ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ឡុងប៊ិច​មនុស្ស​ចាស់​រាំ​ដំណាច់​ឆ្នាំ​និង​ដើម្បី​សុខភាព​ផ្លូវចិត្ត​ល្អ​ប្រសើរ


Afina, Gretsiya
Afina, Gretsiya

ជា​រៀងរាល់​ចុង​ឆ្នាំ​មនុស្ស​ចាស់​មួយ​ក្រុម​ដ៏​ធំ​នៅ​ទីក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក​មាន​ឱកាស​សប្បាយ​ជុំ​គ្នា​ និង​បាន​រាំ​កំសាន្ត​។

ជា​រៀងរាល់​ចុង​ឆ្នាំ​មនុស្ស​ចាស់​មួយ​ក្រុម​ដ៏​ធំ​នៅ​ទីក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក​មាន​ឱកាស​សប្បាយ​ជុំ​គ្នា​ និង​បាន​រាំ​កំសាន្ត។

តែ​នេះ​មិន​មែន​ជា​ការ​រាំ​កំសាន្ត​ធម្មតា​ទេ។ វា​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត ​និង​បញ្ហា​សុខភាព​ដែល​ពួក​គាត់​ជួប​ប្រទះ​ក្នុង​ជីវិត។

ក្បាច់​រាំរែក​លាយ​នឹង​ក្បាច់​ដាវ​តៃជិ​ត្រូវ​បាន​មូលនិធិ​លើស​ពី​ការ​សុបិន្ត​ប្រើ​ប្រាស់​ជា​មធ្យោបាយ​ជួយ​ដល់​អ្នក​ដែល​មាន​វិបត្តិ​ក្នុង​សហគមន៍។ ​

លោកស្រី​ ណាន់ស៊ី លី​ ប្រធាន​មូលនិធិ​លើស​ពី​ការសុបិន្ត​បាន​បញ្ជាក់​ពី​ហេតុផល​ដែល​លោក​ស្រី​សម្រេច​ជួយ​ដល់​មនុស្ស​វ័យ​ចាស់​ និង​អ្នក​ដែល​មាន​វិបត្តិ​ក្នុង​សហគមន៍៖

«ដោយ​សារ​អ្នក​ខ្លះ​គាត់​អត់​សូវ​ចេះ​ភាសា​អង់គ្លេស​ ហើយ​ដល់​ពេល​កូន​គាត់​ទៅ​ធ្វើការ ឬ​ទៅ​រៀន​អស់​អញ្ចឹង​ទៅ​ គាត់​នៅ​ផ្ទះ​អផ្សុក​ម្នាក់​ឯង។ ​ហើយ​ពេល​ណា​ដែ​ល​គាត់​អផ្សុក​នៅ​ផ្ទះ​ម្នាក់​ឯង​ នៅស្ងៀម​អីចឹង​ទៅ​វា​អាច​រំលឹក​រឿង​ចាស់​ ឬក៏​ផ្លូវ​ចិត្ត​លំបាក​ម៉្លោះ​។ ហើយ​ខ្ញុំ​នឹក​ឃើញ​ថា​ បើ​សិន​ជា​ខ្ញុំ​ទទួល​យក​កម្មវិធី​បម្រើ​ចាស់ៗ​ហ្នឹង​ គឺ​ឱ្យ​គាត់​មក​ជា​កន្លែង​មួយ​គឺ​ថា​កំដរ​អារម្មណ៍​របស់​គាត់‍»។​

ជា​រៀង​រាល់​ថ្ងៃ​ ពួកគាត់​ទទួល​ការ​ហ្វឹកហ្វឺន​ និង​ព្យាបាល​តាម​រយៈ​ការ​ហាត់​ប្រាណ​នៅ​មជ្ឈមណ្ឌល​កំសាន្ត​នៅ​ទីក្រុង​ឡុងប៊ិច ​រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក។

លោក ​ សំបូរ ចៅ ​អ្នក​សម្របសម្រួល​កម្មវិធី​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«យើង​មាន​កម្មវិធី​រាំ​ផង ​មាន​តៃជិ ​ផង​ មាន​ ESL ​ផង​ និង​យោហ្កា​ផង។ ហើយ​ផល​ប្រយោជន៍​គឺ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​បាន​សុខភាព​ល្អ​ ហើយ​ក្នុង​មួយ​ខែ​ម្តង​ យើង​មាន​ធ្វើ​ Birthday ​ជូន​គាត់‍»។​

លោក​គ្រូ​បង្វាត់​រាំ​ ដេវីត អ៊ុង ​បាន​បញ្ជាក់​ពី​អ្នក​ដែល​លោក​បង្វាត់។​

«ភាគ​ច្រើន​ជា​មនុស្ស​ចាស់​ និង​មនុស្ស​ដែល​មាន​សតិអារម្មណ៍។ សតិ​អារម្មណ៍​ដូចជា​មាន​វិបត្តិ​តាម​ផ្លូវ​ចិត្ត​ និង​ Depressed ​និង​ Stressed‍...ក្នុង​ការ​រាំ​ជួន​កាល​ខ្ញុំ​បង្រៀន​ជា​ស្លូវ៉ាល់ ​ជា​ឆាឆាឆា ​ជារ៉ុក ជា​រ៉ុមបា​ ជា​តាំងហ្កោ ​ទៅ​តាម​សមត្ថភាព​កូន​សិស្ស​ទាំង​អស់‍»។​

រីឯ​លោកគ្រូ​ ភីធឺ​ តាំង ​ដែល​បាន​ស្ម័គ្រចិត្ត​ជួយ​បង្ហាត់​ក្បាច់​តៃជិ​ជិត​បួនឆ្នាំ​បាន​ពន្យល់​ពី​ផល​ប្រយោជន៍​នៃ​ព្យាបាល​នេះ៖​

«តៃជិវា​ជួយ​បំបាត់​ជំងឺ​គិត​ច្រើន​ និង​ទីពីរ​ជួយ​ព្យាបាល​ជំងឺ​ក្នុង​ខ្លួន ​និង​ក្រៅ​ខ្លួន​មួយ​ចំនួន‍»។

អ្នកស្រី​ ផួង ហ៊ួយ ​ហាត់​តៃជិ បី​ខែ​មក​ហើយ៖

«គិត​ច្រើន​ទៅ ​បាន​មក​ហាត់​ទៅ​វា​បាន​ធូរធា​ដែរ។ ធូរ​ទាំង​អស់។ សប្បាយ»។

អ្នកស្រី​ អ៊ុម សាត ​អាយុ​៨៥ឆ្នាំ​បាន​ហាត់​ប្រាណ​១០ឆ្នាំ​ ហើយ​ដោយ​ហាត់​តៃជិ ​យោហ្កា ​និង​រាំ។

«កន្លែង​នេះ​ជួយ​ចាស់ៗ​យើង​បំភ្លេច​អារម្មណ៍​ពី​ការ​ចុកចាប់​ក្នុង​ជីវិត​នៅ​ផ្ទះ​ពិបាក​ចិត្ត។ យើង​មក​កន្លែង​នេះ​ទៅ​ធ្វើ​ឱ្យ​យើង​ភ្លេច​គិត‍»។

លោកស្រី​ ជូ ស៊ាចាវ ​អាយុ​៨៥ឆ្នាំ​ មក​ហាត់​ប្រាណ​រយៈពេល​មួយឆ្នាំ​ហើយ ​ដោយ​ ហាត់​យូហ្កា​ និង​លំហាត់​ប្រាណ៖​

«ពេល​ទៅពេទ្យ​គេ​ប្រាប់​ថា​ថ្នាំ ​មិន​អាច​ជួយ​អ្នក​ឯង​បាន​គ្រប់​គ្រាន់​ទាំង​អស់​ទេ។ អ្នក​ឯង​ខំប្រឹង​ខ្លួន​ឯង​ដែរ។ បាន​ជាខ្ញុំ​ខំ​តស៊ូ​មក‍»។​

លោក​ គឹមឆា ហួត ​អគ្គ​កុងស៊ុល​កិត្តិយស​នៃ​ប្រទេស​កម្ពុជា​ប្រចាំ​ទីក្រុង​ឡុងប៊ិច​ យល់​ថា​ ការ​បង្កើត​កម្មវិធី​នេះ​គឺ​ជួយ​ដល់​ចាស់ៗ​ដែល​នៅ​ផ្ទះ​ឯកោ​ ហើយ​មាន​សកម្មភាព​ដែល​យើង​អាច​ចូល​មក​កំសាន្ត​ជួបគ្នា ​ដើម្បី​បំបាត់​ការ​អផ្សុក​ មាន​ការ​សន្ទនា​គ្នា​ទៅវិញ​ទៅមក​ មាន​មិត្តភក្តិ៖

«ព្រោះ​អ្វី​នៅ​ទីនេះ​ ភាគច្រើន​ក្មេងៗ​កូន​ចៅ​គេ​ទៅ​ធ្វើ​ការ​អស់​ហើយ។ ហើយ​ចាស់ៗ​នៅ​ផ្ទះ​ម្នាក់​ឯង។ អីចឹង​ហើយ​ជា​កម្មវិធី​មួយ​ដែល​ចាស់ៗ​យើង​មាន​ផល​ប្រយោជន៍​ដែល​បាន​ចូលរួម​ពិធី​រាំរែក​ ដើម្បី​បំបាត់​ការ​អផ្សុក​ ដើម្បី​ឱ្យ​បាន​អាយុ​យឺនយូរ។ ណា​មួយ​សុខភាព​ក៏​បាន​ល្អ​ដែរ‍»។​

សម្រាប់​ពិធីបុណ្យ​គ្រីស្តម៉ាស់ ​និង​ដំណាច់​ឆ្នាំ២០១៥​នេះ​ ក្បាច់​រាំ​ដែល​ពួក​គាត់​បាន​យក​មក​បង្ហាញ​អ្នក​ចូលរួម​ទស្សនា​ប្រហែល​ជិត​៣០០នាក់​នៅ​ភោជនីយដ្ឋាន​ឡាលូន ​កាលពី​ថ្ងៃសុក្រ ​នៅ​ទីក្រុង​ឡុងប៊ិច​នេះ​គឺ​បង្ហាញ​ពី​សុខភាព​ផ្លូវ​កាយ ​និង​ផ្លូវ​ចិត្ត​ដែល​បាន​ល្អ​ប្រសើរ​ជាង​មុន៕

XS
SM
MD
LG