ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ផ្តល់​ការ​សន្យា​សម្រាប់ ចិន និង រុស្ស៊ី


កប៉ាល់​​បំបែក​ទឹកកក​ឈ្មោះ​ស្នូ​ដ្រាហ្គិន (Snow Dragon)
ដោយ James Brooke
ប្រែសម្រូលដោយ​ លី សុខឃាង
ជន​ជាតិអាមេរិកាំងបាន​ឃើញ​ពី​គុណវិបត្តិ​ពិតប្រាកដ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ នៅ​ពេល​ដែល​ខ្យល់​ព្យុះ សេនឌី (Sandy) បាន​វាយ​ប្រហារ​ទៅ​លើ​ទីក្រុង ញ៉ូវ​យ៉ក (New York) កាល​ពី​ខែ​តុលា។ អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន បាន​និយាយថា ការ​រលាយ​ទឹកកកនៅ​តំបន់ អាក់ទិក (Arctic) បាន​រួម​ចំណែក​ដល់​ការ​បង្កើត​ខ្យល់​ព្យុះ​យ៉ាង​ធំ​បំផុត​ដែល​មិនធ្លាប់​មាន​នៅ​ក្នុង​មហា​សមុទ្រ អាត្លង់ទិក (Atlantic)។ ប៉ុន្តែ ជន​ជាតិ រុស្ស៊ី និង ចិន​ បាន​ឃើញ​ពី​គុណសម្បត្តិ​នៃ​ការ​រលាយ​ទឹកកកនៅ​ក្នុង​តំបន់​ អាក់ទិក ទៅវិញ។ James Brooke រាយការណ៍​ពី​ទីក្រុង ម៉ូស្គូ (Moscow)។
តើ​ការ​ផ្លាស់ប្តូរ​អាកាសធាតុ អាច​ប្រែក្លាយ​តំបន់អាក់ទិក​របស់​ រុស្ស៊ី ទៅ​ជា​ជម្រើសផ្លូវទឹកតំបន់​ប៉ូល​ខាង​ជើង​មួយ​ទៀត បន្ថែម​ពី​លើព្រែក​ជីក ស៊ុយអេ (Suez Canal) បានដែរ​ឬ​ទេ?
ជន​ជាតិ រុស្ស៊ី មួយ​ចំនួន​គិត​ឃើញ​ដូច្នេះ​ ដោយ​សារ​តែ​ពួកគេ​បាន​បន្ថែម​លទ្ធផល​ពី​រដូវ​ដឹក​ជញ្ជូន​នារដូវក្តៅ​នៅ​តំបន់​អាក់ទិក ដែល​បាន​បិទកាល​ពី​ថ្ងៃ​ពុធ។ មានកំណត់ហេតុនៃ​ការ​ឆ្លងកាត់​ចំនួន​៤៧​លើក ដោយ​នាវា​ដឹកទំនិញរវាង​ទ្វីប​អាស៊ី​និង​អឺរ៉ុប ដែល​មានចំនួន​ស្ទើរតែ១២​ដង​នៃ​ចំនួន​ដឹកជញ្ជូន​កាលពី​ពីរ​ឆ្នាំ​មុន។
តើ​វា​ជា​ភាពខុសប្លែក​គ្នាមែន​ទេ​? នេះ​គឺជា​ការ​រលាយ​ទឹកកក​នៅ​តំបន់​អាក់ទិក។
កាល​ពី​ខែ​កញ្ញា ផ្កាយរណប​របស់​សហរដ្ឋ​អាមេរិក​ កត់ត្រា​ពី​ការ​រួញ​តូចយ៉ាង​ខ្លាំង​បំផុត​នៃ​ទឹកកក​នៅ​តំបន់​អាក់ទិក ចាប់​តាំង​ពី​ការកត់ត្រា​នេះ​បាន​ចាប់​ផ្តើម​ធ្វើ​កាលពី​៣៣​ឆ្នាំ​មុន។ នារដូវក្តៅ​នេះ ទំហំ​ទឹកកក​បាន​ថយចុះ​រហូតដល់​៣,៤លានគីឡូម៉ែត្រ​ការេ ដែលមាន​ចំនួន​ប្រហែល​ពាក់​កណ្តាល ដែល​ត្រូវ​បាន​កត់​ត្រា​ទុក​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​ទសវត្សរ៍​ឆ្នាំ​១៩៩០។
ជាមួយ​នឹង​ការ​បើក​ចំហរផ្លូវទឹក​កាន់​តែ​ច្រើន ជល​វិទូសហរដ្ឋ​អាមេរិក​បាន​ព្យាករណ៍​ថា​ បរិមាណ​នៃ​ការ​ដឹកទំនិញ​នឹង​កើនឡើងចំនួន​៥០ដងនៅ​ទសវត្សរ៍នេះ ចាប់តាំងពី​កម្រិត​ឆ្នាំនេះទៅ។ សម្រាប់​អឺរ៉ុប​ភាគ​ខាង​ជើងវិញ ផ្លូវ​ឆ្លងកាត់​តំបន់​អាក់​ទិក​របស់ រុស្សី អាច​កាត់​បន្ថយបាន​ចម្ងាយ​៧ពាន់​គីឡូម៉ែត្រ នៅក្នុង​ការ​ធ្វើ​ដំណើរ​តាម​លំនាំ ទៅ​ទ្វីប​អាស៊ី​ដោយ​ឆ្លងកាត់​តាម​ព្រែកជីក ស៊ុយអេ របស់ អេហ្ស៊ីប (Egypt)។
ប្រទេស​ចិន​កំពុង​ធ្វើការកត់​សម្គាល់ ដោយ​បាន​បញ្ជូន​នាវា​ដំបូង​បង្អស់​របស់​ខ្លួន​ឆ្លងកាត់​តាម​ផ្លូវ​តំបន់​អាក់​ទិក​របស់ រុស្ស៊ី។ កប៉ាល់បំបែក​ទឹកកក​ឈ្មោះ​ស្នូ​ដ្រាហ្គិន (Snow Dragon) បាន​ចេញ​ដំណើរ​ពី​ប្រទេស​ចិន​ទៅ​កាន់ប្រទេស​ អាយស៍ឡែន (Iceland) ហើយ​វិល​ត្រឡប់​មក​វិញ និង​ចូល​ចត​នៅ​ទីក្រុង សៀងហៃ (Shanghai) កាល​ពី​ខែ​កញ្ញា។​
លោក សើហ្គេ បាលម៉ាសូវ (Sergey Balmasov)​ ជនជាតិ​រុស្ស៊ី​ដែល​គ្រប់​គ្រង​ការ​រិយាល័យ​ព័ត៌មាន​ភស្តុភា​របស់​តំបន់​អាក់ទិក​នៅភាគខាងជើង​នៃ​ប្រទេស ​ន័រវេស (Norway) ថ្លែងថា​ ការ​បើកផ្លូវ​ទឹកនិង​រដូវ​ដឹក​ជញ្ជូន​ដែល​មាន​រយៈពេល​៥​ខែ​នេះ អនុញ្ញាតិឲ្យ​នាវា​ដឹកទំនិញ​មួយ​ចំនួនធ្វើ​ដំណើរ​ចុះ​ឡើង​ឆ្លងកាត់​ប្រទេស រុស្ស៊ី​ នៅ​រដូវក្តៅ។
«ឧបសគ្គធំបំផុតគឺការខ្វះខាត​នាវា។ ហើយ​និង​ការ​ខ្វះទំនិញ​សម្រាប់ដឹកជញ្ជូន​ទៅ​វិញ​»។
ប្រហែល​ជា​ពាក់​កណ្តាលនៃ​ទំនិញ​គឺ​ជា​ផលិត​ផល​ប្រេង ដោយ​រាប់​ទាំង​ការ​ឆ្លង​កាត់​លើកដំបូង​នៃ​ឧស្ម័ន​ធម្មជាតិ​រាវៗ ដែល​ជា​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស ន័រវេស ទៅ​កាន់​ប្រទេស ជប៉ុន។
លោក អ៊ីវ៉ាន ប្លូកូវ (Ivan Blokov) ដែលនាយក​ផ្នែក​យុទ្ធនាការ​នៃ​អង្គការ​សន្តិភាពបៃតងរបស់​រុស្ស៊ី (Greenpeace) បាន​ព្រមានថា កប៉ាល់​ដឹក​ប្រេង​ បាន​គំរាម​កំហែង​ដល់ប្រព័ន្ធ​បរិស្ថាន​ដ៏​ផុយ​ស្រួយ​របស់​តំបន់​អាក់ទិក។
«ការ​ដឹក​ប្រេង​ឬ​សារធាតុ​គ្រោះថ្នាក់​ដទៃ​ទៀត​ ឆ្លង​កាត់​តាម​ផ្លូវ​នៅ​តំបន់​ប៉ូល​ខាង​ជើង​នេះ គួរ​ត្រូវ​បាន​ដក​ចេញ​ដោយ​មានការ​ធានា​១០០ភាគរយ ដោយសារ​អ្នក​នឹងមិនអាចប្រាកដ​ក្នុង​ចិត្ត​ទេ​ថានឹង​គ្មាន​គ្រោះ​ថ្នាក់​កើតឡើង»។
កាល​ពី​ពេល​ថ្មីៗនេះ លោក ប្លូកូវ បាន​ទស្សនា​កំពង់ផែ​នៅ អាឡាស្កា (Alaska) ដែល​កប៉ាល់​ដឹកប្រេង អិច​ហ្សន់ វាល់ដេស​ (Exxon Valdez) បាន​ធ្វើ​ឱ្យកំពប់​ប្រេង​កន្លះ​លាន​ធុងកាល​ពី​ឆ្នាំ​១៩៨៩។ លោក​ថ្លែងថា វា​បានចំណាយ​ពេល​អស់​១៥​ឆ្នាំ​និង​ទឹកប្រាក់​រាប់​ពាន់​លានដុល្លារ​ដើម្បី​សម្អាត។ អង្គការសន្តិភាពបៃតងផ្តល់​បេសកកម្ម​ដល់​ការ​សិក្សា​អំពី​អ្វី​ដែល​នឹងកើត​ឡើង ប្រសិន​បើ​មានការ​កំពប់​ប្រេង​ស្រដៀង​គ្នា​នេះ​ដែរ​នៅ​តំបន់​អាក់ទិក​របស់ រុស្ស៊ី។
លោក​ប្លូកូវ​ មាន​ប្រសាសន៍​ទៀត​ថា
«សេចក្តី​សន្និដ្ឋាន​របស់​អ្នក​វិទ្យាសាស្ត្រគឺ​ថា ប្រេង​ដែលកំពប់​ប្រមាណ​១០​ភាគរយ​ច្រើនបំផុត​អាច​ត្រូវ​បាន​ប្រមូល​មក​វិញ ហើយ​ថាឆ្នេរ​តំបន់​អាក់​ទិក​រាប់ម៉ឺន​គីឡូម៉ែត្រ​អាច​ត្រូវ​បំពុល»។
លោក​ បាលម៉ាសូវ (Balmasov) អ្នកតស៊ូ​មតិចំពោះច្រក​ដឹក​ជញ្ជូនប៉ូល​ខាងជើងរបស់ រុស្ស៊ី ថ្លែងថា​ ច្បាប់​នៃការ​ដឹក​ជញ្ជូន​តាមនាវា​របស់​ពិភពលោក មានភាព​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ជិត​មួយត្រីមាស​នៃ​សតវត្សរ៍​នេះ ចាប់​តាំង​ពី​ប្រេង​បាន​កំពប់​ពី​កប៉ាល់​ Valdez ដែល​ជា​កប៉ាល់​ដឹកជញ្ជូន​ដែលមាន​ធុងប្រេងតែ​មួយ​គត់។
«វិធី​សាស្ត្រទូទៅ​គឺ​មិន​ត្រូវ​មាន​ឧបទ្ទវហេតុកើតឡើង​ទាល់តែសោះ។ ឥឡូវនេះ រុស្ស៊ី មាន​បទបញ្ជា​រ​យ៉ាង​តឹងរឹង ទាក់ទង​នឹង​បរិស្ថាន។ នាវា​ទាំង​អស់​ត្រូវ​តែ​មាន​បាត​ពីរ​ជាន់។
លោ​ក​បាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ធានារ៉ាប់​រង​អន្តរជាតិ​ យកថ្លៃទៅ​លើ​កប៉ាល់​ប្រភេទបំបែក​ទឹកកកដើម្បី​ឆ្លងកាត់​តាម​តំបន់​អាក់ទិក​របស់ រុស្ស៊ី នារដូវក្តៅ ដូច​ពួកគេ​យក​ថ្លៃ​ចំពោះ​កប៉ាល់​ដែល​ឆ្លង​កាត់​តាម​ព្រែក​ជីក ស៊ុយ​អេ និង​ចូល​ទៅក្នុង​ដែន​ទឹក​ដែល​សម្បូរ​ទៅ​ដោយ​ចោរ​សមុទ្រ​នៅ​ត្រង់​ម្តុំ​ទ្វីប​អាហ្វ្រិក​ខាង​កើត។
មនុស្ស​គ្រប់រូប​យល់​ស្រប​ថា ក្រុម​នាវិកដែល​ឆ្លងកាត់​តាម​ដែន​ទឹកតំបន់​អាក់​ទិក​ គួរ​ត្រៀម​ខ្លួនចំពោះ​រឿងរ៉ាវ​ដែល​នឹកស្មានមិន​ដល់។
កាល​ពី​ខែ​សីហាមុន លោក​ ហាមថុន សាយដ៍ (Hampton Sides) ដែល​ជា​អ្នក​និពន្ធ​ជាតិ​អាមេរិកាំង បាន​ធ្វើ​ដំណើរ​តាមកប៉ាល់​ទេសចរណ៍​មួយ​ឆ្លង​កាត់​តាម​ច្រកសមុទ្រ ប៊ើរីង (Bering Strait) ចូល​ទៅ​ក្នុង​អ្វី​ដែល​គួរ​តែ​ជា​ផ្លូវ​ទឹក ដែល​ត្រូវ​បាន​បើក​នៅ​តំបន់​អាក់​ទិក​របស់ រុស្ស៊ី។
«យើង​បានធ្វើដំណើរ​កាត់តាម​វាល​ទឹកកក។ កប៉ាល់​រុល​ទៅ​មុខ​បន្តិចៗហើយជាប់​គឿង​អស់​ជា​ច្រើន​ដង ហើយ​រក​ផ្លូវ​តាម​លំនាំ​ផ្លូវ​ផ្សេងទៀត នៅ​ក្នុង​ទឹកកក ដើម្បី​ទៅ​ដល់​កន្លែង​ដែល​យើង​ចង់​ទៅ»។
រឿង​ដែល​មិន​នឹកស្មាន​ដល់​គឺថា ខ្យល់​បក់​ខ្លាំងបាន​រុញ​ច្រាន​ទឹកកក​ទៅ​កាន់​ទីកន្លែង​ដែល​វា​មិនគួរ​ទៅ។ លោក សាយស៍ បាន​និយាយ​អំពី​នាវិក​កប៉ាល់មួយរូប ដែល​ជា​ជន​ជាតិ រុស្ស៊ី ដែល​មាន​បទពិសោធន៍​ជាច្រើនឆ្នាំ​នៅ​តំបន់​ប៉ូល​ខាង​ជើង​ដ៏ខ្ពស់​នេះ។
«លោក​ធ្លាប់មកតំបន់​អាក់ទិកជាច្រើន​ដង។ លោក​មាន​ការ​ភ្ញាក់​ផ្អើល និង​ព្រួយបារម្ភ​យ៉ាងខ្លាំង។ អ្នក​អាច​សម្គាល់​ទឹកមុខ​ប្រកបដោយ​ការ​ព្រួយ​បារម្ភ។ នេះ​ជា​រឿង​ដែល​មិននឹកស្មានដល់»។
អ្នកទេសចរ​មានការខក​ចិត្ត។ ពួកគេ​បាន​ចំណាយ​ថវិកា​រាប់ពាន់​ដុល្លារ​ដើម្បី​មើល​ខ្លាឃ្មុំ​តំបន់​ប៉ូលនៅ​កោះ វ្វ្រាំង​ហ្គេល (Wrangel) របស់​រុស្ស៊ី។
«អស់រយៈពេល​ជាច្រើ​នឆ្នាំមកហើយ ដោយ​សារ​តែ​គ្មាន​ទឹកកក ខ្លាឃ្មុំ​តំបន់​ប៉ូលបាន​ធ្វើដំណើរ​ទៅ​ទីនោះ​ក្នុង​ចំនួន​យ៉ាង​ច្រើ​ន។ ហើយ​នារដូវក្តៅ​ឆ្នាំនេះ យើង​មិន​អាច​រកឃើញ​ខ្លាឃ្មុំតំបន់ប៉ូល នៅ​លើកោះ​នេះ​ទាល់តែសោះ ដោយ​សារ​តែ​ខ្លាឃ្មុំ​ទាំងនោះ​បាន​ធ្វើដំណើរចេញ​តាម​ទឹកកក ដែល​ខ្លាឃ្មុំ​ទាំងនោះ​ចង់​រស់​នៅ»។
មេរៀនមួយ​អំពី​ការផ្លាស់ប្តូរ​អាកាសធាតុនៅ​តំបន់​អាក់ទិក​របស់ រុស្ស៊ី គឺ ៖ រំពឹងរឿង​ដែល​មិនគួរ​កើតឡើង៕
XS
SM
MD
LG