ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​ Michelle Obama បញ្ចេញ​ប្រតិកម្ម​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថ្មី​អំពី​ការ​បំពាន​ផ្លូវ​ភេទ​លើ​លោក​ Donald Trump


លោកស្រី Michelle Obama ថ្លែង​ក្នុង​យុទ្ធនាការ​មួយ​ដើម្បី​គាំទ្រ​លោកស្រី Hillary Clinton នៅ​ក្នុង​ក្រុង Manchester កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។
លោកស្រី Michelle Obama ថ្លែង​ក្នុង​យុទ្ធនាការ​មួយ​ដើម្បី​គាំទ្រ​លោកស្រី Hillary Clinton នៅ​ក្នុង​ក្រុង Manchester កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។

លោក​ស្រី Michelle Obama ​ថ្លែង​ថា​ការ​កត់​សម្គាល់​របស់​បេក្ខជន​ប្រធានាធិបតី​ម្នាក់​អំពី​ស្ត្រី​ និង​រាង​កាយ​របស់​ពួកគេ ជា​រឿង​ឃោរឃៅ គួរ​ឲ្យភ័យ​ខ្លាច និង​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់។

លោក​ស្រី​ Michelle Obama ​មិន​បាន​និយាយ​ឈ្មោះ​លោក​ Donald Trump ​ដោយ​ចំៗ​ទេ នៅ​ពេល​ដែល​លោក​ស្រី​ថ្លែង​សុន្ទរកថាមួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​មនោសញ្ចេតនា គាំ​ទ្រ​លោក​ស្រី​ Hillary Clinton ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​រដ្ឋ​ New Hampshire។ ប៉ុន្តែ​លោកស្រីពិត​ជា​បាន​និយាយ​អំពី​ការ​ចោទ​ប្រកាន់​ថ្មីៗ​ពី​សំណាក់​ស្រ្តី៤​រូប​ដែល​និយាយ​ថាលោក Trump បាន​ស្ទាប​ខ្លួន​ប្រាណ​របស់​ពួក​គេ ហើយ​បាន​ថើប​ពួកគេ​ដោយ​បង្ខំ។

«នេះ​មិន​មែន​ជា​រឿង​ធម្មតា​ទេ។ នេះ​មិន​មែន​ជា​រឿង​នយោបាយ​ធម្មតា​ទេ» នេះ​ជា​សម្តី​ដើម​របស់​លោកស្រី​ Michelle Obama។ «នេះ​ជា​រឿង​គួរ​ឲ្យ​អាម៉ាស​ដែល​មិន​អាច​អត់​ឱន​ឲ្យ​បាន​ទេ។ ហើយ​មិន​ថា​អ្នក​ឯង​ស្ថិត​ក្នុង​គណបក្សប្រជាធិបតេយ្យ គណបក្ស​សាធារណរដ្ឋ ឬ គណបក្ស​ឯករាជ្យ ក៏​ដោយ ក៏​គ្មាន​ស្ត្រី​ណា​ម្នាក់​គួរ​ត្រូវ​គេ​ធ្វើ​បែប​នេះ​ដាក់​ឡើយ។​ គ្មាន​នរណា​ម្នាក់​គួរ​ទទួល​បាន​នូវ​ការ​រំលោភ​បែប​នេះ​ឡើយ។ រឿង​នេះ​ចាំ​បាច់​ត្រូវ​តែ​បញ្ឈប់​ភ្លាមៗ»។

លោក​ស្រី Michelle Obama ​បាន​ថ្លែង​ថា​លោក​ស្រី​មិន​ត្រឹម​តែ​បារម្ភ​អំពី​ការ​ប្រើ​ប្រាស់​សម្តី​អាស​អាភាស​របស់​បុគ្គល​ដែល​មាន​អំណាច ដែល​ប៉ះពាល់​ដល់​កុមារា​ និង​កុមារី តែ​ប៉ុណ្ណោះ​ទេ។ ​លោក​ស្រី​ថ្លែង​ថា ពិភពលោក​ទាំង​មូល​ចាត់​ទុក​សរអា​ជា​គំរូ​មួយ​សម្រាប់​សិទ្ធិ​ស្ត្រី និង ការ​អប់រំ។ លោក​ Trump ​ថ្លែង​ថា រឿង​របស់​ស្ត្រី​ទាំង​នោះ ជា​រឿង​កុហក​ទាំង​ស្រុង។ លោក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​គាំទ្រ​លោក​នៅ​រដ្ឋ​ Florida កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា «រឿង​ទាំង​នោះ​ជា​រឿង​ប្រឌិត​ទាំង​អស់ ហើយ​ជា​រឿង​កុហក​យ៉ាងច្បាស់​ក្រឡែត»។ លោក​ថ្លែង​ថា​ រឿង​ទាំង​អស់​នោះ​មិន​ដែល​កើត​ឡើង​ទាល់​តែ​សោះ ហើយ​ថា​លោក​មាន​ភស្តុតាង​យ៉ាង​ច្រើន​ដើម្បី​បង្ហាញ ហើយ​ថា​លោក​នឹង​បង្ហាញ​ភស្តុតាង​ទាំង​នោះ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

XS
SM
MD
LG