ប្រទេសកូរ៉េខាងជើងបានប្រកាសមិនឲ្យមានការធ្វើនាវាចរណ៍នៅសមុទ្រខាងកើតរបស់ខ្លួនកាលពីដើមសប្តាហ៍នេះ ដែលបាននាំឱ្យមានការសន្និដ្ឋានថា ប្រទេសកុម្មុយនីស្តនេះប្រហែលជាកំពុងរៀបចំបាញ់សាកល្បងមីស៊ីល ឬអាវុធផ្សេងទៀតដែលទំនងជាមិនធ្លាប់មាន។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានកូរ៉េខាងត្បូង។
ដោយស្រង់សម្តីមន្ត្រីយោធាដែលមិនបញ្ចេញឈ្មោះ ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ការព្រមាននេះគឺសម្រាប់ពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទកន្លងមកនៅតំបន់សមុទ្រភាគឦសានឆ្នេរខាងកើតកូរ៉េខាងជើង។
ទីភ្នាក់ងារព័ត៌មាននេះនិយាយថា «ការណែនាំបែបនេះ ជាធម្មតា ចេញមុនការបាញ់សាកល្បងមីស៊ីល ឬអាវុធផ្សេងទៀត ប្រាប់ឱ្យនាវាឱ្យនៅឆ្ងាយពីតំបន់ដែលមានផលប៉ះពាល់។ ប៉ុន្តែគ្មានការបាញ់មីស៊ីលផ្លោង ឬការបាញ់កាំភ្លើងធំទេអំឡុងពេលនោះទេ។ នេះបើតាមមេបញ្ជាការសេនាធិការចម្រុះរបស់រដ្ឋាភិបាលក្រុងសេអ៊ូល»។
កាសែត Joongang Ilbo របស់កូរ៉េខាងត្បូងក៏បានរាយការណ៍ផងដែរថា កូរ៉េខាងជើងបានចេញការព្រមាននេះ ដោយបន្ថែមថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងប្រហែលជាចង់បាញ់មីស៊ីលកាលពីថ្ងៃអាទិត្យ តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ។
វីអូអេមិនទាន់ទទួលបានការបញ្ជាក់អំពីការព្រមាន ឬការប៉ុនប៉ងសាកល្បងអាវុធដែលអាចកើតមានទេ។ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងបានផ្តល់សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរឱ្យវីអូអេថា កូរ៉េខាងជើងកំពុងធ្វើការហ្វឹកហាត់យោធានៅរដូវក្តៅ។ សេចក្តីថ្លែងការណ៍បានសរសេរថា «ផ្នែកស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង និងអាមេរិកកំពុងឃ្លាំមើលស្ថានការណ៍នេះយ៉ាងដិតដល់»៕