ហ្វីលីពីន​និងស.រ.អា.​ប្រឆាំង​នឹង​សកម្មភាព​របស់​ទីក្រុង​ប៉េកាំង​ក្នុង​សមុទ្រចិន​ខាង​ត្បូង

រូបថតឯកសារ៖​ រូបថត​ដែល​ថត​ដោយ​យន្តហោះ​ស៊ើប​យកការណ៍​បញ្ចេញ​ដោយ​ក្រសួង​ការ​បរទេស​ហ្វីលីពីន​កាល​ពីថ្ងៃទី​១៥ ខែ​ឧសភា​ ឆ្នាំ២០១៤​ បង្ហាញ​​កប៉ាល់របស់​ចិន​មួយ​គ្រឿង​(ខាងលើនៃរូប)​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ពង្រីក​ផ្ទៃ​ដី​និង​រចនាសម្ព័ន្ធ​នៅលើថ្ម​ប៉ប្រះ​ទឹក​Johnson ដែល​ហ្វីលីពី​ហៅថា​ Mabini ហើយ​ចិន​ហៅថា​ Chigua នៅលើ​កោះ​Spratly​ ក្នុង​សមុទ្រចិន​ខាង​ត្បូង។

មន្ត្រីជាន់​ខ្ពស់ស.រ.អា.​និងហ្វីលីពីន​បាន​ពង្រឹង​សម្ព័ន្ធមិត្ត​ជាយុទ្ធសាស្ត្រ​របស់​គេ ក្នុង​អំឡុង​ពេល​នៃកិច្ច​ពិភាក្សា​ទ្វេរភាគី​ចំនួន​ពីរថ្ងៃ​ស្តីពី​ពាណិជ្ជកម្ម​និងវិស័យ​ការពារ​ជាតិ​ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃពុធ​ក្នុងទី​ក្រុង​ម៉ានីល។

កម្មវិធី​កិច្ចពិភាក្សា​នេះ​ផ្តោតជា​សំខាន់​ទៅលើ​បញ្ហា​សន្តិសុខ​ផ្ទៃសមុទ្រ​ ក៏ដូច​ជាក្តីបារម្ភ​នានា​អំពីការ​ទន្រ្ទាន​របស់​ប្រទេស​ចិន​ដែលកំពុង​ធ្វើបន្ត​លើថ្ម​ប៉ប្រះ​ទឹកនៅ​ឯ​ទីប្រជុំ​កោះ​ស្ព្រាតលី ​(Spratly) ​ដែល​ប្រទេស​ហ្វីលីពីន​ទាមទារ​ជា​កម្មសិទ្ធិនោះ។

កាលពី​ខែមុន​ អគ្គសេនា​ធិការ​យោធា​ហ្វីលីពិន​បានថ្លែងថា​ បើផ្អែក​ទៅ​លើព័ត៌មាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បាន​ឲ្យ​ដឹងថា​ ការដ្ឋាន​សំណង់​សង់លើតំបន់​ថ្មប៉ប្រ៉ះ​ទឹកដ៏ធំ​នៃផ្ទៃ​សមុទ្រ​ អាច​នឹងបញ្ចប់​ក្នុង​ពេល​ឆាប់ៗ។

អនុរដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពិន ​Pio Lorenzo ​Batino ​បាន​ហៅ​ការ​សាង​សង់​កោះ​លើថ្ម​ប៉ប្រះ​ទឹក​នោះ ​ដែល​កើត​ឡើង​កាលពី​ខែវិច្ឆកា​ថា​ ទំនង​ជាការ​ពង្រីក​ទីតាំង​ដើម្បី​ធ្វើ​ជា​ព្រលាន​យន្តហោះ​ ហើយជា​ក្តី​បារម្ភ​យ៉ាងខ្លាំង​របស់​ហ្វីលីពិន។

លោក​ David Shear ​អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​បានថ្លែង​ប្រាប់ក្រុម​អ្នកយក​ព័ត៌មាន​ក្រោយពី​កិច្ចប្រជុំ​ថា​ ក្រសួង​របស់​លោក​បាន​ដាក់​បញ្ចូល​ប្រាក់​កម្ចី​និង​ជំនួយ​ឥតសំណង​ចំនួន​៤០​លាន​សម្រាប់​ផ្តល់​ជូន​ប្រទេស​ហ្វីលីពិន​ក្នុងឆ្នាំ​២០១៥៕