ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​មីស៊ីល​មួយ​ទៀត​ដែល​ជា​ការ​សាកល្បង​លើក​ទី​២​នៅ​ឆ្នាំ​ថ្មី​នេះ


រូបឯកសារ៖ ទិដ្ឋភាពនៃការបាញ់កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ ទិដ្ឋភាពនៃការបាញ់កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២។

កូរ៉េ​ខាង​ជើង​បាន​បាញ់​បង្ហោះ​អ្វី​ដែល​គេ​សង្ស័យ​ថា ជា​កាំជ្រួច​មីស៊ីល​បាល់លីស្ទិក​មួយ​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ​ ដែល​ជា​ការ​សាកល្បង​អាវុធ​ដ៏​សំខាន់​លើក​ទី ២ របស់​ខ្លួន​នៅ​ឆ្នាំ​នេះ។ នេះ​បើ​តាម​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន។

យោធា​របស់​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា កាំជ្រួច​កូរ៉េខាងជើង ទំនង​បាន​បង្ហាញ​នូវ​សមត្ថភាព​កាន់តែ​ប្រសើរ​ឡើង បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បាញ់​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កាលពី​សប្តាហ៍​មុន។

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន កូរ៉េ​ខាងជើង​បាន​អះអាង​ពី​ការ​សាកល្បង​ប្រកប​ដោយ​ជោគជ័យ​នៃ​«កាំជ្រួច​មីស៊ីល​លឿន​ជាង​សំឡេង​៥ដង​ ដែល​ទើប​អភិវឌ្ឍ​ថ្មី» ថ្វី​បើ​រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​និយាយ​ថា ការ​អះអាង​នេះ​ជា​ការ​បំផ្លើស​ក៏ដោយ។

ក្រសួង​ការពារ​ជាតិ​របស់​កូរ៉េខាងត្បូង បាន​ប្រាប់​ឲ្យ​ដឹង​ថា កាំជ្រួច​មីស៊ីល​ចុងក្រោយ​នេះ បាន​ហោះ​ចម្ងាយ ៧០០ គីឡូម៉ែត្រ​ក្នុង​កម្ពស់​អតិបរមា ៦០ គីឡូម៉ែត្រ។ ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា កាំជ្រួច​មីស៊ីល​នោះ ត្រូវ​បាន​បាញ់​បង្ហោះ​នៅ​តំបន់​ភាគ​ឦសាន្ត​ដដែល​ដែល​ជា​កន្លែង​សាកល្បង​កាលពី​សប្តាហ៍​មុន។

កាំជ្រួច​មីស៊ីល​នោះ បាន​ធ្លាក់​នៅ​ក្នុង​សមុទ្រ​នៅ​ខាង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ជប៉ុន ដោយ​មិន​មាន​សេចក្តី​រាយការណ៍​ពី​ការ​ខូចខាត។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន Kyodo នៃ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​អង្គារ​នេះ។

ការសាកល្បង​នៅពេល​ថ្មី​ៗ​បំផុត​នេះ បាន​កើត​មាន​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ បាន​ប្រជុំ​សម្ងាត់​មួយ​ដើម្បី​ពិភាក្សា​អំពី​ការបាញ់បង្ហោះ​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។

នៅក្នុង​ជំនួប​នោះ សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជា​សមាជិក​៥ផ្សេង​ទៀត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ថ្កោលទោស​ការ​សាកល្បង​នោះ​ដោយ​និយាយ​ថា ការ​សាក​ល្បង​ទាំង​នោះ «បណ្តាល​ឲ្យ​មាន​ការគំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​ស្ថិរភាព​នៅ​ក្នុង​តំបន់»។

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida នៅ​ថ្ងៃ​អង្គារ​នេះ បាន​ហៅ​ការ​បាញ់​បង្ហោះ​នោះ​ថា ជា​«ការគួរ​ឲ្យ​សោកស្តាយ​បំផុត»។ ក្រុមប្រឹក្សា​សន្តិសុខ​របស់​កូរ៉េខាងត្បូង ក៏​បាន​សម្តែង​នូវ​«ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដែរ»៕

XS
SM
MD
LG