ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​ខ្មែរ​វ័យ​ចំណាស់​នៅ​ឡុងប៊ិច​ចង់​ឱ្យ​ប្រធានាធិបតី​ថ្មី​ផ្តោត​លើ​សុខភាព

  • ម៉ែន គឹមសេង

រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​នាំ​គ្នា​រាំ​កំសាន្ត ដើម្បី​បំបាត់​ភាព​តានតឹង​ខាង​ផ្លូវ​ចិត្ត និង​ដើម្បី​សុខភាព នៅ​ទីក្រុង​ឡុងប៊ិច រដកាលីហ្វញ៉ា សហរដ្ឋ​អាមេរិកាំង កាល​ពី​ថ្ងៃសុក្រ ទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៥។ (ម៉ែន គឹមសេង/VOA)

សម្រាប់​ពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់​នៅ​ក្នុង​សហគមន៍​ខ្មែរ​នា​ទីក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វញ៉ា ​អ្វី​ដែល​ពួកគាត់​ចង់​ឱ្យ​អ្នក​ដឹកនាំ​ថ្មី​យក​ចិត្ត​ទុកដាក់​ដែរ​គឺ​បញ្ហា​សុខាភិបាល។

ការ​ស្ទាបស្ទង់​មតិ​ចុង​ក្រោយ​ ឱ្យ​ដឹង​ថា​ បញ្ហា​សន្តិសុខ​ជាតិ​ និង​ការ​ប្រឆាំង​ភេរវកម្ម​ស្ថិត​នៅ​ជា​ក្តី​បារម្ភ​ចម្បង​របស់​អ្នក​បោះឆ្នោត​អាមេរិកាំង​ក្នុង​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ក្នុង​ឆ្នាំ​២០១៦​នេះ។

ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់​នៅ​ក្នុង​សហគមន៍​ខ្មែរ​នា​ទីក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វញ៉ា ​អ្វី​ដែល​ពួកគាត់​ចង់​ឱ្យ​អ្នក​ដឹកនាំ​ថ្មី​យក​ចិត្ត​ទុកដាក់​ដែរ​គឺ​បញ្ហា​សុខាភិបាល។​

លោក ដេវីត អ៊ុង ​គ្រូ​បង្ហាត់​រាំ​ចង់​ឱ្យ​ថ្នាក់​ដឹកនាំ​ថ្មី​យក​ចិត្ត​ទុក​ដាក់​ដល់​ពលរដ្ឋ​ដែល​មាន​បញ្ហា​ខាង​សុខភាព​ផ្លូវចិត្ត។

«តាម​ខ្ញុំ​យល់​បងប្អូន​ទាំងអស់​គ្នា​មាន​ការ​សប្បាយ​ចិត្ត​ណាស់​ ចំពោះ​បញ្ហា​ហ្នឹង​រដ្ឋ​ និង​អ្នក​ដឹកនាំ​ទាំង​អស់​សូម​ឱ្យ​ជួយ​បង​ប្អូន ​ដែល​ចាស់​ជរា​ និង​បងប្អូន​ដែល​មាន​សតិ​អារម្មណ៍​ខាង​ផ្លូវចិត្ត​ depressed និង ​stressed ​ហ្នឹង​ សូម​គ្រប់​ក្រសួង​ដែល​កាន់​កាប់​សូម​ជួយ​បន្ត​ទៀត‍»។​

​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​វ័យ​ចំណាស់​ជាច្រើន​ដែល​ឆ្លងកាត់​របប​ខ្មែរ​ក្រហមមាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ ហើយ​ពួកគាត់​តែង​មក​ហាត់​ប្រាណ​តាម​ក្បាច់​រាំ និង​ក្បាច់​តៃជិ​ ដើម្បី​ជួយ​ព្យាបាល។

លោក​ស្រី សាត អ៊ុម ​មាន​សំណូមពរ​សម្រាប់​អនាគត​អ្នក​ដឹកនាំ​ថ្មី៖ «ចង់​ឱ្យ​គាត់​ជួយ​ដូច​ជា​ចាស់ៗ ​យើង​ឱ្យ​នៅ​បាន​តែ​សុខភាព​ល្អ​ ដូចជា​ខ្មែរ​យើង​ជន​ភៀសខ្លួន​មក​ដែល​មាន​ការពិបាក​ឆ្លងកាត់​មក​សូម​ឱ្យ​គាត់​ជួយ»។​

លោកស្រី​ ផួង ហ៊ួយ ​អ្នក​ហាត់​រាំ​យល់​ស្រប​ដែរ៖ «បញ្ហា​សុខភាព​ ហើយ​នឹង​ជួយ​ក្នុង​មណ្ឌល​មនុស្ស​ចាស់​យើង‍»។​

សកម្មជន​សហគមន៍​បាន​ខិតខំ​ធ្វើការ​ ដើម្បី​ជួយ​ជំរុញ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ឱ្យ​ទៅ​បោះឆ្នោត ​ហើយ​គេ​រំពឹង​ថា​ នឹង​មាន​អ្នក​ទៅ​បោះឆ្នោត​ច្រើន​ជាង​រាល់ដង។

លោក​ ហ្ការី អ៊ឹង ​អនុប្រធាន​ក្រុង​ខ្មែរ​ឬ​ខ្មែរ​ថោន៖ «នៅ​ពេល​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​រើស​ប្រធានាធិបតី​ថ្មី​នៅឆ្នាំ​២០១៦​នេះ ​ប្រជាជន​ខ្មែរ​យកចិត្ត​ទុក​ជាងមុន ​គឺ​គ្រាន់​បើ​ជាង​មុនៗ ​ពីព្រោះ​គេ​យល់​ពី​តម្លៃ​នៃ​ការបោះឆ្នោត។ ហើយ​គេ​ចង់​បាន​ប្រធានាធិបតី​ណា​ដែល​គិត​បង្កើត​ការងារ​ឱ្យ​បាន​ច្រើន​ ហើយ​ខាង​សង្គមកិច្ច​វិញ​ មាន​ខាង​សុខភាព​ ខាង​ការសិក្សា​អប់រំ។ ឥឡូវនេះ​ពួក​យើង​កំពុង​តែ​តាមដាន​ថា​ តើ​បេក្ខជន​ប្រធានាធិបតី​មួយ​ណា​ដែល​យើង​ពេញ​ចិត្ត​ហើយ​ពេល​នោះ​យើង​ចាប់ផ្តើម​សម្រេច​ចិត្ត‍»។​

លោក​ថា ​ខាង​ក្រុម​ខ្មែរ​ថោន​ ឬ​ក្រុង​ខ្មែរ ​តែងតែ​ជួយ​ជំរុញ​ដល់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ឱ្យ​ទៅ​បោះឆ្នោត៖ «ខ្មែរ​ថោន ​យើង​ជួយ​អប់រំ​គាត់​ទៅ​តាម​ពេល​មាន​ពិធី​រាត្រី​សមោស​ ជា​កម្មវិធី​ថោន​ហល​មីទីង​ គ្រប់​ពេល​ទាំងអស់​គឺ​យើង​ផ្តាំ​ផ្ញើ​ឱ្យ​គាត់​ចេញ​ទៅ​បោះឆ្នោត‍»។​

ការ​បោះឆ្នោត​ប្រធានាធិបតី​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៨ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦​នេះ​ ដើម្បី​ជ្រើសរើស​អ្នកកាន់​តំណែង​បន្ត​ពី​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា ​ដែល​នឹង​បាន​កាន់​តំណែង​ពីរ​អណត្តិ​ពេញ​នៅ​ដំណាច់​ឆ្នាំ​នេះ៕

XS
SM
MD
LG