លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានអះអាងថា រដ្ឋាភិបាលរបស់លោកមិនអនុញ្ញាតឱ្យសារព័ត៌មានវីអូឌី (VOD ឬ Voice of Democracy) អាចដំណើរការឡើងវិញឡើយ ក្រោមហេតុផលថា ការផ្សាយកន្លងទៅពាក់ព័ន្ធថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយឱ្យរដ្ឋាភិបាលប្រទេសតួកគី គឺជាការធ្វើឱ្យបែកបាក់ផ្ទៃក្នុងរបស់រដ្ឋាភិបាល។
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅរាជធានីភ្នំពេញ លោក ហ៊ុន សែន ដែលបានចេញបញ្ជាដោយផ្ទាល់ឱ្យបិទសារព័ត៌មានវីអូឌីដែលដំណើរ២០ឆ្នាំមកហើយ បានថ្លែងថា៖ «រឿងនេះជាការវាយប្រហារ មិនមែនបញ្ហា ហ៊ុន ម៉ាណែត ដោយឡែកទេ តែជាការប្រមាថចំពោះរាជរដ្ឋាភិបាល និងបង្កើតការមិនជឿទុកចិត្តគ្នានៅក្នុងរដ្ឋាភិបាល ហើយខុសជាមួយនឹងច្បាប់ថវិកាយ៉ាងធ្ងន់ធ្ងរ ដែលយើងមិនអាចអត់ឱនឱ្យបានទេៗ»។
ចំណាត់ការបិទសារព័ត៌មានឯករាជ្យវីអូឌី រងការរិះគន់ថាជាការបំបិទសារព័ត៌មានដែលហ៊ានរិះគន់រដ្ឋាភិបាល។ ទោះជាយ៉ាងណា លោក ហ៊ុន សែន បានចាត់ទុកសារព័ត៌មានវីអូឌីប្រឆាំងនឹងរដ្ឋាភិបាល ដោយសារតែបុគ្គលិករបស់វីអូឌី មិនហ៊ានទៅដាក់ពាក្យដើម្បីក្លាយជាមន្ត្រីក្របខណ្ឌស៊ីវិល។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ឥឡូវខ្ញុំបានទទួលសារអំពីថាគ្រាន់តែទៅដាក់ពាក្យសុំ(ធ្វើមន្ត្រី) ខ្លាចគេជេរ អ៊ីចឹងច្បាស់ណាស់ បង្ហាញថាវិទ្យុនេះគឺវិទ្យុប្រឆាំង។ បើអ៊ីចឹងឱ្យវាងាប់បណ្តោយទៅ ជាកន្លែងពន្លត់នូវព័ត៌មានក្លែងក្លាយ»។
លោកនាយករដ្ឋមន្រ្តីថ្លែងបន្ថែមថា៖ «តើឱ្យទទួលការប្រមាថបែបនេះទេ អត់ទេ។ បើទោះបីតម្លៃណាក៏ដោយ ហ៊ុន សែន ត្រូវធ្វើដាច់ខាត សូមបញ្ជាក់ជូនអ្នកឯងឱ្យបានច្បាស់។ ហើយកុំសង្ឃឹមថាអាវិទ្យុនេះវាអាចរស់ឡើងវិញ។ ផ្ញើសារទៅ!»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលគ្រប់គ្រងព័ត៌មានវីអូឌី បាននៅឡើយទេ។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចាជំរុញឱ្យមានការបើកវិទ្យុវីអូឌីឡើងវិញ ដោយសារតែវិទ្យុនេះដើរតួនាទីសំខាន់នៅក្នុងការពាំនាំសំឡេងរបស់ប្រជាពលរដ្ឋទៅកាន់រដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ។
លោកបញ្ជាក់ថា៖ «គ្រាន់តែថាសូមឱ្យសម្តេចលោកពិនិត្យលទ្ធភាពនៅក្នុងការផ្តល់ និងអនុញ្ញាតផ្តល់ឱកាសឱ្យវីអូឌីមានដំណើរការឡើងវិញរាល់សកម្មភាពផ្សេងៗទៀតដែលវីអូឌីធ្លាប់បានធ្វើឡើងកន្លងមក»។
ការដកអាជ្ញាបណ្ណវីអូឌីត្រូវបានមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងអង្គការក្នុងស្រុកមួយចំនួនចាត់ទុកថាមិនបានអនុលោមទៅតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ អង្គការសង្គមស៊ីវិលលើកយកមាត្រា១០នៃច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា ដែលចែងថាមនុស្សមានសិទ្ធិទាមទារឱ្យមានការកែតម្រូវ និងការឆ្លើយតបពីអ្នកផ្សាយព័ត៌មាននៅពេលដែលពួកគេយល់ថា សេចក្តីថ្លែងការណ៍មួយមិនត្រឹមត្រូវ ហើយអ្នកផ្សាយព័ត៌មានត្រូវឆ្លើយតបក្នុងរយៈពេល៧ថ្ងៃ។
នៅថ្ងៃចន្ទនេះ នៅចំពោះមុខនិស្សិតទទួលសញ្ញាបត្រ និងមន្រ្តីថ្នាក់ក្រោម លោក ហ៊ុន សែន បានថ្លែងដែរថា ការបិទសារព័ត៌មានវីអូឌីមិនធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាស្លាប់ឡើយ។
ក្រោយបិទសារព័ត៌មានវីអូឌី លោក ហ៊ុន សែន បានសម្រេចផ្តល់ក្របខណ្ឌរដ្ឋសម្រាប់អ្នកដែលមានបំណងចូលបម្រើកិច្ចការរដ្ឋ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានចេញសេចក្តីសម្រេចមួយ ដោយលុបចោលអាជ្ញាបណ្ណរបស់វីអូឌី ពាក់ព័ន្ធនឹងការផ្សាយអត្ថបទនិយាយអំពីលោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសលោកនាយករដ្ឋមន្រ្តីហ៊ុន សែនក្នុងការផ្តល់ជំនួយ១០ម៉ឺនដុល្លារដល់ប្រទេសតួកគី សម្រាប់គ្រោះរញ្ជួយដី។ អត្ថបទនោះមានការដកស្រង់សម្តីរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល។ លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន លើកឡើងថាមិនមានការចុះហត្ថលេខាបែបនេះទេ ហើយទាមទារឲ្យស្ថាប័នវីអូឌីសុំទោសជាសាធារណៈ៕