ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump លុប​ចោល​កិច្ចព្រមព្រៀង TPP ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​និយាយ​ថា ចិន​នឹង​ទទួល​បាន​ផល​ចំណេញ


ក្រុម​អ្នក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង TPP បាតុកម្ម​នៅ​ខាង​ក្រៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦។
ក្រុម​អ្នក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង TPP បាតុកម្ម​នៅ​ខាង​ក្រៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump បាន​និយាយ​​តាមរយៈ​សារ​វីដេអូ​មួយ​កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា​ថា លោក​នឹង​នាំ​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ឬ TPP នៅ​ថ្ងៃទី១​ពេល​លោក​ចូល​កាន់​តំណែង។ ក្នុង​ពេល​យុទ្ធនាការ​បោះឆ្នោត លោក Trump បាន​ហៅ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ចំនួន​ថា​ជា «គ្រោះ​មហន្តរាយ» ហើយ​និយាយ​ថា កិច្ចព្រមព្រៀង​ដែល​មាន​ចន្លោះ​ប្រហោង​ទាំង​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​រាប់​សិប​លាន​នាក់​​បាត់បង់​ការងារ​ក្នុង​វិស័យ​ផលិតកម្ម​។

កិច្ច​ព្រមព្រៀង TPP ជា​កិច្ចព្រមព្រៀង​មួយ​ដែល​មានប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ចំនួន​១២​ជា​សមាជិក រួម​មាន​សហរដ្ឋ​អាមេរិក​ផង​ដែរ។ ប្រទេស​ទាំង​នេះ​គ្រប​ដណ្តប់​៤០ភាគរយ​នៃ​កំណើន​ផលិត​ផលក្នុង​ស្រុក​សរុប​របស់​ពិភពលោក (ផលិតកម្ម​ទំនិញ​និង​សេវាកម្ម)។

លោក Gary Hufbauer ដែល​ជា​អ្នក​សេដ្ឋកិច្ច និង​អ្នក​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​នៅ​វិទ្យាសា្ថន Peterson សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ​និយាយ​ថា ការ​ដក​ខ្លួនរបស់​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង TPP បង្កជា​ការបាត់បង់​ដ៏​ធំមួយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ហើយ​ផ្តល់​ជ័យជម្នះ​ធំ​មួយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ លោក​និយាយ​ថា ចិន​បាន​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេង​ជាមួយ​នឹង​ប្រទេស​មួយ​ចំនួន​ដែល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង TPP។ ការណ៍​នេះ​នឹង​បង្កើន​ឥទ្ធិពល​របស់​ចិន ដោយសារ​ការ​បាត់បង់​របស់សហរដ្ឋ​អាមេរិក។

លោក Bill Galston ដែល​ជា​សាស្រ្តាចារ្យ​នៅ​វិទ្យាស្ថាន Brookings បាន​ហៅ​ការ​ខកខាន​មិន​អនុម័ត​កិច្ចព្រមព្រៀង TPP ថា​ជា «បរាជ័យ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​របស់​អាមេរិក» ដែលវា​នឹង​ជួយ​ប្រទេស​ចិន​វិញ។

ប៉ុន្តែ​លោក Dan Coats ដែល​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​សាធារណរដ្ឋ​និយាយ​ថា ចិន​នឹង​ត្រូវ «បង្កើត​ទំនាក់ទំនង» ជាមួយ​នឹង​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក​ដែល​មាន​ «ក្តី​បារម្ភ​ពិត​ប្រាកដ» អំពី​ប្រទេស​ជិត​ខាង​ធំៗ​របស់​ពួកគេ។ អំណាច​សេដ្ឋកិច្ច នយោបាយ និង​យោធា​របស់​ចិន​កំពុង​តែ​រីកចម្រើន​ជា​បន្តបន្ទាប់។ លោក Coats និយាយ​ថា ទោះ​គ្មាន​កិច្ចព្រមព្រៀង TPP ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក​មួយ​ចំនួន​នឹង​នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។​

លោក Hufbauer និយាយ​ថា ការ​ដកខ្លួន​របស់​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង TPP ក៏​មាន​ន័យ​ស្មើ​នឹង ការ​បោះឆ្នោត​ចោល​នូវ​កំណើន​សេដ្ឋកិច្ច​០,៥ភាគរយ​សម្រាប់ប្រទេសដែល​សេដ្ឋកិច្ច​ដ៏​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក​មួយ​នេះ។ លោក​និយាយ​ថា ប្រទេស​សេដ្ឋកិច្ច​តូចជាង​សហរដ្ឋអាមេរិក​ ដូចជា​វៀតណាម និង​ម៉ាឡេស៊ី​នឹង​រងគ្រោះ​កាន់​តែ​ខ្លាំង។​

ក្រុម​អ្នក​រិះគន់កិច្ចព្រមព្រៀង TPP រួម​មាន​លោកស្រី Lori Wallach ដែល​ជា​នាយក​ផ្នែក​ឃ្លាំង​មើល​ពាណិជ្ជកម្ម​ពិភពលោក​ (Global Trade Watch) ​របស់​អង្គការ Public Citizen បាន​និយាយ​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​អំណាច​ និង​ផល​ប្រយោជន៍​ខ្លាំង​ហួស​ទៅ​ដល់​សាជីវកម្ម​ពហុជាតិ​ តាមរយៈ​ការ​ខាតបង់​របស់​ប្រជាជន​ទូទៅ។ លោកស្រី​បាន​លើកឡើង​ថា លក្ខខណ្ឌ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នឹង​បង្ក​ការ​លំបាក​ខ្លាំង​ជាង​មុន​សម្រាប់​ប្រជាជន​ទូទៅ​ក្នុង​ការ​តទល់​នឹង​ក្រុមហ៊ុន​ធំៗ​នៅ​តុលាការ ក៏​ដូចជាបង្កើន​ថ្លៃ​ឱសថ​មួយ​ចំនួន។

សហជីព​នៅ​សហរដ្ឋ​អាមេរិក​មួយ​ចំនួនក៏​បាន​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ TPP ផង​ដែរ​ ដោយព្រួយបារម្ភ​ថា កិច្ចព្រមព្រៀងនឹង​ធ្វើ​ឲ្យប្រាក់​កម្រៃ​នៅ​អាមេរិក​ធ្លាក់ចុះ និង​កាត់​បន្ថយ​ការងារ​របស់​ពលរដ្ឋ​អាមេរិកាំង។ អ្នក​គាំទ្រ​កិច្ចព្រមព្រៀង TPP និយាយ​ថា កិច្ចព្រមព្រៀង​នេះ​រួម​មាន​ការ​គាំពារខ្លាំងក្លាសម្រាប់​សិទ្ធិ​ការងារ​នៅ​អាមេរិក​ ប៉ុន្តែ​ការ​អះអាង​បែប​នេះ​មិន​បាន​បញ្ចុះបញ្ចូល​អ្នក​បោះឆ្នោត​អាមេរិកាំង​រាប់​លាននាក់​ដែល​គាំទ្រ​លោក Trump​ ឡើយ។

អង្គការ​គាំពារបរិស្ថាន​ជាច្រើន​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង TPP។ អង្គការ Friends of the Earth បាន​អបអរសាទរ​ចំពោះ​ផែនការ​បញ្ចប់​ការ​ចូលរួម​របស់​សហរដ្ឋ​អាមេរិក​ ដោយ​អះអាង​ថា កិច្ចព្រមព្រៀង​នេះ​មិន​មែន​ជា​ពាណិជ្ជកម្ម​ស្មើ​ភាព​នោះ​ទេ ប៉ុន្តែ​ជា​ឱកាស​សម្រាប់វិនិយោគិន និង​ក្រុមហ៊ុន​ធំៗ​ដើម្បី «បំពុល​ខ្យល់ និង​ទឹក»។ អ្នក​គាំទ្រ​កិច្ចព្រមព្រៀង TPP អះអាង​ថា ផ្នែក​ស្តី​ពី​បរិស្ថាន​នៅ​ក្នុង​កិច្ចព្រមព្រៀង​ TPP ​មាន បញ្ញត្តិ​ច្បាប់​ដ៏​តឹងរ៉ឹង​បំផុត​មួយ​ដែល​មិន​ធ្លាប់​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេងៗ​ពី​មុន​មក​ឡើយ។​

លោក Donald Trump និយាយ​ថា បន្ទាប់​ពី​លោក​នាំ​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង TPP លោក​នឹង​ស្វែងរក​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ដែល​ល្អ​ជាង​នេះ​ជាមួយ​នឹង​ដៃគូ​ពាណិជ្ជកម្ម​ផ្សេងៗ។ ក្រុម​អ្នក​រិះគន់​និយាយ​ថា គ្រប់​ជំហាន​ចំពោះ​កិច្ចព្រមព្រៀង​ល្អ​ជាង​នេះ​សម្រាប់​សហរដ្ឋ​អាមេរិក​នឹង​កាន់តែ​ពិបាក​ក្នុង​ការ​បញ្ចុះបញ្ចូល​អ្នក​ដឹកនាំ និង​ពលរដ្ឋ​នៃ​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាំង​នោះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG