លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅយប់ថ្ងៃអាទិត្យនេះ បានបញ្ជាឲ្យក្រសួងព័ត៌មានដកអាជ្ញាបណ្ណសារព័ត៌មានវីអូឌី (VOD) ក្រោយមានភាពចម្រូងចម្រាសលើការចុះផ្សាយនាសប្តាហ៍នេះ ជុំវិញរឿងរ៉ាវដែលមានការលើកឡើងថា លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានចុះហត្ថលេខាលើលិខិតមួយច្បាប់ ស្តីពីការផ្តល់ជំនួយដល់ប្រទេសតួកគី។
ការបញ្ជារបស់លោក ហ៊ុន សែន ឲ្យបិទស្ថាប័ន VOD បានកើតឡើង ក្រោយពេលលោកមិនពេញចិត្តនឹងលិខិតមួយច្បាប់ដែល VOD បានសរសេរទៅលោក ហ៊ុន សែន នារសៀលថ្ងៃអាទិត្យនេះ ក្នុងគោលបំណងដើម្បីបញ្ចប់រឿងរ៉ាវដែលនាយករដ្ឋមន្ត្រីកម្ពុជាមានប្រតិកម្ម។
លោក ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយបានចោទជាសំណួរថា៖ «តើការប្រើពាក្យសោកស្តាយនិងសូមអធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ»។
លោក ហ៊ុន សែន បានសរសេរបន្ថែមថា៖ «តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ? ទុកជូនឯកឧត្តម ផៃ ស៊ីផាន ពិនិត្យលទ្ធភាពប្តឹងទៅតុលាការ»។
លោក ហ៊ុន សែន បានឲ្យក្រសួងព័ត៌មាន «លុបចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង ១០.០០ នាទីថ្ងៃ១៣ កុម្ភៈ ២០២៣ ជាកំហិត»។
នៅក្នុងលិខិតមួយច្បាប់ដែលបានដាក់ទៅនាយករដ្ឋមន្រ្តី ស្ថាប័ន VOD បានប្រើពាក្យ «សម្តែងការសោកស្តាយ និងអធ្យាស្រ័យ» ហើយបានពន្យល់ថា អត្ថបទរបស់ខ្លួនយោងប្រភព គឺអ្នកនាំពាក្យរដ្ឋាភិបាល។
កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ សារព័ត៌មាន VOD បានផ្សព្វផ្សាយអត្ថបទមួយក្រោមចំណងជើងថា៖ «មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង»។
អត្ថបទនេះបានដកស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថា៖ «អ្នកសារព័ត៌មាន ហើយសមាសភាពអង្គការមិនមែនរដ្ឋាភិបាល គាត់ឆ្ងល់ ហើយគាត់វាយប្រហារទៅលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលដូចជាចុះហត្ថលេខាតំណាងសម្តេចតេជោ ក្នុងការផ្តល់ជំនួយហ្នឹង។ [តើគេឆ្ងល់ ឬវាយប្រហារថាយ៉ាងណាដែរ? គេថា] ហេតុដូចម្តេចបានជារដ្ឋាភិបាលមិនប្រើប្រាស់តួនាទីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី ក្នុងការផ្តល់ជំនួយហ្នឹង? ហេតុអីបានដាក់ឲ្យឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកផ្តល់ទៅវិញ? អាហ្នឹង គឺដែលគេមិនសប្បាយចិត្តហ្នឹង»។
ទោះជាយ៉ាងណា លោក ហ៊ុន ម៉ាណែត បានបដិសេធថា លោកមិនបានចុះហត្ថលេខាជំនួសលោក ហ៊ុន សែន លើលិខិតណាឡើយ ពាក់ព័ន្ធនឹងជំនួយជាថវិកា ចំនួន ១០ ម៉ឺនដុល្លារ ដល់រដ្ឋាភិបាលតួកគី។
លោក ហ៊ុន ម៉ាណែត បានសរសេរសារនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយទាមទារឲ្យវីអូឌីបង្ហាញឯកសារ និងសុំទោសរូបលោក។
លោកបានបង្ហោះសារកាលពីថ្ងៃសៅរ៍ថា៖ «ខ្ញុំសុំអោយវិទ្យុ VOD បង្ហាញឯកសារដែលបញ្ជាក់ថា ខ្ញុំបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅឲ្យប្រទេសតួកគី ដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៏មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ។ បើ VOD មិនមានឯកសារ ហើយចុះផ្សាយព័ត៌មានមិនត្រឹមត្រូវ សូមធ្វើការសុំទោស ព្រមទាំងធ្វើការកែសម្រួលព័ត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំអោយសាធារណៈមតិមានការយល់ច្រឡំក្នុងរឿងនេះ។ ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ»។
រឿងរ៉ាវនេះបានឮទៅដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រហូតដល់មានប្រតិកម្មពីរូបលោក ដោយលោកបានប្រកាសកំណត់ពេលវេលាឲ្យ VOD សុំទោសជាសាធារណៈ។
អ្នកនាំពាក្យរបស់សមាគមអាដហុក លោក ស៊ឹង សែនករុណា ប្រាប់វីអូអេថា ការបញ្ជាឲ្យដកអាជ្ញាបណ្ណសារព័ត៌មាន VOD ប៉ះពាល់សិទ្ធិសេរីភាពសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ដោយសារប្រជាពលរដ្ឋជឿទុកចិត្ត និងពេញចិត្តស្ថាប័នសារព័ត៌មានមួយនេះ។
លោកបញ្ជាក់ថា៖ «ការបាត់បង់ VOD គឺជាផ្នែកមួយដ៏សំខាន់ដែលធ្វើឲ្យបាត់បង់នូវសំឡេងប្រជាធិបតេយ្យ ដែលជាសេរីភាពសារព័ត៌មាន។ អ៊ីចឹង យើងមានការសោកស្តាយមែនទែន»។ លោកសង្ឃឹមថា រដ្ឋាភិបាលនឹងមានការពិចារណាឡើងវិញ ដើម្បីឲ្យ VOD នៅបន្តដំណើរការបាន។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីស្ថាប័នវីអូឌីភ្លាមៗបាននៅឡើយទេ៕