ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ថា​កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​មីស៊ីល​ Ballistic ​២គ្រាប់​ចេញ​ពី​ចំណត​យន្តហោះ​ក្រុង​ព្យុងយ៉ាង


ស្ត្រី​ម្នាក់​ដើរ​កាត់​​​ការ​ផ្សាយ​ព័ត៌មាន​តាម​ទូរទស្សន៍​អំពី​ការ​បង្ហោះ​មីស៊ីល​កូរ៉េ​ខាង​ជើង​​នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​​នៅ​ទី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២២។
ស្ត្រី​ម្នាក់​ដើរ​កាត់​​​ការ​ផ្សាយ​ព័ត៌មាន​តាម​ទូរទស្សន៍​អំពី​ការ​បង្ហោះ​មីស៊ីល​កូរ៉េ​ខាង​ជើង​​នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​​នៅ​ទី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២២។

កូរ៉េ​ខាង​ត្បូង​បាន​រាយការណ៍​ថា កូរ៉េ​ខាង​ជើង បានបាញ់​កាំជ្រួច​មីស៊ីល Ballistic​ ចម្ងាយ​ជិត​ដែល​គេ​សង្ស័យ​ថា​ចំនួន​២គ្រាប់​ចេញ​ពី​ចំណត​យន្តហោះ​នៅ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​ជា​ការ​សាក​ល្បង​៤លើក​នៅ​ក្នុង​ខែ​នេះ នេះបើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រដ្ឋាភិបាល​ជប៉ុន ក៏​បាន​រាយការណ៍​ពី​ការបាញ់​បង្ហោះ​នោះ​ដែរ។ នាយក​ខុទ្ធកាល័យ​លោក Hirokazu Matsuno បាន​ថ្កោលទោស​ការបាញ់​បង្ហោះ​នោះ​ថា​ជា​ការគំរាម​កំហែង​ដល់​សន្តិភាព​និង​សន្តិសុខ​នៅ​ក្នុង​តំបន់។

មិន​ដល់​២​សប្តាហ៍​ផង កូរ៉េ​ខាងជើង​ដែល​មាន​អាវុធ​នុយក្លែអ៊ែរ បាន​ធ្វើ​ការ​សាកល្បង​កាំជ្រួច​មីស៊ីល​៣ផ្សេង​ទៀត ដែល​ជា​ការបាញ់​បង្ហោះ​ញឹកញាប់​ខុស​ធម្មតា។ កាំជ្រួច​មីស៊ីល២​នៃ​កាំជ្រួច​មីស៊ីល​ទាំង​នោះ​ជា​កាំជ្រួច​មីស៊ីល​លឿន​ជាង​សំឡេង​៥ដង ចំណែក​កាំជ្រួច​មីស៊ីល​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ជា​កាំជ្រួច​មីស៊ីល​ចម្ងាយ​ជិត ឬ SRBMS ២ដើម​ដែល​បាន​បាញ់​ចេញពី​ទូ​រថ​ភ្លើង។

ការ​បាញ់​បង្ហោះ​នៅ​ថ្ងៃ​ចន្ទ​នេះ ទំនង​ជា​កាំជ្រួច​មីស៊ីល​ចម្ងាយ​ជិត ឬ SRBMS ២ដើម​ដែល​បាន​បាញ់​ចេញ​ពី​វាល​យន្តហោះ Sunan នៅ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​នាយ​អគ្គសេនាធិការ​រួម​របស់​កូរ៉េ​ខាង​ត្បូង។

កូរ៉េ​ខាង​ជើង បាន​ប្រើ​ចំណត​យន្តហោះ​ដើម្បី​សាកល្បង​កាំជ្រួច Ballistic ចម្ងាយ​មធ្យម Hwasong-12 កាលពី​ឆ្នាំ២០១៧។

ការបាញ់​បង្ហោះ​នៅពេល​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​មាន​ទាំង​ការ​ថ្កោលទោស​និង​ការអំពាវនាវឲ្យ​មាន​ការសន្ទនា​ពី​រដ្ឋបាល​សហរដ្ឋ​អាមេរិក​ដែល​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ការបាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាងជើង​និង​កំពុង​តែ​ជំរុញ​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​ថែម​ទៀត។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ដាក់​ទណ្ឌកម្ម​ថ្មី​ជា​លើក​ដំបូង​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ហើយ​បាន​អំពាវនាវ​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ឲ្យ​ដាក់​បុគ្គល​និង​អង្គភាព​កូរ៉េ​ខាង​ជើង​ចូល​ក្នុង​បញ្ជី​ខ្មៅ។ រដ្ឋបាល​លោក Joe Biden ក៏​បាន​អំពាវនាវ​ម្តងទៀតឲ្យ​រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង​វិលត្រឡប់​ទៅកាន់​ការចរចា​ដែល​មាន​គោលបំណង​កាត់​បន្ថយ​ការតានតឹង​ហើយ​នឹង​បញ្ចុះ​បញ្ចូល​ឲ្យ​កូរ៉េ​ខាង​ជើង​បោះបង់ចោលឃ្លាំង​អាវុធ​នុយក្លែអ៊ែរ​និង​កាំជ្រួច​មីស៊ីល​របស់​ខ្លួន។

កូរ៉េ​ខាង​ជើង បាន​ការពារ​ការសាកល្បង​កាំជ្រួច​មីស៊ីល​ថា ជា​សិទ្ធិ​នៃ​អធិបតេយ្យភាព​ដើម្បី​ការពារ​ខ្លួន ហើយ​បាន​ចោទ​សហរដ្ឋ​អាមេរិក​ថា​បង្កើន​ភាព​តានតឹង​ដោយ​ចេតនា ជាមួយ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ​មុន​ការ​សាកល្បង​កាំជ្រួច​មីស៊ីល​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា ថ្វីបើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ប្រហែល​ជា​និយាយ​អំពី​ការទូត​និង​ការ​សន្ទនា​ក៏ដោយ ក៏​សកម្មភាព​របស់​គេ​បាន​បង្ហាញ​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ជក់ចិត្ត​នៅ​ក្នុង​គោលនយោបាយ​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​ឯកកោ៕

XS
SM
MD
LG