ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ជំរុញឲ្យ​មាន​​ក្រម​ប្រតិបត្តិ​សម្រាប់​ដែន​ទឹក​ក្នុង​សមុទ្រចិន​ខាង​ត្បូង


ផែនទី​សមុទ្រ​ចិន​ខាងត្បូង
ផែនទី​សមុទ្រ​ចិន​ខាងត្បូង

វ៉ាស៊ីនតោន៖ សហរដ្ឋ​អាមេរិក​ជំរុញ​ប្រទេស​ចិន​និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ដែល​ត្រូវ​បាន​ហៅ​កាត់​ថា អាស៊ាន​ ឲ្យ​ពន្លឿន​ដំណោះស្រាយ​ជម្លោះ​ដែន​ទឹក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ថ្លែង​ក្នុង​ជំនួបនៃ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​នា​ទីក្រុងញូវយ៉ក​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ លោករដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ចន ឃែររី (John Kerry) បាន​មាន​ប្រសាសន៍​ថា តំបន់​អាស៊ីអាគ្នយ៍​គឺ​ជាផ្លូវ​សមុទ្រ​ដ៏​សំខាន់និង​មាន​សកម្មភាព​ពាណិជ្ជកម្ម​មមាញឹក​បំផុត​មួយក្នុង​ពិភពលោក។ ដូច្នេះសិ្ថរភាព​នៅ​តំបន់​នេះ​ក៏​ជា​ប្រយោជន៍​ដ៏សំខាន់​សម្រាប់​ភាព​រុងរឿង​របស់​សហរដ្ឋ​អាមេរិក​ដែរ​ ដែលនេះ​គឺជា​មូលហេតុ​ដែល​សហរដ្ឋអាមេរិក​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សន្តិសុខ​ដែន​សមុទ្រនិង​ចរាចរណ៍​សមុទ្រ​ក្នុង​តំបន់​នេះ។ លោក ឃែររី ក៏​ជំរុញ​ឲ្យ​ប្រទេស​ចិន​និង​អាស៊ាន​រៀប​ចំក្រម​ប្រតិបត្តិ​រូមដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ​ឲ្យ​បានឆាប់តាម​តែ​អាច​ធ្វើ​ទៅ​បាន។

នៅក្នុង​ថ្ងៃ​សុក្រ​នេះ​ដែរ​ លោក ឌែញែល រ៉ាស្សល (Daniel Russel) ដែល​ជា​អនុរដ្ឋ​មន្រ្តីការ​បរទេសសហរដ្ឋ​អាមេរិកទទួល​បន្ទុក​កិច្ច​ការ​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក ក៏​បាន​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​បូរី​ញូវយ៉កដែរថា ប្រទេស​ដែល​ទាម​ទារ​ដែន​ទឹក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូងត្រូវ​ធ្វើ​ការ​ដោយ​ឈរ​លើ​ស្មារតី​លម្អិត​ផ្អែក​លើ​បច្ចេកទេសនិង​ស្រប​តាម​ច្បាប់​អន្តរជាតិ​ដោយ​មិន​យក​ប្រវត្តិសាស្ត្រ​ជា​គោល។ លោក​ក៏​បាន​ថ្លែង​ទៀត​ថា សហរដ្ឋ​អាមេរិក​ចង់​ឃើញ​ចិន​និង​អាស៊ាន​ធ្វើ​ការ​រួម​គ្នា​ដើម្បី​បង្កើត​ក្រម​ប្រតិបត្តិ។

«យើង​យល់​ថា ការ​វិវត្ត​លឿន​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ក្រម​ប្រតិបត្តិ​គឺ​សំខាន់​ណាស់ ទាំង​ក្រម​ដែល​ជា​ក្រប​ខណ្ឌ​ផ្អែកលើ​បទ​បញ្ញត្តិ​ដែល​គ្រប់​គ្រង​ឥរិយាបទ​របស់​គ្រប់​ភាគី​និងប្រទេស​ទាមទារនិង​ទាំង​ការ​ប្រតិបត្តិ ​ពីព្រោះ​គ្រោះ​ថ្នាក់​នឹង​កើត​ឡើង​ចំពោះ​មិន​ត្រឹម​តែ​ប្រទេស​ដែល​ពាក់​ព័ន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះតំបន់ទាំង​មូលដោយ​សារ​ឧបទ្ទវហេតុពី​ការ​ប៉ះទង្គិច​ដោយ​ប្រការ​ណាមួយ​នោះ​គឺ​ធ្ងន់ធ្ងរ​ ហើយ​ត្រូវ​ការ​ការ​គ្រប់​គ្រង»។

ប្រទេស​ដែល​ពាក់​ព័ន្ធ​នឹ​ង​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​រួមមាន ចិន តៃ​វ៉ាន់ ហ្វ៊ីលីពីន វៀតណា​ម ម៉ាឡេស៊ី ប្រ៊ុណេ និង​ឥណ្ឌូណេស៊ី។ ប៉ុន្តែ ចិន ​វៀតណាម​ ​និង​ហ្វ៊ីលីពីន មាន​ភាព​សកម្ម​ជាង​គេ​នៅ​ក្នុង​ភាព​តាន​តឹង​នេះ។

ទោះ​បី​ជាភាគី​ជម្លោះយល់​ឃើញ​ថា ត្រូវ​មាន​ក្រម​ប្រតិបត្តិ​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ដែន​ទឹក​សមុទ្រ​ខាង​ត្បូង​នេះ​ក្តី រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ពិភាក្សា​លម្អិតលើ​កិច្ច​ព្រម​ព្រៀង​រវាង​អាស៊ាន​និង​ប្រទេស​ចិន​ស្តី​ពី​ក្រម​ប្រតិបត្តិ​នេះ​នៅ​ឡើយ។ ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​បាន​ព្យាយាម​ជាង​១​ទសវត្សរ៍មក​ហើយ​ដើម្បី​ធានា​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ប្រទេស​ចិនស្តី​ពី​ក្រម​ប្រតិបត្តិ​ផ្លូវការ​។ ប្រទេស​ចិន​ទាម​ទារ​យក​ស្ទើរ​តែ​ទាំង​អស់​នូវ​ដែន​ទឹក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​សូម្បី​តែ​ដែន​ទឹក​នៅ​ជិត​ឆ្នេរ​ប្រទេស​ជិត​ខាង ហើយ​បាន​ប្រកាស​ជា​ថ្មី​ថា ខ្លួន​យល់​ព្រម​ឲ្យ​មាន​ក្រម​ប្រតិបត្តិ​មួយ​ តែ​មិន​ព្រម​ធ្វើ​សម្បទាន​ណាមួយ​ដែល​អាច​កាត់​បន្ថយ​ការ​ទាម​ទារ​របស់​ខ្លួន​នោះ​ទេ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ទៅ​ការ​ក្រុម​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​នោះ​ដែរ លោក រដ្ឋ​មន្ត្រី​ការ​បរទេស​ហរដ្ឋ​អាមេរិក ចន ឃែររី បាន​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​អាមេរិក​និង​តំបន់​អាស៊ាន។

លោក​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​ក៏​យក​ចិត្ត​ទុក​ដាក់លើ​គម្រោង​នានា​នៅតំបន់ទន្លេ​មេគង្គដែរ ដោយ​លោក​សង្កត់​ធ្ងន់ថា ទន្លេ​មេគង្គ​គឺ​ជា​ទន្លេ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ពិភពលោក ដែល​ប្រទេស​ជាច្រើន​នៅ​តាម​ដងទន្លេ​នេះ​មាន​ចំណែក​។ ហើយ​សហរដ្ឋ​អាមេរិក​ចាប់​អារម្មណ៍​ចូលរួម​ជួយ​ដោះស្រាយ​ការ​ប្រឈម​នានា​ដែល​រួម​មាន​ឋាមពល​ ​បរិស្ថាន ធនធាន​ទឹក កសិកម្ម និង​សន្តិសុខ​ម្ហូប​អាហារ​។​ លោក​ថា កិច្ច​ប្រឹង​ប្រែង​ទាំង​នេះ​អាច​ជួយកែលម្អ​ជីវភាពប្រចាំថ្ងៃ​របស់ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់នេះ។ លោក​បន្តថា ហេតុនេះ​ទាំង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​នៅ​ក្នុង​តំបន់​ត្រូវ​វិនិយោគ​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG