វាប្រហែលជារឿងចម្លែកបន្តិចដែលសាស្រ្តាចារ្យផ្នែកទីផ្សារមួយរូបបែរជាទៅបង្រៀនវគ្គមួយស្តីពីសុភមង្គល ប៉ុន្តែលោកសាស្ត្រាចារ្យ Raj Raghunthan និយាយថា ការធ្វើដូច្នេះសមហេតុសមផលខ្លាំងណាស់។
«ក្នុងនាមជាសាស្រ្តាចារ្យមួយរូប ខ្ញុំមានអារម្មណ៍ថា វាជាកាតព្វកិច្ចរបស់ខ្ញុំក្នុងការអប់រំសិស្សនិស្សិតនិងផ្តល់ឱ្យពួកគេនូវជំនាញ និងវិធីសាស្ត្រដែលយើងត្រូវការដើម្បីឲ្យជីវិតយើងមានពោរពេញទៅដោយសុភមង្គល ការពេញចិត្ត និងមានអត្ថន័យ ដើម្បីប្រែក្លាយពីជោគជ័យនៅក្នុងអាជីពរបស់ពួកគេឲ្យទៅជោគជ័យក្នុងជីវិត»។
លោកនិយាយថា សុភមង្គលគឺជាអារម្មណ៍វិជ្ជមាន។
«វាជាប្រភេទអារម្មណ៍ដែលអ្នកចង់ជួបប្រទះ។ ប៉ុន្តែក្រៅពីនោះ វាក៏មានការពិបាកក្នុងការពន្យល់ថា អ្វីទៅជាសុភមង្គលនោះ។ សុភមង្គលអាចមានន័យខុសគ្នាសម្រាប់មនុស្សផ្សេងគ្នា។ សុភមង្គលមិនត្រឹមតែការមានអារម្មណ៍ល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ចាំបាច់ដែលយើងត្រូវមានអារម្មណ៍សប្បាយរីករាយផងដែរ។ ឧទាហរណ៍ អ្នកនឹងរស់នៅបានយូរនៅពេលដែលអ្នកសប្បាយចិត្ត។ អ្នកមានផលិតភាពកាន់តែប្រសើរប្រសិនបើអ្នកសប្បាយចិត្ត។ អ្នកមានការទទួលខុសត្រូវច្រើន ជាដៃគូដ៏ល្អ និងជាឪពុកម្តាយល្អ ប្រសិនបើអ្នកសប្បាយចិត្ត»។
លោកបាននិយាយថា ជាញឹកញយមនុស្សចង់សប្បាយចិត្ត ប៉ុន្តែពួកគេមើលរំលងសុភមង្គលដែលជាផ្នែកសំខាន់មួយនៃគោលដៅរបស់ពួកគេ។
«មនុស្សយើងទាំងអស់គ្នាហាក់ដូចជាមានគោលដៅជីវិតសំខាន់បី។ គោលដៅទីមួយគឺទេពកោសល្យក្នុងការងារអ្វីមួយ។ ខ្ញុំហៅវាថា ជាគោលដៅចំណេះ។ គោលដៅទីពីរគឺការមានអារម្មណ៍ថា យើងជាផ្នែកមួយនៃអ្វីមួយឬអ្នកណាម្នាក់ និងមានអារម្មណ៍ថាយើងមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយបុគ្គលយ៉ាងហោចណាស់ម្នាក់នៅក្នុងពិភពលោកនេះ។ គោលដៅទីបីគឺអារម្មណ៍ស្វ័យភាព ឬការមានភាពម្ចាស់ការចំពោះជីវិតផ្ទាល់ខ្លួន»។
ប៉ុន្តែនៅក្នុងសៀវភៅរបស់លោក ដែលមានចំណងជើងថា «ប្រសិនបើអ្នកឆ្លាតយ៉ាងនេះ ហេតុអ្វីបានជាអ្នកមិនសប្បាយចិត្ត?» លោកសរសេរថា មានរឿងរ៉ាវជាច្រើនដែលចូលមកក្នុងផ្លូវនៃគោលដៅទាំងនេះ ដែលលោកហៅវាថាជា «បាបកម្មនៃសុភមង្គល» (Happiness Sins) ដែលរួមមានការចង់ធ្វើអ្វីមួយឲ្យទទួលបានឧត្តមភាព ការចង់ក្លាយទៅជាអ្នកដែលគេចាប់អារម្មណ៍ខ្លាំង ការប៉ងប្រាថ្នាត្រួតលើអ្នកដទៃនិងត្រួតត្រាលទ្ធផលជីវិតរបស់ខ្លួន និងការមិនផ្តល់អាទិភាពឱ្យសុភមង្គល។
«យើងមិនប្រព្រឹត្តនៅក្នុងរបៀបមួយដែលឲ្យអទិភាពទៅលើសុភមង្គលនៅក្នុងជីវិតរបស់យើងទេ។ ផ្ទុយទៅវិញ យើងបែរជាផ្តល់អាទិភាពលើអ្វីផ្សេងទៀតដូចជាតម្លៃនៃទឹកប្រាក់ កិត្តិនាម មុខដំណែង សម្រស់ និង អ្វីៗផ្សេងៗទៀត»។
ដើម្បីសម្រេចបាននូវគោលបំណងទាំងនោះ មនុស្សជាច្រើនផ្តោតលើឥរិយាបថដែលពួកគេជឿថា នឹងធ្វើឱ្យពួកគេសប្បាយចិត្ត ជាជាងផ្តោតលើសុភមង្គលផ្ទាល់។
លោក Raghunathan ក៏បានបង្ហាញពីភាពខុសគ្នារវាងវិធីពីរយ៉ាងដែលយើងសម្លឹងមើលទៅកាន់ពិភពលោក ដែលវិធីទាំងនេះអាចប៉ះពាល់ទៅលើកម្រិតនៃការសប្បាយចិត្តរបស់យើង។ វិធីទាំងពីរនោះគឺផ្នត់គំនិតមិនគ្រប់គ្រាន់ និងផ្នត់គំនិតដែលគិតថាយើងសម្បូរលើសលប់ហើយ។
«ផ្នត់គំនិតដែលគិតថាយើងសម្បូរលើសលប់នោះ គឺជាអារម្មណ៍មួយដែលថាជីវិតរបស់អ្នកល្អប្រសើហើយ ហើយអ្នកមានអ្វីគ្រប់យ៉ាងរួចទៅហើយដែលធ្វើឲ្យអ្នកសប្បាយចិត្ត។ អ្នកមិនចាំបាច់ស្វែងរកនៅខាងក្រៅខ្លួនអ្នកទៀតទេ»។
«ហើយផ្ទុយពីផ្នត់គំនិតសម្បូរលើសលប់នេះ គឺផ្នត់គំនិតមិនគ្រប់គ្រាន់។ ផ្នត់គំនិតនេះ ជាផ្នត់គំនិតដែលគិតថា ខ្ញុំមិនមានគ្រប់គ្រាន់។ អ្នកក្លាយជាប្រភេទមនុស្សដែលគិតតែពីខ្លួនឯង និងមានភាពលោភលន់។ អ្នកចង់បានរបស់យកមកគរទុក។ អ្នកចេះតែចង់បាននេះចង់បាននោះ។ យើងទាំងអស់គ្នារស់នៅក្នុងបរិយាកាសនៃការចង់បានមិនចេះគ្រប់គ្រាន់ ដែលគំនិតនេះមានឡើងតាមរយៈការផ្សាយពាណិជ្ជកម្ម។ ខ្ញុំមកពីសាលាពាណិជ្ជកម្ម ត្រូវទេ? តែខ្ញុំទទួលស្គាល់ថា នោះគឺជាការពិត។ ផ្នត់គំនិតបែបនេះមិនមែនគ្រាន់តែកើតមានតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ គឺតាមរយៈការងាររបស់យើងផងដែរ។ មាននិន្នាការមួយដែលស្ថិតស្តេរ នោះគឺយើងតែងប្រៀបធៀបខ្លួនយើងទៅនឹងមនុស្សផ្សេងទៀត ហើយសង្កត់ធ្ងន់លើផ្នែកអវិជ្ជមាននិងការខ្វះខាតរបស់យើង។
ដើម្បីតម្រង់ផ្នត់គំនិតរបស់យើងឆ្ពោះទៅរកផ្នត់គំនិតសម្បូរលើសលប់នោះ ហើយជម្រះ«បាបកម្មនៃសុភមង្គល» លោកសាស្រ្តាចារ្យបានផ្តល់អនុសាសន៍ឲ្យធ្វើការហ្វឹកហាត់លើលំហាត់ផ្នត់គំនិតចំនួន៧យ៉ាង។ លំហាត់ទីមួយគឺការផ្តល់អាទិភាពលើសុភមង្គលរបស់យើងដោយការរំឭកខ្លួនយើងថា សុភមង្គលគឺជាគោលដៅរបស់យើងនៅក្នុងជីវិត ជាពិសេសមុនពេលធ្វើការសម្រេចចិត្តសំខាន់ណាមួយ»។
«លំហាត់ទីពីរគឺការបង្ហាញការដឹងគុណទៅនរណាម្នាក់ដែលមានឥទ្ធិពលវិជ្ជមានមកលើជីវិតរបស់យើង។ លំហាត់នេះមានឥទ្ធិពលខ្លាំងលើសុភមង្គលរបស់យើង។ លំហាត់ទីបីគឺការចង់ជួយអ្នកដ៏ទៃដោយគំនិតច្នៃប្រឌិត ដែលជាឈ្មោះដ៏ទាក់ទាញមួយនៃអំពើល្អដែលកើតមានដោយឥតព្រៀងទុក។ យើងទទួលបានសេចក្តីរីករាយច្រើនណាស់កើតចេញអំពើល្អលើអ្នកដ៏ទៃ។ លំហាត់ទីបួនគឺការមានបែបបទជីវិតដែលមានសុខភាពល្អ គេងគ្រប់គ្រាន់ បរិភោគគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណ។លំហាត់ទីប្រាំ គឺការចេះអធ្យាស្រ័យដល់អ្នកដ៏ទៃ។ ក្នុងជីវិតជាក់ស្តែង នៅពេលដែលយើងចងគំនុំនឹងអ្នកណាម្នាក់ គំនុំនោះតែងធ្វើឱ្យយើងឈឺចាប់ជាងមនុស្សដែលយើងចងគំនុំទៅទៀត។ លំហាត់ទីប្រាំមួយគឺការធ្វើឲ្យខ្លួនយើងជឿថា អ្វីដែលកំពុងកើតឡើង វានឹងក្លាយជារឿងល្អសម្រាប់អ្នកនៅទីបំផុត បើទោះបីជាពេលនេះ វាជារឿងអវិជ្ជមានក៏ដោយ។ លំហាត់ទីប្រាំពីរ គឺជាការផ្តោតការយកចិត្តទុកដាក់គ្រប់ពេលវេលា ដែលជាការហ្វឹកហាត់នៅក្នុងកាលៈទេសៈនីមួយៗ»។
លោក Raj Raghunathan និយាយថា ការអនុវត្តលំហាត់ផ្នត់គំនិតទាំងនេះអាចជួយអ្នកឲ្យឆ្លើយទៅនឹងសំណួរដែលមាននៅក្នុងចំណងជើងសៀវភៅរបស់គាត់គឺ «ប្រសិនបើអ្នកឆ្លាតយ៉ាងនេះ ហេតុអ្វីបានជាអ្នកមិនសប្បាយចិត្ត?» ហើយអ្នកនឹងមានចិត្តសប្បាយជាងមុន៕
ប្រែសម្រួលដោយ ផន បុប្ផា