កូរ៉េខាងជើង បន្ត​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីល​២គ្រាប់​បន្ថែម​ទៀត

មនុស្ស​ម្នា មើល​ទូរទស្សន៍​បង្ហាញ​រូបភាព​ឯកសារ​នៃ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ដែល​ត្រូវបាន​ចាក់ផ្សាយ​ក្នុង​កម្មវិធី​ព័ត៌មាន​មួយ នៅ​ស្ថានីយ​រថភ្លើង​មួយកន្លែង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

ប្រទេស​កូរ៉េ​ខាង​ជើង​ ទើប​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីល២គ្រាប់​បន្ថែម​ទៀត នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ នេះ ​ជាកាំជ្រួចមីស៊ីលទី៥ហើយ​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង ចាប់​តាំង​ពី​ចូល​ឆ្នាំ២០២២ នេះ​មក។ នេះ ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​យោធា​កូរ៉េ​ខាង​ត្បូង។

កាំជ្រួច​មីស៊ីល​ដែល​ត្រូវ​បាន​បាញ់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ត្រូវ​បាន​បាញ់​ចេញ​ពី​តំបន់​កោះ​មួយរបស់​កូរ៉េ​ខាង​ជើង​ ហើយ​ធ្លាក់​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ភាគខាងកើតរបស់​ខ្លួន។ នេះ ​បើតាម​ការចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េខាង​ត្បូង។

កងទ័ព​កូរ៉េខាង​ត្បូង បាន​បញ្ជាក់​ពី​ការបាញ់​បង្ហោះ​កាំជ្រួច​មីស៊ីលនេះ​ នៅ​ក្នុង​សារ​មួយ​មកកាន់​វីអូអេ​ ដោយ​និយាយ​ថា អាជ្ញាធរនៅ​កំពុងធ្វើ​ការ​វិភាគ​លម្អិត​អំពី​ការបាញ់​សាកល្បង​នេះ។

រហូត​មកទល់​ឆ្នាំ​នេះ កូរ៉េ​ខាង​ជើង បាន​បាញ់​កាំជ្រួច​មីស៊ីល​ចំនួន៨គ្រាប់​ ក្នុង​អំឡុង​នៃ​ការបាញ់​បង្ហោះ​ចំនួន៥ ដាច់​ដោយ​ឡែក​ពីគ្នា។ កាលពី​សប្តាហ៍​មុន កូរ៉េ​ខាង​ជើង ក៏​បាន​គំរាម​កំហែង​បន្ត​ធ្វើ​ការសាកល្បង​កាំជ្រួច​មីស៊ីល​វង់​ប្រតិបត្តិការ​ឆ្ងាយ ​និង​អាវុធ​នុយក្លែអ៊ែ​ផងដែរ។

កូរ៉េ​ខាង​ជើង​ ត្រូវ​បានហាម​ប្រាមមិន​ឲ្យ​ធ្វើ​សកម្មភាព​សាកល្បង​បាញ់កាំជ្រួច​មីស៊ីល​បាល់លីស្ទិក រួម​ទាំងការ​បាញ់​សាកល្បង​ក្នុង​កម្រិត​ឆ្ងាយ​ ឬ​ជិត​ដោយ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

កូរ៉េ​ខាង​ជើង​ក្នុង​ពេល​ថ្មី​ៗនេះ បាន​សម្តែង​នូវ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​អ្វី​ដែល​ខ្លួន​ហៅ​ថា «នយោបាយ​អរិភាព»របស់​សហរដ្ឋ​អាមេរិក។ ជា​ពិសេស កិច្ចសហប្រតិបត្តិការ​ខាង​យោធា​រវាង​សហរដ្ឋ​អាមេរិក ​និង​កូរ៉េ​ខាង​ត្បូង​។

សហរដ្ឋអាមេរិក មាន​កងទ័ព​ប្រមាណ២ម៉ឺន ៨ពាន់នាក់​ ​ឈរជើង​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ ចាប់​តាំង​ពីក្រោយ​សង្គ្រាម​កូរ៉េ​ក្នុងទសវត្សរ៍១៩៥០មក ​ដែល​បាន​បញ្ចប់​ដោយបទ​ឈប់​បាញ់​គ្នា​មួយ​ ដោយ​គ្មាន​សន្ធិសញ្ញា​សន្តិភាព។

ក្រោម​ការដឹកនាំរបស់​ប្រធានាធិបតីអាមេរិក​លោក Joe Biden រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន បាន​ប្រកាសជា​ញឹក​ញាប់​ថា ខ្លួនបើក​ចំហរការពិភាក្សា​មួយជា​មួយ​កូរ៉េ​ខាង​ជើង​ដោយ​គ្មាន​លក្ខណ្ឌ​ជាមុន។

អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក John Kirby បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទកាសែតកាលពី​ថ្ងៃ​ចន្ទ​ថា «កូរ៉េ​ខាង​ជើង​ ​គ្មាន​បំណងធ្វើ​ឲ្យការពិភាក្សា​នោះ​ ជឿនលឿន​ទៅ​មុខ​ទេ»។

លោក John Kirby បាន​បញ្ជាក់​នូវ​ការព្រួយ​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​អំពី​មហិច្ឆតា​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ការ​អភិវឌ្ឍន៍​អាវុធនុ​យក្លេអ៊ែរ​ និង​សមត្ថភាព​កាំជ្រួច​មីស៊ីល​បាល់​លីស្ទិក​របស់ខ្លួន»។

លោក​បន្ថែម​ទៀត​ថា «សហរដ្ឋ​អាមេរិក បន្តថ្កោល​ទោស​ការបាញ់​សាកល្បង​គ្រាប់​មីស៊ីលរបស់​កូរ៉េ​ខាង​ជើង​ ហើយ​បាន​អំពាវនាវ​ឲ្យ​កូរ៉េ​ខាង​ជើង​បញ្ឈប់​នូវ​សកម្មភាព​បង្ករហេតុនិង​អនុវត្តច្បាប់​អន្តរជាតិ និង​សេចក្តីសម្រេចរបស់​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ ហើយ​ព្យាយាម​ស្វែង​រកដំណោះ​ស្រាយ​ដើម្បី​បន្ធូរបន្ថយ​នូវ​ភាពតានតឹង»៕