កូរ៉េខាងជើងបានសាកល្បងមីស៊ីលផ្លោងចំនួនពីរគ្រាប់កាលពីថ្ងៃពុធដែលជាការបាញ់សាកល្បងលើកទីពីរក្នុងពេលមិនដល់មួយសប្តាហ៍ផង។ នេះទំនងជាការប៉ុនប៉ងបង្កើនសម្ពាធការទូតលើសហរដ្ឋអាមេរិក។
យោធាកូរ៉េខាងត្បូងដែលឃ្លាំមើលការបាញ់សាកល្បងនេះនិយាយថា មីស៊ីលរបស់កូរ៉េខាងជើងបានធ្វើដំណើរចម្ងាយប្រហែល៨០០គីឡូម៉ែត្រកម្ពស់៦០គីឡូម៉ែត្រមុនពេលធ្លាក់ចូលសមុទ្រខាងកើតរបស់កូរ៉េខាងជើង។
ក្រសួងការពារជាតិជប៉ុនបាននិយាយថា មីស៊ីលទាំងនោះមិនបានចូលក្នុងទឹកដីជប៉ុនទេ ហើយធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអាមេរិកបាននិយាយថា ខ្លួនបានដឹងអំពីការបាញ់សាកល្បងនេះ ហើយបានវាយតម្លៃថា វាមិនបង្កការគំរាមកំហែងភ្លាមៗដល់បុគ្គលិកទឹកដីឬសម្ព័ន្ធមិត្តរបស់អាមេរិកទេ។ សេចក្តីថ្លែងការណ៍ដែលចេញដោយបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកបាននិយាយថាទោះយ៉ាងណាការសាកល្បងនេះ«ឆ្លុះបញ្ចាំងពីអស្ថិរភាព» នៃកម្មវិធីអាវុធខុសច្បាប់របស់កូរ៉េខាងជើង។
ការបាញ់សាកនេះកើតឡើងពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងជើងបានប្រកាសថា ខ្លួនបានបាញ់សាកមីស៊ីលផ្លោងចម្ងាយឆ្ងាយ។ វាជាការសាកល្បងមីស៊ីលជាលើកដំបូងរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងក្នុងរយៈពេលប្រហែល ៦ ខែ។
កាលពីចុងខែមុន ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិរបស់អង្គការសហប្រជាជាតិបាននិយាយថា កូរ៉េខាងជើងថ្មីៗនេះហាក់ដូចជាបានចាប់ផ្តើមជាថ្មីនូវដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរផលិតព្លុយតូនីញ៉ូមនៅទីតាំងនុយក្លេអ៊ែរ Yongbyon។
ក្រុមអ្នកវិភាគនិយាយថា មីស៊ីលនេះឡើងដើម្បីគេចពីប្រព័ន្ធការពាររបស់ប្រទេសជិតខាង។
អ្នកវិភាគខ្លះនិយាយថា វិធានការនេះបង្ហាញថា កូរ៉េខាងជើងកំពុងព្យាយាមបង្កើនអានុភាពចរចាជាមួយអាមេរិកចំពេលដែលកិច្ចចរចានុយក្លេអ៊ែរជាប់គាំង។ កូរ៉េខាងជើងជារឿយៗបានចូលរួមក្នុងវិស័យការទូត បន្ទាប់ពីបានបង្កើនភាពតានតឹងតាមរយៈការគំរាមកំហែងដោយពាក្យសម្តីឬការសាកល្បងអាវុធ។
ការបាញ់ចុងក្រោយរបស់កូរ៉េខាងជើងកើតឡើងស្របពេលដែលលោក Sung Kim បេសកជនពិសេសរបស់អាមេរិកប្រចាំកូរ៉េខាងជើងធ្វើដំណើរទៅទស្សនកិច្ចទីក្រុងតូក្យូដោយលោកជួបជាមួយសមភាគីមកពីកូរ៉េខាងត្បូងនិងជប៉ុន។
កាលពីថ្ងៃអង្គារ ប្រេសិតអាមេរិកបានលើកសំណើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនម្តងហើយម្តងទៀតឱ្យចាប់ផ្តើមកិច្ចចរចាឡើងវិញដោយគ្មានលក្ខខណ្ឌ ដោយនិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយកូរ៉េខាងជើងលើបញ្ហាមនុស្សធម៌ ដោយមិនខ្វល់ពីវឌ្ឍនភាពនៃការរំសាយអាវុធនុយក្លេអ៊ែរ៕