ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា បើតាមសេចក្តីរាយការណ៍របស់បណ្តាញផ្សាយព័ត៌មានរដ្ឋនៅថ្ងៃសុក្រនេះ មេដឹកនាំប្រទេសកូរ៉េខាងជើងលោក Kim Jong Un បានអំពាវនាវឱ្យកងយោធាកូរ៉េខាងជើង«ពង្រឹងកម្លាំងរបស់ខ្លួនគ្រប់បែបយ៉ាងដើម្បីរំលាយសត្រូវចោល ខណៈដែលរូបភាពផ្កាយរណបវិទ្យាសាស្ត្របានបង្ហាញនូវការត្រៀមខ្លួនធ្វើការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោក Kim បានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងពេលថតរូបជាមួយកងទ័ព ក្រុមអ្នកផ្សាយព័ត៌មានរបស់រដ្ឋ និងអ្នកឯទៀត ដែលទាក់ទិននឹងការរៀបចំព្យុហយាត្រាយោធា យ៉ាងអធិកអធមមួយកាលពីថ្ងៃចន្ទ ដើម្បីកត់សម្គាល់ខួបទី៩០នៃការបង្កើតកងទ័ពកូរ៉េខាងជើង។
ក្បួនព្យុហយាត្រានោះ មានការដាក់តាំងកាំជ្រួចម៉ីស៊ីលថ្មីៗរបស់កូរ៉េខាងជើង ដែលមានរួមទាំងកាំជ្រួចបាញ់ឆ្លងទ្វីប ICBM និងកាំជ្រួចម៉ីស៊ីលដែលមានល្បឿនលឿនជាងសំឡេងដល់ទៅ៥ដងផងដែរ។
ការដាក់តាំងទាំងនេះ បានបង្ហាញនូវ«ទំនើបកម្ម សេចក្តីក្លាហាន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ និងសមត្ថភាពរបស់កងយោធាក្នុងវិស័យបច្ចេកវិជ្ជា ដែលគ្មាននរណាអាចប្រៀបបាន» នេះជាសម្តីរបស់លោក Kim Jong Un ដែលបានប្រាប់កងទ័ពរបស់លោក នៅពេលថតរូបជាមួយពួកគេ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA។
កូរ៉េខាងជើងនិយាយថាខ្លួនប្រឆាំងជំទាស់នឹងសង្គ្រាម ហើយថាអាវុធរបស់ខ្លួនសម្រាប់យកទៅប្រើប្រាស់ដើម្បីការពារខ្លួនតែប៉ុណ្ណោះ ក៏ប៉ុន្តែនៅក្នុងពិធីព្យុហយាត្រាកាលពីថ្ងៃចន្ទ លោក Kim បានថ្លែងថា បេសកកម្មរបស់កងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង មានច្រើនលើសពីការរារាំងកុំឱ្យមានសង្គ្រាមទៅទៀត ដោយថែមទាំងរួមបញ្ចូលនូវការការពារ«ផលប្រយោជន៍ជាគោលរបស់ប្រទេសផងដែរ»។
កាលពីខែមុន កូរ៉េខាងជើងបានធ្វើការសាកល្បងអាវុធ ICBM របស់ខ្លួនឡើងវិញ ហើយមានសញ្ញាបង្ហាញថាខ្លួននឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ ជាលើកទីមួយចាប់តាំងពីឆ្នាំ២០១៧មក៕
មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ចង់បង្កើនសមត្ថភាពយោធា ស្របពេលត្រៀមធ្វើតេស្តអាវុធនុយក្លេអ៊ែរ
ទីក្រុងសេអ៊ូល —