ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ហ៊ុន សែន​មក​ពី​ជប៉ុន​ដោយ​សម្រេច​កិច្ច​ព្រមព្រៀង​ជាច្រើន​

  • គង់ សុឋានរិទ្ធ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិភាក្សាជាមួយ​លោក Shinzo Abe នាយករដ្ឋមន្ត្រី​ជប៉ុន​ ក្នុង​អំឡុង​កិច្ច​ប្រជុំ​ឯ​និវេសនដ្ឋាន​នាយករដ្ឋមន្ត្រី​ជប៉ុន​ក្នុង​ក្រុង​តូក្យូ កាល​ពី​ថ្ងៃ​អាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៣។
ប្រទេស​កម្ពុជា​និង​ប្រទេស​ជប៉ុន​បាន​ចុះ​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ​លើ​វិស័យ​យោធា​ជា​លើក​ដំបូង​ស្រប​ពេល​ដែលប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​យោធា​ជាច្រើន​ដល់​ប្រទេស​កម្ពុជា។

កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឡើង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ចជា​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ រយៈ​ពេល​បីថ្ងៃនៅ​ប្រទេស​ជប៉ុន​ដែល​បាន​បញ្ចប់​នៅថ្ងៃ​អង្គារ​នេះ។

មន្ត្រី​ផ្លូវការ​របស់​ប្រទេស​កម្ពុជា​បាន​ស្វាគមន៍​កិច្ច​ព្រមព្រាង​នេះ​ដោយ​សង្ឃឹម​ថា​គឺជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ពង្រឹង​វិស័យ​សន្តិសុខ​ក្នុង​តំបន់។

លោក កៅ​ គឹមហួន ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ល្ងាច​នេះ​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ក្រុង​ភ្នំពេញ​ថា ​កិច្ច​ព្រមព្រៀង​វិស័យ​យោធា​ជាមួយ​ប្រទេស​ជប៉ុនមាន​សារៈ​សំខាន់​ដល់​ប្រទេស​កម្ពុជា​ប៉ុន្តែ​លោក​មិន​បានបង្ហាញ​ព័ត៌មាន​លម្អិត​នោះទេ។

«វិស័យ​យោធា​ដែល​មិនធ្លាប់​មាន​ពីមុន​មក​ទេ។ ឥឡូវ​នេះ​យើង​មាន​អនុស្សរណៈ​កិច្ចសហ​ប្រតិការ​វិស័យ​យោធា។ ​វិស័យ​ការពារ​ជាតិ​នេះ​មាន​សារៈ​សំខាន់​ណាស់»។

ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​វិស័យ​យោធា​អន់​ខ្សោយ​ហើយ​បច្ចុប្បន្ន​កម្ពុជា​ទទួល​បាន​ការ​បំពាក់​បំប៉ន​ផ្នែក​យោធា​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​ដូចជា​បារាំង ​ឥណ្ឌូនេស៊ី ​ទទួល​ជំនួយ​ហ្វឹកហ្វឺននិង​សម្ភារៈ​មួយ​ចំនួន​ពី​សហរដ្ឋ​អាមេរិក​និង​ជំនួយ​សម្ភារៈ​សឹក​ជាច្រើន​ពី​ប្រទេស​ចិន។

លោក​ទៀ ​បាញ់ ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិកជា​ខេមរ​ភាសានៅ​ឯ​ព្រលាន​យន្តហោះ​នៅ​ល្ងាច​នេះ​ដែរ​ថា​សហ​ប្រតិបត្តិ​ទ្វេភាគី​ផ្នែក​កងទ័ព​ជាមួយ​ប្រទេស​ជប៉ុន​នឹង​មុន​ខុស​ប្លែក​ពី​ប្រទេស​ដទៃ​នោះ​ទេ​ប៉ុន្តែ​ជប៉ុន​នឹង​មិន​ផ្តល់​ជំនួយ​ផ្នែក​យោធា​នោះ​ឡើយ។

«សហ​ប្រតិបត្តិការ​គឺ​ដូច​តែ​គេ​ដូច​តែ​ឯងហ្នឹង។ ​ជប៉ុន​នេះ​មិន​មាន​ជំនួយ​យោធា​ទេ»។
ប្រទេស​ជប៉ុន​ធ្លាប់​បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​ចូលរួម​រក្សា​សន្តិភាព​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​១៩៩៣។

សូម​បញ្ជាក់​ថា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពីថ្ងៃ​ទី​១២ខែ​ធ្នូ​នេះ​ដើម្បី​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​លើ​ក​ ទី​៤០ ​និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​មេគង្គលើ​ក​ទី​៥ ​រហូត​ដល់​ថ្ងៃ​ទី​១៤​ខែធ្នូ។

ហើយ​បន្ទាប់​មក​លោកប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​បាន​ចាប់​ផ្តើម​ដំណើរ​ទស្ស​កិច្ច​ជាផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​នៅ​ប្រទេស​ជប៉ុន។

លោក​កៅ ​គឹមហួន ​បញ្ជាក់​បន្ថែម​ថាជប៉ុន​និង​អាស៊ាន​ចាត់​ទុក​គ្នា​ជា​ភាគី​ដៃគូ​សន្តិភាព​ក្នុង​តំបន់​ ភាព​ជាដៃគូ​ផ្នែក​សេដ្ឋកិច្ច ​ភាពជា​ដៃគូ​ក្នុង​កិច្ចសហ​ប្រតិបត្តិ​ការ​ផ្នែក​សង្គម​កិច្ច ​វិទ្យា​សាស្ត្រ​និង​កសិកម្ម និង​ភាព​ជាដៃគូ​ផ្នែក​វប្បធម៌​និង​អប់រំ។

ដោយឡែក​ក្នុង​ក្រប​ខណ្ឌ​នៃ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ប្រទេស​កម្ពុជា​និង​ជប៉ុន​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រម​ព្រៀង​ចំនួន​បួនក្នុង​នោះ​មាន​កិច្ចព្រម​ព្រៀង​លើគម្រោង​កែ​លម្អ​ផ្លូវជាតិ​លេខ​១ ​ការកែលម្អ​មន្ទីរ​ពេទ្យបង្អែកខេត្ត​ព្រះសីហនុ ​គម្រោង​ជួសជុល​ស្ពានជិតប្រាសាទ​អង្គរវត្ត ​រួមទាំង​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​យោធា​រវាង​ក្រសួង​ការពារ​ជាតិ​ប្រទេស​ទាំង​ពីរ។ ​នេះ​បើតាម​ការឲ្យ​ដឹង​របស់​លោក​កៅ ​គឹមហួន៕
XS
SM
MD
LG