នៅពេលដែលលោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋបានប្រកែកដាច់អហង្ការអំពីការចោទប្រកាន់ជាច្រើនថាលោកបានរំលោភខាងស្នេហាលើស្ត្រី លោក Mike Pence បេក្ខជនអនុប្រធានាធិបតីរបស់លោកសន្យាថា ភស្តុតាងដែលច្រានចោលការចោទប្រកាន់ទាំងនេះនឹងត្រូវលាតត្រដាងឱ្យដឹង។
ជនដែលលោក Trump បានជ្រើសរើសឱ្យធ្វើជាបេក្ខជនអនុប្រធានាធិបតីរបស់លោកបាននិយាយកាលពីថ្ងៃសុក្រនៅក្នុងកម្មវិធី This Morning របស់បណ្តាញ ទួរទស្សន៍ CBS កាលពីថ្ងៃសុក្រថា «នៅមុនដំណាច់ថ្ងៃនេះ នឹងមានភស្តុតាងថែមទៀតដែលនាំឱ្យមានការសង្ស័យសាធារណៈអំពីការចោទប្រកាន់ថ្មីៗទាំងនេះ»។
លោក Pence បាននិយាយបន្ថែមថា «សូមរង់ចាំស្តាប់។ ខ្ញុំដឹងថានឹងមានព័ត៌មានថែមទៀតដែលនឹងគាំទ្រការអះអាងរបស់លោក Trump ដែលថាការចោទប្រកាន់ទាំងនេះខុសទាំងអស់»។
នៅក្នុងសេចក្តីសម្ភាសន៍មួយចំនួនតាមទូរទស្សន៍កាលពីព្រឹកថ្ងៃសុក្រ លោក Pence បានបន្ទោសបណ្តាញផ្សាយព័ត៌មានថាបានធ្វើការចោទប្រកាន់ដោយមិនបានបង្ហាញភស្តុតាងប្រឆាំងនឹងលោក Trump ដោយលោកបានចោទប្រកាន់ពួកអ្នកចោទប្រកាន់លោកថា ជាផ្នែកមួយនៃការរួមគំនិតធ្វើអំពើទុច្ចរិតដើម្បីបង្ខូចកិត្តិយសលោកជាមេដឹកនាំនៃចលនានយោបាយមួយនៅក្រៅចលនានយោបាយធំៗ។
លោក Trump បាននិយាយនៅក្នុងការប្រជុំឃោសនាបោះឆ្នោតមួយកាលពីថ្ងៃព្រហស្បតិ៍នៅ West Palm Beach រដ្ឋ Florida ថា«ក្រុមរបស់ Clinton ឋិតនៅកណ្តាលប្រព័ន្ធអំណាចនេះ។ ជនទាំងឡាយណាដែលប្រឆាំងនឹងការត្រួតត្រារបស់ពួកគេនឹងត្រូវចោទប្រកាន់ថាជាអ្នកចូលចិត្តខាងកាមគុណ ជាអ្នកប្រកាន់ពូជសាសន៍ ជាអ្នកស្អប់ជនបរទេស និងជាអ្នកគ្មានសីលធម៌»។
លោកស្រី Clinton មិនបានឃោសនាបោះឆ្នោតទេនៅថ្ងៃសុក្រ ក៏ប៉ុន្តែលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានធ្វើការឃោសនាបោះឆ្នោតក្នុងនាមលោកស្រីនៅក្នុងការប្រជុំឃោសាន នៅក្នុងក្រុង Cleveland រដ្ឋ Ohio។
លោក អូបាម៉ាបានមានប្រសាសន៍អំពីរឿងចម្រូងចម្រាស់របស់លោក Trump ដោយលោកបាននិយាយយោងដល់កំណត់សម្គាល់ដែលលោកស្រី Michelle Obama បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍។ ដោយមិនបានបញ្ចេញឈ្មោះលោក Trump លោកស្រី អូបាម៉ា បានមានប្រសាសន៍ថា ការនិយាយអំពីស្ត្រីនិងរាងកាយស្ត្រីដែលបានត្រូវថតសំឡេងមាន«ភាពឃោរឃៅនិងគួរឱ្យខ្លាច»៕