សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តជាច្រើនទៀតកាលពីថ្ងៃព្រហស្បតិ៍បានចេញការថ្កោលទោសរួមគ្នាប្រឆាំងការបាញ់បង្ហោះមីស៊ីលផ្លោងនៅពេលថ្មីៗនេះរបស់កូរ៉េខាងជើងហើយបានជំរុញឲ្យអនុវត្តការដាក់ទណ្ឌកម្មទាំងស្រុងរបស់អង្គការសហប្រជាជាតិ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បានមានប្រសាសន៍ថា«សំខាន់បំផុតដែលរដ្ឋជាសមាជិកចាត់វិធានការចាំបាច់អនុវត្តការដាក់ទណ្ឌកម្មនៅក្នុងយុត្តាធិការរបស់ខ្លួនបើពុំដូច្នេះទេមានតែប្រថុយបើកដៃឱ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េឬកូរ៉េខាងជើងធ្វើកម្មវិធីអាវុធតាមចិត្ត»។
លោកស្រីបានថ្លែងទៅកាន់ពួកអ្នកយកព័ត៌មាននៅឯអង្គការសហប្រជាជាតិអមដោយសមភាគីរបស់លោកស្រីមកពីប្រទេសអាល់បានីប្រេស៊ីលចក្រភពអង់គ្លេសបារាំងអៀរឡង់ជប៉ុននិងអេមីរ៉ាតអារ៉ាប់រួម។ជប៉ុនជាសមាជិកក្រុមប្រឹក្សាសន្តិសុខនៅពេលបច្ចុប្បន្ននេះ។
នេះជាលើកទី២នៅក្នុងរយៈពេល១០ថ្ងៃដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំសម្ងាត់ដើម្បីពិភាក្សាអំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។
ចាប់តាំងពីដើមឆ្នាំនេះមកកូរ៉េខាងជើងបានធ្វើការសាកល្បង២ដងនូវអ្វីដែលកូរ៉េខាងជើងពណ៌នាថា មីស៊ីលលឿនជាងសំឡេងបានបាញ់មីស៊ីលផ្លោង២ចេញពីរទេះភ្លើងហើយបានបាញ់មីស៊ីលកលយុទ្ធ២ចេញពីអាកាសយានដ្ឋានក្រុងព្យុងយ៉ាង។
កូរ៉េខាងជើងបានមិនអើពើម្តងហើយម្តងទៀតចំពោះសំណើរបស់សហរដ្ឋអាមេរិកឲ្យចាប់ផ្តើមចរចាឡើងវិញ ដោយនិយាយថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនត្រូវតែបញ្ឈប់«គោលនយោបាយអរិភាព»ជាមុន៕