អ្នកពាក់ព័ន្ធលើកឡើងថា ការដាក់ឲ្យដំណើរការសារព័ត៌មានវីអូឌី (VOD) ឡើងវិញនឹងផ្តល់ផលចំណេញច្រើនជាងការផ្តល់ការងារក្នុងក្របខណ្ឌរដ្ឋដល់អតីតបុគ្គលិកដែលលែងមានការងារធ្វើ។
ការលើកឡើងរបស់ពួកគេនេះធ្វើឡើង ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបញ្ជាឲ្យបិទសារព័ត៌មានវីអូឌី បានប្រកាសផ្តល់ក្របខណ្ឌរដ្ឋដល់អតីតអ្នកសារព័ត៌មានវីអូឌី ខណៈលោកបញ្ជាក់ថា លោកមិនអាចឲ្យវីអូឌីដំណើរការវិញឡើយ បើទោះមានការទទូច និងជំរុញពីភាគីពាក់ព័ន្ធ។
លោក ញឹម សុខន អ្នកកាសែតវីអូឌី ដែលធ្វើការនៅស្ថាប័ននោះ១៦ឆ្នាំមកហើយ ប្រាប់វីអូអេថា លោកចង់ឱ្យរដ្ឋាភិបាលបើកដំណើរការសារព័ត៌មានវីអូឌីឡើងវិញ ខណៈថា លោកមិនពេញចិត្តនឹងការដែលរដ្ឋាភិបាលបិទវីអូឌី ហើយផ្តល់ក្របខណ្ឌរដ្ឋឱ្យបុគ្គលិកឡើយ។ លោកនឹងមិនចូលបម្រើការជាមន្ត្រីរដ្ឋឡើយ ដោយហេតុថាលោកស្រឡាញ់អាជីពជាអ្នកសារព័ត៌មាន ដែលមានភាពឯករាជ្យ គ្មានការបង្ខំ ជាពិសេសអាចជួយប្រជាពលរដ្ឋទន់ខ្សោយ និងសង្គមបានច្រើន។
លោកបញ្ជាក់ថា៖ «ពូអត់ទាន់ពេញចិត្តនឹងអាហ្នឹងទេ។ ពូបច្ចុប្បន្ននៅស្រឡាញ់វិស័យសារព័ត៌មានឯករាជ្យ ហើយបើកាលណាយើងចូលទៅក្របខណ្ឌរដ្ឋ ចង់ ឬមិនចង់ វាស្ថិតនៅក្នុងប្រអប់នយោបាយ។ អ៊ីចឹងយើងត្រូវធ្វើអីទៅតាមបន្ទាត់នយោបាយ។ អាហ្នឹងហើយខុសពីឆន្ទៈរបស់យើងដែលយើងស្រឡាញ់វិស័យសារព័ត៌មានឯករាជ្យ។ យើងស្រឡាញ់នូវអ្វីដែលជាការណ៍ពិតនៅក្នុងសង្គម។ យើងចង់ជំរុញអភិបាលកិច្ច។ យើងចង់ជំរុញយុត្តិធម៌សង្គម។ យើងចង់ជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យ»។
លោក ញឹម សុខន ជាអ្នកសារព័ត៌មានវីអូឌីម្នាក់ ក្នុងចំណោមជាង៣០នាក់ ដែលបាត់បង់ការងារ ក្រោយការបិទសារព័ត៌មានមួយនេះ កាលពីថ្ងៃចន្ទ។ ការបិទនេះត្រូវបានរិះគន់ថា ជាការរឹតត្បិតសារព័ត៌មានឯករាជ្យ។ ប៉ុន្តែរដ្ឋាភិបាលបានបដិសេធ ដោយថាសារព័ត៌មានមួយនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រដ្ឋាភិបាល។
បើតាមអ្នកកាសែតជើងចាស់លោក ញឹម សុខន ការចូលជាមន្ត្រីរដ្ឋជាការខុសពីឆន្ទៈរបស់លោក និងថា ប្រសិនបើការងាររដ្ឋគោរពទៅតាមនីតិរដ្ឋ រដ្ឋធម្មនុញ្ញកម្ពុជា មិនមានអំពើពុករលួយ និងមានអភិបាលកិច្ចល្អ លោកអាចពិចារណាក្នុងការបម្រើការងារ។
លោកថ្លែងថា៖ «អ៊ីចឹងនៅក្នុងប្រព័ន្ធមួយដែលកំពុងតែមានកេរ្តិ៍ឈ្មោះមិនល្អអ៊ីចឹងផង យកអ្នកកាសែតដែលគ្មានវិជ្ជាជីវៈទៅដាក់ទៀត អ៊ីចឹងសួរថា យើងជួយអីដល់ប្រជាពលរដ្ឋ ជួយដល់ជនងាយរងគ្រោះ។ អាហ្នឹងបើពូគិតមើលទៅ វាអត់ទំនង។ ពូគិតថា អាហ្នឹងជាយុទ្ធសាស្ត្រច្រើនជាងវិធានការច្បាប់ ឬក៏វិធានការជួយដល់បុគ្គលិកវីអូឌីពិតប្រាកដ ចេញពីបេះដូង។ ពូមើលទៅត្រង់ចំណុចនេះ»។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា លើកឡើងថា ការផ្តល់ក្របខណ្ឌរដ្ឋដល់អតីតបុគ្គលិកវីអូឌី ជាឱកាសមួយសម្រាប់ពួកគេ។ ប៉ុន្តែលោកចោទសួរថា តើការធ្វើការងាររបស់ពួកគេដោយសារតែការស្រឡាញ់អាជីពមួយនេះ ឬក៏គ្រាន់តែដើម្បីប្រាក់បៀវត្សរ៍។
បើតាមលោក ណុប វី ការបើកដំណើរការវីអូឌីឡើងវិញ មានផលចំណេញទៅដល់រដ្ឋាភិបាល ប្រជាពលរដ្ឋ និងអតីតបុគ្គលិកវីអូឌី។
លោកបញ្ជាក់ថា៖ «នៅក្នុងករណីមួយទៀត សម្រាប់ខ្ញុំការដែលផ្តល់ឱកាសឱ្យវីអូឌីអាចដំណើរការឡើងវិញដើម្បីចូលរួមចំណែកនៅក្នុងការចូលរួមកិច្ចការងារជួយផ្សព្វផ្សាយព័ត៌មានសង្គមយើងដោយមិនចាំបាច់ចំណាយធនធានរបស់ជាតិ ធនធានរបស់រដ្ឋ ខ្ញុំគិតថា គឺជាផលមួយដែលចំណេញណាស់សម្រាប់រដ្ឋាភិបាល»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា ការផ្តល់ក្របខណ្ឌរដ្ឋជាចំណែករបស់អ្នកនយោបាយចង់ដោះស្រាយបញ្ហា ប៉ុន្តែលោកលើកឡើងជាសំណួរថា តើការបិទវិទ្យុវីអូឌីធ្វើឡើងស្របទៅតាមនីតិវិធីច្បាប់ឬយ៉ាងណា?
លោកបញ្ជាក់ថា៖ «នៅក្នុងដំណាក់កាលនៃការបិទ តើបានគោរពទៅតាមគោលការណ៍ច្បាប់ ដែលខ្លួនមាន ឧទាហរណ៍ដូចថា ច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥។ តើបានអនុវត្តបានពេញលេញ ឬស្របតាមគោលការណ៍នេះអត់?»
ការដកអាជ្ញាបណ្ណវីអូឌីត្រូវបានមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងអង្គការក្នុងស្រុកមួយចំនួនចាត់ទុកថា មិនបានអនុលោមទៅតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ អង្គការសង្គមស៊ីវិលលើកយកមាត្រា១០នៃច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា ដែលចែងថា មនុស្សមានសិទ្ធិទាមទារឱ្យមានការកែតម្រូវ និងការឆ្លើយតបពីអ្នកផ្សាយព័ត៌មាននៅពេលដែលពួកគេយល់ថា សេចក្តីថ្លែងការណ៍មួយមិនត្រឹមត្រូវ ហើយអ្នកផ្សាយព័ត៌មានត្រូវឆ្លើយតបក្នុងរយៈពេល៧ថ្ងៃ។
កាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថាដោយគិតទៅដល់ជីវភាពបុគ្គលិកវីអូឌីដែលបាត់បង់ការងារធ្វើ «ដោយកំហុសមេដឹកនាំ» លោកបានសម្រេចផ្តល់ក្របខណ្ឌរដ្ឋសម្រាប់អ្នកដែលមានបំណងចូលបម្រើកិច្ចការរដ្ឋ។ លោកបន្ថែមថា៖ «សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើងហើយយើងសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ ជនបរទេសគ្មានសិទ្ធិមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះ ឬធ្វើនោះ តាមការចង់បានរបស់ពួកគេឡើយ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ក្រសួងព័ត៌មានបានចេញសេចក្តីសម្រេចមួយ ដោយលុបចោលអាជ្ញាបណ្ណរបស់វីអូឌី តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងការផ្សាយអត្ថបទថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសលោកនាយករដ្ឋមន្រ្តីហ៊ុន សែនក្នុងការផ្តល់ជំនួយ១០០.០០០ ដុល្លារដល់ប្រទេសតួកគី សម្រាប់គ្រោះរញ្ជួយដី។ លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន លើកឡើងថា មិនមានការចុះហត្ថលេខាបែបនេះទេ ហើយទាមទារឲ្យស្ថាប័នវីអូឌីសុំទោសជាសាធារណៈ។
ក្រសួងព័ត៌មានបានបញ្ជាក់ថា វីអូឌី«រំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន»៕