ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​វិភាគ​ខក​ចិត្ត​នឹង​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន


លោក Shinzo Abe​ នាយករដ្ឋមន្ត្រី​ជប៉ុន ដើរ​ត្រួត​ពល​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​អំឡុង​ពេល​​បំពេញ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៣។
លោក Shinzo Abe​ នាយករដ្ឋមន្ត្រី​ជប៉ុន ដើរ​ត្រួត​ពល​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​អំឡុង​ពេល​​បំពេញ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៣។
នៅ​ពេល​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ដែល​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​ដែល​មាន​បញ្ហា​ចម្រូង​ចម្រាស ​ហើយ​សន្យា​ផ្តល់​ ជំនួយ​ថែម​ទៀត​នោះ​ ក្រុម​អ្នក​វិភាគ​អន្តរជាតិ​មួយ​ចំនួន​មាន​ការ​ខកចិត្ត​ខ្លះៗ។​ ពួក​គេ​ចង់ឲ្យ​ជប៉ុន​ជួយ​ដោះស្រាយ​បញ្ហា​ជាប់គាំង​នយោបាយ​ក្នុង​ប្រទេស​ កម្ពុជា។ ​ក្រុមអ្នក​វិភាគ​ខ្លះ​អះអាង​ថា​ ការ​ខកខាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ គឺ​ដោយសារ​ជប៉ុន​ត្រូវ​គិតគូរ​ពី​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​ និង​ការ​បន្ត​នយោបាយ​វែងឆ្ងាយ​ជាមួយ​កម្ពុជា​ ជា​ប្រទេស​ឬ​តំបន់​ដែល​ចិន​កំពុង​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លានេះ។​

ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​លោក​ហ្ស៉ីនហ្ស៊ូ អាបេ​ (Shinzo Abe) ​ក្នុង​ប្រទេស​កម្ពុជា​ រួម​នឹង​ការ​សន្យា​ផ្តល់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ថ្មី​ ដែល​កំពុង​ មាន​បញ្ហា​ចម្រូង​ចម្រាស​នោះ​ ត្រូវ​គេគិត​ថា​ជា​ការ​ផ្តល់​ការ​ទទួល​ស្គាល់​ភាព​ស្រប​ ច្បាប់​ដល់​រដ្ឋាភិបាល​ថ្មី។​ រឿងនេះ​បាន​ធ្វើឲ្យ​មាន​ការ​រិះគន់​ខ្លះ​ថា​ ជប៉ុន​មិន​បាន​គិត​គូរ​អំពី​រឿង​យុត្តិធម៌​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ដែល​ធ្វើឲ្យ​ ជាប់​គាំង​នយោបាយ​កម្ពុជា​នោះ​ទេ។​

លោក​ហ៊្វីល រ៉ប៊ឺតសុន ​(Phil Robertson)​ នាយក​រង​នៃ​អង្គការ​សិទ្ធិមនុស្ស​យូមែន រ៉ៃវច ​ប្រចាំ​តំបន់​អាស៊ី​ បាន​អះអាង​ថា ​លោក​នាយករដ្ឋមន្ត្រី​ស្ស៉ីនហ្ស៊ូ ​អាបេ​ និង​ មន្ត្រី​របស់​លោក​បាន​មើល​រំលង​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ភាព​មិន​ប្រក្រតី​នៃ​ការ​ បោះឆ្នោត​ដែល​សហគមន៍​អន្តរជាតិ​ដទៃ​ទៀត​កំពុង​ទាមទារ។​

«វាជា​រឿង​បាត់បង់​ឱកាស​សម្រាប់​រដ្ឋាភិបាល​ជប៉ុន​ ដែល​មាន​ឥទ្ធិពល​ខ្លាំង​លើ​រដ្ឋាភិបាល​កម្ពុជា​ដោយសារ​ថា​ ជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​ធំ​ ក្នុង​ការ​និយាយ​និង​ក្នុង​ការ​ទាមទារ​នូវ​អ្វី​ដែលអង្គការ​ជាច្រើន​ និង​សហគមន៍​អន្តរជាតិ​បាន​អំពាវនាវ​ឲ្យ​ មាន​ការ​ស៊ើប​អង្កេត​ហ្មត់​ចត់មួយ​លើភាព​មិន​ប្រក្រតី​យ៉ាងច្រើន​ដែល​ទាក់ទង​នឹង​ការ​បោះឆ្នោត»។​

លោក​រ៉បប៊ឺតសុន​រំឭក​ថា ​មាន​ការ​សរសេរ​លិខិត​និង​រំឭក​លោក​អាបេ​ឲ្យដឹង ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ប្រទេស​កម្ពុជា​អំពី​ស្ថានការណ៍​នយោបាយ​កម្ពុជា​ដែល​គេ​រំពឹង​ថា​ លោក​អាច​ជួយ​ដោះស្រាយ​បាន។​

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​អាបេ​បាន​បំពេញ​ទស្សនកិច្ច​ពីរថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៦​ដល់ថ្ងៃ​ទី១៧​ខែវិច្ឆិកា​មុន​នឹង​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ាន។​ នៅ​ក្នុង​ប្រទេស​កម្ពុជា​លោក​អាបេ​បាន​សន្យា​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ហើយ​នឹង​រិត ​ចំណង​កិច្ច​សហ​ប្រតិបត្តិការ​ទាក់ទង​លើ​វិស័យ​ជាច្រើន​ទៀត​ រួមទាំង​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​ជាមួយ​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​មួយ​ដែល​ ក្រុម​ជំទាស់​បាន​អំពាវនាវ​មិន​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​ផ្តល់​ជំនួយ​ នោះ​ទេ។​

ក៏​ប៉ុន្តែ​លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​អះអាង​ថា ​ជំហ​ របស់​ជប៉ុន​គឺ​ជាការ​បញ្ជាក់​យ៉ាងច្បាស់​ថា​ ជប៉ុន​មិនចង់​ឲ្យមាន​ការ​បកស្រាយ​បែបណា​ផ្សេង​ពី​នយោបាយ​ជប៉ុន​ជាមួយ​និង​កម្ពុជា​ទេ​ ហើយ​ជា​ការ​បញ្ចប់​មន្ទិល​សង្ស័យ​អំពី​ជំហរ​ជប៉ុន។​

លោក​ថ្លែង​ដែរថា​ ការ​ប្រឹងប្រែង​ណាមួយ​ដើម្បី​ កាត់​ជំនួយ​សម្រាប់​កម្ពុជា​ខ្លួនឯង​មិនមែន​ជា​គំនិត​ស្នេហាជាតិ​ទេ​ ក្រៅតែ​ជា​ការ​បម្រើ​ ប្រយោជន៍​និង​អំណាច​ខ្លួន​ឯង​ផ្ទាល់។​លោកបាន​ថ្លែង​សំដៅ​ទៅ​លើ​គណបក្ស​ជំទាស់។​

«គួតែខ្មែរ​ទាំងអស់​គ្នា​យល់​ឃើញ​ថា​ នយោបាយ​ត្រូវ​ដាក់ដាច់​ដោយ​ឡែក​អំពី​សុខុមាល​ភាព​របស់​មហាជន​របស់​យើង។​ យើង​ទាំងអស់​គ្នា​ យើង​យល់​ ឃើញ​ថា​ ប្រជាជាតិ​ទើប​ដើរ​ចេញពី​សង្គ្រាម​ កំពុងតែ​ត្រូវការ​គ្រប់​ជ្រុង​ទាំងអស់​ក្នុង​ការ​ពង្រឹង​ស្ថិរភាព ​ពង្រឹង​នយោបាយ​ ពង្រឹង​សមត្ថភាព​ខ្លួនឯង​ដើម្បី​ឲ្យ​កម្ពុជា​អាច រស់បាន​ជាមួយ​អ្នក​ជិតខាង​ដែល​ជា​ប្រទេស​មាន​ទាំង​អំណាច​ ចំនួន​មនុស្ស ​ទាំង​ អំណាច​សេដ្ឋកិច្ច»។​

លោក​ផៃ ស៊ីផាន​បាន​អះអាង​ថា ​តាំងពី​ដើម​មក​ ទោះជា​កម្ពុជា​ធ្លាក់​ចូល​ក្នុង​របប​ កុំម្មុយនីស្ត​ និង​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​បែប​ណាក្តី ​ជប៉ុន​នៅតែ​ជួយ​កម្ពុជា​ក្នុង​ការ​ អភិវឌ្ឍ​លើ​វិស័យ​ជាច្រើន​ដូចដែល​សេចក្តី​ថ្លែង​ការណ៍​រួម​ក្នុង​ដំណើរ​ទស្សនកិច្ច​លោក​អាបេ​នេះជា​ដើម។

លោក​ភីធ័រ តាន់ កែវ​ (Peter Tan Keo) ​អ្នក​វិភាគ​នយោបាយ​ម្នាក់​ក្នុង​ប្រទេស​ អាមេរិក​ បាន​អះអាង​ថា ​ប្រទេស​ជាច្រើន​រួម​ទាំង​ជប៉ុន​ផង​ ទទួល​ស្គាល់​ភាព​ស្របច្បាប់​រដ្ឋាភិបាល​ថ្មី ​ដែល​មាន​បញ្ហា​ចម្រូងចម្រាស់​នេះ​ ហើយ​ ទោះបី​ជា​ស.រ.អា.​និង​ សហភាព​អឺរ៉ុប​នៅ​ទាមទារ​ឲ្យមាន​ការ​ស៊ើប​អង្កេត​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្តី។ ​ជំហរ​ជប៉ុន​នេះ​ជារឿង​មួយ​ដែល​បង្ហាញ​ថា​ កម្ពុជា​និង​ជប៉ុន​គិតគូរ​ពី​បញ្ហា​កែទម្រង់​ទៅ​អនាគត​ជាជាង​បញ្ហា​ដែល​បាន​កើតមាន​ឡើង។​

លោក​អះអាង​ថា​ រឿង​ នេះ​វានឹង​បង្កើត​ជារឿង​ដែល​អាច​ធ្វើឲ្យ​មាន​បញ្ហា​ដល់​ដំណើរការ​ប្រជាធិបតេយ្យ។​

«នៅ​ពេល​ប្រទេស​ទាំង​នោះ​អបអរសាទរ​រដ្ឋាភិបាល​ដោយ​ពិតជា​គ្មាន​ការ​ព្យាយាម​ស្វែងរក​ផ្លូវ​ផ្សេង​ដើម្បី​ដោះស្រាយ​ការ​ជាប់គាំង​នយោបាយ​ រឿង​នោះ​នឹង​ធ្វើឲ្យ​មាន​សំណួរ​យ៉ាងច្រើន ​ព្រោះ​នៅពេល​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត​ ពួក​គេ​ទាមទារ​ឲ្យមាន​តម្លាភាព​ ជាពិសេស​ទាក់ទង​ទៅនឹង​ដំណើរការ​បោះឆ្នោត។​ តែ​វាគ្មាន​តម្លាភាព​ទេ។​រឿងនេះ​ហើយ​ដែល​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​ និង​មាន​បញ្ហា​ដល់​ដំណើរការ​រីក​ចម្រើនផ្នែក​ប្រជាធិបតេយ្យ»។ ​

លោក​ចន សៀយូស៊ៀរី (John Ciorciari)​ សាស្ត្រាចារ្យ​ផ្នែក​គោល​នយោបាយ​ សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ Michigan University ​បាន​ថ្លែង​ថា​គោល​ជំហរ​ជប៉ុន​ជួយដោះ​សម្ពាធ​របស់​គណបក្ស​ ប្រជាជន​កម្ពុជា​ខ្លះ ​តែ​ក៏​ធ្វើ​ឲ្យ​គណបក្ស​ជំទាស់​មិន​សប្បាយចិត្ត​ដែរ។ ​តែលោក​បន្ថែម​ថា​ ទស្សនកិច្ច​លោក​អាបេ​និង​ការ​បន្ថែម​ជំនួយ​នេះ​គឺ​ជា​យុទ្ធសាស្ត្រ​វែង​ឆ្ងាយ​របស់​ជប៉ុន​ដើម្បី​ធ្វើ​ទំនាក់ទំនង​នយោបាយ​ក្នុង​ការ​បង្កើន​ឥទ្ធិពល​នៅ​ តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​ចិន​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​នោះ។​

«ប្រទេស​ជប៉ុន​បាន​ចាត់​វិធានការ​ជាច្រើន​ជំហ៊ាន​ដើម្បី​ជំរុញ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។​ តែដូច​ជា​មហា​អំណាច​ខាងក្រៅ​សឹងតែ​ទាំងអស់​ដែរ​ គឺ​ថា​ យុទ្ធសាស្ត្រ​ការទូត​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ជា​មគ្គុទេសក៍​ចម្បង​បំផុត​ក្នុង​ការ​គិតគូរ​អំពី​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន»។​

លោក​បាន​អះអាង​ថា​ ជប៉ុន​មាន​ក្តី​បារម្ភ​ពី​ការ​រីករាល​ដាល​នៃ​ឥទ្ធិពល​ចិន​ក្នុង​ តំបន់​ផង​ដែរ​ជាពិសេស​កម្ពុជា​ដែល​គាំទ្រ​ចិន​លើ​បញ្ហា​សមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​ចិន​នោះ។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​គណបក្ស​ សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៉ី​ និង​លោក​កឹម សុខា​មិនទាន់​រក​ដំណោះ ស្រាយ​ត្រូវ​គ្នា​ទេ ​ចំពោះ​បញ្ហា​វិវាទ​រឿង​បោះឆ្នោត​នេះ។​ គណបក្ស​ជំទាស់​ដែល​ ពហិការ​មិន​ចូលរួម​ប្រជុំ​សភា ​ហើយ​មិន​ផ្តល់​ភាព​ស្របច្បាប់​ដល់​សភា​និង​ រដ្ឋាភិបាល​ នោះ​ បាន​គំរាម​ធ្វើ​បាតុកម្ម​បន្ត​ទៀត​ជាពិសេស​ថ្ងៃទី​១០ខែ​ធ្នូ​ខាងមុខ​ បើ​គ្មាន​យុត្តិធម៌​ក្នុង​ការ​ស៊ើប​អង្កេតការ​គៃ​បន្លំ​សន្លឹកឆ្នោត​ ហើយភាព​មិន​ប្រក្រី​មិន​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​បាន​សមរម្យ​ទេ​នោះ៕
XS
SM
MD
LG