មន្ត្រី​និង​អ្នក​សង្កេតការណ៍​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​ដំបូង​របស់​ភូមា

លោក​ប្រធានាធិបតី Thein Sein នៃ​ប្រទេស​ភូមា (ឆ) ដែល​នឹង​ធ្វើ​ជា​ប្រធាន​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​២០១៤ ចាប់​ដៃ​ជាមួយព្រះចៅ​ស៊ុលតង់ Hassanal Bolkiah នៃ​ប្រទេស​ប្រ៊ុយណេ នៅ​ក្រោយ​​ការ​ទទួល​បាន​​ញញួរ​ឈើ​អាស៊ាន នៅ​ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៣ នៅ​ទី​ក្រុង Bandar Seri Begawan ថ្ងៃ​ទី​១០ តុលា ២០១៣។

ប្រទេស​ភូមា ឬ​ មីយ៉ាន់ម៉ា​ នឹងធ្វើ​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន) ចាប់​ពី​ខែ​មករា​ឆ្នាំ​២០១៤​ខាង​មុខ​នេះ​ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ។ ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​នេះ​កើត​មាន​ឡើង​ក្រោយ​ពី​កំណែ​ទម្រង់​នយោបាយ​នា​ពេល​ថ្មីៗ​កន្លង​មក​នេះ និង​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ចពី​សំណាក់​សហគមន៍​អន្តរជាតិ។ ទាំង​មន្ត្រី​ភូមា​និងមន្ត្រី​បស្ចិមប្រទេស​ឥឡូវ​នេះ​យល់​ឃើញ​ថា​ ប្រទេស​ភូមា​អាចដើរ​តួ​នាទី​ធំ​ជាង​មុន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ការ​ទទួល​យល់​ព្រម​ជា​ផ្លូវការ​របស់​ប្រទេស​ភូមា​នៅ​ក្នុង​ពិធី​ផ្ទេរ​តំណែង​ប្រធាន​អាស៊ាន​ក្នុង​ប្រទេស​ប្រុយណេ​កាល​ពី​ខែ​តុលា​កន្លង​មក​នេះ ជា​ពិធី​ដ៏​មាន​និមិត្តរូប​អំពី​ការ​លេច​មុខ​កាន់​តែ​ខ្លាំង​របស់​ប្រទេស​ភូមា​នៅ​ក្នុង​កិច្ចការ​តំបន់​និង​ឆាក​អន្តរជាតិ។ នៅជិត​នឹង​ការ​ចាប់​ផ្តើម​នៃ​ការ​ធ្វើ​ជា​ប្រធាន​នេះ​ ទាំងមន្ត្រី​រដ្ឋាភិបាល​និង​អ្នក​សង្កេតការណ៍​មាន​សុទិដ្ឋិនិយមថា ប្រទេស​ភូមា​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ានជា​លើក​ដំបូង​ប្រកប​ដោយ​ជោគជ័យ ​ថ្វី​បើ​នឹង​មាន​ការ​ប្រឈម​ខ្លះ​ក៏ដោយ។

លោក Ko Ko Hlaing ទី​ប្រឹក្សា​នយោបាយ​ជាន់​ខ្ពស់​របស់​លោក​ប្រធានាធិបតី Thein Sein នៃ​ប្រទេសភូមា បាន​ថ្លែង​ប្រាប់​វីអូអេ​នៅក្រៅ​វេទិកានៃ​សន្និសីទ​មួយ​ឯ​សាកលវិទ្យាល័យ American University ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ខែ​ធ្នូ​ថា ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​ផ្តល់ដល់​រដ្ឋាភិបាល​ភូមា​នូវ​ការ​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​ពី​សហគមន៍​អន្តរជាតិ។ ជា​ច្រើន​មក​ហើយប្រទេស​ភូមា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រដ្ឋនៅ​ក្រៅ​ច្បាប់​អន្តរជាតិ។

ទីប្រឹក្សា​រូប​នេះ​ថ្លែង​ថា៖ «នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​យើង​ធ្វើ​ជា​ប្រធាន​អាស៊ាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង។ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា។ យើង​អាចបង្ហាញ​អំពី​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​តំបន់​ ហើយបង្ហាញ​ថា​ យើង​ជា​សមាជិក​អាស៊ាន​ដ៏​មាន​ការ​ទទួល​ខុស​ត្រូវ​មួយ។»

ប្រទេស​ភូមា​បាន​ចូល​ជា​សមាជិក​សមាគម​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​១៩៩៧ ជាមួយ​នឹង​ប្រទេស​ឡាវ ហើយ​នៅ​មួយ​ឆ្នាំ​មុន​ប្រទេស​កម្ពុជា​ចូល​អាស៊ាន។ ក៏​ប៉ុន្តែ​ភាព​ឯកោ​ក្នុងឆាក​អន្តរជាតិ​របស់​ភូមា​និងកិត្តិនាម​ជា​«ប្រទេស​បញ្ហា​របស់​អាស៊ាន»​បាន​រារាំង​ប្រទេស​នេះ​ពី​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០០៦។ ទាំង​ប្រទេស​ឡាវ​និងកម្ពុជា​ធ្លាប់បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​រួច​ហើយ។ ក៏​ប៉ុន្តែ​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​ជា​លើក​ទី​២​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១២ ដែល​ដំបូង​ឡើយ​ប្រកប​ដោយ​សុទិដ្ឋិនិយម​នោះ បែរ​ជា​ត្រូវ​គេ​ចងចាំ​ជា​សំខាន់​ចំពោះ​រឿង​ខ្វែង​គំនិត​គ្នា​អំពី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​សារ​ប្រទេស​កម្ពុជា​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន ហើយ​មិន​អាច​គ្រប់គ្រង​ស្ថានភាព​តានតឹង​ខាង​នយោបាយ​រវាង​ប្រទេស​ចិន​ជាមួយ​សមាជិក​អាស៊ាន​មួយ​ចំនួន។ ប្រទេស​ប្រុយណេ​ដែលធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ ត្រូវ​គេ​ចាត់​ទុក​ថា​បាន​នាំ​ឲ្យ​អាស៊ានឯកភាព​គ្នា​វិញ​ខ្លះ​ហើយ។

ខុស​ពី​ប្រទេសប្រុយណេ តែ​ដូច​ប្រទេស​កម្ពុជា​ដែរ ប្រទេស​ភូមា​មិន​មែន​ជា​ភាគី​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ទេ។ ប៉ុន្តែ​លោក Ko Ko Hlaing និយាយ​ថា ខុស​ពី​កម្ពុជា ប្រទេស​ភូមាជា​ប្រទេស​ធំ​ជាង​ ហើយ​មាន​ការ​ពឹង​ផ្អែក​សេដ្ឋកិច្ចទៅ​លើ​ប្រទេស​ចិន​តិច​ជាង​ប្រទេស​កម្ពុជា។ ផ្ទុយ​មក​វិញ ប្រទេស​ចិន​មាន​ការ​ពឹង​ផ្អែក​ខ្លាំង​ជាង​ទៅ​លើ​ទី​តាំង​យុទ្ធសាស្ត្រ​របស់​ប្រទេស​ភូមា។ លោក​ថា បើ​ទោះ​បី​ភូមា​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​មហាអំណាច​មួយ​នេះ​ក្តី ក៏​ទំនាក់ទំនង​នេះ​មិន​មែន​ជា​ទំនាក់ទំនង​រវាង​«ចៅហ្វាយ​និង​កូនចៅ»​នោះ​ទេ។ លោក​និយាយ​ថា រដ្ឋាភិបាល​ភូមា​នឹងអាច​ចៀសវាង​ព្រឹតិ្តការណ៍​ខ្វែង​គំនិតរបស់​អាស៊ាន​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១២។

«ដូច្នេះ​យើង​អាច​យក​ស្ថានភាព​នៃ​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន ដើម្បី​ធ្វើ​ជា​ប្រយោជន៍​សម្រាប់​តំបន់។»

ប៉ុន្តែទំហំ​ប្រទេស​ប្រហែល​មិន​មែន​ជា​កត្តា​សំខាន់​ទេ​ក្នុង​កិច្ចការ​អន្តរជាតិ ដូច​មាន​ឧទាហរណ៍​ពី​ភាព​ខុស​គ្នា​របស់​ប្រទេស​កម្ពុជា​និង​ប៊្រុយណេ​ក្នុង​ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន​ថ្មីៗ​នេះ។

ខណៈ​ដែល​ភូមា​មាន​ភាព​ឯករាជ្យ​នយោបាយ​ជាង​កម្ពុជា​ក្តី ក៏​ការដើរ​តួនាទី​សំខាន់​ក្នុង​តំបន់​មិន​មាន​ភាព​ងាយ​ស្រួល​ដែរ​ក្នុង​ពេល​មានការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ខាង​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេសមហាអំណាច​ចិន​និង​អាមេរិក។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នក​ស្រី Christina Fink សាស្ត្រាចារ្យ​ខាង​ផ្នែក​ការ​សិក្សា​ការ​អភិវឌ្ឍ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ George Washington University នៅ​រដ្ឋធានី​វ៉ាស៊ីនតោន និង​ជា​អ្នក​តាមដាន​កិច្ចការ​ភូមា​ជា​ច្រើន​ឆ្នាំ។ អ្នក​ស្រី​ថា បើ​ទោះបី​ប្រទេស​ភូមា​ប្រុងប្រៀប​ខ្លួន​ក៏​ដោយ ក៏​ភាព​តានតឹងដែល​កាន់តែ​កើន​ឡើង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​អាច​ជា​ការ​បារម្ភ។

អ្នក​ស្រី​ពន្យល់​ថា៖ «មីយ៉ាន់ម៉ា​ដូច​ជានៅ​ជាប់ខ្លួន​ចន្លោះ​ឥទ្ធិពល​នយោបាយ​មហាអំណាច​ធំៗ ហើយ​វា​អាច​ជា​រឿង​ពិបាក​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​ក្នុងនាម​ជា​អ្នក​ដឹកនាំ​ក្នុង​ការ​គ្រប់គ្រង​និង​ដោះស្រាយ​ជម្លោះ​ទាំង​នេះ​នៅ​ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​អាស៊ាន​និង​សេចក្តី​ថ្លែងការ​របស់​អង្គការ​នេះ។»

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មុន​ពេល​ប្រទេស​ភូមា​ឬ​មីយ៉ាន់ម៉ា នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​ មាន​ភាព​តានតឹង​កើន​ឡើង​រវាង​ប្រទេ​ស​ចិន​និង​ប្រទេស​ជប៉ុន​អំពីតំបន់​ការពារ​ដែន​អាកាស​លើ​សមុទ្រ​ចិន​ខាង​កើត​ ដែល​ត្រូវ​ប្រកាស​ដោយ​ប្រទេស​ចិន។ អ្នក​វិភាគ​មាន​ការ​បារម្ភ​ថា ​ភាព​តានតឹង​នឹង​រីក​សាយ​ដល់​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ទៀត​ ដែល​នៅ​ទីនោះ​មានជម្លោះ​រវាង​ចិន​និង​ប្រទេស​ហ្វីលីពីន​និង​វៀតណាម​ដែល​ជា​សមាជិក​អាស៊ាន។

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​រឭក​ខួប​ទំនាក់ទំនង​ជប៉ុន​អាស៊ាន ក្នុង​ទី​ក្រុង​តូក្យូ​កាល​ពី​សប្តាហ៍​មុន លោក Shinzo Abe នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​សន្យា​ផ្តល់​ជំនួយ​ជា​ប្រាក់​កម្ចីច្រើន​ថែម​ទៀត​ដើម្បី​គៀង​គង​ការ​គាំទ្រ​ពីមេដឹកនាំ​ប្រទេស​អាស៊ី​អាគ្នេយ៍។ កិច្ច​ខិតខំនេះ​កើត​មាន​ឡើង​ក្រោយ​យុទ្ធសាស្ត្រ​ការ​ទូត​ដូច​ផ្លេក​បន្ទោរ​របស់​លោក Abe រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​ដើម្បីបង្កើន​ទំនាក់ទំនង​ជាមួយ​ប្រទេស​អាស៊ាន។ យុទ្ធសាស្ត្រ​ការទូត​នេះ​ទើប​ត្រូវ​បាន​បញ្ចប់​ដោយ​ដំណើរ​ទស្សនកិច្ច កាល​ពីខែ​វិច្ឆិការបស់​លោក Abe ទៅ​កាន់​ប្រទេស​កម្ពុជា​និង​ឡាវ​ ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​អាស៊ាន​ដែលជា​សម្ព័ន្ធមិត្ត​របស់​ប្រទេស​ចិន។ ជម្លោះ​ដែន​សមុទ្រ​ថ្មីៗ​នេះ​ក៏​បាន​គ្រប​ដណ្តប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Joe Biden អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ទ្វីប​អាស៊ី​នៅ​ពេល​ថ្មីៗ​ដែរ។

លោក Scott Marciel ឧបការី​រង​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​បូព៌ា ​និង​ប៉ាស៊ីហ្វិក បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ក្រៅ​វេទិកា​នៃ​សន្និសីទ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដោយ​មិន​និយាយ​ចំ​ថា​ តើ​សហរដ្ឋ​អាមេរិក​មាន​ការ​បារម្ភ​ចំពោះការ​កើត​មាន​ជា​ថ្មី​នៃ​ការ​ខ្វែង​គំនិត​រវាង​សមាជិក​អាស៊ាន​នៅ​ភ្នំពេញនោះ​ទេ។ ប៉ុន្តែ​លោក​ថ្លែង​ថា សហរដ្ឋ​អាមេរិក​មើលឃើញ​ «សមាគម​អាស៊ានមួយ​ដែល​រឹងមាំ​និង​មាន​ឯកភាព» ថាជា​រឿង​សំខាន់​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍។

លោក Marciel ថ្លែង​ថា៖ «យើង​តែង​តែចង់​ឃើញ​អាស៊ាន​មួយ​ដែល​ធ្វើ​ការ​ជាមួយ​គ្នា ហើយ​យើង​សង្ឃឹម​ថា​នៅ​ក្រោយ​ការ​ដឹកនាំ​របស់​មីយ៉ាន់ម៉ា​ រឿង​នេះ​នឹង​កើត​មាន​ឡើង។»

លោក Marciel ក៏​បាននិយាយ​ថា​សហរដ្ឋ​អាមេរិក​នឹង​មិន​ដាក់​របៀប​វារៈ​ណា​មួយ​របស់​ខ្លួន​ទៅ​លើសមាគម​អាស៊ាន​ទេ ហើយ​អាមេរិក​មាន​ការ​ពេញ​ចិត្ត​ជាទូទៅ​ជាមួយ​នឹង​កំណែ​ទម្រង់​នៅ​ភូមា​នា​ពេល​កន្លង​មក​នេះ។ លោក Ko Ko Hlaing ទី​ប្រឹក្សា​នយោបាយ​យល់​ស្រប​នឹង​ការ​យល់​ឃើញ​នេះ ដោយ​លោក​ថា ​កំណែ​ទម្រង់​នយោបាយនៅ​ភូមា​បាន​ដើរ​លឿន​ជាងកំណែ​ទម្រង់​នៅ​កម្ពុជា​ទៀត​ផង។ ​ ហើយ​លោក​បន្ថែម​ថា ប្រទេ​ស​ភូមា​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​ប្រទេស​គំរូ​មួយ​ក្នុង​ពិភពលោក​ខាង​«អន្តរកាល​ទៅ​របប​ប្រជាធិបតេយ្យ»។

ជា​ការណ៍​ពិត​ អ្នក​វិភាគ​ខ្លះ​បានលើក​ឡើង​ថា ដោយ​សារ​មាន​លក្ខណៈ​ស្ថានភាព​ពិសេស ប្រទេស​ភូមា​ស្ថិត​ក្នុង​លក្ខខណ្ឌ​ពិសេសមួយ ដែល​អាច​ជួយ​លើក​តម្កើង​បញ្ហា​ដំណើរការ​ប្រជាធិបតេយ្យ​ឲ្យ​ត្រឡប់​មកជា​បញ្ហា​សំខាន់វិញ​នៅ​ក្នុង​របៀបវារៈ​របស់​កិច្ច​ប្រជុំ​អាស៊ាន។

ក៏​ប៉ុន្តែ អង្គការ​សិទ្ធិ​មនុស្ស​និយាយ​ថា ដំណើរ​អន្តរកាល​របស់​ភូមា​នៅ​មាន​ចន្លោះ​ប្រហោង​នៅ​ឡើយ​ ដោយនៅ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា ដូច​លជាអំពើ​ហិង្សា​ប្រឆាំង​នឹងក្រុម​ប្រឆាំង​ផ្នែក​នយោបាយ និង​ជនជាតិ​ភាគ​តិច​ដែល​ខ្លះ​ជា​អ្នក​កាន់​សាសនា​ឥស្លាម។

អ្នក​ស្រី Christina Fink និយាយ​ថា​ បើ​គិត​ពី​ផ្លូវ​ដ៏​ឆ្ងាយ​ដែល​ប្រទេស​ភូមា​បាន​ឆ្លង​កាត់​ទម្រាំ​មក​ដល់កំណែ​ទម្រង់​នយោបាយ​សព្វ​ថ្ងៃ​នេះ​ គេ​គួរ​កោត​សសើរ​ប្រទេស​ភូមា។ ក៏​ប៉ុន្តែ​អ្នក​ស្រី​និយាយ​ថា ប្រទេស​ភូមា​ខ្លួន​ឯង​ ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ​ដែរ ​មិន​គួរ​មាន​ការ​រំពឹង​ហួសហេតុ​ពេក​ អំពីអ្វី​ដែលអាច​សម្រេច​បាន​នៅ​ក្នុងពេល​ធ្វើជា​ប្រធាន​អាស៊ាន​ដំបូង​នេះ បើ​គិត​អំពី​ស្ថានភាព​ជាក់ស្តែង​របស់​ភូមិសាស្ត្រ​នយោបាយ​និង​កង្វះ​ខាត​របស់​ភូមា។

«ខ្ញុំគិត​ថា សម្រាប់​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​ជា​លើក​ដំបូង​នេះ ប្រទេស​ភូមាមិនគួរ​ប្រាថ្នាចង់​សម្រេចអ្វី​ដែល​នឹង​ប្រែក្លាយសមាគម​អាស៊ាន​នោះ​ទេ។ ខ្ញុំ​គិត​ថា​អ្វី​ដែល​សំខាន់​គឺ ភូមាគួរ​រក្សាកិច្ច​ការ​អាស៊ាន​ផ្សេងៗ​ឲ្យ​នៅ​នឹងនរ តាម​ផែនការ ហើយនិង​ធ្វើ​ឲ្យ​មាន​ឯកភាព​រវាង​ប្រទេស​អាស៊ាន។ ហើយ​បើ​ធ្វើ​រឿង​នេះ​បាន​សម្រេច​មែន​នោះ​ ពួក​គេ​គួរ​មាន​មោទនភាព​ហើយ។»

អ្នក​ស្រី​ថ្លែង​ថា បើ​ភូមា​អាច​រក្សា​សន្ទុះ​ដែល​ប្រទេស​ប្រ៊ុយណេជា​ប្រធាន​អាស៊ាននៅ​ឆ្នាំ​នេះ​សម្រេច​បាននោះ នោះ​វា​ជា​កិច្ចការ​សម្រេច​បាន​ល្អ​រួច​ទៅ​ហើយ ហើយឆន្ទះ​នយោបាយ​នៅ​ភូមា​ចំពោះ​គោលដៅ​នេះ​គឺ​មិន​ខ្វះ​ទេ៕