បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យនិងពីគណបក្សសាធារណរដ្ឋនឹងប្រឈមមុខគ្នាក្នុងវេទិកាជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតីលើកទីមួយក្នុងចំណោមវេទិកាទាំងបីដែលនឹងត្រូវបានគេផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ទូទាំងប្រទេសពីទីក្រុង Hampstead រដ្ឋញូវយ៉ក នៅថ្ងៃចន្ទទី២៦ ខែកញ្ញា ចាប់ពីម៉ោងប្រាំបួនយប់នៅសហរដ្ឋអាមេរិក ត្រូវនឹងថ្ងៃអង្គារ ទី២៧ ខែកញ្ញា ម៉ោងប្រាំបីព្រឹកនៅប្រទេសកម្ពុជា។
ការជជែកដេញដោលរវាងលោកស្រី Clinton និង លោក Trump ទំនងជាព្រឹត្តិការណ៍ដែលត្រូវបានគេទស្សនាច្រើនជាងគេបំផុតមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតនៅសហរដ្ឋអាមេរិក និងអាចមានផលប៉ះពាល់ទៅលើលទ្ធផលនៃការប្រកួតប្រជែងឆ្ពោះទៅកាន់សេតវិមាន។
វេទិកាជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតីលើកដំបូងនេះ នឹងក្លាយជាឱកាសដ៏សំខាន់សម្រាប់បេក្ខជនប្រជាធិបតីមកពីគណបក្សសាធារណរដ្ឋលោក Donald Trump ដែលបានធ្វើឲ្យគម្លាតនៃការបោះឆ្នោតនៅប៉ុន្មានសប្ដាហ៍នេះមកនៅប្រកៀកប្រកិតគ្នា ជាមួយនឹងបេក្ខជនប្រធានាធិបតីមកពីមកពីគណបក្សប្រជាធិបតេយ្យគឺ លោកស្រី Hillary Clinton។
លោកត្រាំបានឃោសនាដោយប្រើការសន្យាថា៖ «យើងនឹងធ្វើឲ្យសហរដ្ឋអាមេរិកខ្លាំងម្ដងទៀត។ យើងនឹងធ្វើឲ្យសហរដ្ឋអាមេរិកមានសុវត្ថិភាពម្ដងទៀតហើយយើងនឹងធ្វើឲ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត! សូមអរគុណ និងសូមឲ្យព្រះប្រទានពរដល់អ្នកគ្រប់គ្នា។ សូមអរគុណ!»។
លោកស្រី Clinton ផ្ដោតលើវេទិកាជជែកដេញដោលនេះ ដើម្បីទទួលបានការទុកចិត្តឡើងវិញពីសំណាក់អ្នកគាំទ្រ និងបញ្ជូនសាររបស់លោកស្រីស្ដីពីការចង់កសាងសេដ្ឋកិច្ចដែលមានការចូលរួមគ្រប់ភាគីឲ្យបានកាន់តែច្រើនទៀត។
លោកស្រីថ្លែងថា៖ «យើងគ្រប់គ្នាសុទ្ធតែមានតម្លៃ។ នៅសហរដ្ឋអាមេរិក ប្រទេសដែលអស្ចារ្យជាងគេបំផុតក្នុងពិភពលោក យើងជឿថា អ្នកគ្រប់គ្នាត្រូវបានបង្កើតឡើងដោយស្មើភាព!»
វេទិកាជជែកដេញដោលនេះ គឺជាព្រឹត្តិការណ៍ដែលអាចនាំឆ្ពោះទៅរកការផ្លាស់ប្តូរប្រកបដោយសក្ដានុពល។ នេះបើតាមសម្ដីរបស់លោក Mathew Dallek សាស្រ្តាចារ្យជំនួយផ្នែកគ្រប់គ្រងនយោបាយ មកពីសាកលវិទ្យាល័យ George Washington។
លោកថ្លែងថា៖ «ឥឡូវនេះការបោះឆ្នោតកាន់តែខិតជិតមកដល់ ជាងការរំពឹងទុករបស់មនុស្សជាច្រើន ដូច្នេះវាមានសារៈសំខាន់ណាស់សម្រាប់អ្នកទាំងពីរ»។
ការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ពីវេទិកាជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតីបង្កើតឡើង ក្នុងឆ្នាំ ១៩៦០ រវាងលោក Richard Nixon និង លោក John Kennedy ហើយបន្តបន្ទាប់មក វេទិកាជជែកដេញដោលនេះ មានផលប៉ះពាល់ដល់ការបោះឆ្នោតប្រធានាធិបតីមួយចំនួន។ នេះបើតាមលោក Jeremy Mayer សាស្ត្រាចារ្យជំនួយផ្នែកគោលនយោបាយ និងរដ្ឋាភិបាលនៃសាកលវិទ្យាល័យ George Mason។
លោកនិយាយថា៖ «នៅក្នុងឆ្នាំធម្មតា វេទិកាជជែកដេញដោលគឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយជាច្រើន ដើម្បីការផ្លាស់ប្ដូរ (ការប្រកួតប្រជែង) បន្ទាប់ពីសន្និបាតជាតិ។ វាជាពេលវេលាដែលមនុស្សជាច្រើនតាមដានទស្សនា»។
ទាំងលោក Trump និង លោកស្រី Clinton ពិភាក្សាបានល្អ នៅក្នុងវេទិកាជជែកដេញដោលក្នុងគណបក្សរៀងខ្លួនកាលពីដើមឆ្នាំនេះ។
ប៉ុន្តែជំហរមិនអាចស្មានត្រូវរបស់លោក Trump គឺជាបញ្ហាសម្រាប់ លោកស្រី Clinton។ នេះបើតាមសម្ដីរបស់លោក Stephen Wayne សាស្រ្តាចារ្យផ្នែករដ្ឋាភិបាល នៃសាកលកវិទ្យាល័យ Georgetwon។
លោកនិយាយថា៖ «បញ្ហារបស់ លោក Trump គឺថា លោកមិនមានរបៀបដូច លោកស្រី Hillary Clinton ឡើយ។ ប្រសិនបើអ្នករំខានដល់លោក Trump នោះលោក Trump នឹងវាយបកវិញយ៉ាងរហ័សតាមលក្ខណៈបុគ្គល»។
ភាគីទាំងពីមិនទទួលបានចំណាត់ថ្នាក់ខ្ពស់ពីសំណាក់អ្នកបោះឆ្នោត ហើយវេទិកាជជែកពិភាក្សានេះ តំណាងឲ្យទាំងឱកាស និងហានិភ័យ។ នេះបើតាមលោក Jeremy Mayer។
លោកនិយាយថា៖ «អ្វីដែលវេទិកាជជែកដេញដោលនេះអាចធ្វើបាន គឺការផ្ដល់ឲ្យបេក្ខជននូវឱកាសលើកទីពីរ ដើម្បីបញ្ចេញចំណាប់អារម្មណ៍ប្លែកពីមុន ឬពង្រឹងចំណុចអវិជ្ជមាន»។
វេទិកាជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតីសរុបទាំងអស់មានបី ហើយវេទិកាមួយទៀតគឺសម្រាប់បេក្ខជនអនុប្រធានាធិបតីទាំងពីរ គឺបេក្ខជនអនុប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក Tim Kaine និងបេក្ខជនអនុប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Mike Pence៕
ប្រែសម្រួលដោយលោក សឿន វឌ្ឍនា