ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump រិះគន់​មន្ត្រី​គណបក្ស​សាធារណរដ្ឋ​ដែល​បោះ​បង់​លោក​ ប៉ុន្តែ​ទទួល​ស្គាល់​ថា​យុទ្ធនាការ​ឃោសនា​កំពុង​ចុះខ្សោយ


បេក្ខជន​ប្រធានាធិបតី​អាមេរិកពីគណបក្ស​សាធារណរដ្ឋ លោក Donald Trump ថ្លែង​ក្នុង​ពេល​ពិភាក្សា​ដេញ​ដោល​លើក​ទី២ នៅ​សាកល​វិទ្យាល័យ​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​អាទិត្យ។
បេក្ខជន​ប្រធានាធិបតី​អាមេរិកពីគណបក្ស​សាធារណរដ្ឋ លោក Donald Trump ថ្លែង​ក្នុង​ពេល​ពិភាក្សា​ដេញ​ដោល​លើក​ទី២ នៅ​សាកល​វិទ្យាល័យ​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​អាទិត្យ។

កាល​ពី​ថ្ងៃអង្គារ ​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​វាយ​ប្រហារ​ដោយ​ពាក្យ​សម្តី​លើ​មន្ត្រី​ជាន់​ខ្ពស់របស់​គណបក្ស​ដែល​ជាប់​ឆ្នោត​និង​លើ​ពួក​សាធារណរដ្ឋ​ឯទៀតៗ​ថា​ ពួក​គេ​បាន​បោះ​បង់ចោលយុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក នៅ​ពេល​ដែល​លោក​បាន​ទទួល​ស្គាល់​ថា​ជា​ «ការ​ពិបាក​ធ្វើ​ឱ្យ​មាន​ការ​គាំទ្រ​ច្រើន»​នៅ​ពេល​ពួក​មន្ត្រី​ទាំង​នោះ​មិន​គាំទ្រ​លោក។​

នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​មួយ​ចំនួន​តាម​គណនេយ្យ​ Twitter ​របស់​លោក ​លោក Trump ​បាន​វាយ​ប្រហារ​លោក ​Paul Ryan​ ប្រធានសភា​តំណាងរាស្ត្រអាមេរិកាំង​ថា ​ជា​មេដឹក​នាំ​ម្នាក់​ខ្សោយ​ណាស់​ និង​គ្មាន​ប្រសិទ្ធិភាព​ទេ នៅ​ក្រោយ​ពេល​លោក​ Ryan ​បាន​និយាយ​ប្រាប់​ពួក​មន្ត្រី​សាធារណរដ្ឋ​ឯទៀតៗ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ លោក​មិន​ធ្វើការ​ឃោសនា​បោះឆ្នោត​ឱ្យ​លោក ​Trump ទៀត​ទេ​ ឬ​ការពារ​អត្ថាធិប្បាយ​របស់​លោក​ដែល​បាន​នាំ​ឱ្យ​មាន​ការ​អាក់​អន់​ចិត្ត​ដែល​បាន​នាំ​ឱ្យ​ក្រុម​អ្នកបោះ​ឆ្នោត​បែរ​មក​ប្រឆាំង​នឹង​មហាសេដ្ឋី​អចលនទ្រព្យ​រូប​នេះ។

ការ​ផ្សព្វផ្សាយ​វីដេអូ​មួយ​ថត​កាល​ពី​ឆ្នាំ​២០០៥​ ដែល​នៅ​ក្នុង​នោះគេ​ឮ​លោក Trump ​ធ្វើ​អត្ថា​ធិប្បាយ​ច្រឡោះ​បោះ​អំពី​ស្ត្រី​ បាន​នាំ​ឱ្យ​លោក ​Ryan​ និង​ពួក​សាធារណរដ្ឋ​ខ្លះ​ទៀត​ច្រាន​ចោលបេក្ខភាព​របស់​លោក។​

ជា​ការ​ឆ្លើយតប​ លោក ​Trump​ បាន​សរសេរ​លើ Twitter កាល​ពី​ថ្ងៃ​អង្គារ​ថា «វា​ជា​ការ​ល្អ​ប្រសើរ​ដែល​ខ្នោះ​ច្រវ៉ាក់​បាន​ត្រូវ​ដោះ​ចេញ​ពី​ខ្ញុំ ​ហើយ​នៅ​ពេល​នេះ​ខ្ញុំ​អាច​ប្រយុទ្ធ​ដើម្បី​ប្រទេស​អាមេរិក​តាមវិធី​ដែល​ខ្ញុំ​ចង់​ធ្វើ»។ លោក​បាន​និយាយ​ទៀត​ថា​ ពួក​ប្រជាធិបតេយ្យតែង​តែ​បង្ហាញ​ថា​ពួក​គេ​មាន​ស្វាមីភ័ក្តិ​ទៅ​វិញ​ទៅ​មក​ជាងពួក​សាធារណរដ្ឋ»។

​លោក​ Ryan នៅ​តែ​យល់​ព្រម​ដល់​បេក្ខភាព​លោក​ Trump ​ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា​ លោកស្រី​ Hillary Clinton ​បេក្ខជន​ប្រធានាធិបតី​អាមេរិកាំង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ឈ្នះ​លោក ​Trump​ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៨ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

លោក ​Ryan​ បាន​និយាយ​ថា​ លោក​ធ្វើការ​ឃោសនា​បោះឆ្នោត​ឱ្យ​ពួក​សហសេវិក​របស់​លោក​ខាង​គណបក្ស​សាធារណរដ្ឋ​ដើម្បី​ខិត​ខំ​ព្យាយាម​ឱ្យ​មាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​ភាគ​ច្រើន​នៅ​ក្នុង​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ជា​ជាង​ឃើញ​ជ័យជម្នះរបស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភា​ស.រ.អា.​ផ្តល់​អំណាច​ខ្លាំង​ជូន​លោក​ស្រី​ Clinton ​ក្នុង​ការ​ចាត់​វិធានការ​នីតិបញ្ញត្តិ៕

XS
SM
MD
LG