ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ស្នើ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​បន្ថែម​លើ​កូរ៉េ​ខាង​ជើង ក្រោយ​ការសាកល្បង​កាំជ្រួច​មីស៊ីល


នៅលើ​អេក្រង់​ទូរទស្សន៍​មួយ បង្ហាញ​រូបភាព​នៃ​ការបាញ់​មីស៊ីល​របស់​កូរ៉េ​ខាងជើង​ក្នុង​ពេល​កម្មវិធី​ព័ត៌មាន​មួយ​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។
នៅលើ​អេក្រង់​ទូរទស្សន៍​មួយ បង្ហាញ​រូបភាព​នៃ​ការបាញ់​មីស៊ីល​របស់​កូរ៉េ​ខាងជើង​ក្នុង​ពេល​កម្មវិធី​ព័ត៌មាន​មួយ​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

សហរដ្ឋ​អាមេរិក កំពុង​ស្នើឲ្យមាន​ការដាក់ទណ្ឌកម្ម​អន្តរជាតិ​បន្ថែម​ ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​ជា​ផ្នែក​មួយ​នៃ​ការខិតខំ​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​បង្កើន​ការដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ បន្ទាប់ពី​ការសាកល្បង​កាំជ្រួច​មីស៊ីល ​កាលពី​ពេល​ថ្មី​ៗបំផុត​នះ។

សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ពុធ បាន​ពង្រឹង​ការដាក់​ទណ្ឌកម្ម​របស់​ខ្លួន​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង ដោយ​បាន​ដាក់ទណ្ឌកម្ម​លើ​ជនជាតិ​កូរ៉េ​ខាង​ជើង៥នាក់​ដែល​ខ្លួន​ចោទថា​ មាន​ការទទួល​ខុសត្រូវ​ចំពោះ​ការផ្តល់​ទំនិញ​សម្រាប់​កម្មវិធី​អាវុធ​របស់​កូរ៉េ​ខាង​ជើង។

ក្រៅពី​វិធានការ​ទាំងនោះ សហរដ្ឋ​អាមេរិក​ចង់​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ ដាក់​ទណ្ឌកម្ម​ឲ្យ​កាន់តែ​ខ្លាំង​ឡើង។ នេះ​ បើ​តាម​សារ​តាម Twitter របស់​អ្នក​ស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ។

អ្នក​ស្រី មិន​បាន​ផ្តល់​សេចក្តី​លម្អិត​បន្ថែម​ទេ។

មិន​ទាន់មាន​ប្រតិកម្ម​ភ្លាមៗ​ពី​ប្រទេស​ចិន ​និង​រុស្ស៊ី​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៅឡើយទេ។ ក្រុមប្រឹក្សានេះ​ ចាំបាច់​ទទួល​ការយល់ព្រម​ពី​សមាជិក​ទាំង២​នេះ​ សម្រាប់​ការដាក់​ទណ្ឌកម្ម​ណា​មួយ។ កាលពី​ពេល​ថ្មីៗនេះ ប្រទេស​ទាំង២ បាន​អំពាវនាវ​ឲ្យ​មាន​ការបន្ធូរ​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េ​ខាង​ជើង ​ជាជាង​បង្កើន។

កូរ៉េ​ខាង​ជើង បាន​ត្រូវ​រារាំង​មិនឲ្យធ្វើ​សកម្មភាព​សេដ្ឋកិច្ច​ផ្សេងៗ​នៅ​ក្រោម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជាបន្ត​បន្ទាប់។ ចិន​ និង​រុស្ស៊ី បាន​យល់ស្រប​ចំពោះ​ការដាក់​ទណ្ឌកម្ម​ទាំងនោះ​ជា​ច្រើន បន្ទាប់ពី​ការសាលល្បង​អាវុធ​នុយក្លែអ៊ែ ​និង​កាំជ្រួច​មីស៊ីល​ដែល​បាញ់​បានឆ្ងាយ​កាលពី​ឆ្នាំ២០១៧។

តាំង​ពី​នោះ​មក កូរ៉េ​ខាង​ជើង មិន​បានធ្វើ​ការសាកល្បង​អាវុធ​នុយក្លែអ៊ែ​រ ឬ​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​បាល់លីស្ទិក​អន្តរទ្វីបទេ។ ប៉ុន្តែ ​នៅ​ឆ្នាំ២០១៩ កូរ៉េ​ខាង​ជើង បាន​ចាប់ផ្តើម​បាញ់​បង្ហោះ​អាវុធ​ដែលបាញ់​ចម្ងាយ​ជិត​ឡើងវិញ។ តាំង​ពី​នោះ​មក កូរ៉េ​ខាង​ជើង បាន​បញ្ចេញ​ប្រព័ន្ធ​ថ្មី​មួយ​ចំនួន រួម​ទាំង​ប្រព័ន្ធ​ដែល​រចនា​ឡើង​ដើម្បី​គេចជៀស​ពី​ប្រព័ន្ធ​ការពារ​កាំជ្រួច​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ផងដែរ។

ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក បាន​ថ្កោលទោស​ការបាញ់​បង្ហោះ​ទាំង​នោះ ដោយ​បាន​លើកឡើង​ថា កូរ៉េ​ខាង​ជើង ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យធ្វើ​សកម្មភាព​បាញ់កាំជ្រួច​មីស៊ីល​បាល់លីស្ទិក ក្រោម​ការដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​ស្រាប់៕

XS
SM
MD
LG