ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាស៊ាន​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​​សមុទ្រ​ចិន​ខាងត្បូង

  • សុខ ខេមរា

លោក ​Thein Sein ​​ប្រធានាធិបតី​​​ភូមា​​ថ្លែង​​សុន្ទរកថា​​ក្នុង​កិច្ច​​ប្រជុំ​អាស៊ាន​​នៅ​​ប្រទេស​ភូមា​

សមាគម​អាស៊ាន​បាន​បង្ហាញ​ជំហរ​រួមគ្នា​ថា​ នឹង​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ជម្លោះដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​សមាជិក​របស់​ខ្លួន​និង​ប្រទេស​ចិន​ក្នុង​កិច្ច​ប្រជុំ​កំពូល​សប្តាហ៍​ខាង​មុខ​ក្នុង​ប្រទេស​ភូមា។​ ​កិច្ចប្រជុំ​កំពូល​អាស៊ាន​បាន​បង្ហាញ​ជំហរ​រួម​គ្នា​ថា ​នឹង​ធ្វើ​ឲ្យ​ជម្លោះ​នេះ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី​ក្នុង​ពេល​ដែល​ក្រុម​អ្នក​វិភាគ​ខ្លះ​អះអាង​ថា​ ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ទំនង​ជាមិន​អាច​កើត​ឡើង​ទេ​ ដោយ​សារ​ប្រទេស​អាស៊ាន​មួយ​ចំនួន​មិនចង់​ប្រឈមមុខ​ជាមួយ​ចិន។

ក្តី​បារម្ភ​អំពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ធ្វើឲ្យ​ក្រុម​មេដឹកនាំ​សមាគម​ប្រជាជាតិ​អាស៊ី អាគ្នេយ៍​ហៅ​កាត់​ថា ​អាស៊ាន​អំពាវនាវ​ឲ្យ​ប្រទេស​ជា​សមាជិក​មួយ​ចំនួន​ និង​ប្រទេស​ចិន​ ដែល​ទាមទារ​កម្មសិទ្ធិ​នៃ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ ធ្វើការ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី។​

នៅ​ក្នុង​សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​រួមមួយ​របស់​ប្រធាន​អាស៊ាន​មួយ​ហៅ​ថា ​ Chairman’s ​Statement ​ដែល​វីអូអេ​ទទួល​បាន ក្រុម​មេ​ដឹកនាំ​អាស៊ាន​នៅតែ​បង្ហាញ​ឆន្ទៈចង់​ដោះស្រាយ​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​គ្មាន​ការ​ប្រើ​កម្លាំង។​

«យើង​បន្ត​អំពាវនាវ​ដល់គ្រប់​ភាគី​ទាំងអស់​អនុវត្ត​ភាព​អត់ធ្មត់​ មិន​ប្រើ​ការ​គំរាម​កំហែង​ឬ​ប្រើ​កម្លាំង​យោធា​ ហើយ​ចៀសវាង​សកម្មភាព​ទាំងឡាយ​ ដែល​អាច​ប៉ះពាល់​ដល់​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់»។​

សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អាស៊ាន​ដដែល​ ដែល​ចេញ​ដោយ​ប្រទេស​ភូមា​ ជា​ប្រធាន​អាស៊ាន​ប្តូរវេន​នោះ​ បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ទៀត​ថា៖​

«យើង​សូម​បញ្ជាក់​ជំហរ​ជាថ្មី​អំពីការ​ប្តេជ្ញាចិត្ត​រួមគ្នា​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ និង​ប្រទេស​ចិន​ដើម្បី​ធ្វើឲ្យ​មាន​សន្តិភាព​ ស្ថិរភាព ​និង​សន្តិសុខ​លើផ្ទៃ​សមុទ្រ​ ហើយនឹង​គោរព​អនុវត្តពេញលេញ​និង​មាន​ប្រសិទ្ធភាពតាម​សេចក្តី​ថ្លែង​ការណ៍​ទាំងស្រុង​នៃ​ក្រម​ប្រតិបត្តិ​របស់​ភាគី​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ហៅថា ​DOC ។​ យើង​បាន​កត់​សម្គាល់ពីការ​ជឿនលឿន​នៃកិច្ច​ចរចា​គ្នា​ស្តីពី​ក្រម​ប្រតិបត្តិ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ ​(COC) ​និងបញ្ជាក់​ពីសារៈ​សំខាន់​នៃ​ការ​បន្ត​កិច្ច​ចរចា ​ហើយនឹង​ពន្លឿន​កិច្ចការដើម្បី​សម្រេចឲ្យ​បាន​នូវ​ក្រម​ប្រតិបត្តិ ​(COC) ​ឲ្យ​បាន​ឆាប់​ជាង​ការ​គ្រោង​ទុក»។​

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​២៥​ ដែលភូមា​ជា​ប្រធាន​ប្តូរវេន​ឆ្នាំ​នេះ ​ត្រូវ​គេ​គ្រោង​ នឹង​ធ្វើ​នៅក្នុង​ទីក្រុង​ណៃភីតោ ​( Nay Pyi Taw)​ ប្រទេស​ភូមា​ចាប់ពី​ថ្ងៃទី​៩ ​វិច្ឆិកា​ដល់​ថ្ងៃ​ ទី​១៣​ខែ​វិច្ឆិកា។​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​ប្រទេស​កម្ពុជា ​និង​មេ​ដឹកនាំ​ប្រទេស​ផ្សេងៗ​ទៀត ​ត្រូវ​គេ​ដឹង​ថា ​មាន​គម្រោងទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ដែល​មាន​ការ​ពិភាក្សា​បញ្ហា​តំបន់ ​បញ្ហា​មជ្ឈឹម​បូព៌ា​ បញ្ហា​អន្តរជាតិ​យ៉ាង​ច្រើន ​ដែល​ប៉ះពាល់​ឬ​អាច​នឹង​ប៉ះទង្គិច​ដល់​អាស៊ាន​នោះ។​

សមាគម​អាស៊ាន​នេះ​បាន​សម្តែង​ការ​បារម្ភ​ នៅ​ពេល​មានការ​ប៉ះទង្គិច​គ្នា​កន្លង​មក​រវាង​ប្រទេស​ចិន ​និង​វៀតណាម​ ហើយនឹង​ហ្វីលីពីន​ និង​ចិន។​ ហ្វីលីពីន ​និង​វៀតណាម​ជា​ប្រទេស​ដែល​មាន​ការ​តវ៉ា​ខ្លាំង​ជាង​ប្រទេស​ផ្សេងៗ​ទៀត​ ដែល​ទាមទារ​ដែន​កោះ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន​ដែរ​នោះ។​ សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អាស៊ាន​ដដែល​បាន​បញ្ជាក់​តាមខ្លឹម​សារ​ដើម​ថា៖​

«យើង​សម្តែងក្តីបារម្ភ​របស់​យើង​ចំពោះ​បញ្ហា​កើត​ឡើង​ថ្មីៗ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង​ក្នុង​តំបន់។​ យើង​សូម​បញ្ជាក់​ជំហរ​ឡើងវិញ​អំពី​សារៈ​សំខាន់​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​តំបន់​ក្នុង​ការ​ធានា​សន្តិភាព ​ស្ថិរភាព ​ធ្វើឲ្យ​ប្រសើរ​ឡើង​ផ្នែក​សន្តិសុខ​ផ្ទៃ​សមុទ្រ​ សុវត្ថិភាព ​សេរីភាព​នាវាចរណ៍​ រួមទាំង​ការ​ហោះ​ហើរ​លើ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ផង​ដែរ»។​

លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ ​សាស្ត្រាចារ្យ​សកល​វិទ្យាល័យ​ Leeds ​University នៃ​ប្រទេស​អង់គ្លេស​ បាន​ថ្លែង​ថា​ ក្រុម​ប្រទេស​អាស៊ាន​ទំនង​ជា​មិនទាន់​អាច​សម្រេចបាន​នូវ​ក្រម​ប្រតិបត្តិ​នោះ​ទេ​ ក្នុងរយៈ​ពេល​១ឆ្នាំ​២ឆ្នាំ​ទៅ​មុខ​ទៀត​ ដោយ​សារ​ថា ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជា​ល្បែង​យុទ្ធសាស្ត្រ​រវាង​ស.រ.អា.និងចិន។​ ឥទ្ធិពល​ចិន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ការ​កើន​ឡើង​ខ្ពស់ ​ហើយ​ប្រទេស​អាស៊ាន​ជា​ច្រើន ​រួមទាំង​ប្រទេស​ខ្លះ​ ដូចជា​វៀតណាម​ ដែល​មាន​បញ្ហា​ជាមួយ​ចិន ​ក៏មិន​ចង់​បង្ក​អរិភាព​ជាមួយ​ចិន​ដែរ​ ​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​សេដ្ឋកិច្ច ​ពាណិជ្ជ​កម្ម​ជា​មួយ​ចិន។​

«បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​នៅតែ​ជា​ប្រធាន​បទ​មួយ​ដ៏​ស្មុគស្មាញ​ហើយ​ក៏​ជា​ បញ្ហា​មួយ​ដ៏​រស៊ើប​ដែរ​ចំពោះ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ ដោយ​សារ​គេ​មិន​ចង់​ឃើញ​មាន​ការ​ប្រេះឆា​នៅ​ក្នុង​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​ប្រទេស​ដែល​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​ ក៏ដូច​ជា​ដៃគូ​សេដ្ឋ​កិច្ច​ដ៏​សំខាន់​គឺ​ប្រទេស​ចិន»។​

លោក​ថ្លែង​ថា​ យោង​ទៅ​លើ​កត្តា​នេះ​ ប្រទេស​អាស៊ាន​មិន​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ នោះ​ទេ​ ក្នុងការ​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ដោយ​គ្រាន់តែ​អំពាវនាវ​ឲ្យ​ដោះស្រាយ​បញ្ហា​តាម​ច្បាប់​អន្តរជាតិ ​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​ ផ្អែក​ទៅ​លើ​កិច្ច​ចរចា​សន្តិភាព​ដើម្បី​សម្រេច​បាន​នូវ​វិធាន​ការ​អនុវត្តគឺ​ក្រម​ប្រតិបត្តិ។​

លោក​បណ្ឌិត​សុខ ទូច ​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ ​យល់​ ស្រដៀង​គ្នា​ដែរ​ថា​ សមាជិក​អាស៊ាន​ពិបាក​នឹង​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ដោយ​សារ​តែ​អាស៊ាន​មាន​នយោបាយ​ការ​បរទេស​ផ្សេង​គ្នា ​ប្រព័ន្ធ​សន្តិសុខ​ផ្សេង​គ្នា ​សេដ្ឋកិច្ច​ផ្សេងគ្នា​ មានការ​ប្រជែងគ្នា​ មាន​ការ​ប្រទាញ​ប្រទង់​គ្នា ​ខ្លះ​ទៅរក​ចិន ​និង​ខ្លះ​ទៅ​រក​ស.រ.អា. ហើយនឹង​ការគ្រប់​គ្រង​ប្រទេស​បែប​ផ្សេងៗ​គ្នា​ដែលធ្វើ​ឲ្យ​ពាក្យ​ស្លោក​«អាស៊ាន​មួយ​វាសនា​តែមួយ»​នោះ ​គ្រាន់តែ​ជាចំរៀង​ពិរោះ​ស្តាប់​តែ​ប៉ុណ្ណោះ។​

«ទីមួយ​អាស៊ាន​មាន​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ផ្សេងៗ​គ្នា​ តាម​បែប​កុំម្មុយនីស្ត​ តាម​បែប​ ផ្តាច់​ការ ​តាម​បែប​ប្រជា​ធិបតេយ្យ ​ប្រជា​ធិបតេយ្យ​មាន​វិន័យ ​ប្រជា​ធិបតេយ្យ​ដើរ​ថយ​ក្រោយ។​ ទាំងអស់​ហ្នឹង​ដែល​សុទ្ធតែ​ជា​រនាំង​ក្នុង​ការ​រក​ចំណុច​រួម​សម្រាប់​ការដោះ​ស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង»។​

បញ្ហា​សមុទ្រចិន​ខាងត្បូង​មាន​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ​ពេល​ ប៉ុន្មាន​ខែចុង​ក្រោយ​ នេះ​ ក្រោយ​ពេល​ចិន​បាន​ដក​ការដ្ឋាន​ខួងប្រេង​ចេញពី​តំបន់​ប្រទាញ​ប្រទង់​គ្នា​ ដែល​វៀតណាម​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំង​នោះ។​ តែក្រុម​អ្នក​វិភាគ​បាន​អះអាង​ថា​ គ្មាន​យន្តការ ​ដ៏​គួរ​ឲ្យ​ជឿជាក់​ថា​ បញ្ហា​តានតឹង​នេះ​អាច​ទប់ស្កាត់​បាន​ទេ ​ទៅ​ថ្ងៃ​អនាគត។​ ប្រទេស​កម្ពុជា​ខកខាន​ក្នុង​ការ​ចេញ​សេចក្តី​ប្រកាស​រួម​កាលពី​ឆ្នាំ​២០១២ ​ពេល​ខ្លួន​ជា​ម្ចាស់​ផ្ទះកិច្ច​ប្រជុំ​អាស៊ាន ហើយ​មាន​ការ​រិតត្បិត​ក្នុង​ការ​ពិភាក្សា​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។ ​តែ​ឥឡូវ​បាន​ប្តូរ​ឥរិយាបទ​វិញ​ហើយ​ ដោយ​ទទូច​ឲ្យ​មាន​ការ​ពិភាក្សា​ស៊ី​ជម្រៅ។​

លោក​អាច្មាត ​រីហ្សេល ​ពឺណាម៉ា ​(Achmad Rizal Purnama)​ លេខា​ទី១​នៃ​ស្ថានទូត​ឥណ្ឌូនេស៊ី​ ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​អះអាង​ថា​ រឿង​សំខាន់​គឺ​ប្រទេស​អាស៊ាន​និង​ចិន​បង្កើត​បរិយាកាស​អំណោយ​ផល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ​នោះ​គឺ​ការ​តាក់តែង​ក្រម​ប្រតិបត្តិ ​COC ​ឲ្យ​បាន​ឆាប់។​

«នៅ​ពេល​យើង​និយាយ​អំពី​ផ្នែក​នយោបាយ​ យើង​ពិត​ជា​ចង់​បញ្ចប់​ក្រម​ប្រតិបត្តិ​ ឲ្យ​បាន​ឆាប់កាន់​តែ​ល្អ ​ពីព្រោះ​ការ​បញ្ចប់​អ្វី​គេ​ហៅ​ថា​ ក្រម​ប្រតិបត្តិ​នោះ​នឹង​ត្រួស​ ត្រាយ​ផ្លូវ​ដោយខ្លួន​ឯង​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នោះ​តាម​ទម្រង់សមរម្យ​មួយ»។​

លោក​ថ្លែង​ថា ​កិច្ច​ប្រជុំ​កំពូល​សមាគម​អាស៊ាន​និង​កិច្ច​ប្រជុំ​កំពូល​ផ្សេងៗ​ទៀត ​ដែល​មាន​ការ​ចូលរួម​ពី​ក្រុម​មេ​ដឹកនាំ​កំពូលៗ​ពី​ប្រទេស​នានា​នេះ ​នឹង​អាច​ផ្តល់​ឱកាស​ល្អ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បន្ទាន់ៗ ​ដែល​តំបន់​ និង​ពិភព​លោក​ប្រឈម​មុខ ​ឬ​ការ​ការពារ​ជា​មុន​ ដែល​លោក​បញ្ជាក់​ត្រួស​ថា ​ប្រទេស​ឥណ្ឌូនេស៊ី​ក៏​ដូច​ជា​ប្រទេស​អាស៊ាន​ដទៃទៀត​ដែរ​ បានស្នើ​ឲ្យមាន​ការ​ដោះស្រាយ​បញ្ហា​ជាច្រើន។

សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​រួម ​ដែលនឹង​ចេញ​ដោយ​ប្រទេស​ភូមានោះ​ បាន​បញ្ជាក់​ដែរ​ថា ​អាស៊ាន​រួមគ្នា​ថ្កោលទោស​ពួកក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ​ISIS ​នៅអ៊ីរ៉ាក់​ និង​ស៊ីរី ​ហើយ​គាំទ្រ​ការ​ប្រឆាំង​នឹង​អំពើ​ភេរវ​កម្ម ​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អ៊ីប៊ូឡា​ គាំទ្រ​ឲ្យ​មាន​ការ​ទប់ស្កាត់​ជំងឺ​នេះ​ បញ្ហា​ការ​ប្រែប្រួល​អាកាស​ធាតុ ​ការប្រឆាំង​នឹង​ការ​រីកសាយ​អាវុធនុយ​ក្លេអ៊ែ​ក្នុង​តំបន់​ផងដែរ​ បន្ថែម​លើ​ការ​សម្តែងក្តី​បារម្ភ​រួមគ្នា​អំពី​បញ្ហា​សាកល្បង​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាងជើង​ ដែល​អាស៊ាន​ចាត់​ទុក​ថា ​រំលោភ​លើ​ច្បាប់​អន្តរជាតិ៕

XS
SM
MD
LG