លោក Rex Tillerson នាយកប្រតិបត្តិដ៏ល្បីល្បាញដែលជាមិត្តភក្តិប្រធានាធិបតីរុស្ស៊ីហើយបានចំណាយអាជីព៤១ឆ្នាំរបស់លោកនៅឯក្រុមហ៊ុនប្រេងនោះ នៅតែជាបេក្ខជននាំមុខកាលពីថ្ងៃចន្ទក្នុងឈរឈ្មោះជារដ្ឋមន្រ្តីការបរទេសនៅរដ្ឋបាលរបស់លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។
ក៏ប៉ុន្តែ ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ អាចត្រូវគេបង្ខំឲ្យជ្រើសរើសបេក្ខជនផ្សេងទៀតដូចជាលោក Mitt Romney អតីតអភិបាលរដ្ឋ Massachusetts នៅពេលដែលការគាំទ្ររបស់លោក Tillerson នៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកមានការរង្គោះរង្គើ។
នៅក្នុងអត្ថាធិប្បាយកាលពីពេលថ្មីៗរបស់លោកស្តីពីលោក Tillerson ប្រធានាធិបតីជាប់ឆ្នោតបានសរសេរកាលពីថ្ងៃអាទិត្យនៅលើបណ្តាញ Twitter ថា «ទោះបីខ្ញុំមិនជ្រើសរើសលោក Tillerson ក៏ដោយ ប្រធាននិងអគ្គនាយកក្រុមហ៊ុនប្រេង ExxonMobile ជាអ្នកដើរតួនាទីដ៏សំខាន់មួយនៅក្នុងពិភពលោក»។
អ្នកវិភាគខ្លះបានបកស្រាយថា សារតាមប្រព័ន្ធ Twitter របស់លោក ត្រាំ ជាការចង្អុលបង្ហាញថា លោកប្រធានាធិបតីជាប់ឆ្នោតបានដឹងពីការលំបាករបស់ Tillerson ដែលនឹងប្រឈមនៅក្នុងសវនាការដើម្បីបានទទួលការតែងតាំងនៅក្នុងព្រឹទ្ធសភា ហើយទំនងជាលោកជ្រើសរើសបេក្ខជនណាផ្សេងដូចជាលោក Romney ឬលោក Dana Rohrabacher សមាជិកសភាដំណាងរាស្រ្តខាងគណបក្សសាធារណរដ្ឋដែលជាប់ឆ្នោត១៣អាណត្តិ ហើយល្បីល្បាញដោយសារសកម្មភាពសិទ្ធិមនុស្សរបស់លោក។
គូប្រកួតប្រជែងដំណែងនោះក៏មានលោក Jon Huntsman ដែលជាអភិបាលរដ្ឋ Utah ហើយនិងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិនផងដែរ៕