យុទ្ធនាការឃោសនាបោះឆ្នោតដែលមានរយៈពេល២១ថ្ងៃ បានបិទបញ្ចប់ហើយនៅថ្ងៃសុក្រនេះ ជាមួយទស្សនៈយល់ឃើញផ្សេងគ្នារបស់អ្នកគាំទ្រ សមាជិកបក្ស និងពលរដ្ឋសាមញ្ញទូទៅ ចំពោះបរិយាកាសនៅថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។
ជាមួយគ្នានោះដែរ អង្គការសិទ្ធិមនុស្សក្នុងតំបន់មួយ បានឲ្យដឹងពីការព្រមានរបស់តំណាងរាស្ត្រ ចំពោះការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដែលពួកគេចាត់ទុកថា ជា«ការចំអកដល់លទ្ធិប្រជាធិបតេយ្យក្នុងតំបន់»។
អនុប្រធានភូមិម្នាក់មកពីគណបក្សប្រជាជននៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវគឺលោក ចាន់ សារឿន ប្រាប់VOA ថា លោកសង្ឃឹមយ៉ាងមុតមាំថា នឹងមានប្រជារាស្ត្រច្រើនទៅបង្ហាញឆន្ទៈរបស់ពួកគេនៅកន្លែងបោះឆ្នោតនាថ្ងៃអាទិត្យនេះ បើទោះបីគណបក្សប្រឆាំងត្រូវបានគេដាក់ឲ្យនៅក្រៅទីលានប្រកួតក្ដី។
លោក ចាន់ សារឿន និយាយថា៖
«ទៅចឹងព្រោះខ្ញុំចុះសំណេះសំណាលជាមួយគាត់ គាត់ថា ប្រជាពលរដ្ឋដាច់ខាត ត្រូវតែចុះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា»។
អមដោយធុងបាសមួយគូ ដែលបានបំពងបទចម្រៀងនៅលើកំណាត់ផ្លូវជាតិលេខ៥ និងមានទង់គណបក្សប្រជាជន និងទង់ជាតិកម្ពុជាដំឡើងនៅពីខាងមុខកៅអីដែលលោកកំពុងអង្គុយជាមួយក្រុមអ្នកគាំទ្របក្សប្រជាជនផ្សេងទៀតនោះ លោក ចាន់ សារឿន ជឿថាគណបក្សប្រជាជន នឹងឈ្នះការបោះឆ្នោត ហើយលោកបានត្រៀមផ្ដល់សិទ្ធិសេរីភាពជូនពលរដ្ឋក្នុងមូលដ្ឋានលោកឲ្យរកស៊ីបង្កើនជីវភាព ដោយគ្មានបញ្ហាប្រឈម។
«បាទគណបក្សប្រជាជនមើលទៅ ប្រហែលអាចជាឈ្នះទៀត។ ផ្ដល់នូវគោលការណ៍ឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពត្រឹមត្រូវ រកស៊ីស្រួល អត់ពិបាក»។
លោក ជឹម វុទ្ធី សមាជិកគណបក្សនយោបាយមួយ គឺគណបក្សសញ្ជាតិកម្ពុជា ដែលចូលរួមការប្រជែងយកអាសនៈសភាសម្រាប់អាណត្តិទីប្រាំមួយនេះ ក៏មានសុទិដ្ឋិនិយមថា ពលរដ្ឋក្នុងចំនួនច្រើននឹងចូលរួម ទម្លាក់សន្លឹកឆ្នោតរបស់ពួកគេ នៅហិបឆ្នោតក្នុងថ្ងៃអាទិត្យនេះ។
«អត់មានចំនួនតិចទេ មានតែកើនឡើងបាទ មានតែកើនឡើង រួចសុខសន្តិភាពប៉ុណ្ណេះហើយអត់មានការព្រួយបារម្ភទេបាទ»។
លោកថា សន្តិភាពដែលមានសព្វថ្ងៃនេះ នឹងបញ្ជាក់ថា បរិយាកាសក្រោយការបោះឆ្នោតនឹងនៅស្ថិតក្នុងស្ថានភាពប្រក្រតី ហើយប្រជាជននិងបន្តរស់នៅដូចធម្មតា ហើយការអភិវឌ្ឍន៍ប្រទេស ក៏នឹងបន្តកើតមានទៅមុខទៀត។
«ដូចអត់មានបញ្ហាចោទ លើអ្វីទេ មានតែសន្តិភាពហ្នឹងហើយ នាំមកនូវការរីកចម្រើន»។
ក្នុងថ្ងៃធ្វើយុទ្ធនាការចុងក្រោយនេះ មានតែគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលគេសង្កេតឃើញថា បានដាក់ពង្រាយក្រុមអ្នកគាំទ្រខ្លួននៅតាមមូលដ្ឋាន ដោយមានការចាក់តន្ត្រីរៀបរាប់ពីទិដ្ឋភាពអភិវឌ្ឍន៍ និងសន្តិភាព ដែលបានមកក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩។
គណបក្សតូចៗផ្សេងទៀត ត្រូវគេឃើញថាបាន ធ្វើយុទ្ធនាការហែក្បួនដោយអន្លើ ក្នុងទ្រង់ទ្រាយ ដែលមិនអាចប្រៀបជាមួយនឹងគណបក្សប្រជាជនបានទេ។ ស្លាកសញ្ញាគណបក្សប្រជាជន ក៏ត្រូវបានគេឃើញដាក់ពង្រាយនៅតាមទីប្រជុំជន និងកន្លែងធ្វើអាជីវកម្មតូចធំរបស់ប្រជាពលរដ្ឋ។
ការរីកសាយភាយនៃស្លាកសញ្ញាគណបក្សប្រជាជននេះ បានកើតមានឡើង នៅចំពេល មិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលដោយតុលាការកំពូល។
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង និងក្រុមមន្ត្រីគណបក្សនេះ កំពុងធ្វើយុទ្ធនាការយ៉ាងខ្លាំងក្លាពីក្រៅប្រទេស ដោយអំពាវនាវឲ្យអ្នកបោះឆ្នោតទាត់ចោលការបោះឆ្នោត ដែលពួកគេចោទថា ជាការបោះឆ្នោតភូតភរកុហកបោកប្រាស់ពលរដ្ឋ ដើម្បីបន្តអំណាចរបស់លោក ហ៊ុន សែន។
អ្នកស្រី ឃុត ផាត អ្នកលក់ដូរម្នាក់នៅជាយក្រុងភ្នំពេញម្នាក់ មិនបានដឹងពីស្ថានភាពអាប់អួនយោបាយនៅក្នុងប្រទេស ក៏ដូចជាយុទ្ធនាការរបស់គណបក្សប្រឆាំងដែលទាមទារឲ្យពលរដ្ឋមានម្រាមដៃស្អាត ដើម្បីធ្វើពហិការការបោះឆ្នោតនៅថ្ងៃអាទិត្យខាងមុខនេះទេ។
អ្នកស្រីដឹងតែម្យ៉ាង គឺនឹងផ្ដល់ការគាំទ្រដល់គណបក្សកាន់អំណាច ដោយរំឭកដល់គុណនៃការរំដោះពលរដ្ឋពីសម័យខ្មែរក្រហម។
អ្នកស្រី និយាយថា៖
«រំដោះ និងជួយប្រជាជនមកពីដាច់អាពតនោះមករហូតអ៊ីចឹង ចា៎!» ។
ជាអាជីវករសាមញ្ញមួយរូបនោះ អ្នកស្រី ឃុត ផាត និយាយថា ការប្រែប្រួលស្ថានការណ៍នយោបាយក្រោយការបោះឆ្នោតយ៉ាងណានោះ អ្នកស្រី មិនអាចប៉ាន់ស្មានដឹងជាមុននោះឡើយ។
អ្នករត់រ៉ឺម៉កម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារតែការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន នឹងមិនចូលរួមការបោះឆ្នោត ជាមួយអ្នកគាំទ្រគណបក្សកាន់អំណាចនោះឡើយ។
ដោយមិនបញ្ជាក់ថា លោកជាអ្នកគាំទ្រគណបក្សណានោះ អ្នករត់រ៉ឺម៉ករូបនោះនិយាយថា លោកមិនបោះឆ្នោតទេ នៅអាណត្តិនេះ ព្រោះសន្លឹកឆ្នោតលោកមិនដែលបានធ្វើឲ្យលោក ហ៊ុន សែន ចាញ់ឆ្នោតនោះទេ។
លោកនិយាយថា៖
«គិតៗទៅ វាពិបាក បោះឲ្យអ្នកណាក៏បោះឲ្យគាត់ឈ្នះរហូត ខានបោះម្ដង»។
ពីរថ្ងៃមុនពេលការបោះឆ្នោតជាតិកម្ពុជាបានមកដល់នោះ មានការរិះគន់ពីរដ្ឋាភិបាលប្រជាធិបតេយ្យជាច្រើន និងអង្គការសិទ្ធិមនុស្សជាច្រើន ថាការបោះឆ្នោតខាងមុខជាការបោះឆ្នោតដែលឥតអៀនខ្មាស បោកប្រាស់ប្រជារាស្ត្រខ្មែរ និងជាដំណើរបើកផ្លូវឲ្យលោក ហ៊ុន សែន បានបន្តអំណាច៣៣ឆ្នាំរបស់លោកបន្ថែមទៀត។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ដែលបានតាមដានយ៉ាងដិតដល់អំពីវិបត្តិនយោបាយកម្ពុជាក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ បានព្រមានថាការបោះឆ្នោតដែលកំពុងតែមកដល់នេះ នឹងធ្វើឲ្យប្រព័ន្ធនយោបាយប្រជាធិបតេយ្យស្ថិតក្នុងភាពគ្រោះថ្នាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (Asean Parliamentarians for Human Rights) ហៅកាត់ថា APHRបានថ្លែងព្រមានពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងសេចក្ដីប្រកាសមួយចេញផ្សាយនៅថ្ងៃសុក្រនេះថា ការបោះឆ្នោតសភានៅប្រទេសកម្ពុជាថ្ងៃទី២៩ ខែកក្កដា «ជាការចំអកដល់លទ្ធិប្រជាធិបតេយ្យ» ហើយក៏នឹងគ្មានភាពសេរី និងយុត្តិធម៌ ដោយសារការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅក្នុងបរិយាកាសនយោបាយ ពោរពេញទៅដោយការគាបសង្កត់យ៉ាងខ្លាំង ខណៈដែលគណបក្សប្រឆាំងតែមួយគត់ ដែលអាចយកឈ្នះការបោះឆ្នោត គឺគណបក្សសង្គ្រោះជាតិ ត្រូវបានហាមឃាត់មិនឲ្យចូលរួមការបោះឆ្នោតនេះ។
ក្រុមសមាជិកសភាអាស៊ានដដែលនេះ បាននិយាយបន្តថា បណ្ដាញសមាជិកសភាក្នុងតំបន់ បានជំរុញសហគមន៍អន្តរជាតិ កុំបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត ឬផ្ដល់ជំនួយសម្រាប់ការបោះឆ្នោតក្នុងរូបភាពដទៃផ្សេងទៀត ដែលជាការផ្ដល់នូវភាពស្របច្បាប់ដល់ការបោះឆ្នោតដ៏សែនអាម៉ាស់នៅកម្ពុជា។
លោក Charles Santiago ប្រធានក្រុម APHR និងជាតំណាងរាស្ត្រមួយរូបរបស់សភាប្រទេសម៉ាឡេស៊ី ត្រូវបានគេស្រង់សំដីថា៖ «អ្វីដែលកើតឡើងនៅក្នុងប្រទេសកម្ពុជានៅថ្ងៃអាទិត្យនេះ នឹងមិនអាចក្លាយជាការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសោះឡើយ ទោះក្នុងន័យណាក៏ដោយ»។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានបញ្ជាក់ឲ្យដឹងទៀតថា សមាជិកសភាក្នុងតំបន់ បានព្រមានបន្ថែមថា ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា អាចបង្កឲ្យមានផលវិបាកដល់តំបន់ទាំងមូល ជាពិសេស ការបោះឆ្នោតនៅក្នុងប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ី ដែលនឹងត្រូវរៀបចំនៅឆ្នាំក្រោយ។
លោក Charles Santiago បានថ្លែងថា «ការរំលាយលទ្ធិប្រជាធិបតេយ្យ អាចបង្កើតគំរូដ៏គ្រោះថ្នាក់មួយសម្រាប់អាស៊ីអាគ្នេយ៍ទាំងមូល ជាតំបន់ដែលមេដឹកនាំផ្ដាច់ការតែងតែស្វែងរកមតិយោបល់ពីគ្នាទៅវិញទៅមក។ ភាពងាយស្រួលដែលលោក ហ៊ុន សែន ប្រើប្រាស់ក្នុងការយកស្ថាប័នរដ្ឋមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន និងការច្បាមអំណាចសម្រាប់គណបក្សរបស់លោក មិនត្រូវក្លាយជាគំរូសម្រាប់តំបន់ទាំងមូលនោះទេ។ បណ្ដាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ត្រូវយកចិត្តទុកដាក់ដោយការប្រុងប្រយ័ត្ន និងបន្តលើកយកបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាមកនិយាយ ទោះនៅក្រោយការបោះឆ្នោតនៅកម្ពុជាក៏ដោយ»។
សកម្មជនសិទ្ធិនយោបាយក្នុងតំបន់អាស៊ានរូបនេះ បានចំអកដល់លោក ហ៊ុន សែន មេដឹកនាំកម្ពុជា និងសម្ព័ន្ធមិត្តរបស់លោកថាកំពុងប្រឹងប្រែងទាំងត្រដរ ដើម្បីបង្កើតភាពស្របច្បាប់ដល់ការបោះឆ្នោតដែលពួកគេចាត់ទុកថាមិនស្របច្បាប់នេះ ដោយធានាឲ្យមានចំនួនសមរម្យដែលអាចទទួលយកបាននៃអ្នកទៅបោះឆ្នោត និងវត្តមានអ្នកសង្កេតការណ៍បោះឆ្នោត។
លោក Charles Santiago បន្តថា សហគមន៍អន្តរជាតិ មិនគួរចាញ់ការបោកបញ្ឆោតនេះឡើយ ដោយសារប្រជាពលរដ្ឋដែលក្លាហានរាប់មិនអស់ បាននិងកំពុងយកសុវត្ថិភាព និងសេរីភាពផ្ទាល់ខ្លួន ប្រថុយនឹងគ្រោះថ្នាក់ដោយការគ្រាន់តែអនុវត្តសិទ្ធិប្រជាធិបតេយ្យក្នុងការមិនទៅបោះឆ្នោត។
លោក បន្ថែមទៀតថា បណ្ដាប្រទេសដែលកំពុងផ្ដល់ភាពស្របច្បាប់ដល់ការបោះឆ្នោតដ៏សែនអាម៉ាស់នេះ មិនថាដោយគ្មានចេតនា ឬមានចេតនាក្ដី គួរពិចារណាឡើងវិញចំពោះការពាក់ព័ន្ធរបស់ខ្លួនជាមួយនឹងប្រទេសកម្ពុជា ហើយគួរបញ្ជាក់ដោយច្បាស់ថានឹងមិនអាចយកការបំផ្លាញលទ្ធិប្រជាធិបតេយ្យបានឡើយ។
បើទោះជាមានការយល់ឃើញផ្សេងៗគ្នាចំពោះដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងបក្សដឹកនាំប្រទេសរយៈពេល៥ឆ្នាំទៅមុខទៀតក៏ដោយ ក៏ការបោះឆ្នោតជាតិនៅតែដំណើរការទៅមុខឥតកែប្រែ។
ការបោះឆ្នោតជាតិនៅអាណត្តិទី៦នេះ នឹងចាប់ផ្ដើមនៅព្រឹកថ្ងៃអាទិត្យ ទី២៩ខែកក្កដាខាងមុខ ចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ៣រសៀល៕