ប្រទេសកូរ៉េខាងជើងបាននិយាយថា មីស៊ីលផ្លោងដែលបាញ់កាលពីថ្ងៃពុធគឺបាញ់ចេញពីរថភ្លើង។ នេះជាលើកទីមួយ ដែលប្រទេសមានអាវុធនុយក្លេអ៊ែរនេះ បានបាញ់សាកល្បងចេញពីជើងទម្រលើផ្លូវដែក ហើយនេះជាការបាញ់លើកទី២ ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង ខណៈប្រទេសនេះបង្កើនសម្ពាធលើសហរដ្ឋអាមេរិកសម្រាប់ការចរចានុយក្លេអ៊ែរដែលជាប់គាំង។
រូបភាពដែលត្រូវបានបង្ហោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកុម្មុយនីស្តនេះនៅថ្ងៃព្រហស្បតិ៍បង្ហាញកាំជ្រួចពណ៌បៃតងចាស់បាញ់ចេញពីទូរថភ្លើងដែលចតនៅជិតផ្លូវរូងក្រោមដីក្នុងតំបន់ភ្នំដែលពោរពេញទៅដោយផ្សែងពណ៌ទឹកក្រូចចេញពីការបាញ់នោះ។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (Korean Central News Agency)និយាយថា ការសាកល្បងដែលពាក់ព័ន្ធកងវរសេនាតូចមីស៊ីលចល័តផ្លូវដែកកូរ៉េខាងជើងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីឱ្យប្រទេសនេះ«ធ្វើការវាយប្រហារយ៉ាងខ្លាំងក្នុងពេលតែមួយទៅលើកងកម្លាំងដែលកំពុងគំរាមកំហែងនៅកន្លែងជាច្រើន»។
ការបាញ់ពីជើងទម្រលើផ្លូវរថភ្លើងផ្តល់ឱ្យកូរ៉េខាងជើងនូវជម្រើសមួយផ្សេងទៀតគឺការបាញ់ប្រហារ និងការពារឃ្លាំងអាវុធមីស៊ីលដែលកំពុងពង្រីកយ៉ាងឆាប់រហ័ស។
កាលពីថ្ងៃពុធ ជាថ្ងៃដែលកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងនោះ កូរ៉េខាងត្បូងបានប្រកាសថា ខ្លួនបានធ្វើការសាកល្បងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកជាលើកដំបូង។ ការសាកល្បងនេះធ្វើឱ្យកូរ៉េខាងត្បូងក្លាយជាប្រទេសទី៧មានមីស៊ីលបែបនេះផលិតក្នុងស្រុក។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ដែលបានសង្កេតមើលការសាកល្បងនេះបាននិយាយថា សមត្ថភាពមីស៊ីលប្រសើរឡើងរបស់ប្រទេសរបស់លោកអាច«កម្លាការបង្កហេតុដោយកូរ៉េខាងជើង»។ អ្នកស្រី Kim Yo Jong ប្អូនស្រីដ៏មានឥទ្ធិពលខាងនយោបាយរបស់លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងនោះ បានប្រតិកម្មនឹងសម្តីរបស់លោក Moon ។ អ្នកស្រីបានទទូចថា ការបាញ់កាំជ្រួចរបស់កូរ៉េខាងជើងមិនមែនជា«ការបង្កហេតុទេ» ប៉ុន្តែ«ជាផ្នែកមួយនៃសកម្មភាពធម្មតា និងការពារខ្លួន»។
ប្រទេសកូរ៉េខាងជើងបានលើកឡើងម្តងហើយម្តងទៀតថា ការបង្កើនកម្លាំងយោធាកូរ៉េខាងត្បូង និងវត្តមានរបស់កងទ័ពអាមេរិកនាំឱ្យកូរ៉េខាងជើងពង្រីកអាវុធរបស់ខ្លួន៕