ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បើក​ប្រជុំ​ក្នុង​ពេល​មាន​បញ្ហា​សិទ្ធិ​ម​នុស្ស​និង​នៅ​ឈូង​សមុទ្រ​ចិន​


លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​ នៃ​ប្រទេស​កម្ពុជា ថ្លែង​បើក​កិច្ច​ប្រជុំអាស៊ាន⁣លើកទី២១⁣។​
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​ នៃ​ប្រទេស​កម្ពុជា ថ្លែង​បើក​កិច្ច​ប្រជុំអាស៊ាន⁣លើកទី២១⁣។​
ភ្នំពេញ៖ កិច្ច​ប្រជុំកំពូល​អាស៊ាន​បានចាប់​ផ្តើម​ហើយ​នៅ​ថ្ងៃអាទិត្យ​នេះ​ដោយមាន​ការ​ចូល​រួម​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​ នៃ​ប្រទេស​កម្ពុជា​ដែល​ជាប្រធាន​ដឹក​នាំ​កិច្ច​ប្រជុំ​ប្រមុខរដ្ឋ​នៃ​ប្រទេស​
អាស៊ាន​ទាំង១០។​

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បាន​រៀប​ចំឡើង​ក្រោម​ការ​ពារ​សន្តិសុខ​យ៉ាង​មាំទាំនៅ​ជុំវិញ​បរិវេណ​អគារ​ទីស្តី​ការ​គណរដ្ឋ​មន្ត្រី​ជា​ទី​កន្លែង​ដែល​នាយករដ្ឋ​មន្ត្រី​អាស៊ាន​ជួប​ប្រជុំ​គ្នា។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​ថ្លែង​បើក​កិច្ច​ប្រជុំថា​ការរក្សា​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​វិបុលភាព​និង​កំណើន​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល។​
លោក​បាន​មាន​ប្រសាសន៍​ថា​អាស៊ាន​ត្រូវ​ពង្រឹង​តួរនាទី​និង​សមត្ថភាព​របស់​ខ្លួន​ថែមទៀត​ដើម្បី​លើក​កម្ពស់​ការ​ពិភាក្សា​និង​ជំរុញ​កិច្ចសហការ​ជាមួយ​ដៃ​គូ​សន្ទនា​អាស៊ាន​សំដៅ​ដោះស្រាយ​បញ្ហា​ពាក់​ព័ន្ធ​និង​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់។​

លោក​ហ៊ុន សែន​បាន​បញ្ជាក់​ទៀត​ថា​ដើម្បី​សម្រេច​គោល​ដៅ​នេះ​អាស៊ាន​ត្រូវ​បង្កើន​សមត្ថភាព​ចូលរួម​របស់​ខ្លួន​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ​ជាពិសេស​គឺ​ជាមួយ​នឹង​ប្រព័ន្ធ​នៃ​អង្គការ​សហប្រជា​ជាតិ​និង​បណ្តា​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​លូត​លាស់។​

«កិច្ច​ប្រជុំ​នៅ​ពេល​នេះ​មិន​ត្រឹម​តែ​ផ្តល់​ឱកាស​ឱ្យ​យើង​ទាំង​អស់​គ្នា​អាច​បូក​សរុប​ការ​ងារ​ក្នុង​ពេល​កន្លង​មក​ប៉ុណ្ណោះ​ទេ​ក៏ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ឱកាស​ឱ្យ​យើង​អាច​ទាញ​រក​ដំណោះ​ស្រាយ​សម​ស្រប​ក្នុង​ទិស​ដៅ​បង្កើន​ល្បឿន​នៃ​ការកសាង​សហគមន៍»។​

នៅក្នុង​កម្រិត​សាកល ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​បញ្ជាក់​ថា​អាស៊ាន​ត្រូវ​បន្ត​ជួប​ប្រឈម​នឹង​បញ្ហា​ចម្បងៗ​មួយ​ចំនួន​ រួមមាន​៖ ដូចជា ​ភាព​ផុយ​ស្រួល ​នៃ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​អភិវឌ្ឍន៍ ​គួបផ្សំ​នឹង​ការអូស​បន្លាយ​នៃ​វិបត្តិ​បំណុល​នៅ​តំបន់​អឺរ៉ុប​និង​លទ្ធភាព​នៃ​ការកើតឡើង​នូវ​វិបត្តិ​សារពើពន្ធ​នៅ​សហរដ្ឋ​អាមេរិក​ព្រម​ទាំង​ការ​ថមថយ​ចុះ​នៃ​កំណើន​នៅ​អាស៊ី វិបត្តិ​នយោបាយ​និង​សង្គម​ដែល​កំពុង​បន្ត​កើតមាន​នៅ​មជ្ឈិម​បូ​ព៌ា​និង​អាហ្វ្រិក​ខាងជើង​បញ្ហា​តម្លៃ​ប្រេង​កើន​ខ្ពស់​បញ្ហា​សន្តិសុខ​ស្បៀងអាហារ​និង​ថាមពល ​ការប្រែប្រួល​អាកាសធាតុ​ គ្រោះ​មហន្តរាយ​ធម្មជាតិ ​ភេរវកម្ម ​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ​ជាដើម។​

លោកសុរិន ពិត​សុ​វ៉ាន់​ អគ្គលេខាធិការ​អាស៊ាន​បាន​ថ្លែងប្រាប់​ក្នុងសន្និសីទ​កាសែត​បន្ទាប់​ពីកិច្ច​ប្រជុំ​ថា​សមាជិក​អាស៊ាន​បាន​សម្តែង​នូវ​ការ​អប​អរ​សារទរ​ចំពោះ​ការរីក​ចម្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។
លោក​បាន​និយាយ​ថា​អាស៊ាន​បាន​ពេញ​ចិត្ត​ចំពោះ​តួនាទី​របស់​ខ្លួន​ក្នុង​ឆាក​អន្តរជាតិ​ជាពិសេស​ទំនាក់​ទំនង​ការ​បរទេស​ នយោបាយ​និង​សន្តិសុខ។​

លោក​បានអះ​អាង​ទៀត​ថា​កិច្ច​ប្រជុំ​ក៏បាន​ពិភាក្សា​ពី​ស្ថានភាព​នៅ​ក្នុង​តំបន់​អន្តរជាតិ​ដែល​មាន​ផលប៉ះពាល់​ទៅ​លើ​លទ្ធភាព​ដល់​សមាជិក​អាស៊ាន។​

«យើង​បាន​កត់​សម្គាល់​នូវ​ការណ៍​ពិតថា​នៅក្នុង​ទំនាក់​ទំនង​ការ​បរទេស​ក្នុង​ផ្នែក​សន្តិសុខ​និង​នយោបាយ។ អាស៊ាន​បាន​ពង្រឹង​នៅ​តួនាទី​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ជាង​មុន​នៅ​ក្នុង​រចនា​សម្ព័ន​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ»។​

ប្រទេស​កម្ពុជា​បាន​រៀប​ចំកិច្ចប្រជុំ​អាស៊ាន​ចាប់​ពី​ថ្ងៃទី​១៥​រហូត​ដល់​ថ្ងៃទី​២០​ខែ​វិច្ឆិកា​ខាង​មុខនេះ។​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា​គ្រោង​នឹង​មក​ចូល​រួម​ប្រជុំ​កំពូល​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ។​
បើតាម​កម្មវិធី​ដូច​បាន​គ្រោង​ទុក​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ និង ​មាន​ជំនួប​ទ្វេភាគី​ដាច់​ដោយ​ឡែក​មួយជាមួយ​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា៕​
XS
SM
MD
LG