កូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលលើកដំបូងរបស់ខ្លួននៅក្នុងរយៈពេលប្រហែល៦ខែ។ ការសាកល្បងមីស៊ីលស្វ័យនាំផ្លូវរយៈចម្ងាយឆ្ងាយនេះអាចផ្តល់ឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងនូវមធ្យោបាយមួយទៀត ដែលអាចគេចពីប្រព័ន្ធការពារមីស៊ីលរបស់ប្រទេសជិតខាង។ នេះបើយោងតាមអ្នកវិភាគ។
បណ្តាញព័ត៌មានរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃចន្ទនេះថា មីស៊ីលស្វ័យនាំផ្លូវរយៈចម្ងាយឆ្ងាយដែលទើបផលិតថ្មីហោះបានចម្ងាយ១ពាន់៥រយគីឡូម៉ែត្រពីលើទឹកដីកូរ៉េខាងជើង មុនពេលវាយចំគោលដៅដោយជោគជ័យ។
សេចក្តីរាយការណ៍នេះមិនបាននិយាយថា តើមីស៊ីលចំនួនប៉ុន្មានត្រូវបានសាកល្បងនោះទេ ក៏ប៉ុន្តែបាននិយាយថា ការសាកល្បងបានធ្វើឡើងកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។
រូបភាពដែលចុះផ្សាយក្នុងបណ្តាញព័ត៌មានរដ្ឋកូរ៉េខាងជើងបានបង្ហាញមីស៊ីលមួយដែលត្រូវបានបាញ់ចេញពីជើងទម្រចល័តដែលមានកាណុង៥ ដែលទំនងជាចតនៅលើផ្លូវ។
ពួកអ្នកវិភាគជាច្រើនបាននិយាយថា មីស៊ីលនេះមានលក្ខណៈប្រហែលមីស៊ីល Tomahawk របស់សហរដ្ឋអាមេរិក ដែលអាចផ្ទុកនុយក្លែអ៊ែរ ដោយមានវង់ប្រតិបត្តិការចម្ងាយ១ពាន់៦រយគីឡូម៉ែត្រ។
ការសាកល្បងមីស៊ីលនេះទំនងជាបង្កហេតុតិចជាងការបាញ់មីស៊ីលផ្លោងអន្តរទ្វីបដែលនឹងទាក់ទិនបច្ចេកវិទ្យាដែលអាចបាញ់ដល់ដីគោកសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែការបាញ់នេះនឹងត្រូវចាត់ទុកជាការស្ទង់ជំហររបស់លោកប្រធានាធិបតី Joe Biden ដែលបាននិយាយថា លោកបើកចំហឲ្យមានទាំងគំនាបការទូត និងសេដ្ឋកិច្ចលើប្រទេសកូរ៉េខាងជើង។
មន្ត្រីអាមេរិក និងកូរ៉េខាងត្បូងជាធម្មតារកឃើញ និងរាយការណ៍អំពីការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងភ្លាមៗ ប៉ុន្តែលើកនេះពួកគេមិនបានចេញសេចក្តីថ្លែងការណ៍ទេ រហូតដល់ក្រោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងធ្វើសេចក្តីប្រកាស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអាមេរិកបាននិយាយថា ខ្លួនបានដឹងអំពីការសាកល្បងនេះ ហើយកំពុងតាមដាន និងពិគ្រោះយោបល់យ៉ាងដិតដល់ជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មកវីអូអេ យោធាកូរ៉េខាងត្បូងបានបញ្ជាក់អំពីការបាញ់នេះ ដោយនិយាយថា ខ្លួនកំពុងធ្វើការវិភាគលម្អិត ដោយសហការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារស៊ើបការណ៍កូរ៉េខាងត្បូង និងអាមេរិក។
នេះជាការបាញ់មីស៊ីលដំបូងបង្អស់របស់កូរ៉េខាងជើងចាប់តាំងពីខែមីនាមកនៅពេលប្រទេសនេះទំនងជាសាកល្បងបច្ចេកវិទ្យាមីស៊ីលហោះ។ ការសាកល្បងនេះត្រូវបានបញ្ជាក់ដោយមន្ត្រីអាមេរិក បន្ទាប់ពីមានសេចក្តីរាយការណ៍ដំបូងអំពីការសាកល្បងនេះនៅក្នុងកាសែត The Washington Post៕