ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សោក​ស្តាយ​នៅ​ក្នុង​បន្ទប់​ផ្សាយ​វីអូឌី ​ក្រោយ​រដ្ឋាភិបាល​បញ្ជា​​ឱ្យ​បិទ​ការ​ផ្សាយ


លោក ញឹម សុខន អ្នករាយការណ៍​ព័ត៌មាន​វីអូឌី ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នៅ​ការិយាល័យ​ព័ត៌មាន​វីអូឌី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។
លោក ញឹម សុខន អ្នករាយការណ៍​ព័ត៌មាន​វីអូឌី ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នៅ​ការិយាល័យ​ព័ត៌មាន​វីអូឌី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។

នៅ​ក្នុង​បន្ទប់​ផ្សាយ​វីអូឌី ​នា​ថ្ងៃ​ចន្ទ​នេះ ​អ្នក​សារព័ត៌មាន​ម្នាក់​បាន​ទ្រហោ​យំ ក្រោយ​អង្គភាព​របស់​ខ្លួន​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជាឱ្យ​បិទ​ការ​ផ្សាយ ​ចាប់​ពី​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​នេះត​ទៅ។

កញ្ញា​ ខាន់ លក្ខិណា ​ដែល​បម្រើ​ការងារ​ជា​អ្នក​សារ​ព័ត៌មាន​វីអូឌី​ប្រមាណ​១០​ឆ្នាំ​មក​ហើយ ​និយាយ​ថា៖ ​«ធ្វើ​ការ​នៅ​ទីនេះ​ មិន​មែន​ដោយ​សារ​លុយ​ទេ ​គឺ​ដោយសារ​ការ​ស្រឡាញ់»។​

អ្នក​សារ​ព័ត៌មាន​របស់​វីអូឌី ​និង​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​ដែល​រដ្ឋាភិបាល​សម្រេច​បិទ​សារ​ព័ត៌មាន​វីអូឌី ​ដែល​បាន​ដំណើរ​ការ​២០​ឆ្នាំ​មក​ហើយ ​ហើយ​ពួក​គេ​រំពឹង​ថា​ រដ្ឋាភិបាល​នឹង​ពិចារណា​ឡើង​វិញ​ចំពោះ​សេចក្តី​សម្រេច​របស់​ខ្លួន។​

ទិដ្ឋភាព​នៅក្នុង​បន្ទប់ផ្សាយ​របស់​វីអូឌី រាជធានីភ្នំពេញ នៅ​ពេល​អ្នកសារព័ត៌មាន​ និង​មន្រ្តីសង្គមស៊ីវិលមក​ពិនិត្យមើលនា​ថ្ងៃ​បិទការផ្សាយ។
ទិដ្ឋភាព​នៅក្នុង​បន្ទប់ផ្សាយ​របស់​វីអូឌី រាជធានីភ្នំពេញ នៅ​ពេល​អ្នកសារព័ត៌មាន​ និង​មន្រ្តីសង្គមស៊ីវិលមក​ពិនិត្យមើលនា​ថ្ងៃ​បិទការផ្សាយ។

ក្នុង​សម្លៀក​បំពាក់ជាមួយ​អាវ​យឺត​ដែល​មាន​សញ្ញាវីអូឌី ​លោក ​ញឹម សុខន​ អាយុ​៥៧​ឆ្នាំ ​ជា​អ្នក​សារ​ព័ត៌មាន​វីអូឌី ​អស់​រយៈ​ពេល​១៦​ឆ្នាំ។​ កំពុង​អង្គុយ​នៅ​តុ​ធ្វើ​ការ​របស់​លោក ​ខណៈ​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ អ្នក​សារ​ព័ត៌មាន ​និង​អ្នក​តាម​ដាន​មួយ​ចំនួន​ទៀត ​ចូល​ទៅ​មើល​កន្លែង​ធ្វើ​ការ ​និង​អ្នក​ខ្លះ​បង្ហាញ​ការ​ចូល​រួម​សោក​ស្តាយ​នោះ លោក ​ញឹម សុខន ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ សារ​ព័ត៌មាន​ឯករាជ្យ​ដូច​ជា​វីអូឌី​បាន​ជួយ​ដល់​រដ្ឋាភិបាល​ច្រើន ​ដោយ​ហេតុ​ថា​ បញ្ហា​ខ្លះ​រដ្ឋាភិបាល​មិន​ដឹង ​ប៉ុន្តែ​ត្រូវ​បាន​ទម្លាយ​ដោយ​សារ​ព័ត៌មាន។ ​លោក​បន្ថែម​ថា​ ការ​សម្រេច​បិទ​សារ​ព័ត៌មាន​វីអូឌី​នេះ​នាំ​ឱ្យ​ខាត​បង់ ​និង​ប៉ះពាល់​ច្រើន​ដល់​រដ្ឋាភិបាល ​ពាក់​ព័ន្ធ​ជា​មួយ​ការ​ទទួល​បាន​ព័ត៌មាន​ពិត។​

លោក​បញ្ជាក់​ថា៖ ​«នៅ​ពេល​ដែល​ពល​រដ្ឋ​មាន​បញ្ហា ​បញ្ហា​អត់​ត្រូវ​បាន​ដោះ​ស្រាយ​ ហើយ​សំឡេង​ ដែល​បំពង​ឱ្យ​រដ្ឋាភិបាល​បាន​ឮ ​ត្រូវ​បាន​បិទ​ខ្ទប់​ ពេល​នោះ​ហើយ​បញ្ហា​រីក​កាន់​តែ​ធំ​ ហើយ​អ្នក​មាន​បញ្ហា​ហ្នឹង​គាត់​នឹង​ទៅ​ទម្លាក់​សន្លឹក​ឆ្នោត​ដល់​រដ្ឋាភិបាល។​ ត្រង់​នេះ​ដែល​ពូ​ថា ​ការ​បិទ​វីអូឌី ​វា​អត់​មាន​ចំណេញ​អី​ដល់​រដ្ឋាភិបាល​ទេ​ ហើយ​ក៏​អត់​បាន​ជួយ​ជំរុញ​យន្តការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា»។​

នៅ​ក្នុង​បន្ទប់​ផ្សាយ​ដដែល​ លោក​ សូត ប្រាថ្នា ​ការី​និពន្ធ​នៅ​វីអូឌី ​ប្រាប់​វីអូអេ​ថា​ លោក​មាន​ការ​សោក​ស្តាយ​ដែល​រដ្ឋាភិបាល​សម្រេច​ចិត្ត​បិទ​វិទ្យុ​វីអូឌី​ និង​ថា​ សារ​ព័ត៌មានវីអូឌី​បាន​ដើរ​តួនាទី​សម្រាប់​បម្រើ​ប្រយោជន៍ប្រជា​ពល​រដ្ឋ ​តាម​រយៈការ​ធ្វើ​ឱ្យ​សំឡេង​របស់​ពួកគេ​ត្រូវ​បាន​ឮ។​

បើ​តាម​ការី​និពន្ធ​រូបនេះ ​ការ​បិទ​វីអូឌី​ជា​រឿង​អ​យុត្តិធម៌​មួយ ​ដែល​នេះ​នឹង​ធ្វើ​ឱ្យ​សេរីភាព​សារ​ព័ត៌មាន​ ក៏​ដូច​ជា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់​តែ​ធ្លាក់​ចុះ។​

លោក​បញ្ជាក់​ថា៖​ «សារ​ព័ត៌មាន​ឯករាជ្យ​គឺ​ជា​ធាតុ​ផ្សំ​មួយ​នៃ​សង្គម​លទ្ធិ​ប្រជា​ធិបតេយ្យ។​ ឥឡូវ​នៅ​ពេល​ដែល​សារ​ព័ត៌មាន​ឯករាជ្យ​ត្រូវ​បាន​បាត់​បង់​បន្តិច​ម្តងៗ​ ទោះ​ចង់​ ឬ​មិន​ចង់​ វាធ្វើ​ឱ្យ​លំហ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុ​ជា​កាន់​តែ​រួម​តូច ​ជាពិសេស​សេរីភាព​ព័ត៌មាន​នៅ​កម្ពុជា។ ​ខ្ញុំ​ជឿ​ថា​ ប្រសិន​ស្ថាន​ភាព​នេះ​ វា​កើត​ឡើង​បែប​នេះ ​ហើយ​មិន​មាន​ការ​ដោះ​ស្រាយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ពួក​យើង​បាន​បម្រើ​ការងារ​វិញ ​សេរី​ភាព​សារ​ព័ត៌មាន​នឹង​ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​ចំណាត់​ថ្នាក់​ធ្លាក់​ចុះ​បន្ត​ទៀត»។​

ការិយាល័យ​វីអូឌី កាល​ពី​ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែល​ជា​ថ្ងៃបិទ​ការផ្សាយ​ តាម​បញ្ជា​របស់​រដ្ឋាភិបាល ។ (ស៊ុន ណារិន/វីអូអេ)
ការិយាល័យ​វីអូឌី កាល​ពី​ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែល​ជា​ថ្ងៃបិទ​ការផ្សាយ​ តាម​បញ្ជា​របស់​រដ្ឋាភិបាល ។ (ស៊ុន ណារិន/វីអូអេ)
សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​អំពី​ការ​បញ្ជា​របស់​រដ្ឋាភិបាល​ឲ្យបិទ​ការិយាល័យ​វីអូឌី។ (ស៊ុន ណារិន/វីអូអេ)
សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​អំពី​ការ​បញ្ជា​របស់​រដ្ឋាភិបាល​ឲ្យបិទ​ការិយាល័យ​វីអូឌី។ (ស៊ុន ណារិន/វីអូអេ)

នៅ​ថ្ងៃ​ចន្ទ​នេះ​ផង​ដែរ​ ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​មួយ​ចំនួន​ក៏​បាន​រាំង​ខ្ទប់​ការ​ចូល​ទៅ​កាន់​គេហ​ទំព័រ​របស់​វីអូឌី​ជា​ភាសា​ខ្មែរ ​និង​ភាសា​អង់គ្លេស​ផង​ដែរ។​

អ្នក​តាម​ដាន​មើល​ឃើញ​ថា​ ការ​បាត់​បង់​សារ​ព័ត៌មាន​ឯករាជ្យ​នេះ​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​កាន់​តែ​បាត់​បង់​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​សម្រាប់​ពួក​គេ។​

អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ មក​ការិយាល័យវីអូឌីនា​ថ្ងៃ​ចន្ទ ដែល​ជា​ថ្ងៃ​បិទ​ការផ្សាយតាម​បញ្ជា​រដ្ឋាភិបាល ។
អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ មក​ការិយាល័យវីអូឌីនា​ថ្ងៃ​ចន្ទ ដែល​ជា​ថ្ងៃ​បិទ​ការផ្សាយតាម​បញ្ជា​រដ្ឋាភិបាល ។

អ្នកស្រី​ ចក់ សុភាព ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ថ្លែង​ថា​ ការ​បិទ​វីអូឌី​ធ្វើឱ្យ​បាត់​បង់​ព័ត៌មាន​ដែល​បង្ហាញ​ពី​ភាព​អសកម្ម​នៅ​តាម​មូលដ្ឋាន​ដែល​ជា​ប្រយោជន៍​សម្រាប់​រដ្ឋាភិបាល។​

អ្នកស្រី​ថ្លែង​ថា៖ ​«ដូច​ជា​ករណី​បិទ​វីអូឌី​នេះ​ជា​ដើម ​ជា​ទម្រង់​មួយ​ទៀត​ ដែល​យើង​ឃើញ​ថា​ ស្ថាប័ន​សារ​ព័ត៌មាន​ហ្នឹង​គឺ​បាន​រង​នូវ​ការ​វាយ​ប្រហារ។ ​នេះ​ជា​ការ​ប៉ះពាល់​ខ្លាំង​ណាស់​ទៅ​ដល់​សេរី​ភាព​សារ​ព័ត៌មាន​ដែល​រដ្ឋាភិបាល​តែង​តែ​ប្រកាស​ថា​ កម្ពុជា​មាន​សេរីភាព​សារ​ព័ត៌មាន»។​

ទោះ​ជាយ៉ាងណា ​អ្នកស្រីនៅ​តែ​មាន​សង្ឃឹម​ថា​ នាយក​រដ្ឋមន្រ្តី​នឹង​អនុ​គ្រោះ ​ហើយ​អនុញ្ញាតឱ្យ​វីអូឌី​បាន​ផ្សព្វ​ផ្សាយ​ឡើង​វិញ។​

អ្នក​ស្រី​បន្ថែម​ថា៖​ «អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា​ នាយក​រដ្ឋមន្ត្រី​លោក​នឹង​មាន​ការ​បើក​ចិត្ត​ទូលាយ ​និង​មាន​ការ​អនុគ្រោះ​ ព្រោះ​យើង​ត្រូវ​មើល​ឃើញ​នូវ​គុណ​តម្លៃ​របស់​វីអូឌី​ដែល​បាន​ចូល​រួម​ចំណែក​កន្លង​មក​ជា​ជាង​គ្រាន់​តែ​មើល​ករណី​តូច​មួយ​ ហើយ​យើង​ទៅ​ចាប់​ទោស​អូស​ដំណើរ។ ​ខ្ញុំ​យល់ថា​ លោក​នឹង​ធ្វើការ​ពិចារណា»។​

លោក អ៊ិត សូធឿត នាយក​ផ្នែកប្រព័ន្ធផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​ឯករាជ្យ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​។
លោក អ៊ិត សូធឿត នាយក​ផ្នែកប្រព័ន្ធផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​ឯករាជ្យ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​។

លោក​ អ៊ិត សូធឿត ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​ ដែល​គ្រប់​គ្រង​ព័ត៌មាន​វីអូឌី ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ការ​បិទ​វីអូឌី​ ជា​បញ្ហា​ដែល​កើត​ឡើង​ភ្លាមៗ​ ខណៈ​ថា ​លោក​និង​អ្នក​ផ្សេង​ទៀត​រំពឹង​ថា​ ការ​ជជែក​ពិភាក្សា​គ្នា​នឹង​អាច​រក​ច្រក​ឃើញដើម្បី​បើក​ដំណើរ​ការ​វីអូឌី​ឡើង​វិញ។​

លោក​បញ្ជាក់​ថា៖«ឥឡូវ​ហ្នឹង​វីអូឌី​ យើង​នៅ​រក្សា​ភាព​ស្ងៀម​ស្ងាត់​នៅ​ឡើយ។​ យើង​នឹង​មិន​បន្តការ​ផ្សាយ​របស់​យើង​ទៀត​ទេ​ នៅ​ពេល​នេះ។ ​ហើយ​អ្វី​ដែល​យើង​នឹង​ធ្វើ​បន្ទាប់​គឺ​យើង​នឹង​ព្យាយាម​ធ្វើ​ការ​ឱ្យ​អស់​ពី​លទ្ធ​ភាព​ជា​មួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ដើម្បី​ឱ្យ​វីអូឌី​បន្ត​ដំណើរ​ការ​របស់​ខ្លួន ​ដើម្បី​បំពេញ​តួនាទី​ធ្វើ​ជា​សារ​ព័ត៌មាន​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​ ដែល​ប្រជា​ពល​រដ្ឋ​កម្ពុ​ជា​កំពុង​តែ​ត្រូវ​ការ»។​

ក្រសួង​ព័ត៌មាន ​នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​ចេញ​សេចក្តី​សម្រេច​មួយ​ដោយ​លុប​ចោលអាជ្ញា​បណ្ណ​របស់​វីអូឌី ​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​ផ្សាយ​អត្ថបទ​មួយ​ពាក់ព័ន្ធ​នឹង​កូន​ប្រុស​របស់​លោក ​ដែល​លោក​ហ៊ុន សែន​បាន​ទាមទារឱ្យ​ស្ថាប័ន​មួយ​នេះ ​សុំទោស​ជា​សាធារណៈ។​

ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា​ វីអូឌី​«រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​លើ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ធ្វើ​ឱ្យប៉ះពាល់​ដល់​កិត្តិយស ​និង​កិត្យានុភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ហើយ​មិន​ព្រម​ធ្វើ​ការ​កែ​សម្រួល​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន»។​

ការ​ដក​អាជ្ញា​បណ្ណ​នេះ​ធ្វើ​ឡើង​ក្រោយ​មាន​ភាព​ចម្រូង​ចម្រាស​លើ​ការ​ចុះ​ផ្សាយ​នា​សប្តាហ៍​នេះ​ជុំវិញ​រឿង​រ៉ាវ​ដែល​មាន​ការ​លើក​ឡើង​ថា​ លោក​ ហ៊ុន ម៉ាណែត ​អគ្គ​មេ​បញ្ជាការ​កង​ទ័ព​ជើងគោក​កម្ពុជា ​បាន​ចុះ​ហត្ថ​លេខា​លើ​លិខិត​មួយ​ច្បាប់​ស្តីពី​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​តួកគី។​

ទោះ​ជាយ៉ាងណា ​លោក​ ហ៊ុន ម៉ាណែត ​បាន​បដិសេធ​ថា​ លោក​មិន​បាន​ចុះហត្ថ​លេខា​ជំនួស​លោក​ហ៊ុន សែន​លើ​លិខិត​ណា​ឡើយ ​ពាក់ព័ន្ធ​នឹង​ជំនួយ​ជា​ថវិកាចំនួន​១០​ម៉ឺន​ដុល្លារដល់​រដ្ឋាភិបាល​តួកគី។ ​លោក​បានទាមទារឱ្យ​វីអូឌី​បង្ហាញ​ឯកសារ ​និង​សុំ​ទោស​រូប​លោក។​

ចំណែក​លោក​ ហ៊ុន សែន ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នឹង​លិខិត​ដែល​ VOD ​បាន​សរសេរ​ទៅ​លោកកាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​គោល​បំណងដើម្បី​បញ្ចប់​រឿង​រ៉ាវ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រតិកម្ម ​តាម​ការ​ទាមទារ​របស់​លោក​ហ៊ុន សែន។​

គួរ​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី​៩ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២៣ ​សារ​ព័ត៌មាន​ VOD ​បាន​ផ្សព្វផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណង​ជើង​ថា៖ ​«មន្ត្រី​រដ្ឋាភិបាល​ថា ​ការ​ដែល​លោក​ហ៊ុន ម៉ាណែត​ដើរ​តួនាទី​ជំនួស​ឪពុក​ក្នុង​ការ​ផ្ដល់​ជំនួយ​ឱ្យ​តួកគី​មិនមែន​ជា​រឿង​ខុស​ឆ្គង»។ ​អត្ថបទ​នេះ​បាន​ដក​ស្រង់​សម្តី​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​លោក​ផៃ ស៊ីផាន។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ផៃ ស៊ីផាន​បាន​នៅ​ឡើយ​ទេ។​

បើ​តាម​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ វីអូឌី​បាន​ក្លាយ​ជា​សារ​ព័ត៌មាន​ឯករាជ្យ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ដោយ​ចេញផ្សាយ​ជា​ភាសាខ្មែរ​ផង​ ​និង​ភាសា​អង់គ្លេស​ផង។​ ​អ្នក​សារ​ព័ត៌មាន​វីអូឌីបាន​សរសេរ​រឿងរ៉ាវ​ជាង​៦​០​ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ ​ដោយ​បាន​ចង​ក្រង​ការ​រីក​សាយ​នៃ​អគារ​ទាស​ករ​ដែល​មនុស្ស​ត្រូវ​បាន​ជួញ​ដូរ​ ​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ឧក្រិដ្ឋ​កម្ម​លើ​អ៊ីនធឺណិត។ ​អង្គការ​នេះ​បន្ថែម​ថា ​កាល​ពីខែ​សីហា​ ​ឆ្នាំមុន​ ​អ្នក​សារ​ព័ត៌មាន​វីអូឌី​៥​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ ​ហើយ​ម្នាក់​ត្រូវ​បាន​ឃាត់​ដោយ​អង្គភាព​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ខណៈ​ពេល​ដែល​កំពុង​រាយ​ការណ៍​ពី​ការ​បំផ្លិច​បំផ្លាញ​ព្រៃឈើ​នៅ​ភ្នំ​តា​ម៉ៅ។​ សារ​ព័ត៌មាន​នេះ​ក៏​បាន​ចេញ​ផ្សាយ​នូវ​រឿងរ៉ាវ​ជាច្រើន​ ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​បាន​ចង​ក្រង​ពី​ការ​រឹត​ត្បិត​លំហ​នយោបាយ ​នៅ​មុន​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG