ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​សាកល្បង​កាំជ្រួច​មីស៊ីល​បាល់លីស្ទិក​នៅ​ក្នុង​ការបាញ់​បង្ហោះ​លើក​ទី១​នៃ​ឆ្នាំ​២០២២នេះ


រូបឯកសារ៖ មនុស្ស​ម្នា​មើល​អេក្រង់​ទូរទស្សន៍​ដែល​បង្ហាញ​រូបភាព​មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong Un នៅ​ស្ថានីយ​រថភ្លើង Seoul ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
រូបឯកសារ៖ មនុស្ស​ម្នា​មើល​អេក្រង់​ទូរទស្សន៍​ដែល​បង្ហាញ​រូបភាព​មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong Un នៅ​ស្ថានីយ​រថភ្លើង Seoul ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការសាកល្បង​ទំនង​ជា​កាំជ្រួច​មីស៊ីល​បាល់លីស្ទិក។ នេះ​បើ​តាមសេចក្តី​រាយការណ៍របស់​ប្រទេសកូរ៉េ​ខាង​ត្បូង ​និង​ជប៉ុន​នៅ​ថ្ងៃ​ពុធ​នេះ។ ការសាកល្បង​នេះ កើត​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​បន្ទាប់ពី​សុន្ទរកថា​បញ្ចប់​ឆ្នាំ​ដែល​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក ​Kim Jong Un បាន​ថ្លែង​ដោយផ្តោត​ទៅ​លើការទាក់ទាញ​ខាងសេដ្ឋកិច្ច​ក្នុង​ស្រុក​ជាជាង​ការ​ជឿនលឿន​ផ្នែក​យោធា។

កូរ៉េ​ខាង​ជើង បាន​បាញ់​អ្វី​ដែល​ទំនង​ជា​កាំជ្រួច​មីស៊ីល​បាល់លីស្ទិក​មួយ​គ្រាប់​ចេញពី​កោះ​មួយ​ឆ្ពោះ​ទៅកាន់​ឆ្នេរ​សមុទ្រ​ខាង​កើត​របស់​ខ្លួន។ នេះ​បើ​តាម​នាយអគ្គសេនាធិការ​របស់​កូរ៉េ​ខាង​ត្បូង។ ឆ្មាំការពារ​ដែន​សមុទ្រ​របស់​ជប៉ុន ក៏​បាន​និយាយផង​ដែរ​ថា ការបាញ់​បង្ហោះ​នេះ អាច​មាន​ទាក់ទិន​នឹង​កាំជ្រួច​បាល់លីស្ទិក។

មិន​មាន​សេចក្តីរាយការណ៍​លម្អិត​ណា​មួយ​ជុំវិញ​ការ​បាញ់​បង្ហោះ​នេះ​ទេ ដោយ​រួមទាំង​ប្រ ភេទ​កាំជ្រួច​មីស៊ីល​ដែល​ត្រូវបាន​បាញ់​ផង​ដែរ​ថា​តើ​កាំជ្រួច​មីស៊ីល​នោះ បាន​បាញ់​ក្នុង​ចម្ងាយ​ប៉ុន្មាន​ឬក៏​វា​ធ្លាក់​នៅ​ទីកន្លែង​ណា​នោះ​ទេ។

វា​ជា​ការបាញ់​បង្ហោះ​លើក​ទី១​របស់​កូរ៉េ​ខាង​ជើង​ចាប់តាំង​ពី​ខែ​តុលា ឆ្នាំ​២០២១​មក នៅពេល​ដែល​ខ្លួន​បាន​សាកល្បង​កាំជ្រួច​បាល់លីស្ទិក​ដោយបាញ់​ចេញ​ពី​នាវា​មុជទឹក។

កូរ៉េ​ខាង​ជើងជា​រឿយៗ បាន​សាកល្បង​កាំជ្រួច​បាល់លីស្ទិក​វង់​ប្រតិបត្តិការ​ខ្លី​ចាប់តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ២០១៩មក ភ្លាមៗ​បន្ទាប់ពី​ការចរចា​នុយក្លែអ៊ែ​រវាង​លោក Kim និង​អតីត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ទទួល​បរាជ័យ​មក។

នាយករដ្ឋ​មន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការបាញ់​បង្ហោះ​នេះជា«ការគួរឲ្យ​សោកស្តាយ​បំផុត»។

ការសាកល្បង​នៅពេល​ថ្មី​ៗ​នេះ កើត​មាន​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លោក Kim បាន​ធ្វើ​សន្ទរក ថា​បញ្ចប់​ឆ្នាំ​ដែល​បាន​បង្ហើប​តិចតួច​អំពី​ទិសដៅ​នៃ​គោលនយោបាយ​ការបរទេស​របស់​កូរ៉េ​ខាង​ជើង​សម្រាប់​ឆ្នាំថ្មីនេះ។

ថ្វីបើ លោក Kim បាន​សន្យា​បន្ត​ការលើកស្ទួយ​វិស័យ​ការពារ​ជាតិ​ដើម្បី​ដោះស្រាយ «អស្ថិរ ភាព»នៃ​ស្ថានភាព​អន្តរជាតិ​ក៏ដោយ លោក​បាន​ផ្តោត​ភាគច្រើន​លើ​ការចាប់ផ្តើម​សេដ្ឋកិច្ច​ប្រទេស​របស់​លោក ដែល​ត្រូវ​បាន​ញាំញី​ដោយ​ការដាក់​ទណ្ឌកម្ម​អន្តរជាតិ គ្រោះមហន្តរាយ​ធម្មជាតិ​និង​ការរាតត្បាត​នៃ​វីរូស​កូរ៉ូណា។

កូរ៉េ​ខាង​ជើង បាន​មិន​អើពើ​ម្តងហើយ​ម្តង​ទៀត​អំពី​ការស្នើ​ឲ្យ​ចាប់ផ្តើម​ការចរចា​ឡើង​វិញ​ដោយ​សហរដ្ឋ​អាមេរិក ដោយ​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ត្រូវតែ​ទម្លាក់ចោល «គោលនយោបាយ​អរិភាព»របស់​ខ្លួន​ជា​មុន​សិន៕

XS
SM
MD
LG