កូរ៉េ​ខាងជើង សាក​មីស៊ីល​៤​លើក​ក្នុង​ខែកញ្ញា

នៅក្នុង​រូបថត​ដែល​មិនមាន​កាលបរិច្ឆេទ​ដែល​ត្រូវបាន​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ​ខាងជើង​នៅ​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បង្ហាញ​អំពី​​ការ​បាញ់​សាកល្បង​មីស៊ីល​បច្ចេក​វិទ្យា​ថ្មី​ប្រឆាំង​យន្តហោះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាង​ជើង ​(KCNA) ​បាន​រាយ​ការណ៍​ថា ​ប្រទេស​នេះ​ បាន​បាញ់​សាក​មីស៊ីល​ប្រឆាំង​យន្តហោះ​ដែល​ជា​ការ​បាញ់​សាក​ល្បង​មីស៊ីល​លើកទី​៤​ក្នុង​ខែ​កញ្ញា​ ដោយ​ប្រើ​បច្ចេក​វិទ្យា​មីស៊ីលថ្មី។ ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​នេះ​ បាន​បង្ហោះ​រូបភាព​មួយ​នៃ​«មីស៊ីល​បច្ចេក​វិទ្យា​ថ្មី​ប្រឆាំង​យន្តហោះ» ​ដែលបាញ់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ប្រើ​ជើង​ទម្រ​ចល័ត​ ដែល​មិន​បាន​ប្រកាស​ទីតាំង។​ ក្រុម​អ្នក​វិភាគ​អំពី​មីស៊ីល​និយាយ​ថា​ ការ​សាកល្បង​នេះ ​ហាក់​ដូចជា​បង្ហាញ​ការ​ជឿនលឿន​បន្តិច​បន្តួច​ ​ប៉ុន្តែ​ជាផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទូទៅ​របស់​កូរ៉េ​ខាងជើងធ្វើ​ទំនើប​កម្ម​យ៉ាងឆាប់​រហ័ស ​និង​បង្ហាញ​ពី​កង​មីស៊ីល​របស់​ខ្លួន។

កូរ៉េ​ខាងជើង​បាន​ប្រកាស​កាលពី​ឆ្នាំ​២០១៧​ថា​ មីស៊ីល​ Pongae-5 ​អាច​ប្រើ​បាន បន្ទាប់ពី​បាន​រកឃើញ​អ្វី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាង​ជើង​ហៅ​ថា​ «កំហុស​បច្ចេកទេស»។​ មីស៊ីលនេះ​សម្រាប់​ទប់ទល់​យន្តហោះ​ចម្បាំង​កូរ៉េ​ខាងត្បូង​ និង​អាមេរិក​ បើមាន​សង្គ្រាម។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នេះ​ បាន​ផ្តល់​ព័ត៌មាន​លម្អិត​តិចតួច​បំផុត​អំពី​ការ​សាក​ល្បង​ចុងក្រោយ​ នៅ​ថ្ងៃចុង​ខែ​កញ្ញា​ ដែលជាខែ ដែលកូរ៉េ​ខាងជើង​បាញ់សាក​ល្បង​ច្រើន​បំផុត។​

ការ​បាញ់​សាក​នៅ​ខែ​កញ្ញា​រួម​មាន ​មីស៊ីល​បង្ហោះ​ថ្មី​ចម្ងាយឆ្ងាយ​ ​មីស៊ីល​ផ្លោងថ្មី​ចម្ងាយ​ខ្លី​ដែល​បាញ់​ចេញ​ពី​ជើង​ទម្រ​រថភ្លើង​ និង​មីស៊ីល​ថ្មី​លឿន​ជាង​សំឡេង​ផង​ដែរ។ ​ការបាញ់សាក​ភាគ​ច្រើន​ហាក់​ដូចជា​មាន​បំណង​ធ្វើឱ្យ​ប្រព័ន្ធ​ការពារ ​ពិបាក​បាញ់​ស្ទាក់​មីស៊ីល​ចម្ងាយខ្លី​នេះ។​ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក គីម ជុងអ៊ុន​ បាន​បង្ហើប​ថា ​លោកអាច​នឹង​បន្តសាកល្បង​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ដែល​មិន​បាន​សាកល្បង​តាំង​ពីឆ្នាំ​២០១៧ ​មក។​

សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ មិន​ឱ្យ​កូរ៉េ​ខាងជើងធ្វើ​សកម្មភាព​មីស៊ីល​ផ្លោង​ឡើយ​ មិន​ថា ​រយៈចម្ងាយជិត ឬឆ្ងាយ​ទេ។​

ទោះយ៉ាងណា​មន្រ្តី​អាមេរិក​ក្នុង​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ​ភាគ​ច្រើន​មើលស្រាល​ការ​បាញ់​សាក​មីស៊ីលចម្ងាយ​ខ្លី​របស់​កូរ៉េ​ខាងជើង។

ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី​ Joe Biden ​មន្រ្តី​អាមេរិក​បាន​និយាយ​ញឹកញយ​ថា ​ពួក​គេ ចង់​«ពិភាក្សា​ជាមួយ​មន្រ្តី​កូរ៉េ​ខាងជើង​ ទីណាក៏បាន កន្លែងណាក៏បាន»។

​កិច្ច​ចរចា​នុយ​ក្លេអ៊ែរ​អាមេរិក-កូរ៉េ​ខាងជើង​បាន​ជាប់គាំង​តាំង​ពី​ឆ្នាំ​២០១៩។​ នៅក្នុង​សុន្ទរកថានៅ​សប្តាហ៍​នេះ​ លោក ​គីម ជុងអ៊ុន ​បាន​ច្រានចោល​សំណើចរចា​របស់​អាមេរិក​ ដោយ​និយាយ​ថា​ វា​គ្រាន់តែ​ជាការ​បិទបាំង​អ្វីដែល​លោក​ហៅ​ថា​ «គោល​នយោបាយអរិភាព»​របស់​រដ្ឋាភិបាល​វ៉ាស៊ីនតោន។​

ឆ្លើយតប​នឹង​សុន្ទរកថា​របស់​លោក​ គីម ជុងអ៊ុន​ ​ក្រសួង​ការ​បរទេស​ស.រ.អ.​ បាន​សង្កត់ធ្ងន់​នៅ​ក្នុង​អ៊ីមែល​ផ្ញើ​មក​វីអូអេ​ភាសា​កូរ៉េ​ថា ​សហ​រដ្ឋ​អាមេរិក​ «មិនមាន​ចេតនាអរិភាព»​ចំពោះ​កូរ៉េ​ខាងជើង​ទេ។​

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ចក្ខុវិស័យ​អំពី​កិច្ច​ចរចា​នុយក្លេអ៊ែរ​នា​ពេល​អនាគត​រវាង​អាមេរិក​និង​កូរ៉េ​ខាងជើង​ កំពុង​អាប់អ៊ួរ​ ដោយសារ​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង ​មិនចង់​ធ្វើ​ទំនាក់ទំនងការទូត​ជាមួយ​រដ្ឋាភិបាល​វ៉ាស៊ីនតោន ​ ហើយ​របប​លោក​គីម ជុងអ៊ុន ​ទាមទារ​សម្បទាន​ពី​អាមេរិក៕