គណបក្ស​ប្រឆាំង​ទាមទារ​កុំឱ្យ​ស្ថាប័ន​គ.ជ.ប. លុប​បញ្ជី​បេក្ខជន​ទាំងមូល​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ភ្លើង​ទៀន ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ការិយាល័យ​កណ្តាល​របស់​គណបក្ស​ភ្លើង​ទៀន ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២២ ។ (លាស់ លីបលីប/វីអូអេ)

គណ​បក្ស​ប្រឆាំង​ចំនួន​ពីរ​ គឺ​គណ​បក្ស​ភ្លើង​ទៀន ​និង​គណបក្ស​ឆន្ទៈ​ខ្មែរ​ បាន​ទាម​ទារ​ឱ្យ​ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត​ពិចារណា ​និង​រក្សា​ទុក​បញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត ​ដែល​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា​គ.ជ.ប.​ បាន​លុប​ចេញ​ពី​ឃុំ​សង្កាត់​មួយ​ចំនួន។ ​ការណ៍​នេះ ​បណ្តាល​ឱ្យ​ឃុំ​សង្កាត់​ទាំង​នោះ​មិន​មាន​ឈ្មោះ​គណ​បក្ស​ទាំង​នោះ​ចូល​រួម​ប្រកួត​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥ ​ខែ​មិថុនា​ ឆ្នាំ​២០២២។​

ភាគ​ច្រើន​នៃ​បេក្ខជន​ទាំងនោះ​មក​ពី​គណបក្ស​ភ្លើង​ទៀន ​ដែល​បញ្ជីឈ្មោះ​បេក្ខជន​គណបក្ស​ទាំង​មូល​ត្រូវ​បាន​លុប​ចោល​ក្នុង​ឃុំ​សង្កាត់​ចំនួន​១១​ ដែល​ក្នុង​នោះ​៨​នៅ​រាជធានី​ភ្នំពេញ ​ ២​នៅ​ខេត្ត​កំពង់ចាម ​និង​១​នៅ​ខេត្ត​ពោធិ៍សាត់។ ​នៅ​រាជធានី​ភ្នំពេញ ​មាន​សង្កាត់​ទួល​ស្វាយ​ព្រៃ១ ​ សង្កាត់​មនោរម្យ ​ សង្កាត់​ផ្សារ​ដើម​គរ សង្កាត់​ព្រែកលៀប ​សង្កាត់​ក្បាល​កោះ ​ សង្កាត់​អូរឫស្សី​១ ​ សង្កាត់​អូរឫស្សី​២ ​និង​សង្កាត់​ដេប៉ូ​ទី​១។ ​ នៅ​កំពង់ចាម ​មាន​សង្កាត់​កំពង់ចាម ​និង​សង្កាត់​បឹងកុក។ ​នៅ​ខេត្ត​ពោធិ៍សាត់ ​មាន​ឃុំ​កណ្តៀង។​

គណបក្ស​ភ្លើង​ទៀន​បាន​ចាត់​ទុក​ការ​សម្រេច​របស់​ស្ថាប័ន ​គ.ជ.ប.​ ជា​ការ​សម្រេច​ទាំង​បំពាន​ និង​មិន​ត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់​ឡើយ ​ហើយ​បណ្តាល​ឱ្យ​បេក្ខជន​ផ្សេង​ទៀត​បាត់បង់​ឱកាស​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​ខាង​មុខ​នេះ។ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ចេញ​ផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៤ ខែ​មេសា​ ឆ្នាំ​២០២២។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍ ​ គណបក្ស​ភ្លើង​ទៀន​បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​សម្រេច​របស់​គ.ជ.ប.​ ដោយ​ថា​ វា​ជា​រឿង​អយុត្តិធម៌​ ហើយ​ការ​សម្រេច​នេះ​មាន​ទំនោរ​នយោបាយ ​និង​មិន​បាន​ស៊ើប​អង្កេត​ច្បាស់​លាស់។​

រូបភាព​ឯកសារ៖ ទីស្នាក់ការ​គណៈកម្មាធិការជាតិ​ រៀបចំ​ការ​បោះឆ្នោត​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី​១៩​ ខែមករា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ការិយាល័យ​កណ្តាល​របស់​គណបក្ស​ភ្លើង​ទៀន ​ក្នុង​ខណ្ឌ​សែនសុខ​រាជធានី​ភ្នំពេញ ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក ​ថាច់ សេដ្ឋា ​បាន​ស្នើ​ទៅ​គ.ជ.ប.​ ពិចារណា​ផ្តល់​បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឡើង​វិញ ​ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ក្នុង​ការ​ប្រកួត​ប្រជែង​ ដោយ​ស្មើ​ភាព​ សេរី​ និង​យុត្តិធម៌។​ លោក​បន្ត​ថា​ គ.ជ.ប.​ មិន​គួរ​សម្រេច​ចិត្ត​លុប​បញ្ជី​ឈរ​ឈ្មោះ​ទាំង​ស្រុង ​ដោយ​សំអាង​ត្រឹម​តែ​បុគ្គល​ម្នាក់ៗ​ ឬ​ពីរ​នាក់​ដែល​មាន​ភាព​មិន​ប្រក្រតី​ឡើយ​ ពី​ព្រោះ​នៅ​មាន​ប្រជា​ពលរដ្ឋ​ និង​សកម្ម​ជន​បម្រុង​ច្រើន​នាក់​ទៀត​ ដែល​ចង់​ឈរ​ឈ្មោះ​ឱ្យ​គណបក្ស​ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​ខាង​មុខ​នេះ។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ យើង​ខ្ញុំ​មិន​អាច​ទទួល​យក​នូវ​សេចក្តី​សម្រេច​របស់​គ.ជ.ប.​ នេះ​បាន​ទេ​...​ដូច​យើង​ឃើញ​ថា​ វា​អយុត្តិធម៌​ណាស់​ ហើយ​វា​ជា​ការ​បំបិទ​សិទ្ធិ​សេរី​ភាព​ផង។ ​ ហើយ​បើ​និយាយ​ពី​គណបក្ស​នយោបាយ​វា​ធ្ងន់ធ្ងរ​ណាស់។​ ពី​មុន​យើង​ឮ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។​ វា​ងាយ​ទេ។​ រំលាយ​ចោល​ហើយ​គណបក្ស​ទាំង​មូល។ ឥឡូវ​បែរជា​មើល​ទៅ​ហាក់​ដូច​ជា​ដូច​នីតិវិធី ​របៀប​រំលាយ​មូលដ្ឋាន​[ការ​លុប​បញ្ជី​ឈរ​ឈ្មោះ​ឃុំ​សង្កាត់]​ ដល់​រំលាយ​ច្រើន​ពេក​ តើ​ឱកាស​[ប្រកួត​ប្រជែង​បោះ​ឆ្នោត​នៅ]​ឯណា? ​នេះ​រយៈ​ពេល​ខ្លី​គាត់​ [គ.ជ.ប.]​ ធ្វើ​ប៉ុណ្ណឹង។ ចុះ​បើ​ក្រោយ​ គាត់​ធ្វើ​បែប​ហ្នឹង​ទៀត​ រំលាយ​ឃុំ​សង្កាត់​ទាំង​អស់។ ​អ៊ីចឹង? ​គណបក្ស​មាន​តែ​ឈ្មោះ​ហ្នឹង»។​

លោក ​ថាច់ សេដ្ឋា ​បញ្ជាក់​ថា ​ការ​លុប​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ទាំង​ស្រុង​ចេញ​ពី​ឃុំ​សង្កាត់​មួយ​ចំនួន​នេះ ​គឺ​ជា​«ប្រវត្តិ​សាស្រ្ត​ថ្មី» ​និង​«លើក​ទីមួយ»​សម្រាប់​ការ​រៀបចំ​ដំណើរ​ការ​បោះឆ្នោត​នេះ។​

លោក​បន្ត​ថា៖​ «ជា​ប្រវត្តិ​សាស្រ្ត​លើក​ទី១​ហើយ​ បោះ​ឆ្នោត​តាំង​ពី​អាណត្តិ​ទី១​ដល់​ទី​៥ ​គឺ​ទី៥​នេះ ​ហើយ​ដែល​មាន​ពាក្យ​ប្តឹង។ ​ពី​មុន​សូម្បី​ប្តឹង​រឿង​បេក្ខជន​អត់​មាន​ផង​ កុំ​ថា​ ឡើយ​រំលាយ​បញ្ជី។​វា​អត់​មាន។ ​ ឥឡូវ​នេះ​ គឺ​អាណត្តិទី​៥​ចាប់​ផ្តើម​មាន​ហើយ។ ​ហើយ​បើ​មាន​របៀប​នេះ​ត​ទៅ​មុខ​ទៀត​ គឺ​ចប់​ហើយ​ ...​មិន​អាច​មាន​ឱកាស​ក្នុង​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​គ្នា​អី​ទេ​ ពីព្រោះ​យក​ច្បាប់ ​យក​នីតិវិធី​រំលាយ​បញ្ជី​យ៉ាង​ងាយៗ​បែប​នេះ​នោះ»។​

បើ​តាម​លោក​ ថាច់ សេដ្ឋា ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ​សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន​ ត្រូវ​បាន​ទទួល​ស្គាល់ ដោយ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​រួច​រាល់​ហើយ​ ប៉ុន្តែ​ហេតុអ្វី​បាន​ជា​មាន​ការ​រំលាយ​ដល់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បែប​នេះ?​ លោក​ថា​ ប្រសិន​បើ​បេក្ខជន​ណា​ម្នាក់​មិន​គ្រប់​លក្ខខណ្ឌ ​គួរ​ដក​តែ​បេក្ខជន​នោះ ​មិន​មែន​រំលាយ​បញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ​ទាំង​មូល​ឡើយ។​

មិន​មែន​មាន​តែ​គណបក្ស​ភ្លើង​ទៀន​ប៉ុណ្ណោះ​ទេ ​គណបក្ស​ឆន្ទៈ​ខ្មែរ​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ កាល​ពី​ថ្ងៃ​ទី​៣១ ​ខែ​មីនា​ ដោយ​បញ្ជាក់​ដែរ​ថា ​ការ​សម្រេច​របស់​ស្ថាប័ន​គ.ជ.ប.​ លុប​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​៣​ក្នុង​រាជធានី​ភ្នំពេញ ​គឺ​ជា​ការ​សម្រេច​មួយ​មិន​ត្រឹម​ត្រូវ ព្រោះ​យោង​តែ​តាម​ពាក្យ​បណ្តឹង​របស់​បុគ្គល​តែម្នាក់​ និង​ពុំ​មាន​វិធាន​ការ​អង្កេត​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់ ​ដើម្បី​យក​មក​ធ្វើ​ជា​មូលដ្ឋាន​នៃ​ការ​សម្រេច​របស់​ខ្លួន​ឡើយ។ គណបក្ស​ឆន្ទៈ​ខ្មែរ​បន្ត​ថា​ ការ​ធ្វើ​បែប​នេះ​បណ្តាល​ឱ្យ​បេក្ខជន​ផ្សេង​ទៀត​បាត់បង់​ឱកាស​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខាង​មុខ​នេះ។​

លោក​ គង់ មុនីកា​ ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ កន្លង​មក​ ​គ.ជ.ប.​ បាន​សម្រេច​លុប​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន​៤​នាក់​នៅ​សង្កាត់​វត្ត​ភ្នំ ​និង​១១​នាក់​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ​និង​លុប​បញ្ជី​បេក្ខជន​របស់​គណបក្ស​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣​ចំនួន​១៨​នាក់​តែ​ម្តង​ ដោយ​គ.ជ.ប.​ សំអាង​ថា​ បេក្ខ​ជន​ទាំង​នោះ​មិន​ចេះ​អក្សរ​ ឬ​មិន​បាន​បំពេញ​បែប​បទ​ដោយ​ផ្ទាល់​ខ្លួន​ជាដើម។​ ប៉ុន្តែ​លោក​ទាម​ទារ​ឱ្យ​ស្ថាប័ន​មួយ​នេះ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់។ ​

លោក​ថ្លែង​ថា៖ ​«យើង​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​រួច​ហើយ​ បញ្ជាក់​អំពី​ជំហរ​របស់​យើង ​ ហើយ​យើង​យល់​ថា​ ការ​សម្រេច​នេះ​ គឺ​ជា​ការ​សម្រេច​ដែល​មិន​ត្រឹម​ត្រូវ​ហើយ​មិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់ ​អំពី​មូល​ហេតុ។ ​ហេតុ​អ្វី​បាន​ជា​គណបក្ស​នយោបាយ​មួយ​ទៅ​យក​បេក្ខជន​ដែល​មិន​មាន​ចេះ​អក្សរ​នោះ​ គឺ​ថា ​វា​មិន​អាច​ទៅ​រួច​ទេ ​ចំណុច​ទាំង​អស់​នេះ​ ហើយ​ខ្ញុំ​យល់​ថា​ ជា​មូលហេតុ​ដែល​មិន​សម​ស្រប​ទេ»។​

លោក​បន្ត​ថា៖ ​«ផ្ទុយ​ទៅ​វិញ​ គ.ជ.ប.​ គួរ​តែ​ចាប់​ផ្តើម​ពង្រឹង​ការ​ស៊ើបអង្កេត​ថា​ តើ​បេក្ខ​ជន​របស់​យើង​រង​ការ​បំភិត​បំភ័យ​ ការ​គំរាម​កំហែង​ពី​អ្នក​ណា​ខ្លះ​ទៅ​វិញ​ទេ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មាន​ការ​ភ័យ​ព្រួយ​ហើយ​អ្នក​ខ្លះ​អាច​នឹង​ដក​បេក្ខភាព​ពី​ការ​ឈរ​ឈ្មោះ​អី​អ៊ីចឹង។ ​នោះ​ទើប​ជា​ទង្វើ​ដ៏​ត្រឹម​ត្រូវ​របស់​គ.ជ.ប.​ ក្នុង​នាម​ជា​ស្ថាប័ន​មួយ​ដែល​ជា​ស្ថាប័ន​[រដ្ឋ]​ធម្មនុញ្ញ ហើយ​តាំង​ខ្លួន​ជា​ស្ថាប័ន​មួយ​ដែល​ឯករាជ្យ​នោះ ​បាទ»។​

រូបឯកសារ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅទីស្តីការ គ.ជ.ប នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប.)​ លោក​ ហង្ស ពុទ្ធា ​ ថ្លែង​ការពារ​ការ​សម្រេច​របស់​ស្ថាប័ន​គ.ជ.ប.​ថា​ ការ​សម្រេច​លុប​ចោល​បញ្ជី​ឈ្មោះ​បេក្ខ​ជន ស្រប​តាម​អង្គ​ហេតុ​ និង​អង្គ​ច្បាប់។​

លោក​បញ្ជាក់​ថា៖ ​«ក្រុម​ប្រឹក្សា​ជំនុំ​ជំម្រះ ប្រសិន​បើ​បណ្តឹង​ជា​បញ្ហា​បុគ្គល​ក៏​ធ្វើ​ការ​ពិចារណា​លើ​បុគ្គល។​បើ​សិន​ជា​បុគ្គល​ហ្នឹង​មាន​បញ្ហា ​គឺ​គ.ជ.ប.​ លុប​តែ​បុគ្គល​ដែល​ជា​បេក្ខជន​ទេ។​ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​ប្តឹង​រហូត​ទៅ​ដល់​បញ្ជី​ ហើយ​ផ្ទៀង​ផ្ទាត់​ទៅ​ឃើញ​ថា​ បញ្ជី​ហ្នឹង​មាន​ភាព​មិន​ល្អ​តាំង​ពី​ដើម​ទី​ជា​ពិសេស​តំណាង​គណបក្ស​នយោបាយ​លោក​ដឹង​ថា​ សមាជិក​របស់​ខ្លួន​ បេក្ខជន​របស់​ខ្លួន​អត់​បាន​ចេះ​អក្សរ ​ឬ​ចេះ​សរសេរ​ទេ ​ ប៉ុន្តែ​លោក​នៅ​តែ​ព្យាយាម​ជួយ​បំពេញ​ នោះ​គឺ​ជា​ការ​ខុស​ឆ្គង​ក្នុង​ការ​រៀបចំ​បញ្ជី​ហើយ។​ អ៊ីចឹង​ បញ្ហា​នេះ​ពាក់ព័ន្ធ​ដល់​ការ​លុប​ដល់​បញ្ជី»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​មីនា​ អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក ​ស ខេង​បាន​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​កុំ​និយាយ​បំផ្លើស​ការណ៍​ពិត ​និង​កុំ​ធ្វើ​ជា​អ្នក​នយោបាយ​«ពូកែ​រំអួយ»។​

មន្ដ្រី​ជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល ​លោក​ កន សាវាង្ស ​ថ្លែង​ថា​គ.ជ.ប.​អនុវត្ត​តាម​ច្បាប់ ​គឺ​ជា​រឿង​ត្រឹម​ត្រូវ​ ​ប៉ុន្តែ​អ្វី​ដែល​ច្បាប់​មិន​បាន​ចែងច្បាស់​លាស់ ​គ.ជ.ប.​ គួរតែ​ថ្លឹង​ថ្លែង​អំពី​អត្ថ​ប្រយោជន៍​របស់​បេក្ខ​ជន​របស់​គណបក្ស​ដែល​ចូលរួម​ប្រកួត​ការ​បោះឆ្នោត​ ជាជាង​ការ​សម្រេច​ចិត្ត​មួយ​ធ្វើ​ឱ្យ​បាត់​បង់​ឱកាស ​ដែល​អាច​ជិះ​ឥទ្ធិពល​ដល់​សិទ្ធិ​នយោបាយ​ទៀត​ផង។​

លោក​បញ្ជាក់​ថា៖ ​«ដូច​ការ​ចែង​ក្នុង​មាត្រា​៦២​ហ្នឹង​មិន​បាន​ចែង​លម្អិត​ថា​បេក្ខ​ជន​មួយ​ ឬ​ពីរ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ដែល​បាត់បង់​ត្រូវ​លុប​បញ្ជី​ចោល​ គឺ​អត់​ទេ។​ នេះ​ជា​រឿង​មួយ​ដែល​សំខាន់​ណាស់។ ​អ៊ីចឹង​ គ.ជ.ប.​ គួរ​ពិនិត្យ​មើល ​ហើយ​ពិចារណា​ឡើង​វិញ​ធ្វើម៉េច​ថ្លឹង​ថ្លែង​នូវ​ចំណុច​ដែល​ជា​អត្ថ​ប្រយោជន៍​ហ្នឹង​ធំ​ជា​ជាង​ការ​សម្រេច​ធ្វើ​ឱ្យ​មាន​ការ​បាត់​បង់​សិទ្ធិ​ដល់​បេក្ខជន​ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង»។​

គួរ​បញ្ជាក់​ថា ​ក្រៅ​ពី​ការ​ទាមទារ​ឲ្យ​គ.ជ.ប.​ កុំ​លុប​ចោល​បញ្ជី​ឈ្មោះ​បេក្ខជន គណបក្ស​ភ្លើង​ទៀន​ក៏​បាន​រាយ​ការណ៍​ពី​ការ​រំខាន​ផ្នែក​នយោបាយ​លើ​បេក្ខជន​ថ្នាក់​ក្រោម​របស់​ខ្លួន​ ក្នុង​នោះ​ក៏​មាន​ការ​កោះ​ហៅ​ពួក​គេ​ទៅ​ប៉ុស្តិ៍​នគរបាល​ផង​ដែរ៕