ជា​សណ្តាន​របស់​វាដែរ ​មិន​អាច​បន្ថយ​កម្រិត​បំលែង​ថាមពល​អាហារ​របស់​ពួកវា​ឲ្យ​ដល់​កម្រិត​ដូច​យើង​បាន​ឃើញ​នៅ​រដូវ​រងារ​បាន​ទេ។​ យើង​បាន​ឃើញ​ការ​ថយចុះ​ជា​លំដាប់​ ប៉ុន្តែ​វា​មិន​ប្រហាក់ប្រហែល​នឹង​អ្វី​ដែល​ខ្លាឃ្មុំ​តែងតែ​ធ្វើ​នៅ​ពេល​ពួកវា​សម្ងំ​នា​រដូវ​រងារឡើយ។ នេះ​មាន​ន័យ​ថា​ ពួកវា​មិន​អាច​រក្សាទុកកម្លាំង​ថាមពល​បាន​ច្រើន​ដូច​ដែល​យើង​ធ្លាប់​បាន​គិត​នោះ​ទេ។​ ដូច្នេះ​ រយៈពេល​រស់នៅ​ក្នុង​រដូវ​ក្តៅ​ដោយ​គ្មាន​អាហារ​របស់​ពួកវាមាន​កំណត់»។

ខុស​ពី​ត្រី​បាឡែន​ដែល​ការពារ​ខ្លួន​ដោយ​ស្រទាប់​ខ្លាញ់​ក្នុង​ខ្លួន ខ្លាឃ្មុំ​តំបន់ប៉ូល​អាច​ធន់​នឹង​ការ​ហែល​ទឹកត្រជាក់បាន​យូរ​ តាមរយៈ​ការ​ធ្វើ​ឲ្យ​ស្រទាប់​ស្បែក​ខាង​ក្រៅ​នៃ​ដង​ខ្លួន​ពួកវា​ត្រជាក់​ក្នុង​រយៈពេល​ណាមួយ​ដើម្បី​បង្កើត​ជា​ស្រទាប់​ទប់ទល់​នឹង​ភាព​ត្រជាក់។

«អញ្ចឹង​ហើយ​ វា​មាន​លក្ខណៈ​ពិសេស​ខ្លាំង​ណាស់។​ យើង​មិន​ដឹង​ថា ​ខ្លាឃ្មុំ​ទាំងនោះ​អាច​ធ្វើ​ដូច្នេះ​ ហើយ​នៅ​តែ​រស់​បាន​យូរប៉ុណ្ណា​ទេ?»

អ្នក​ដឹកនាំ​ការ​សិក្សានេះ​មិន​ដឹង​ច្បាស់​ទេ​អំពី​អត្ថិភាព​នៃ​ខ្លាឃ្មុំ​ទាំង​នេះ។ នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​ខ្លាឃ្មុំ​តំបន់ប៉ូល​ចន្លោះ​ពី​២០.០០០​ ទៅ​ ២៥.០០០​ក្បាល​រស់​នៅ​តំបន់​អាក់ទិក​។ អ្នកស្រី​ Ben David និយាយថា​ ការសិក្សា​ស្រាវជ្រាវនោះ​ជំរុញ​បន្ថែម​លើ​ការហៅឲ្យ​មាន​ការ​ការពារសត្វខ្លាឃ្មុំ​ទាំងនោះ​ជា​បន្ទាន់។

«ប្រសិន​បើ​យើង​ចង់​ធ្វើ​ជា​ពលរដ្ឋ​ដែល​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ភពផែនដីនេះ​ យើង​ត្រូវតែ​ធ្វើ​អ្វី​គ្រប់​យ៉ាងដោយ​អំណាច​របស់​យើង​ ដើម្បី​បញ្ឈប់​និន្នាការ​នៃ​ការ​ធ្វើ​ឲ្យ​បាត់បង់​ទឹកកក​សមុទ្រ។​ យើង​អាច​ធ្វើ​បាន»។

អ្នកស្រី​បញ្ជាក់​ថា​ ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ត្រូវ​កាត់បន្ថយ​ការប្រើប្រាស់​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​កំពុង​តែ​ធ្វើឲ្យ​ពិភពលោក​ឡើង​កម្តៅ និង​ជំរុញ​ឲ្យ​ខ្លាឃ្មុំ​ទឹកកក​ឈាន​ទៅ​រក​ការ​ផុត​ពូជ៕

ប្រែសម្រួលដោយ សើ សាយ្យាណា